ឆាក | ជីវិត

មេរៀនសំខាន់បំផុតដែលខ្ញុំផ្ដល់តម្លៃឲ្យគឺ ភាពបរាជ័យ។ ភាពបរាជ័យ គឺជាមេរៀនដ៏ល្អដំបូងបំផុតដែលអាចធ្វើឲ្យមនុស្សស្គាល់គោលដៅទៅរកភាពជោគជ័យ។

នេះជាលើកទីដំបូងក្នុងជីវិត ដែលខ្ញុំបានជាប់ក្នុងកម្មវិធីប្រកួតប្រជែងគំនិតពាណិជ្ជកម្ម Epic Incubator របស់អង្គការជំនួយពីប្រជាជនសហរដ្ឋអាមេរិក (USAID)។ សួរថា តើអ្វីទៅជាគន្លឹះនៃភាពជោគជ័យរបស់ខ្ញុំ? ចម្លើយគឺ ការបរាជ័យផ្ទួនៗរបស់ខ្ញុំមុនការប្រកួត សូម្បីប៉ុន្មានម៉ោងចុងក្រោយមុនការឡើងធ្វើបទបង្ហាញពីគំនិតផ្ដួចផ្ដើមពាណិជ្ជកម្មរបស់ខ្ញុំ ក៏ខ្ញុំនៅតែមើលឃើញកំហុសរបស់ខ្លួនឯងផុសឡើង ផ្លោតៗ នៅក្នុងខួរក្បាលរបស់ខ្ញុំជានិច្ច។

ខ្ញុំខ្លាចសព្វខ្លាចគ្រប់។ ខ្ញុំខ្លាចឆាក ខ្លាចភ្នែកមនុស្ស ខ្លាចមាត់មនុស្សពេបជ្រាយ ខ្លាចការបន្ទោសរបស់តួអង្គអាថ៌កំបាំងម្នាក់នៅក្នុងជម្រៅបេះដូងខ្ញុំ។ ខ្ញុំខ្លាចការបរាជ័យធ្វើឲ្យគ្រប់គ្នាក្នុងក្រុមខកចិត្ត។

យ៉ាងណាក៏ដោយ គន្លឹះនៃការយកឈ្នះលើភាពភ័យខ្លាចពិតជាមាន។ ១០នាទីមុនការប្រកួត នាខណៈដែលគ្រប់គ្នាកំពុងបង្ហាញពីគំនិតដ៏អស្ចារ្យ តួរលេខដ៏ធំគួរឲ្យស្ញប់ស្ញែង ខ្ញុំបែរជាបារម្ភពីអ្វីដែលខ្ញុំបានត្រៀមទុកកន្លងមក។ ៥នាទីមុនការឡើងធ្វើបទបង្ហាញ សំនួរមួយបានផុសឡើងក្នុងខួរក្បាលរបស់ខ្ញុំ។ “តើអ្វីដែលឯងកំពុងធ្វើនេះដើម្បីអ្វី? ដើម្បីអ្នកណា?” “ដើម្បីលុយ?” “ដើម្បីឈ្នះៗៗៗៗ?”។ ខ្ញុំគិតបន្តិច ព្យាយាមស្វែងរកចម្លើយពិតពីក្រោយអ្វីៗដែលខ្ញុំកំពុងធ្វើ។ “ដើម្បីអី?”

ស្រាប់តែវិនាទីដែលក្រុមខ្ញុំត្រូវឡើងទៅលើទីលានប្រកួតដ៏ក្ដៅគគុកបានមកដល់។ គ្រប់គ្នាក្នុងក្រុមខ្ញុំបានដើរទៅមុនខ្ញុំអស់។ ខ្ញុំដើរឈ្ងោកទៅមុខយឺតៗ ហាក់ដូចឆាកនៅខាងមុខជាទីលានប្រហារ ដែលឡើងទៅគឺត្រូវតែស្លាប់តែមួយមុខប៉ុណ្ណោះអ៊ីចឹង។

“ដើម្បីកសិករ”! សម្លេងនេះបានបន្លឺឡើងយ៉ាងខ្លាំងពេញបេះដូងរបស់ខ្ញុំ។

“ដើម្បីប្រជាជនខ្មែរ!” វាស្រែកម្ដងទៀតក្នុងទ្រូងដ៏ក្ដៅងំមួយនេះ!

មិនដឹងហេតុអីបានជាពាក្យនេះ ហាក់មានឥទ្ធិពលចំពោះខ្ញុំអីយ៉ាងនេះ។ វាហាក់ជំរុញខ្ញុំឲ្យជឿជាក់យ៉ាងខ្លាំងថា បើយើងធ្វើរឿងល្អ ដើម្បីជាប្រយោជន៍ដ៏ធំសម្រាប់….ប្រជាជនឯង តើខ្ញុំមានអ្វីត្រូវភ័យ? បើខ្ញុំកំពុងតែបង្កើតផ្លូវដើរលើទីវាលដ៏សោះកក្រោះ ក្នុងខណៈមនុស្សជាច្រើនដើរលើផ្លូវដែលមានស្រាប់ តើខ្ញុំត្រូវតែបោះបង់ការព្យាយាមនេះមែនទេ?

“យើងត្រូវតែធ្វើឲ្យបាន ហើយធ្វើឲ្យបានដើម្បីគោលបំណងដ៏ល្អមួយ!”

១០នាទីនៅលើឆាក ដែលខ្ញុំទើបតែមានអារម្មណ៍យល់ថា ឆាកគឺជាកន្លែងមួយដ៏គួរឲ្យស្រលាញ់។ ជាទីដែលបង្កើតក្ដីសង្ឃឹម ជាទីដែលនាំមកនូវការផ្លាស់ប្រែដ៏អស្ចារ្យសម្រាប់មនុស្សជាតិ។ នៅលើឆាក យើងគឺជាមនុស្សសាធារណៈ! កាលៈទេសៈខ្លះក្នុងជីវិត ដែលយើងជួបនូវការប្រកួតប្រជែង ហើយយើងភ័យខ្លាចចំពោះគ្រប់យ៉ាងនៅជុំវិញយើង សូមកុំភ្លេចសួរខ្លួនឯងណា ថា “យើងកំពុងធ្វើអ្វី?” “ដើម្បីអ្នកណា?”…នោះមិនថាលទ្ធផលយ៉ាងណា អ្នកនឹងទទួលបាននូវភាពរីករាយ។ ដូចខ្ញុំថ្ងៃនេះអ៊ីចឹង! អរគុណសម្រាប់ក្រុមការងារនៅកន្លែងធ្វើការសព្វថ្ងៃដែលតែងតែលើកទឹកចិត្តខ្ញុំឲ្យធ្វើអ្វីដែលលើសពីសមត្ថភាពរបស់ខ្ញុំ! អរគុណសម្រាប់សមាជិកក្រុម ដែលមិនថាយើងរវល់ប៉ុណ្ណា តែយើងនៅតែមិនបោះបង់ចោល ហើយនៅតែបន្តស្រោចស្របពន្លកនៃក្ដីសង្ឃឹមដ៏តូចនេះ។

យើងបានទទួលជោគជ័យថ្ងៃនេះ ប៉ុន្តែវាគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ។ តោះយើង ចាប់ផ្ដើមកាន់ចប កាន់ប៉ែលចេញទៅ ដើម្បីសម្រេចក្ដីសុបិនដ៏ធំរបស់យើង… ^_^

ពេលខ្លះឆាកជាទីដ៏គួរឲ្យខ្លាចបំផុត ហើយពេលខ្លះ ជាមួយហេតុផលខ្លះ ដែលធ្វើឲ្យឆាកជាទីដែលគួរឲ្យស្រលាញ់ជាទីបំផុត...
ពេលខ្លះឆាកជាទីដ៏គួរឲ្យខ្លាចបំផុត ហើយពេលខ្លះ ជាមួយហេតុផលខ្លះ ដែលធ្វើឲ្យឆាកជាទីដែលគួរឲ្យស្រលាញ់ជាទីបំផុត…

#EpicIncubator #USAID #EcoFreshBox #Startup #SE

Advertisements

5 Replies to “ឆាក | ជីវិត”

  1. សរសេរបានល្អ!⁣ ខ្ញុំយល់ថាការបញ្ចេញយោបល់ រឺនិយាយទៅកាន់មនុស្សមួយក្រុមធំ វាគួរអោយខ្លាច នៅពេលភ្នែករបស់ពួកគេសំលឹងមកយើងតែម្នាក់ វាប្រាកដជាធ្វើអោយយើងខ្លាចនឹងបញ្ចេញមតិ និងយោបល់ផ្សេងៗ។ ភាពក្លាហានតែមួយមុខ មិនអាចជួយអ្វីបាន សំខាន់ទៅលើទឹកចិត្តមុះមត់របស់យើង ការនិយាយដែលចេញអំពីទឹកចិត្តខាងក្នុង ប្រសើរជាងនិយាយព្រាងទុក។ ព្រោះមានតែនៅក្នុងចិត្តយើងទេដែលដឹងថា ខ្លួនយើងកំពុងធ្វើអ្វី។

    Like

    1. មែនហើយ! នេះជាបទពិសោធន៍មួយដែលខ្ញុំចង់ចែករំលែកសម្រាប់អ្នកឡើង pitching ក្នុងគ្រប់កាលៈទេសៈ។ ប្រសិនបើយើងមិនស្រលាញ់ ឬមិនយល់ពីគោលបំណងពិតនូវអ្វីដែលយើងធ្វើទេ យើងនឹងមិនយល់ពីលទ្ធផលនឹងទៅជាយ៉ាងណាដូចគ្នា។

      Liked by 1 person

      1. ល្អតើ! គួរសរសេរ និងចែករំលែកអោយបានច្រើន រឺក៏បង្កើតកម្មវិធីអ្វីមួយដើម្បីចែករំលែកគំនិតល្អៗ របស់យើងអោយយុវជនផ្សេងៗទៀត!

        Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s