Learn from the experts: Create a successful blog with our brand new course
Are you new to blogging, and do you want step-by-step guidance on how to publish and grow your blog? Learn more about our new Blogging for Beginners course and get 50% off through December 10th.
WordPress.com is excited to announce our newest offering: a course just for beginning bloggers where you’ll learn everything you need to know about blogging from the most trusted experts in the industry. We have helped millions of blogs get up and running, we know what works, and we want you to to know everything we know. This course provides all the fundamental skills and inspiration you need to get your blog started, an interactive community forum, and content updated annually.
នវានុវត្តន៍
Khmer Language | Cope with COVID-19!
ទីរបស់ផ្កាយ
ថ្ងៃ សៅរ៍ ទី ២៦ ខែ មេសា ឆ្នាំ ២០១៤
ថ្ងៃនេះខ្ញុំនាំប្អូនស្រីច្រម៉ក់របស់ខ្ញុំទៅលេងផ្ទះអ៊ុំ! គោលបំណងរបស់យើងគឺទៅលេងយាយ និងយកស្វាយដែលប៉ាផ្ញើរមកតាមឡានកាពីតូលមកឲ្យតាំងពីព្រឹកនោះផង។ ពេលទៅទទួលស្វាយនោះ ខ្ញុំរាងតឹងចិត្តបន្តិច ព្រោះស្វាយឡើងពេញមួយការ៉ុង។ ព្រះអើយ ប៉ា! ម៉េចក៏ប៉ាផ្ញើរមកច្រើនអីក៏ច្រើនយ៉ាងនេះ? ខ្ញុំខំអូសការ៉ុងស្វាយដាក់ម៉ូតូអាគុបរបស់ខ្ញុំ រួចឲ្យប្អូនស្រីច្រម៉ក់ឡើងអង្គុយពីខាងមុខ។ ដៃម្ខាងកាន់ដៃម៉ូតូ ដៃម្ខាងទប់ការ៉ុងស្វាយកុំឲ្យធ្លាក់។ អរគុណបងអ្នកមើលអីវ៉ាន់នៅកាពីតូលដែលគាត់មានចិត្តជួយលើកដាក់ម៉ូតូពីរនាក់ខ្ញុំ កុំអីខ្ញុំវេទនាមិនខានទេ។ ដំណើរពីអូរឬស្សីទៅអូរឡាំពិកថ្មីបើមិនត្រូវការទូក ក៏មានការពិបាកដែរ ព្រោះវារាងស្ទះបន្តិច។ ខ្ញុំខំត្រដរទាំងលំបាក ទៅផ្ទះអ៊ុំនៅខាងកើតផ្សារ។ ទៅដល់ក៏ឃើញយាយនៅខាងក្នុង។ យាយស្ទុះស្ទារមកបើកទ្វារ ដើម្បីមើលចៅប្រុសកម្លោះ និងចៅស្រីតូចច្រឡឹងរបស់គាត់។ ខ្ញុំដឹងច្បាស់ថាគាត់នឹកចៅគាត់ តែធ្វើម៉េចបានទៅលេងគាត់តែសៅរ៍អាទិត្រហ្នឹងឯង។ ខ្ញុំលើកស្វាយដាក់ខាងមុខរួចហើយ ក៏ចូលទៅជម្រាបសួរអ៊ុំប្រុសនៅខាងក្នុង។ រួចទៅអង្គុយនៅផ្ទះបាយខាងក្រោយផ្ទះ ផឹកទឹកបន្តិច អង្គុយសម្រាកបន្តិច។ យាយគាត់សួរនាំតិចតួចពីរឿងស្វាយ ខ្ញុំក៏ប្រាប់គាត់ថាប៉ាបេះពីចម្ការស្វាយនៅស្រុកកណ្ដៀង ភូមិកំណើតខាងប៉ាខ្ញុំ។ អ៊ុំប្រុស និងយាយប្រហែលភ្លេចហើយថា ប៉ានៅមានដីមួយដុំតូចទៀតនៅស្រុកកណ្ដៀង ភូមិស្យា ក្បែរប្រឡាយទឹកថ្មី។ នៅទីនោះស្ងប់ស្ងាត់ល្អ មានដើមស្វាយ ដើមមៀន ស្រការនាគ ម៉ាក់ប្រេងម៉ាក់ប្រាង ផ្លែឈើព្រៃខ្លះជុំវិញភូមិករ និងមានដើមផ្កាលំអរបន្តិចបន្តួចឥតដាច់ពីមាត់ច្រកចូលរហូតដល់មុខផ្ទះជាប់បឹងឈូក។ នេះរាងវាលបន្តិចផង ព្រោះកាលតាខាងប៉ាខ្ញុំនៅរស់ គាត់ដាំនេះបណ្ដុះនោះសឹងគ្មានកន្លែងទំនេរ ជាពិសេសដើមស្លា ដើមម្លូរបស់យាយ តែឥឡូវអស់មានដើមស្លាម្លូទៀតហើយ។
ពីក្រោមផ្ទះកុងម៉ានៅស្រុកកណ្ដៀង អតីតផ្ទះបាយ ចំការស្វាយ ជើងសរសរដែលមិនដែលកើតជាផ្ទះរបស់កុងម៉ា (គាត់ដាំសសរចោល) រោងផ្ទះបាយចាស់ រានអង្គុយក្រោមផ្ទះ ទ្វារចូល ខ្ញុំ និងប្អូនស្រី ផ្ទះកុងម៉ាមើលពីមុខ
និយាយដល់សាច់រឿងដែលខ្ញុំកត់សម្គាល់ម្ដង! ពេលទៅដល់ផ្ទះអ៊ុំ ខ្ញុំចាប់អារម្មណ៍ថាសក់ស្រីណែតសិតបានយ៉ាងស្អាត។ ច្បាស់ណាស់ គឺយាយខ្ញុំជាអ្នកសិតឲ្យ គាត់យកស្និតសិតចៃមកសិតមួយៗ ភ្នែកចំណាស់របស់គាត់ប្រឹងមើលយ៉ាងយកចិត្តទុកដាក់។ ខ្ញុំឆ្ងល់ដែរ ថាគាត់នឹកឃើញយ៉ាងម៉េចបានជាយកស្និតសិតចៃមកសិតឲ្យប្អូនស្រីខ្ញុំ។ ជួនជាពេលនោះអ៊ុំស្រីសំណប់របស់ខ្ញុំបានចុះមក ពីខាងលើផ្ទះ ដែលមុននេះយើងឮសម្លេងកូនស្រីគាត់រអ៊ូររទាំនឹងអ៊ុំស្រីដែលរវល់រឿងមុខកូនគាត់កើតមុនពេក។ គាត់ចុះមកដួសទឹកពិសារ រួចបន្ទោសយាយ ចាស់ហើយនៅប្រឹងមើលចៃអីទៀត បើភ្នែកគាត់មើលមិនសូវច្បាស់យ៉ាងនេះ។ ខ្ញុំរាងអស់សំណើចបន្តិចដែរ ដែលឮកូននិងម្ដាយគាត់និយាយគ្នាបែបនេះ ស្ដាប់ទៅគួរឲ្យខ្នាញ់ដែរតើ។ យាយខ្ញុំគាត់ប្រឹងបូតស្និតសក់សម្លឹងមើលចៃ។ រួចអ៊ុំស្រីនិយាយឡើងថា ប្អូនស្រីខ្ញុំមានចៃ បានជាឆ្លងដល់កូនស្រីតូចដែលអាយុមិនលើសប្អូនស្រីខ្ញុំប៉ុន្មាន។ ខ្ញុំដូចមិនយល់ដែរ បើប្អូនស្រីខ្ញុំមានចៃ ម៉េចក៏មិនឆ្លងដល់បងបងដែលនៅផ្ទះខ្ញុំផង ខ្ញុំមិនទុកឲ្យគេថាប្អូនខ្ញុំបង្ករជាបញ្ហាតូចតាចនេះដល់គេនោះទេ ក៏ប្រាប់ហេតុផលនេះទៅវិញ។ អ៊ុំក៏អត់មាននិយាយអីទៀតដែរ។
រួចមកយាយហៅខ្ញុំញុំាបាយ គ្រប់ពេលឲ្យតែបានទៅជួបយាយ យាយតែងតែបង្ហាញការបារម្ភ ខ្លាចចៅគាត់អត់បាយស្លាប់។ មើលទៅគាត់បារម្ភពីពួកខ្ញុំយ៉ាងនេះ គាត់កាន់តែគួរឲ្យស្រលាញ់។ ខ្ញុំបានអោបគាត់ពេញៗដៃកាលគាត់ទើបតែមកពីអាមេរិកថ្មីៗ។ ខ្ញុំចាប់អារម្មណ៍ថា កាលនៅក្មេងយាយមានមាឌធំណាស់ ហើយគាត់នៅមានកម្លាំងស្ដីថាឲ្យខ្ញុំរឿងបោកខោអាវ និងដុសក្អែលអីអស់ហ្នឹង។ ពេលនេះរាងគាត់តូចច្រឡឹង ខ្ញុំយល់ខ្លួនឯងថាខ្ពស់ជាងមុន ហើយក៏ធំហើយ។ ក៏ចាប់អារម្មណ៍ថា យាយកាន់តែចាស់ណាស់ហើយ ស្បែកដៃដ៏ជ្រីវជ្រួញ អាយុកាលចូលនិវត្តន៍នៅស្រុកអាគាំងធ្វើឲ្យគាត់មានឱកាសបានមកលេងស្រុកកំណើតគាត់ឯប្រទេសកម្ពុជាបានយូរជាងមុន។ ខ្ញុំក៏រីករាយដែរ ដែលបានជួបយាយច្រើនជាងមុន។ សំណេរមួយនេះមានភាពរញ៉េរញ៉ៃ រៀបរាប់ត្រង់នេះបន្តិច ត្រង់នោះបន្តិច ច្របល់សព្វអប់ក្លិនអតីតកាល និងបច្ចុប្បន្នដូចសម្លរកកូរខ្មែរ ឬសម្លរចាបឆាយចិន។ ខ្ញុំគ្រាន់តែសរសេរតាមនឹកឃើញ ព្រោះអីថ្វីដៃសរសេរអន់ មិនដឹងថាកែអីខ្លះ គិតអីខ្លះ ដូច្នេះមានតែសរសេរតាមនឹកឃើញទើបអាចមានអក្សរខ្លះដិតដាមជាប់ក្នុងកំណត់ហេតុមួយនេះ។ ថ្ងៃខែចេះតែកន្លង អ្វីៗកើតឡើង រួចក៏បាត់បង់ទៅវិញតាមកាល ថ្ងៃនេះព្រះអាទិត្រនៅតែលិចនៅទិសខាងលិចដដែល តែមិនថាវាជាថ្ងៃលិចឬថ្ងៃរះ យើងតែងតែជួបប្រទះនូវអ្វីដែលថ្មីជានិច្ច ព្រោះ…
…ផ្កាយនៅលើមេឃ ដែលយើងខ្ញុំសម្លឹងនោះ មិនដែលរះនៅកន្លែងដដែលនោះឡើយ។ ជីវិតមនុស្សក៏ដូចគ្នា មិនថាយើងបានជួបរឿងអ្វីក៏ដោយ យើងនឹងមិនឈរនៅកន្លែងដដែលនោះឡើយ។
ឌីយ៉ា
ជាចុងក្រោយសម្លរកកូរឬចាបឆាយមួយនេះ គ្រាន់តែចង់រំឮកបន្តិចពីប៉ាម៉ាក់ អ៊ុំប្រុសអ៊ុំស្រី លោកយាយ ដែលអ្នកទាំងនេះសុទ្ធតែជាមនុស្សដែលមានគុណយ៉ាងធំមកលើជីវិតខ្ញុំក៏ដូចជាបងប្អូនខ្ញុំ។ មិនថាមានរឿងអ្វីកើតឡើង មិនថាមានរឿងមិនល្អធំឬតូច តែគុណូបការៈក៏ដូចជាទឹកចិត្តដ៏ល្អរបស់ពួកគាត់នឹងរះនៅក្នុងដួងចិត្តរបស់ខ្ញុំដដែល ទោះបីជាពន្លឺរបស់ពួកគាត់មិនបានរះនៅទីតាំងដដែលនៅក្នុងជីវិតរបស់ខ្ញុំក៏ដោយ។
ដោយខ្ញុំបាទ ឌីយ៉ា
Handwritten Diary of Mine
It’s been a long while, I have not written anything in English. Now just I do, I just publish my handwriting notes. It is about my childhood experience around the theme “Dialogue”. Most of you might not understand my zigzag and messy notes, but for those who could, please enjoy it. Share me your story if you want to.
