សារថ្វាយព្រះពរ

នាឨកាសថ្ងៃទី ១៤, ១៥ និង ១៦ ខែ ឧសភា⁣ គ.ស ២០១៧ ខាងមុខនេះទូលព្រះបង្គំយើងខ្ញុំ ក្រុមការងារប្លុក ពាណិជ្ជកម្ពុជា ឬ NadiaNote សូមឧទ្ទិសបួងសួង ទេវតាឆ្នាំថ្មី ប្រសិទ្ធិពរជ័យ ថ្វាយដល់ព្រះអង្គ ទ្រង់ប្រកបដោយព្រះរាជសុខភាពល្អ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ ព្រះជន្មាយុយ៉ឺនយូរជាងរយព្រះវស្សា ដើម្បីព្រះអង្គទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ និងជាសេចក្ដីសុខក្សេមក្សាន្ត ដល់ប្រជានុរាស្ត្ររបស់ព្រះអង្គជានិច្ចនិរន្តន៍។

file.png

កុហក – សេណារីយោភាពយន្តខ្នាតខ្លី

គាត់ថា ស្រីទន់ខ្សោយដូចខ្ញុំ គួរតែនៅផ្ទះដូចស្រីដទៃទៀត។

គាត់មានសមត្ថភាពគ្រប់គ្រាន់នឹងចិញ្ចឹមខ្ញុំ។ ខ្ញុំគិតថាគាត់និយាយត្រូវ…

កុហក

និពន្ធដោយ

មួង វ៉ាន់ឌី

ផ្អែកលើរឿងពិតមួយផ្នែកនៃសង្គមគ្រួសារខ្មែរ

កំណែទី ១

d
Credited to – Sarah B –

ខាងក្នុង – ផ្ទះរបស់លក្ខណ៍ 

ពេលព្រឹក

ពន្លឺព្រះអាទិត្ររះឡើងចាំងនឹងសន្លឹកឈើពណ៌បៃតងចាស់នៅមាត់បង្អួច រួចចាំងទៅលើក្បាលមនុស្សស្រីម្នាក់ដែលកំពុងផ្កាប់មុខទៅនឹងកម្រាលឥដ្ឋការ៉ូពណ៌លឿងស។ ក្បាលនាងចាប់ផ្ដើមកម្រើកតិចៗ រួចបែរឡើងមកលើយឺតៗ។ ដោយមានសក់ជាប់បាយបន្តិចគ្របមុខ ភ្នែកនាងសម្លឹងមើលទៅលើពិដានឥតព្រិច។

លក្ខណ៍ (ពោល)

គាត់ថាគាត់វាយខ្ញុំព្រោះគាត់ស្រលាញ់ខ្ញុំពេក។ ខ្ញុំក៏ជឿគាត់។

ពិដានពុកផុយពណ៌ខ្មៅ មានស្នាមប្រតាកដោយស្លែកាន់ និងថ្នាំពណ៌សដែលប្រែជាពណ៌ខ្មៅរបកដោយអន្លើៗ។

លក្ខណ៍ (ពោល ត)

គាត់ថា ព្រោះតែកំហុសរបស់ខ្ញុំ។ បើខ្ញុំមិនធ្វើខុស គាត់ក៏មិន

ធ្វើបែបនេះដាក់ខ្ញុំដែរ។  ខ្ញុំគិតថាគាត់និយាយត្រូវ។

លក្ខណ៍បន្តសម្លឹងមើលពិដានផ្ទះដ៏ចាស់របស់ខ្លួន រួចមកមើលជញ្ជាំងផ្ទះដែលមានតាំងរូបថតគ្រួសាររបស់នាង។ នាងបន្តសម្លឹងចុះមកទ្វារបង្អួចដែលស្ទើរតែរបេះចេញ។ សន្សឹមៗនាងមើលចុះមករនាបឥដ្ឋដែលមានបំណែកតូចៗនៃចានបាយ និងម្ហូបអាហាររាយពាសពេញក្បែរភ្នែករបស់នាង។ ភ្នែកនាងសម្លឹងភ្លឹះៗ មើលទៅដូចមនុស្សរុក្ខជាតិដែលលែងចេះគិតអ្វីទៀត។ ទឹកភ្នែកមួយដំណក់ហូរចុះមក គ្រប់យ៉ាងហាក់ប្រែជាស្រអាប់។   

ខាងក្នុង – បន្ទប់ដេករបស់លក្ខណ៍

ពេលល្ងាច

អំពូលពងមាន់តូចមួយបញ្ចេញពន្លឺស្រអាប់។ ដៃលក្ខណ៍កាន់អាវយឺតសប្រឡាក់ស្នាមក្រែម។ ដៃបុរសម្នាក់មកកាន់ស្មារបស់លក្ខណ៍។

លក្ខណ៍ (ពោល ត)

គាត់ថាគាត់ស្រលាញ់តែខ្ញុំម្នាក់គត់។ អ្នកផ្សេងគ្រាន់តែជាការ

លេងសើច។ ខ្ញុំតូចចិត្ត តែខ្ញុំជឿលើគាត់។

គេហាក់និយាយអ្វីម្យ៉ាងទៅកាន់នាង។ ដៃលក្ខណ៍ក្ដាប់អាវយឺតយ៉ាងណែន រួចពន្លាដៃបន្តិចម្ដងៗពីអាវយឺត។ ប្ដីរបស់លក្ខណ៍ដើរចេញក្រៅ ហើយបិទទ្វារបន្ទប់ ទុកឲ្យលក្ខណ៍នៅម្នាក់ឯង។

ដៃប្ដីរបស់លក្ខណ៍បើកទ្វារបន្ទប់ដេក។ លក្ខណ៍កំពុងអង្គុយលើគ្រែដេក។

លក្ខណ៍ (ពោល ត)

គាត់ថា កូនច្បងរបស់យើងស្លាប់ ជាកំហុសរបស់ខ្ញុំ ព្រោះខ្ញុំមិន

បានមើលថែកូនឲ្យល្អគ្រប់គ្រាន់។ គឺខ្ញុំ…

លក្ខណ៍ស្លៀកពាក់ខ្មៅ ដៃអោបស៊ុមរូបថតសខ្មៅមួយផ្ទាំងធំយ៉ាងណែន។ នាងយំខ្សឹកខ្សួលតែម្នាក់ឯង។

កាត់ទៅកាន់ប្លង់៖ 

ខាងក្នុង – ផ្ទះរបស់លក្ខណ៍

ពេលព្រឹក

សម្លេងងឺងពេញត្រចៀករបស់លក្ខណ៍។ ភ្នែកនាងស្រវាំងដោយទឹកភ្នែកប្រែជាស្រលះវិញ។ នាងសម្លឹងមើលនាឡិកាដែលដើរតឹកៗ។ នាឡិកាវិលថយក្រោយយ៉ាងលឿន។

កាត់ទៅកាន់ប្លង់៖ 

ខាងក្នុង – ផ្ទះរបស់លក្ខណ៍

មួយម៉ោងមុន

លក្ខណ៍ដួលផ្កាប់មុខនឹងឥដ្ឋការ៉ូ។ ស្របពេលតែមួយ ចានបាយម្ហូបធ្លាក់មកលើឥដ្ឋក្បែរនាង។

លក្ខណ៍ (ពោល)

គាត់ថា ស្រីទន់ខ្សោយដូចខ្ញុំ គួរតែនៅផ្ទះដូចស្រីដទៃទៀត។

គាត់មានសមត្ថភាពគ្រប់គ្រាន់នឹងចិញ្ចឹមខ្ញុំ។ ខ្ញុំគិតថាគាត់និយាយត្រូវ…

បាយម្ហូបរាយពេញឥដ្ឋនៅមុខនាង។ នាងកាន់ប្រាក់ ១០០០រៀលបួនប្រាំសន្លឹកក្នុងដៃយ៉ាងណែន។

លក្ខណ៍ (ពោល ត)

តែពេលនេះ…

លក្ខណ៍ព្រលែងលុយទាំងអស់ចោលទៅលើឥដ្ឋ។ នាងងើបអង្គុយ។ ទាំងសក់ដ៏សំពីងសំពោង នាងប្រឹងលើកខ្នងដ៏ស្គមកំព្រឹងរបស់នាង ហើយបែរទៅមាត់ទ្វារដែលមានពន្លឺថ្ងៃចាំងចូលមក។

លក្ខណ៍ (ពោល ត)

ខ្ញុំត្រូវចំណាយពេលជាច្រើនឆ្នាំ ដើម្បីរស់នៅ

ដោយគ្មានភាពភ៏យខ្លាចដូចអ្នកដទៃ។

ថ្ងៃជះមកលើផ្ទៃមុខដែលពោរពេញទៅដោយស្នាមជាំរបស់លក្ខណ៍។

លក្ខណ៍ (ពោល ត)

ខ្ញុំជឿថា ធ្វើរឿងត្រឹមត្រូវមួយ មិនចាំបាច់ទាល់តែល្អឥតខ្ចោះ

ទើបខ្ញុំអាចធ្វើទៅបាននោះទេ។ 

លក្ខណ៍ក្រោកឈរឡើង ហើយដើរចុះតាមជណ្ដើរមកក្រៅផ្ទះ។ 

ខាងក្រៅ – មុខផ្ទះរបស់លក្ខណ៍

ពេលព្រឹក

ដៃរបស់លក្ខណ៍កាន់ក្រដាសសមួយសន្លឹក។

លក្ខណ៍ (ពោល)

ខ្ញុំសប្បាយចិត្តដែលកូនពៅរបស់ខ្ញុំគ្មានមេរោគអេដស៍…

ដូចខ្ញុំ នឹងឪពុករបស់គេ។

កូនរបស់លក្ខណ៍រត់មកអោបចង្កេះនាង។ ក្រដាសនៅដៃម្ខាងទៀតនោះពន្លាចេញមក។ សញ្ញា អវិជ្ជមាន បង្ហាញយ៉ាងច្បាស់នៅលើក្រដាសនោះលទ្ធផលពិនិត្យឈាម។

លក្ខណ៍ (ពោល ត)

ខ្ញុំជឿថា ខ្ញុំស្រលាញ់កូនខ្ញុំគ្រប់គ្រាន់ ហើយខ្ញុំបានព្យាយាម

ផ្ដល់សុភមង្គលដល់គេច្រើនគ្រប់គ្រាន់តាមដែលខ្ញុំអាចធ្វើទៅបានរួចហើយ។

នាងងាកក្រោយ ទៅមើលសម្បកផ្ទះរបស់នាង។ ផ្ទៃមេឃល្ហល្ហេវ។ ផ្ទៃមុខរបស់លក្ខណ៍ពេលនេះហាក់ស្មើ មិនបង្ហាញពីទុក្ខព្រួយ ឬការឈឺចាប់ឡើយ។

កាត់ទៅកាន់ប្លង់៖

ខាងក្នុង – ផ្ទះរបស់លក្ខណ៍

ពេលព្រឹក

មុខរបស់លក្ខណ៍នៅលើកម្រាលឥដ្ឋ

កាត់ទៅកាន់ប្លង់៖ 

ខាងក្នុង – បន្ទប់ដេករបស់លក្ខណ៍

ពេលល្ងាច

មុខរបស់លក្ខណ៍ពេលនាងកំពុងអង្គុយលើគ្រែជាមួយអាវយឺតប្រលាក់ក្រែមរបស់ប្ដីនាង

កាត់ទៅកាន់ប្លង់៖

មុខរបស់លក្ខណ៍ពេលនាងកំពុងអង្គុយអោបស៊ុមរូបថតកូនច្បងរបស់នាង

កាត់ទៅកាន់ប្លង់៖   

ខាងក្រៅ – ផ្ទះរបស់លក្ខណ៍

ពេលព្រឹក

លក្ខណ៍ (ពោល)

ហើយពេលនេះ…ខ្ញុំជឿថា ខ្ញុំអាចធ្វើអ្វីបានច្រើនជាងនេះ…

មុខរបស់លក្ខណ៍ពេលនាងកំពុងឈរជាមួយកូនប្រុសនាង។

Fade

លក្ខណ៍ (ពោល ត)

ពេញមួយជីវិតនេះ យើងអាចនឹងឮពាក្យកុហកជាច្រើន។

ទោះយើងមិនអាចបញ្ឈប់ពាក្យកុហកទាំងនោះបាន… 

ខាងក្រៅ – ក្នុងតូបតូចមួយ

ពេលយប់

ក្នុងតូបតូចមួយ លក្ខណ៍អង្គុយក្បែរកូនរបស់នាងក្នុងសម្លៀកបំពាក់ស្អាតបាត។ កូនប្រុសនាងស្លៀកខោខ្លី អាវយឺតប្រផេះកាន់សៀវភៅមួយក្បាលនៅក្នុងដៃ។

លក្ខណ៍ (ពោល)

តែយើងក៏អាចប្រាប់ការពិតដល់ខ្លួនឯង និងរស់នៅក្នុង

ជីវិតដែលពេញដោយសុភមង្គលបាន។

អ្នកទាំងពីរញញឹមយ៉ាងមានក្ដីសុខ។ ហើយកូនរបស់នាងរត់មកមុខកាមេរ៉ាហើយចុចបិទកាមេរ៉ា។

-ចប់-

ម៉ែខ្ញុំជាឃាតករ

សៀវភៅខ្លះ យើងអាចអានបានតែម្ដងប៉ុណ្ណោះក្នុងជិវិតយើង។ យើងមិនអាចអានវាបន្តទៅទៀត ឬយើងគ្មានសេចក្ដីក្លាហានគ្រប់គ្រាន់នឹងប្រឈមនឹងរឿងក្នុងសៀវភៅនោះ។

9cf60a5589895767e900e625a6525299

ម្ដាយខ្ញុំជាឃាតករ! រឿងរ៉ាវកើតឡើងដូចតទៅនេះ៖

ខ្ញុំកើតមកជាកូនល្អសម្រាប់ឪពុកខ្ញុំ។ ខ្ញុំជាកូនស្រីម្នាក់ដែលរមែងដឹងគុណម្ដាយរបស់ខ្ញុំជានិច្ច។ អ្វីដែលម្ដាយខ្ញុំបន្សល់ទុកឲ្យខ្ញុំគឺ រូបថតរបស់គាត់ និងសៀវភៅកំណត់ហេតុមួយក្បាល។ ម្ដាយខ្ញុំស្អាតណាស់ ដៃតូចស្រឡូនស្រួចដូចបន្លាក្រូចរបស់គាត់ប្រើសម្រាប់ថ្នាក់ថ្នមពុក និងគូររូបដ៏វិចិត្រជាច្រើនសម្រាប់ពិពរណ៌អន្តរជាតិល្បីៗ តែម៉ែជាមនុស្សគួរឲ្យអាណិត។ ខ្្ញុំបានឭពីពុក និងគ្រប់គ្នាថា គាត់ជាមនុស្សវិកលចរិត។ ម៉ែតែងខ្លាចសព្វខ្លាចគ្រប់។ គាត់ប្រណិបត្តិព្រះពុទ្ធយ៉ាងខ្ជាប់ខ្ជួន ដើម្បីការពារខ្លួនពីរបស់មើលមិនឃើញ។ ពុកជាជាងចម្លាក់។ គាត់ជាមនុស្សស្ងប់ស្ងាត់ និងមិនសូវចង់និយាយច្រើនពីម៉ែទេ។

មែនហើយ! នេះជាថ្ងៃពិសេសសម្រាប់ខ្ញុំ ទើបពុកជូនសៀវភៅកំណត់ហេតុរបស់ម៉ែមកឲ្យខ្ញុំ។ ព្រះច័ន្ទរះយ៉ាងមូលក្រឡង់នៅមាត់បង្អួចមន្ទីរពេទ្យស៊ុនយ៉ាឃីល ពុកចេញពីបន្ទប់ខ្ញុំទៅសម្រាកនៅឯក្រុងកំពតវិញ។

ខ្ញុំបើកកាន់សៀវភៅដែលទើបតែបានទទួលមកដល់ក្នុងដៃដោយក្ដីរំភើបចិត្ត។ ខ្ញុំមើលក្របសៀវភៅទាំងមុខ ទាំងក្រោយ រួចបើកម្ដងមួយទំព័រៗ។ គ្រប់ទំព័រសុទ្ធតែជារូបភាពដែលគូរដោយដៃម៉ែ និងមានអក្សរតូចៗនៅខាងក្រោមផង។ សៀវភៅគូរដោយគូល័រទឹកយ៉ាងរស់រវើក ខ្លះជារូបភាពសិល្បៈ ហើយខ្លះប្រហែលជាការចងចាំដ៏ល្អរបស់គាត់។ បើកមកទំព័រដំបូងវិញ ខ្ញុំឃើញរូបភាពស្ត្រីម្នាក់ ដែលខ្ញុំជឿថាជាម៉ែខ្ញុំ កំពុងសម្រាលកូននៅក្នុងបន្ទប់សម្រាល។ ខាងក្រោមរូបភាពមានសរសេរ មេត្តា មហាមហ ពុទ្ធាយ សិទ្ធំ (សូត្រ ៧ដងកន្លះចប់)។ មិនដឹងថាសូត្រដើម្បីអ្វី តែខ្ញុំក៏សាកល្បង ព្រោះម៉ែប្រាកដជាសរសេរឃ្លានោះឡើងដោយហេតុផលអ្វីម្យ៉ាងមិនខាន។

  • មេត្តា មហាមហ ពុទ្ធាយ សិទ្ធំ! មេត្តា មហាមហ ពុទ្ធាយ សិទ្ធំ! មេត្តា មហាមហ ពុទ្ធាយ សិទ្ធំ! មេត្តា មហាមហ ពុទ្ធាយ សិទ្ធំ! មេត្តា មហាមហ ពុទ្ធាយ សិទ្ធំ!
  • (មេចង្រៃ ចេញទៅ!)

ខ្ញុំភ្ញាក់ព្រើតនឹងសម្រែកអម្បាញ់មិុញនេះ! សម្លេងស្រែកឭហឹងពេញត្រជាក់របស់ខ្ញុំ! ខ្ញុំហាក់ភ្ញាក់ក្រញាង ដោយហេតុខ្ញុំកំពុងស្លុងនឹងអានឃ្លាធម៌មុននេះ។ ក្នុងបន្ទប់របស់ខ្ញុំមានសភាពស្ងាត់ដូចធម្មតា។ ប្រហែលខ្ញុំល្វើយពេក ឬមកពីឥទ្ធិពលថ្នាំពេទ្យទេដឹង? (ខ្ញុំគិត!)

  • មេត្តា មហាមហ ពុទ្ធាយ សិទ្ធំ! មេត្តា ពុទ្ធា
  • ចេញទៅ! មេចង្រៃ! ចេញទៅ! កំុមកយកកូនយើង! ចេញទៅ!

នៅនឹងមុខខ្ញុំ គឺម្ដាយរបស់ខ្ញុំកំពុងសម្រាលកូននៅលើគ្រែ។ គាត់សម្លឹងមករកខ្ញុំ ហើយស្រែក មេចង្រៃៗ! យ៉ាងខ្លាំង។ គ្រូពេទ្យនិងប៉ានំាគ្នាចាប់ដៃចាប់ជើងគាត់កំុឲ្យរើពេក។ ចុះខ្ញុំ? ពេលនេះខ្ញុំកំពុងឈរនៅមុខម្ដាយខ្ញុំ ក្នុងបន្ទប់សម្ភពមួយដែលខ្ញុំក៏ស្រលាំងកាំងដូចគ្នាថា ពេលនេះកំពុងមានរឿងអ្វីកើតឡើង។ ខ្ញុំកាន់សៀវភៅនៅជាប់ក្នុងដៃត្រង់ទំព័រដែលខ្ញុំសូត្រមុននេះ។ ខ្ញុំឃើញក្បាលកូនង៉ែតកំពុងលៀនចេញមកពីប្រដាប់ភេទម្ដាយខ្ញុំ។ ពេទ្យប្រឹងបង្កើត ពុកខំទប់ម៉ែ។ ឯម្ដាយជាទីស្រលាញ់របស់ខ្ញុំកំពុងស្រែកយ៉ាងខ្លាំង ហើយសម្លក់មកខ្ញុំថ្លែ។ កូនកើតមកហើយ បាត់សម្លេងឈឹង! គ្រប់គ្នាសម្លឹងមើលមកកូន! ពេទ្យព្យាយាមបឺតច្រមុះកូនង៉ាយកទឹករំអិលចេញ រួចសម្លេងកូនង៉ាក៏ស្រែកង៉ាងឡើងពេញបន្ទប់។ ម្ដាយខ្ញុំហាក់ល្វើយ ទន់ដៃទន់ជើងណាស់ តែដៃគាត់ចង្អុលមកខាងខ្ញុំរហូត។ ខ្ញុំបិទសៀវភៅ រួចក្រោយមក ខ្ញុំកំពុងស្ថិតនៅលើគ្រែដំណេករបស់ខ្ញុំ ក្នុងមន្ទីរពេទ្យសុនយ៉ាឃីលដដែល។ ម៉ែ! តើសៀវភៅនេះជាអ្វី? ម៉ែចង់ប្រាប់អ្វីដល់ខ្ញុំមែនទេ?

មិនបង្អង់យូរ ក្ដីមន្ទិលរបស់ខ្ញុំឆេះឈួលដល់ចុងច្រមុះ។ ខ្ញុំបើកទៅកាន់ទំព័របន្ទាប់ គាថាមួយឃ្លានៅពីក្រោមរូបស្ត្រីម្នាក់នៅក្នុងវិហារ។ ម្រាមខ្ញុំបង្អូសពីក្រោមជួរអក្សរទាំងនោះ ឲ្យប្រាកដថាខ្ញុំអានមិនខុស។

  • ៧ កន្លះចប់! ចាប់ផ្ដើម! (ខ្ញុំដកដង្ហើមធំយ៉ាងវែងមុននឹងចាប់ផ្ដើម។ ចិត្តខ្ញុំត្រៀមរង់ចាំមើលរូបភាពអភិនិហាដែលនឹងកើតឡើងដូចមុននេះទៀត)
  • ករុណា វិយ សត្តេសូ! ករុណា វិយ សត្តេសូ! ករុណា វិយ សត្តេសូ! ករុណា វិយ សត្តេសូ! ករុណា វិយ សត្តេសូ!
  • ករុណា វិយ សត្តេសូ! ករុណា វិយ សត្តេសូ! (សម្លេងស្ត្រីម្នាក់សូត្រឃ្លានេះដំណាលខ្ញុំ)

ខ្ញុំគ្រាន់តែឭសូរសម្លេងសូត្រឃ្លានេះដំណាលខ្ញុំ ខ្ញុំក៏ឈប់បន្តិច រួចសូត្របន្តទៀត ដោយក្នុងចិត្តខ្ញុំជឿជាក់ថា ខ្ញុំនឹងបានទៅទីណាមួយក្នុងពេលប៉ុន្មានវិនាទីទៀតនេះ។

  • ករុណា វិយ សត្តេសូ! ករុណា វិយ
  • ករុណា វិយ សត្តេសូ! ករុណា វិយ សត្តេសូ! ករុណា វិយ សត្តេសូ! ករុណា វិយ សត្តេសូ! ករុណា វិយ សត្តេសូ! (ខ្ញុំឃើញម្ដាយខ្ញុំបែរមុខទៅកាន់ព្រះពុទ្ធបដិមារដ៏ធំស្កឹមស្កៃក្នុងវិហារចំណាស់មួយ។ យប់ស្ងាត់ទៅហើយ គាត់នៅក្នុងវិហារម្នាក់ឯង សូត្រគាថាតែមួយដែលខ្ញុំសូត្រមុននេះ។)

ស្រាប់តែភ្លាមនោះគាត់ឈប់សូត្រ ខ្ញុំឃើញគាត់រាងចង់ងាកមកខាងក្រោយបន្តិច រួចងាកទៅរកព្រះពុទ្ធវិញ ហើយលំទោនខ្លួនចុះ លើកកូនតូចមួយឡើងដោយដៃទាំងពីរប្រណម្យថ្វាយទៅដល់ព្រះពុទ្ធរូប។ សម្លេងខ្សឹបៗចេញពីមាត់គាត់ ហាក់កំពុងបួងសួងទៅកាន់ព្រះដ៏មានព្រះធម៌ លាយឡំនឹងសម្លេងស្គរធំលាន់យ៉ាងខ្លាំងនៅក្បែរគុម្ពត្រចៀកខ្ញុំ។ នេះដោយសារខ្ញុំឈរនៅកៀកនឹងស្គរពេក។ ដោយសម្លេងទ្រហឹងនៃស្គរភ្លាមៗបែបនេះ ខ្ញុំភ្ញាក់ខ្លួនឡើង បិទសៀវភៅគំនូរ ហើយខ្ញុំក៏ត្រឡប់មកនៅលើគ្រែក្នុងមន្ទីរពេទ្យដដែល។

  • មុទិតា មង្គលមាគមំ ពុទ្ធំ សព្វភយា! មុទិតា មង្គលមាគមំ ពុទ្ធំ សព្វភយា! មុទិតា មង្គលមាគមំ ពុទ្ធំ សព្វភយា! មុទិតា មង្គលមាគមំ ពុទ្ធំ សព្វភយា! មុទិតា មង្គលមាគមំ ពុទ្ធំ សព្វភយា! មុទិតា មង្គលមាគមំ ពុទ្ធំ សព្វភយា! មុទិតា មង្គលមាគមំ…
  • ពុទ្ធំ សព្វភយា! (សម្លេងម្ដាយខ្ញុំ)

ពេលនេះខ្ញុំកំពុងនៅក្នុងបន្ទប់ដំកល់ព្រះរបស់ម្ដាយខ្ញុំ! គ្រប់យ៉ាងក្នុងបន្ទប់នេះ នៅតែដដែល ឥតមានផ្លាស់ប្ដូរអ្វីសោះ។ ម្ដាយខ្ញុំក្នុងសំពត់អាវស កំពុងសូត្រធម៌យ៉ាងស្ងៀមស្ងាត់ម្នាក់ឯង។

  • ខ្ញុំម្ចាស់ សូមអរព្រះគុណ ព្រះសម្មាសម្ពុទ្ធដ៏ជាម្លប់ត្រជាក់នៃកូនចៅ! ពេលនេះលែងមានមារកំណាចមកព្យាបាទជីវិតកូនស្រីខ្ញុំម្ចាស់ទៀតហើយ។ ខ្ញុំម្ចាស់សូមថ្វាយ…

ខ្ញុំដើរងាកក្រោយបន្តិច ប៉ះចង្កៀងមំុាងសុង ឯម្ដាយខ្ញុំក៏ងាកមកក្រោយមើលមកខ្ញុំ រួចភ្ញាក់ផ្ងារទៅក្រោយដួលលើព្រះពុទ្ធបដិមារតូចៗទាំងប៉ុន្មានឡើងរប៉ាត់រប៉ាយអស់។

  • ឯង! ឯងមកទៀតហើយ! ចេញទៅ! កំុធ្វើបាបកូនយើង! ចេញទៅ!

ដល់ពេលនេះ ទើបខ្ញុំដឹងថាគាត់មើលឃើញខ្ញុំ។ ហើយអ្នកដែលគាត់ខ្លាចនោះ ប្រាកដជាខ្ញុំមិនខាន។

  • ម៉ែ

(ក្រាំង) សម្លេងទ្វាររបើកឡើង!

សូមរង់ចាំអានភាគបន្ត!

ត្រណមថ្ងៃបុណ្យ ឆេងម៉េង 

hb_1977.81_av2

ក្នុងពិធីបុណ្យ ឆេងម៉េង ឬពិធីបុណ្យសម្អាតផ្នូរដូនតា របស់កូនចៅចិននេះ មានត្រណមមួយចំនួនដែលយើងគួរប្រកាន់ខ្ជាប់ដូចជា៖

  1. ហាមនិយាយលេងផ្ដេសផ្ដាសក្នុងកំឡុងពេលសែនព្រេន
  2. ហាមស្លៀកពាក់ខ្មៅសុទ្ធ (ឈុតលើ និងក្រោម) ព្រោះវាតំណាងឲ្យភាពអាប់រាសី។ អ្នកអាចពាក់ ឬស្លៀកខ្មៅ លាយជាមួយពណ៌ផ្សេងបាន។ ក្រៅពីពណ៌ខ្មៅ ហាមស្លៀកពាក់ពណ៌ក្រហម។
  3. មិនត្រូវបត់ជើងតូច ឬខាកស្ដោះនៅក្បែរកន្លែងសែនព្រេន
  4. មិនត្រូវឡូឡា ឬនិយាយលេងសើចនៅក្បែរកន្លែងសែនព្រេន
  5. ជាការល្អ ប្រសិនបើអ្នកសម្អាតផ្នូរមុនម៉ោង ៣ រសៀល
  6. ហាមមិនឲ្យស្ត្រីមានផ្ទៃពោះបោសសំអាតផ្នូរ (ប្រហែលខ្លាចមានគ្រោះថ្នាក់ដល់គភ៌)
  7. ហាមបរិភោគអាហារនៅម៉ុង ឬផ្នូរកុងម៉ា ឬស្លៀកពាក់ឆើតឆាយ ព្រោះវាជាការប្រមាថដល់ដូនតាដែលចែកឋានទៅ
  8. ហាមថតរូប
  9. ហាមមិនឲ្យអ្នកមិនជាប់សាច់ឈាមមកចូលរួមជាមួយ។ ឧទាហរណ៍៖ សង្សារ មិត្តភក្ដិ។ល។
  10. មិនត្រូវរៀបចំពីធីជប់លៀង ឬអាពាហ៍ពិពាហ៍ក្នុងថ្ងៃឆេងម៉េង

សរុបរួម ជាការប្រសើរក្នុងការជឿហើយធ្វើតាម ជាជាងស្ដាយក្រោយ។

ប្រវត្តិនៃពិធីបុណ្យឆេងម៉េង

chinese-tomb-sweeping-day

ពិធីបុណ្យឆេងម៉េង ដែលភាសាចិនហៅថា ឆីងមីង (QingMing) ឬភាសាអង់គ្លេសថា “Tomb Sweeping Day” សំដៅទៅលើពិធីសែនផ្នូរ, បុណ្យជម្រះចិត្តឲ្យជ្រះថ្លា ឬទិវាសម្អាតផ្នូរជូនដូនតា ឬឪពុកម្ដាយ ដែលបានចែកឋានទៅ។

បុណ្យឆេងម៉េង មានប្រវត្តិដ៏យូរលង់ណាស់មកហើយក្នុងប្រទេសចិន និងត្រូវបាននាំចូលកាន់ប្រទេសកម្ពុជាតាមរយៈចិនមករស់នៅ ស្រុកខ្មែរ។

ពិធីបុណ្យឆេងម៉េងនេះប្រារព្ធឡើងដើម្បីឧទ្ទិសដល់ ជី ហ្សីទួយ។

មានរឿងដំណាលថា កាលពីឆ្នាំ ៦៣៦ នៃព.ស មានព្រះអង្គម្ចាស់ព្រះនាមវេន (Wen) និងអ្នកបម្រើឈ្មោះ ជី ហ្សីទួយ (Jie Zitui) បានរត់គេចពីសង្គ្រាម ក៏វង្វេងចូលទៅក្នុងព្រៃ។ ដោយគ្មានអាហារសម្រាប់បរិភោគអស់ជាច្រើនថ្ងៃ និងបារម្ភខ្លាចចៅហ្វាយខ្លួនឃ្លាន ជី ក៏ចៀរសាច់ភ្លៅរបស់ខ្លួនមកធ្វើម្ហូប។ ព្រះអង្គម្ចាស់ វេន សន្យាថានឹងផ្ដល់រង្វាន់ដល់ ជី ប៉ុន្តែ ជី មិនមែនជាមនុស្សលោភលន់នឹងឋានៈបុណ្យស័ក្ដិឡើយ។ អ្វីដែលគាត់ចង់បាន គឺចង់ឲ្យព្រះអង្គម្ចាស់ វេន វិលត្រឡប់ទៅកាន់ដឹកដីជិន (Jin) វិញ ដើម្បីធ្វើស្ដេចនៅទីនោះ។

ជី បាននាំម្ដាយទៅរស់នៅឯព្រៃភ្នំ។ ពេលដឹងដូច្នេះ ព្រះអង្គ វេន បានបញ្ជាអោយគេដុតព្រៃដែល ជី សំងំលាក់ខ្លួន ក្នុងគោលបំណងឲ្យ ជី បង្ហាញខ្លួន។ តែអកុសល ព្រៃបានឆេះសន្ធោសន្ធៅ រហូត ជី ចេញមិនរួច ក៏ស្លាប់ក្នុងភ្នក់ភ្លើងនោះតែម្ដងទៅ។ ព្រះអង្គមានវិប្បដិសារីយ៉ាងខ្លាំងចំពោះរឿងនោះ ក៏ចេញបញ្ជាហាមមិនឲ្យអ្នកភូមិប្រើប្រាស់ភ្លើង និងបរិភោគតែអាហារត្រជាក់ចំនួនបីថ្ងៃ ដើម្បីកាន់ទុក្ខដល់វិញ្ញាណក្ខន្ធ ជី។ តាំងពីពេលនោះមក ប្រពៃណីសែនផ្នូរគោរពដូនតាក៏ចាប់កំណើតឡើងរហូតដល់សព្វថ្ងៃ។ ក្រោយមកទៀត ព្រះអង្គបានសង្កេតឃើញថានៅលើផ្នូររបស់ ជី ហ្សីទួយ មានដើមសូលចាប់ផ្ដើមដុះគ្របពីលើ។ ទ្រង់បានបញ្ជាឲ្យគេសម្អាតដើមសូលចេញ ហើយបញ្ជាឲ្យប្រជាជនប្រារព្ធពិធីនេះដោយបញ្ចូលគំនិតរំលឹកពីគុណអ្នកដែលបានចែកឋានទៅ។ ហេតុនេះបានបានជាសង្កេតឃើញប្រជាជនចិនយកស្លឹកដើមសូលដាក់នៅពីលើផ្នូរលំអ។ បន្ថែមពីនេះ គេសែនម្ហូបអាហារ និងស្រាដែលដូនតាចូលចិត្ត ព្រមទាំងដុតប្រាក់កាស ជូនដូនតាដើម្បីកុំឲ្យពួកគាត់មានការខ្វះខាតចាយវាយហូបចុកនៅក្រោយពេលចែកឋាន។ បច្ចុប្បន្នអ្នកឆ្លៀតឳកាសរកស៊ីបានបន្ថែមការដុតជាទូរសព្ទ ផ្ទះក្រដាស និងសម្ភារៈផ្សេងៗទៀតផង។

ពិធីនេះ គេច្រើនធ្វើឡើងនៅម្ដុំថ្ងៃទី៥ ខែមេសា ជារៀងរាល់ឆ្នាំ ហើយគេនិយមសែននៅផ្នូរអ្នកមានគុណ ដែលចែកឋានទៅ ក្នុងគោលបំណង ៣យ៉ាង គឺ ១-បួងសួងសុំសេចក្ដីសុខចម្រើន ២-សុំឲ្យកូនចៅរកស៊ីមានបាន និង ៣-សុំឡើងបុណ្យស័ក្ដិ។ ក្នុងពិធីសែនដំបូង គឺគេយកក្រដាសប្រក់ផ្នូរ យកដីរោយពីលើ រួចស្រោចទឹក។ បន្ទាប់មកទៀត គេសែនម្ហូបអាហារទៅតាមលទ្ធភាព។

ជនជាតិចិនមានវប្បធម៌គ្រួសារនិយមណាស់ ដូច្នេះត្រកូលរបស់គេមួយៗគឺត្រូវបានលើកតម្កើង ពិសេសផ្នូរបុព្វបុរស ដែលគ្រួសារម្នាក់ៗស្លាប់ទៅ គឺត្រូវបានជ្រើសរើសទីតាំងល្អ មានហុងស៊ុយ សម្រាប់បញ្ចុះ ដោយមានជំនឿថា ដូនតារបស់គេនឹងជួយដល់កូនចៅឲ្យរកស៊ីមានបាន។

ប្រវត្តិអ្នកនិពន្ធខ្មែរ លោក ទឹម ម៉ានី

បើនិយាយអំពីប្រលោមលោកខ្មែរ ប្រហែលជាមានមិត្តអ្នកអានជាច្រើន បានស្គាល់ស្នាដៃរបស់អ្នកនិពន្ធ ទឹម ម៉ានី (ហៅស្មេរ) តែប្រហែលជាមានអ្នកខ្លះមិនសូវបានដឹងអំពីប្រវត្តិរបស់លោកប៉ុន្មាននោះទេ។

“ កវីផ្សងស្នេហ៍” គឺជាប្រលោមលោកដែលល្បីល្បាញបំផុត និង រឿងទី២ គឺ “ ឃ្លោកលិចអំបែងអណ្តែង” ដែលអ្នកនិពន្ធ ទឹម ម៉ានី បានអះអាងថា ជារឿងដែលធ្វើឲ្យអ្នកអាននិយមចូលចិត្តនិងទទួលស្គាល់ស្នាដៃនិពន្ធរបស់លោក។

17392816_1879330749012353_479452561_n

ក្នុងវ័យ ៧១ ឆ្នាំ និងជាអ្នកភ្នំពេញ លោក ទឹម ម៉ានី មានភរិយានិងកូនស្រីចំនួនពីរនាក់ ហើយក្រៅពីភាសាកំណើតរបស់ខ្លួន លោកអាចនិយាយបានដល់ទៅ៦ភាសាឯណោះ ដូចជា អង់គ្លេស បារាំង សូវៀត ចិន ថៃ និង វៀតណាម។

លោក ទឹម ម៉ានី   គឺជាទីប្រឹក្សារដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ជាសមាជិកក្រុមការងារថ្នាក់ជាតិ និងជាអ្នកនិពន្ធដ៏ល្បីល្បាញមួយរូបផងដែរ។ ក្រៅពីការងាររៀបរាប់ខាងលើ លោក ទឹម ម៉ានី ក៏ជាអតីតបេក្ខភាពតំណាងរាស្ត្រមណ្ឌលកំពង់ធំ សាស្រ្តាចារ្យមហាវិទ្យាល័យនីតិសាស្ត្រ និង ធ្លាប់ធ្វើការនៅក្រសួងពីរផ្សេងទៀត ដូចជាក្រសួង ឧស្សាហកម្ម រ៉ែ និង ថាមពល និង ក្រសួងកសិកម្មរក្ខាប្រមាញ់ និង នេសាទផងដែរ។

អ្នកនិពន្ធរូបនេះ បញ្ជាក់ថា ៖ “ ខ្ញុំក៏បានបកប្រែសៀវភៅពីភាសាថែមកជាភាសាខ្មែរ គឺ ជោគជតានៃតម្រាសុបិន និង វិជ្ជាធ្វើម្ហូបជាដើម ហើយសព្វថ្ងៃខ្ញុំកំពុងរៀបចំបោះផ្សាយពីសិល្បវិធីនៃការតែងនិពន្ធប្រលោមោក។ លើសពីនេះ ខ្ញុំបានរៀបចំជារឿងភាគប្រចាំទូរទស្សន៍មួយចំនួន ហើយនៅឆ្នាំនេះនឹងចាប់ផ្តើមថតខ្សែភាពយន្តភាគថ្មីដូចជារឿង “ អកបឹងកន្សែង” “ព្រះច័ន្ទក្រហម” “ រាជនីមហាអង្គរ” និង រឿង “ទឹកថ្លាផ្កាស្នេហ៍” ។ ចំណែកឯរឿង “ ម្កុដផ្កាស្នេហ៍ “ បានថតចប់ជាស្ថាពរនឹងយកទៅក្រៅប្រទេសបាត់ហើយ”។

ផ្តើមអាជីពជាអ្នកនិពន្ធក្នុងឆ្នាំ១៩៨២ រហូតមកដល់ឆ្នាំ ២០១៦ លោកបាននិពន្ធស្នាដៃប្រលោមលោកបានចំនួន១៨៥ រឿង ដែលក្នុងនោះប្រលោមលោកចំនួន៤៣ចំណងជើង គឺមិនទាន់បញ្ចេញនៅលើទីផ្សារនៅឡើយនោះទេ។ លោកបន្ថែមថា ៖ “ រឿងដែលខ្ញុំចាប់ផ្តើមសរសេរដំបូងគេ គឺរឿង “ ពស់សកស្រកា” “ អប្សរាចិត្តមារ” “ផ្កាអ័រគីដេ” និង “ រឿង “ កវីផ្សងស្នេហ៍” ដែលសុទ្ធតែបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តអ្នកអាន។

រំឭកពីមូលហេតុដែលជម្រុញឲ្យលោក ទឹម ម៉ានី ចាប់កាន់ប៉ាកកាក្លាយជាអ្នកនិពន្ធ គឺដោយសារតែនៅក្នុងសម័យប៉ុលពត មានរឿងរ៉ាវជាច្រើន ជាពិសេសពាក់ព័ន្ធនឹងយុវជនយើងដែលត្រូវមានការយល់ដឹងពីវប្បធម៌នៃជាតិរបស់យើង និង ដោយសារចង់ដឹង ចង់ឭពីអ្វីដែលហៅថាសិល្បៈនៃការតែងនិពន្ធ។

លោកបានលើកឡើងថា ៖

ខ្ញុំចងក្រងរឿងប្រលោមលោកឡើងដើម្បីឲ្យក្មេងជំនាន់ក្រោយបានយល់ថា អក្សរសាស្ត្រជាតិយើងពិតជាមានន័យទូលំទូលាយណាស់ និង ដើម្បីស្វែងយល់អ្វីដែលហៅថា “ប្រលោមលោក” និង ដើម្បីចង់ដាស់យុវជនឲ្យផ្តោតលើអក្ខរាវិរុទ្ធខ្មែរ ក្នុងគោលបំណងថែរក្សាតម្លៃអក្សរសាស្ត្រជាតិខ្មែរឲ្យបានគង់វង្ស។

ក្នុងនាមជាអ្នកនិពន្ធចាស់វស្សា លោក ទឹម ម៉ានី បានបង្ហាញនូវទស្សនៈផ្ទាល់ខ្លួនថា ដើម្បីឲ្យស្នាដៃប្រលោមលោកល្អ យើងគួរតែយកចិត្តទុកដាក់លើចំណុចសំខាន់ៗ ចំនួន ដូចជា ការចេះលើកទុកដាក់នូវពាក្យពេចន៍ចុងជួនគ្នា មិនជាន់ពាក្យ និង ការប្រើអក្ខរាវិរុទ្ធឲ្យបានត្រឹមត្រូវ ទី២ ដឹងច្បាស់ថារឿងយើងនិពន្ធជារឿងពិតឬជាការស្រម៉ៃ បើស្រម៉ៃ ត្រូវតែមានភាពជាក់ស្តែងដើម្បីឲ្យអ្នកអានអាចទទួលយកបានផង ទី៣ ការស្គាល់ភូមិសាស្ត្រ និង ទីកន្លែងពិតប្រាកដ និង ចុងក្រោយ គឺការបញ្ចូលអារម្មណ៍ទៅក្នុងការនិពន្ធ ឲ្យចូលធ្លុងទៅជាមួយនឹងសាច់រឿង។

អត្ថបទ៖ ទំព័រ ប្រលោម.ខ្មែរ