ចុងឆ្នាំ ២០១៩ – រឿងរ៉ាវការងារ

រូបភាព៖ ប្រាសាទថ្មបាយក្អែក ខែ តុលា ឆ្នាំ ២០១៩

អរគុណដល់ អតីតកាល បច្ចុប្បន្នកាល និងគ្រប់រូបធាតុទាំងឡាយ ដែលជម្រុញការផ្លាស់ប្ដូរ

ហ្វេសប៊ុក Dia Sagittarius

នៅក្នុងអត្ថបទនេះ ខ្ញុំចង់សរសេរនូវសេចក្ដីសង្ខេបខ្លីពីរឿងរ៉ាវសំខាន់ៗដែលបានកើតឡើងក្នុងឆ្នាំ ២០១៩។ ចាត់ទុកថា បន្ទាប់ពីសរសេរហើយ ខ្ញុំអាចនឹងបញ្ចប់អ្វីៗទាំងល្អ និងអាក្រក់នៅឆ្នាំនេះ ហើយចាប់ផ្ដើមជំហានបន្ទាប់នៅក្នុងទសវត្សថ្មី។

ខ្ញុំគិតថា នៅក្នុងឆ្នាំ ២០១៩ នេះ រឿងរ៉ាវដែលធំៗផ្ដោតទៅលើប៉ុន្មានចំនុចនេះ៖ ការងារ ការសិក្សា ស្នេហា គ្រួសារ សង្គម និងជីវិតផ្ទាល់ខ្លួន។

ដូចចង់សរសេរបែបប្រលោមលោកបន្តិច តែខ្លាចវែងពេក!​ អូខេ!​ សរសេរបែបរឿងខ្លីក៏បាន គ្រាន់បានណែងណងខ្លះ។

ការងារ

នៅក្នុងបន្ទប់ធ្វើការដ៏ធំទូលាយរបស់ខ្ញុំ… ខ្ញុំនិយាយថាធំទូលាយនេះ មិនមែនមកពីទំហំបន្ទប់ធំនោះទេ គ្រាន់តែភាគច្រើន មិនសូវមានគេធ្វើការជុំគ្នាទេ។ គ្រប់គ្នាហាក់បែងទៅរកបន្ទប់នាយអាយធ្វើការដាច់ដោយឡែក ព្រោះគេត្រូវការភាពស្ងប់ស្ងាត់សម្រាប់គម្រោងនីមួយៗរបស់គេ។ នៅក្នុងការិយាល័យខ្ញុំ … ខ្ចិលនិយាយច្រើន មើលរូបខាងក្រោមទៅបានហើយ៖

រូបភាព៖​ ការិយាល័យ iDE Innovation Lab ជាន់ផ្ទាល់ដីនៃអង្គការ iDE Cambodia

តោះមើលរួចហើយ បន្តទៀត! នៅកន្លែងធ្វើការ ភាគច្រើនគ្រប់គ្នាសុទ្ធតែរវល់។ ម្នាក់ៗមានការងារ និងគម្រោងកាន់រៀងៗខ្លួន។ ចង់និយាយលេងចេះតែបាន តែភាគច្រើន deadline ហាក់ដូចជាខ្សែព្យួរកអ៊ីចឹង។ កាន់តែពន្យារ កាន់តែដកដង្ហើមមិនរួច។ តុពីរខាងមុខហ្នឹង មួយគឺតុរបស់ ស្រីឡែន ជាអ្នកគ្រប់គ្រងការងារទូទៅ និងជាប់ហ្នឹងរបស់ ជីវ័ន្ត ជាអ្នករចនា និងស្រាវជ្រាវ។ អូហ៍ ភ្លេចប្រាប់! នៅកន្លែងខ្ញុំឈ្មោះថា iDE Innovation Lab។ គឺជាកន្លែងស្រាវជ្រាវ និងនវានុវត្តន៍។ តោះតទៀត! អ្នកទាំងពីរ អាយុក្មេង ស្របាលៗគ្នាទេ ម្ភៃស្ដើងអីហ្នឹង។ ហើយតុបន្ទាប់នោះ គឺតុខ្ញុំ និងតុប្រធានខ្ញុំ ជាជនជាតិអេស្ប៉ាញ។ តុកណ្ដាលនោះគឺតុ សីហា (បរទេស) ជាអ្នកស្រាវជ្រាវ និងនវានុវត្តយុទ្ធសាស្ត្រគម្រោង និងតុ ហ្គនហ្សាឡូ (ជនជាតិអូស្ត្រាលី) ជាអ្នកស្រាវជ្រាវ។ តុខាងចុងគេ គឺរបស់ អាម៉ាយ និង ចេរឹស។ អ្នកទាំងពីរ ជាអ្នកស្រាវជ្រាវ និងនវានុវត្តគម្រោងដូចគ្នា ហើយមានប្រវត្តិសិក្សាជា វិស្វករអេឡិចត្រូនិច និងថាមពលដូចគ្នា។ អូហ៍ ហើយជាជនជាតិឥណ្ឌាដូចគ្នាទៀត។

រូបភាព៖ ជីវ័ន្ត និងស្រីឡែន កំពុងគូរជញ្ជាំងខាងក្រៅ (សកម្មភាពច្នៃប្រឌិតសប្បាយៗ)

បន្ទាប់ពីណែនាំក្រុមការងារហើយ និយាយសាច់ការសាច់កម្មម្ដង។ នៅចុងឆ្នាំនេះមានរឿងផ្លាស់ប្ដូរច្រើន ហើយក៏ធ្វើឲ្យខ្ញុំដឹងថា នៅពេលបាត់បង់របស់មានតម្លៃម្យ៉ាង អ្វីម្យ៉ាងទៀតនឹងចាប់ផ្ដើមក្នុងជីវិតយើង។ ទី ១ គឺបាត់បង់ប្រធានដែលធ្លាប់ធ្វើការជាមួយគ្នារយៈពេល ៥ឆ្នាំ។ ទី ២ គឺត្រូវទទួលគម្រោងដល់ទៅ ៣ តែម្នាក់ឯង។ គម្រោងទី ១ គឺ គម្រោងសិក្សាស្រាវជ្រាវអនាម័យ និងស្វែងរកដំណោះស្រាយអនាម័យនៅក្នុង ៦ ខេត្ត របស់ធនាគារពិភពលោក។ គម្រោងទី ២ គឺ គម្រោងសិក្សា និងបង្កើតកម្មវិធីសិក្សាផ្នែកអនាម័យសម្រាប់ថ្នាក់ដឹកនាំសហគមន៍ កម្រិតស្រុក ឃុំ និងភូមិ ដែលទទួលបានការទទួលស្គាល់ថាលែងមានការបន្ទោរបង់ពាសវាលពាសកាល។ មេរៀន និងសម្ភារៈបង្រៀនដែលខ្ញុំបង្កើតនេះ គឺក្នុងគោលបំណងធានា និងរក្សានូវនិរន្តរភាពនៃអនាម័យសម្រាប់ភូមិឃុំទាំងនេះ។ គម្រោងទី ៣ គឺ កម្មវិធីបណ្ដុះបណ្ដាលបញ្ជ្រាបយេនឌ័រ សម្រាប់បុគ្គលិក ១០០នាក់ នៅក្នុង ៦ខេត្ត របស់គម្រោងទឹកស្អាត និងអនាម័យ។

រូបភាព៖ កម្មវិធីបណ្ដុះបណ្ដាលបញ្ជ្រាបយេនឌ័រសម្រាប់បុគ្គលិក WASH នាខេត្តកណ្ដាល

នៅក្នុងគម្រោងទាំងអស់ ខ្ញុំត្រូវមានជំនាញ និងចំណែកទាំងអស់ ទោះបីជំនាញខ្លះ ខ្ញុំរៀនបណ្ដើរ ធ្វើបណ្ដើរក៏ដោយ។ ដើម្បីធ្វើការងារទាំងនេះបាន ខ្ញុំត្រូវមានជំនាញគ្រប់គ្រងគម្រោង មានតួយ៉ាង ពេលវេលា គ្រប់គ្រងធនធានមនុស្សសម្រាប់ជួយ គ្រប់គ្រងថវិការគម្រោង ទំនាក់ទំនងជាមួយអតិថិជន និងដៃគូ ជំនាញស្រាវជ្រាវ ជំនាញភាសាក្នុងការសរសេររបាយការណ៍ ជំនាញវិភាគ ដើម្បីស្វែងរកដំណោះស្រាយដ៏សមស្រប ជំនាញរចនាដើម្បីធ្វើឲ្យរបាយការណ៍មានភាពទាក់ទាញ ងាយអាន ងាយយល់ ងាយបកស្រាយ។ល។

និយាយទៅ ខ្វះតែប៉ុន្មានថ្ងៃទៀត អាយុ ៣០ហើយ។ ទោះខ្ញុំមិនចង់ចាស់ ក៏ពេលវេលាមិនអនុគ្រោះដែរ។ ដូច្នេះ យើងមិនចេះតែចង់ខឹង ក៏ខឹងតាមចិត្តនោះទេ។ មិនចេះតែចង់ខូចចិត្ត ធ្វើការមិនកើតក៏តាមចិត្តដែរ។ មនុស្សមិនមែនមនុស្សយន្ត តែពាក្យថា “ទំនួលខុសត្រូវ” ហាក់ដូចជាធ្ងន់ណាស់សម្រាប់យើងក្នុងការធ្វើខ្លួនឲ្យដូចយុវវ័យ ឬកុមារភាពនោះ។ ណ្ហើយ! សរសេរប៉ុណ្ណឹងបានហើយ ខ្ញុំដូចជាខ្ចិលសរសេរបន្តទៅមុខទៀតណាស់ ហើយចាំអត្ថបទបន្ទាប់ខ្ញុំសរសេរពីចំនុចផ្សេងៗដូចដែលបានរៀបរាប់ពីដើមឲ្យបានក្បោះក្បាយ និងពីរោះជាងនេះ។ ហិហិ!

២០២០! សង្ឃឹមថាខ្ញុំនឹងទទួលបានលទ្ធផលការងារល្អគាប់ប្រសើរ មានទំនួលខុសត្រូវធំជាងមុន និងឡើងប្រាក់ខែ ហិហិ! សូមជូនពរអ្នកអានឲ្យបានជោគជ័យដូចគ្នាណា! រីករាយឆ្នាំថ្មីឆាប់ៗនេះ…

ឌីយ៉ា

ទិវាបុណ្យសិទ្ធិមនុស្ស ឆ្នាំ ២០១៩