ចុងឆ្នាំ ២០១៩ – រឿងរ៉ាវការងារ

រូបភាព៖ ប្រាសាទថ្មបាយក្អែក ខែ តុលា ឆ្នាំ ២០១៩

អរគុណដល់ អតីតកាល បច្ចុប្បន្នកាល និងគ្រប់រូបធាតុទាំងឡាយ ដែលជម្រុញការផ្លាស់ប្ដូរ

ហ្វេសប៊ុក Dia Sagittarius

នៅក្នុងអត្ថបទនេះ ខ្ញុំចង់សរសេរនូវសេចក្ដីសង្ខេបខ្លីពីរឿងរ៉ាវសំខាន់ៗដែលបានកើតឡើងក្នុងឆ្នាំ ២០១៩។ ចាត់ទុកថា បន្ទាប់ពីសរសេរហើយ ខ្ញុំអាចនឹងបញ្ចប់អ្វីៗទាំងល្អ និងអាក្រក់នៅឆ្នាំនេះ ហើយចាប់ផ្ដើមជំហានបន្ទាប់នៅក្នុងទសវត្សថ្មី។

ខ្ញុំគិតថា នៅក្នុងឆ្នាំ ២០១៩ នេះ រឿងរ៉ាវដែលធំៗផ្ដោតទៅលើប៉ុន្មានចំនុចនេះ៖ ការងារ ការសិក្សា ស្នេហា គ្រួសារ សង្គម និងជីវិតផ្ទាល់ខ្លួន។

ដូចចង់សរសេរបែបប្រលោមលោកបន្តិច តែខ្លាចវែងពេក!​ អូខេ!​ សរសេរបែបរឿងខ្លីក៏បាន គ្រាន់បានណែងណងខ្លះ។

ការងារ

នៅក្នុងបន្ទប់ធ្វើការដ៏ធំទូលាយរបស់ខ្ញុំ… ខ្ញុំនិយាយថាធំទូលាយនេះ មិនមែនមកពីទំហំបន្ទប់ធំនោះទេ គ្រាន់តែភាគច្រើន មិនសូវមានគេធ្វើការជុំគ្នាទេ។ គ្រប់គ្នាហាក់បែងទៅរកបន្ទប់នាយអាយធ្វើការដាច់ដោយឡែក ព្រោះគេត្រូវការភាពស្ងប់ស្ងាត់សម្រាប់គម្រោងនីមួយៗរបស់គេ។ នៅក្នុងការិយាល័យខ្ញុំ … ខ្ចិលនិយាយច្រើន មើលរូបខាងក្រោមទៅបានហើយ៖

រូបភាព៖​ ការិយាល័យ iDE Innovation Lab ជាន់ផ្ទាល់ដីនៃអង្គការ iDE Cambodia

តោះមើលរួចហើយ បន្តទៀត! នៅកន្លែងធ្វើការ ភាគច្រើនគ្រប់គ្នាសុទ្ធតែរវល់។ ម្នាក់ៗមានការងារ និងគម្រោងកាន់រៀងៗខ្លួន។ ចង់និយាយលេងចេះតែបាន តែភាគច្រើន deadline ហាក់ដូចជាខ្សែព្យួរកអ៊ីចឹង។ កាន់តែពន្យារ កាន់តែដកដង្ហើមមិនរួច។ តុពីរខាងមុខហ្នឹង មួយគឺតុរបស់ ស្រីឡែន ជាអ្នកគ្រប់គ្រងការងារទូទៅ និងជាប់ហ្នឹងរបស់ ជីវ័ន្ត ជាអ្នករចនា និងស្រាវជ្រាវ។ អូហ៍ ភ្លេចប្រាប់! នៅកន្លែងខ្ញុំឈ្មោះថា iDE Innovation Lab។ គឺជាកន្លែងស្រាវជ្រាវ និងនវានុវត្តន៍។ តោះតទៀត! អ្នកទាំងពីរ អាយុក្មេង ស្របាលៗគ្នាទេ ម្ភៃស្ដើងអីហ្នឹង។ ហើយតុបន្ទាប់នោះ គឺតុខ្ញុំ និងតុប្រធានខ្ញុំ ជាជនជាតិអេស្ប៉ាញ។ តុកណ្ដាលនោះគឺតុ សីហា (បរទេស) ជាអ្នកស្រាវជ្រាវ និងនវានុវត្តយុទ្ធសាស្ត្រគម្រោង និងតុ ហ្គនហ្សាឡូ (ជនជាតិអូស្ត្រាលី) ជាអ្នកស្រាវជ្រាវ។ តុខាងចុងគេ គឺរបស់ អាម៉ាយ និង ចេរឹស។ អ្នកទាំងពីរ ជាអ្នកស្រាវជ្រាវ និងនវានុវត្តគម្រោងដូចគ្នា ហើយមានប្រវត្តិសិក្សាជា វិស្វករអេឡិចត្រូនិច និងថាមពលដូចគ្នា។ អូហ៍ ហើយជាជនជាតិឥណ្ឌាដូចគ្នាទៀត។

រូបភាព៖ ជីវ័ន្ត និងស្រីឡែន កំពុងគូរជញ្ជាំងខាងក្រៅ (សកម្មភាពច្នៃប្រឌិតសប្បាយៗ)

បន្ទាប់ពីណែនាំក្រុមការងារហើយ និយាយសាច់ការសាច់កម្មម្ដង។ នៅចុងឆ្នាំនេះមានរឿងផ្លាស់ប្ដូរច្រើន ហើយក៏ធ្វើឲ្យខ្ញុំដឹងថា នៅពេលបាត់បង់របស់មានតម្លៃម្យ៉ាង អ្វីម្យ៉ាងទៀតនឹងចាប់ផ្ដើមក្នុងជីវិតយើង។ ទី ១ គឺបាត់បង់ប្រធានដែលធ្លាប់ធ្វើការជាមួយគ្នារយៈពេល ៥ឆ្នាំ។ ទី ២ គឺត្រូវទទួលគម្រោងដល់ទៅ ៣ តែម្នាក់ឯង។ គម្រោងទី ១ គឺ គម្រោងសិក្សាស្រាវជ្រាវអនាម័យ និងស្វែងរកដំណោះស្រាយអនាម័យនៅក្នុង ៦ ខេត្ត របស់ធនាគារពិភពលោក។ គម្រោងទី ២ គឺ គម្រោងសិក្សា និងបង្កើតកម្មវិធីសិក្សាផ្នែកអនាម័យសម្រាប់ថ្នាក់ដឹកនាំសហគមន៍ កម្រិតស្រុក ឃុំ និងភូមិ ដែលទទួលបានការទទួលស្គាល់ថាលែងមានការបន្ទោរបង់ពាសវាលពាសកាល។ មេរៀន និងសម្ភារៈបង្រៀនដែលខ្ញុំបង្កើតនេះ គឺក្នុងគោលបំណងធានា និងរក្សានូវនិរន្តរភាពនៃអនាម័យសម្រាប់ភូមិឃុំទាំងនេះ។ គម្រោងទី ៣ គឺ កម្មវិធីបណ្ដុះបណ្ដាលបញ្ជ្រាបយេនឌ័រ សម្រាប់បុគ្គលិក ១០០នាក់ នៅក្នុង ៦ខេត្ត របស់គម្រោងទឹកស្អាត និងអនាម័យ។

រូបភាព៖ កម្មវិធីបណ្ដុះបណ្ដាលបញ្ជ្រាបយេនឌ័រសម្រាប់បុគ្គលិក WASH នាខេត្តកណ្ដាល

នៅក្នុងគម្រោងទាំងអស់ ខ្ញុំត្រូវមានជំនាញ និងចំណែកទាំងអស់ ទោះបីជំនាញខ្លះ ខ្ញុំរៀនបណ្ដើរ ធ្វើបណ្ដើរក៏ដោយ។ ដើម្បីធ្វើការងារទាំងនេះបាន ខ្ញុំត្រូវមានជំនាញគ្រប់គ្រងគម្រោង មានតួយ៉ាង ពេលវេលា គ្រប់គ្រងធនធានមនុស្សសម្រាប់ជួយ គ្រប់គ្រងថវិការគម្រោង ទំនាក់ទំនងជាមួយអតិថិជន និងដៃគូ ជំនាញស្រាវជ្រាវ ជំនាញភាសាក្នុងការសរសេររបាយការណ៍ ជំនាញវិភាគ ដើម្បីស្វែងរកដំណោះស្រាយដ៏សមស្រប ជំនាញរចនាដើម្បីធ្វើឲ្យរបាយការណ៍មានភាពទាក់ទាញ ងាយអាន ងាយយល់ ងាយបកស្រាយ។ល។

និយាយទៅ ខ្វះតែប៉ុន្មានថ្ងៃទៀត អាយុ ៣០ហើយ។ ទោះខ្ញុំមិនចង់ចាស់ ក៏ពេលវេលាមិនអនុគ្រោះដែរ។ ដូច្នេះ យើងមិនចេះតែចង់ខឹង ក៏ខឹងតាមចិត្តនោះទេ។ មិនចេះតែចង់ខូចចិត្ត ធ្វើការមិនកើតក៏តាមចិត្តដែរ។ មនុស្សមិនមែនមនុស្សយន្ត តែពាក្យថា “ទំនួលខុសត្រូវ” ហាក់ដូចជាធ្ងន់ណាស់សម្រាប់យើងក្នុងការធ្វើខ្លួនឲ្យដូចយុវវ័យ ឬកុមារភាពនោះ។ ណ្ហើយ! សរសេរប៉ុណ្ណឹងបានហើយ ខ្ញុំដូចជាខ្ចិលសរសេរបន្តទៅមុខទៀតណាស់ ហើយចាំអត្ថបទបន្ទាប់ខ្ញុំសរសេរពីចំនុចផ្សេងៗដូចដែលបានរៀបរាប់ពីដើមឲ្យបានក្បោះក្បាយ និងពីរោះជាងនេះ។ ហិហិ!

២០២០! សង្ឃឹមថាខ្ញុំនឹងទទួលបានលទ្ធផលការងារល្អគាប់ប្រសើរ មានទំនួលខុសត្រូវធំជាងមុន និងឡើងប្រាក់ខែ ហិហិ! សូមជូនពរអ្នកអានឲ្យបានជោគជ័យដូចគ្នាណា! រីករាយឆ្នាំថ្មីឆាប់ៗនេះ…

ឌីយ៉ា

ទិវាបុណ្យសិទ្ធិមនុស្ស ឆ្នាំ ២០១៩

តំលៃមនុស្ស

មួយរយៈនេះ នៅកន្លែងខ្ញុំត្រូវការបុគ្គលិកថ្មីដល់ទៅ ២ តំណែង។ ទោះបីការងារនេះជារបស់ខាងផ្នែកធនធានមនុស្ស តែខាងកម្មវិធីខ្ញុំខ្លួនឯងក៏ត្រូវឆ្ការដៃឆ្ការជើងណាស់ដែរ ក្នុងការទំនាក់ទំនងរកបុគ្គលដែលសក្ដិសមនឹងតំណែងទាំង ២នេះ។

ឆ្លងកាត់បទពិសោធន៍ទទួលយកមនុស្សពីរបីដងហើយ មានអារម្មណ៍ថាហត់ណាស់ ព្រោះត្រូវការពេលវេលាច្រើន ជាពិសេសក្នុងការផ្សព្វផ្សាយ។ ខ្ញុំបានដឹងពីខាងធនធានមនុស្សមកថា បច្ចុប្បន្ននេះគ្រប់កម្មវិធីក្នុងអង្គការយើង ដែលត្រូវការបុគ្គលិកថ្មី​ គឺពិបាករកណាស់ ដោយសារខ្សត់មនុស្ស។ ខ្ញុំគិតក្នុងចិត្ត ថាអាចមកពីខ្សត់មនុស្សដោយសារ រាល់ថ្ងៃមានកំណើនការងារ មនុស្សភាគច្រើនមានឪកាស ឬអាចថាមកពីម្យ៉ាងទៀត គឺមនុស្សមានច្រើន តែខ្វះសមត្ថភាព។ តាមគំនិតខ្ញុំគឺអាចថាមកពីកត្តាទាំងពីរ ព្រមទាំងស្របតាមប្រភេទការងារផងដែរ។

តាមមើលទៅប្រវត្តិរូបរបស់បុគ្គលដែលដាក់មក មិនមែនពួកគាត់គ្មានសមត្ថភាពនោះទេ គ្រាន់តែតាមរយៈបទពិសោធន៍ការងារ និងការសិក្សារបស់ពួកគាត់សក្ដិសមនឹងតំណែងផ្សេង ឬតំណែងដដែលតែក្នុងកម្រិតទាបឬខ្ពស់ (senior / junior) ប៉ុណ្ណោះ។

ក្នុងការស្វែងរកបុគ្គលិក គ្រប់បុគ្គលដែលដាក់ពាក្យមកសុទ្ធតែមានតម្លៃ។ ពួកគាត់ម្នាក់ៗ មិនមែនមកសុំការងារធ្វើទេ គឺពួកគាត់មកផ្ដល់ឲ្យអង្គភាពនូវភាពរីកចំរើន និងក្ដីពេញចិត្តរបស់ពួកគាត់ចំពោះការងារ ដូច្នេះខាងធនធានមនុស្សត្រូវឲ្យតម្លៃទៅលើគ្រប់បុគ្គលទាំងអស់។ ជួនកាលពួកគាត់អាចនឹងទំនាក់ទំនងទៅអ្នកដាក់ពាក្យធ្វើការនៅពេលក្រោយ នៅពេលណាដែលមានតួនាទី ឬតំណែងដែលសក្ដិសម និងពួកគាត់។

ទោះជាយ៉ាងណាក្ដី អ្វីដែលសំខាន់មួយទៀត គឺអត្តចរិតរបស់បុគ្គលម្នាក់ៗផងដែរ ព្រោះថាអង្គភាព ឬខាងធនធានមនុស្សអាចអភិវឌ្ឍមនុស្សដែលខ្វះសមត្ថភាពបន្តិចបន្តួចឲ្យគ្រប់ពេញលក្ខខណ្ឌការងារបានក្នុងរយៈពេលខ្លី ឬវែង ប៉ុន្តែអត្តចរិតរបស់មនុស្សពីធម្មជាតិ ទោះចង់កែក៏ត្រូវការពេលវេលា និងធនធានច្រើនដែរ។ ដូច្នេះបុគ្គលទាំងឡាយគួរណាអភិវឌ្ឍ ទាំងសមត្ថភាព ជំនាញរឹង ជំនាញទន់ ភាសាអន្តរជាតិ និងអត្តចរិតឲ្យបានល្អទាំងព្រម។

សរសេរច្រើនពេកហើយ ហើយក៏ដូចជាម្ដងទៅនេះ ម្ដងទៅនោះ សង្ឃឹមថាអ្នកអានមិនវិលមុខចុះ។ មានសំណួរអីអាចទំលាក់ខាងក្រោមបានណា។ ទាក់ទងគ្នារាប់មិត្ត!​ 🙂

កំណត់ហេតុ

Dia Sagittarius

ការិយាល័យ៖ របៀបផ្ទេរការងារទៅបុគ្គលិកជំនួសថ្មី

new-jobពេញមួយជីវិតការងារ មនុស្សម្នាក់ៗតែងតែធ្វើការអភិវឌ្ឍខ្លួនឯង និងទទួលយកបទពិសោធន៍ថ្មីៗជានិច្ច។ តាមបទពិសោធន៍ និងទំលាប់ធ្វើការនៅការិយាល័យ ក្នុងការចាកចេញពីការងារមួយទៅតួនាទីថ្មី ឬទៅកន្លែងថ្មីទៀត អ្នកត្រូវធ្វើការផ្ដល់ដំណឹងទៅកាន់ប្រធានរបស់អ្នកមួយខែមុន សម្រាប់អ្នកធ្វើការនៅកន្លែងមួយលើសពីកំឡុងពេលសាកល្បងការងារ ឬ ពីរសប្ដាហ៍មុន សម្រាប់អ្នកធ្វើការក្នុងកំឡុងពេលសាកល្បងការងារ។ ជាទូទៅ ការសាកល្បងការងារគឺមានរយៈពេល ៣ខែប៉ុណ្ណោះ តែកន្លែងធ្វើការនីមួយៗមានគោលការណ៍ខុសៗគ្នា។ ជាទូទៅការចាកចេញទៅ តម្រូវឲ្យមានអ្នកថ្មីមកជំនួសតំណែងអ្នក ដូច្នេះអ្នកត្រូវមានតួនាទីក្នុងការផ្ទេរតួនាទី ឬបង្វឹកការងារទៅកាន់បុគ្គលិកថ្មីនោះ។ ដូច្នេះខាងក្រោមនេះ ជារបៀបវារៈសាមញ្ញមួយក្នុងការផ្ទេរការងារ។

ក្នុងការផ្ទេរការងារ អ្នកអាចបែងចែកការងារជាបីតំណាក់កាល៖ មួយខែមុនចាកចេញ កំឡុងពេលមួយខែចុងក្រោយ និងក្រោយចាកចេញពីការងារ។

មួយខែមុនពេលចាកចេញពីការងារ

ក្រោយពេលដែលអ្នកដាក់ពាក្យចាកចេញពីការងារចាស់ ឬទទួលតំណែងថ្មី ប្រធានរបស់អ្នក ឬប្រធានផ្នែកធនធានមនុស្សនឹងប្រកាសស្វែងរកបុគ្គលិកថ្មីមកជំនួសតំណែងអ្នក។ ក្រោយពីមានអ្នកថ្មីមកជំនួសការងារអ្នកហើយ អ្នកត្រូវមានតួនាទីផ្ទេររាល់ការងារដែលអ្នកមានទាំងប៉ុន្មានទៅកាន់បុគ្គលិកថ្មី។ ក្នុងការធ្វើបែបនេះ អ្នកត្រូវមានបញ្ចីរាយតួនាទីធំ និងតួនាទីតូចៗប្រចាំថ្ងៃរបស់អ្នក។ ការធ្វើបែបនេះងាយស្រួលក្នុងការរៀបលំដាប់លំដោយ និងជួយឲ្យអ្នកអាចត្រួតពិនិត្រមើលថាអ្នកមិនបានភ្លេចចំនុចណាមួយឡើយ។ នេះជាចំនុចតូចៗដែលអ្នក “គួរ” ធ្វើ៖

  • ផ្ញើសារអេឡិចត្រូនិចស្វាគមន៍បុគ្គលិកថ្មី
    • បញ្ជាក់ពីគោលបំណងក្នុងការផ្ទេរការងារទៅកាន់គេ
    • ផ្ញើឯកសារពាក់ព័ន្ធនឹងអង្គភាព
    • ឯកសារណែនាំដែលទាក់ទងនឹងការងារ
    • និងណាត់ថ្ងៃ និងពេលវេលាណាត់ជួបដំបូង។
  • ថ្ងៃណាត់ជួប៖
    • ប្រគល់បញ្ជីការងារប្រចាំថ្ងៃដែលអ្នកបានរៀបចំទៅឲ្យគេ
    • ពន្យល់ពីការងារនីមួយៗ គន្លឹះងាយៗ បទពិសោធន៍ខ្លីៗ
      • តួនាទី
      • ជំហ៊ានតូចៗតាំងពីការចាប់ផ្ដើមរហូតដល់បញ្ចប់ការងារនោះ
      • ឯកសារចាំបាច់ ឬដំណើរការការងារ បុគ្គលដែលត្រូវទាក់ទងដើម្បីបំពេញការងារនោះ
      • កាលវិភាគការងារ
    • ផ្ដល់ឪកាសក្នុងការសួរសំនួរ
    • ប្រាប់គេថា គេនឹងត្រូវរៀនការងារពីអ្នកក្នុងកំឡុងពេលមួយរហូតដល់អ្នកចាកចេញ

កំឡុងពេលធ្វើការមួយខែចុងក្រោយ

  • ក្នុងកំឡុងពេលនេះ អ្នកត្រូវមានតួនាទីណែនាំ បង្វឹកគេពីការងាររបស់អ្នក។

ក្រោយចាកចេញពីការងារ

  • នៅថ្ងៃចុងក្រោយ អ្នកអាចជួបគេផ្ទាល់ ដោយធ្វើការណែនាំចុងក្រោយ ក៏ដូចជាផ្ដល់នូវមតិកែលម្អរាល់កង្វះខាត សរសើរ និងផ្ដល់នូវជំនួយក្រៅផ្លូវការតាមអ៊ីម៉េល ឬទូរសព្ទនៅពេលដែលគេមានចម្ងល់ផ្សេងៗ។ ជាការល្អក្នុងការរក្សាទំនាក់ទំនងល្អជាមួយគ្នាទៅវិញទៅមក។

នៅកន្លែងធ្វើការនីមួយៗមានរបៀបនៃការធ្វើការខុសៗគ្នា។ ជួនកាលមិនមានការផ្ទេរការងារ ឬតួនាទីបែបនេះទេ។ យ៉ាងណាម៉ិញការធ្វើបែបនេះ នៅតែមានប្រយោជន៍សម្រាប់បុគ្គលិកថ្មីទោះបីជាគេមានជំនាញ ឬចេះការងារស្រាប់ក៏ដោយ ដោយហេតុថាបទពិសោធន៍ធ្វើការរបស់គេពីមុនអាចនឹងខុសពីកន្លែងថ្មីនេះ។ នៅពេលដែលគាត់យល់ពីការងាររបស់គេទាំងស្រុងហើយ គេអាចកែប្រែទម្លាប់នៃការធ្វើការទៅតាមរបៀប ឬវិធីផ្ទាល់ខ្លួនរបស់គេបាន។ ម្យ៉ាងការជួបគ្នាបែបនេះក៏អាចឲ្យគេសម្របខ្លួនបានលឿន និងងាយស្រួលជាមួយបរិយាកាសកន្លែងធ្វើការថ្មី ក៏ដូចជាអាចចែករំលែកនូវវប្បធម៌ធ្វើការនៅកន្លែងថ្មីផងដែរ។

សង្ឃឹមថាអត្ថបទនេះមានប្រយោជន៍សម្រាប់និស្សិតដែលគាត់ត្រៀមចូលធ្វើការថ្មី ក៏ដូចជាបុគ្គលិកថ្មីផងដែរ។ ម្យ៉ាងការងារម៉ដ្ឋចត់ក៏បញ្ជាក់ពីស្ទីលធ្វើការបែបសម័យទំនើបប្រកបដោយលក្ខណៈអាជីពផងដែរ។ សូមស្វាគមន៍រាល់សំនួរផ្សេង ខ្ញុំនឹងព្យាយាមឆ្លើយតបសំនួររបស់អ្នកនៅក្នុងប្រអប់បញ្ចេញមតិខាងក្រោម។

ប្រភពអត្ថបទ និងនិពន្ធដោយ៖

លោក មួង វ៉ាន់ឌី

មន្ត្រីផ្នែកប្រតិបត្តិនៅអង្គការ អាយ ឌី អ៊ី

 

 

ការិយាល័យថ្មី

ខាន​​​សរសេរ​​​ប្លុកយូរហើយ! ខ្ញំុ​​​បាន​​​ចូល​​​ធ្វើការនៅកន្លែង​​​ថ្មី​​​នៅ inCompass | Innovation Lab នៃអង្គការ iDE តាំងពីថ្ងៃទី ១៦ ខែ មីនា ឆ្នាំនេះ។ ទើបតែចុងខែមីនានេះ យើងក៏បាន​​​ប្ដូរការិយាល័យពី Raggamafin នៅផ្លូវតាផុនមកនៅជាន់ក្រោមនៃអគារអង្គការ iDE

យើង​​​ត្រូវ​​​រៀប​​​ចំច្រើន ទិញសំភារៈថ្មី រៀបចំរចនាសម្ព័ន្ធថ្មីជាច្រើន ព្រោះខ្ញំុចូលមកមេ​​​ធំចេញបាត់​​​ម្នាក់ ដូច្នេះទើប​​​មាន​​​រឿង​​​ជា​​​ច្រើន​​​ដែល​​​ត្រូវ​​​ធ្វើ។ បីថ្ងៃមុននេះយើង​​​បាន​​​ទទួលតុ​​​ដែលយើង​​​កុម្ម៉ង់ឲ្យគេធ្វើ ដូច្នេះការិយាល័យយើង​​​ក៏​​​ដូចជា​​​កាន់​​​តែ​​​មានសភាពពេញលក្ខណៈថែមទៀត។

អេ! អត់ទាន់ដាក់រូបទេ ទុកឲ្យអានសិនចុះ ចាំថ្ងៃច័ន្ទចូលធ្វើការវិញ ចាំថតដាក់ក្នុងអត្ថបទមួយនេះចុះ។ ចង់ដឹងថាការិយាល័យថ្មីរបស់ inCompass Team យើង​​​ស្អាតប៉ុណ្ណា កំុភ្លេចមកអើតមើលប្លុកខ្ញំុនៅថ្ងៃច័ន្ទណា។ 😉



ស្នេហា ការងារ ការសិក្សា

ស្ថានភាពនៃ​ផ្នែក​សំខាន់ៗទាំងបីនៃជីវិត​របស់​ខ្ញុំ​ក្នុង​ឆ្នាំ​ថ្មីនេះ៖

ការសិក្សា៖ ខ្ញុំ​បាន​ចំណាយពេល​ជា​ច្រើន​ឆ្នាំ​ក្នុង​ជីវិត​សិក្សា​របស់​ខ្ញុំ រៀនហើយក៏ឈប់ ដោយសារ​បរាជ័យ ដោយសារ​ខ្វះ​ពេលវេលា ដោយសារ​មិន​បាន​ស្គាល់ខ្លួនឯង មិនបាន​កំណត់​គោលដៅនៃជីវិត​ច្បាស់លាស់ ទើប​ធ្វើ​អ្វី​ដោយគ្មានភាព​ប្រាកដប្រជា និង​មិន​បាន​ស្រលាញ់។ លុះ​ដល់​សាក​មុខ​វិជ្ជានោះហើយទើប​ដឹង​ថា​ខ្លួនឯង​មិន​សក្ដិ​សម​នឹង​មុខវិជ្ជានោះ ហើយក៏​មិនទៅមុខរួចទៀត។ ប៉ុន្តែ​ឆ្នាំនេះ​ ជីវិត​ការសិក្សា​របស់​ខ្ញុំ​បាន​ចាប់​ផ្ដើម​សារជាថ្មី។ ខ្ញុំមានអារម្មណ៍ល្អ ហើយក៏សប្បាយចិត្ត ព្រោះគិត​ថា​នេះ​ហើយជាមុខ​វិជ្ជា​ដែល​ខ្ញុំ​ស្រលាញ់ និង​អាច​បន្ត​រៀន​ដោយ​ក្ដីសង្ឃឹម​និងរីករាយនឹង​រៀន។ ខ្ញុំរៀន​ផ្នែក​ ធនាគារនិង​ហិរញ្ញវត្ថុ​នៅ​វិទ្យាស្ថាន វ៉ាន់ដា​គណនេយ្យ ឆ្នាំទី២ ឆមាសទី២។ និយាយ​រួម ការរៀប​ចំគំរោង​ផែនការ​ជីវិត​សិក្សា​សំខាន់ណាស់ យើង​ត្រូវ​ស្គាល់​ថា​យើង​ចូលចិត្ត​អ្វីឲ្យប្រាកដ និង​សិក្សា​ឲ្យ​បាន​ច្បាស់​ថា​មុខវិជ្ជា​នោះ​តំរូវ​ឲ្យយើង​មាន​សមត្ថភាព​អ្វីខ្លះ​។

ការងារ៖ សំរាប់ជីវិតការងារ ខ្ញុំគិតថាខ្ញុំជាមនុស្សមានសំណាង ព្រោះ​គ្រប់​ការងារ​ដែលខ្ញុំធ្លាប់ធ្វើ សុទ្ធតែ​ទាក់ទងទៅនឹង​អ្វីដែលខ្ញុំធ្លាប់រៀន ខ្ញុំមានសមត្ថភាពធ្វើ និងអាចធ្វើបាន​ដោយរីករាយនិងល្អបំផុត។ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ទទួលនូវ​ការ​ឡើងទៅកំរិត​ខ្ពស់​ជាបន្តបន្ទាប់នៅក្នុងការងាររបស់ខ្ញុំទេ អាចថាទាក់ទងទៅនឹងជីវិត​សិក្សា​ខាងលើ។ ពីមុនខ្ញុំធ្លាប់ធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសនៅក្នុងអង្គការមួយ ខ្ញុំពេញចិត្តនឹងការងារនេះ និង​ស្រលាញ់​សិស្ស​របស់​ខ្ញុំខ្លាំងណាស់។ ក្នុងកំឡុងពេលនោះ ខ្ញុំ​ក៏មានការងារជាអ្នកបកប្រែ Freelance នៅតាម​ខេត្ត។ វាជាការងារ​ដែលខ្ញុំ​ស្រលាញ់បំផុត និង​មានភាពរីករាយបំផុត​ក្នុងការធ្វើ។ ខ្ញុំ​ចូលចិត្ត​សេរីភាព និង​ស្នាមញញឹមរបស់​អ្នកភូមិស្រុក​ដែល​ខ្ញុំ​បាន​ទៅដល់។ មិន​ត្រឹមតែជាការងារ តែខ្ញុំថែមទាំងអាច​ជួយដល់​ប្រជាជន​ខ្មែរ​ដូចគ្នាទៀតផង។ សំរាប់​បច្ចុប្បន្ននេះ ខ្ញុំ​មានការងារ​ដែល​ថា​អាច​ទាក់ទង​ទៅនឹង​ក្ដី​ស្រម៉ៃ​របស់​ខ្ញុំក៏ថា​បាន គឺខ្ញុំ​ធ្វើការជាអ្នកបកប្រែដដែល ប៉ុន្តែ​ជាអ្នកបកប្រែខ្សែភាពយន្ត​នៅ​ក្នុង​ក្រុម​ហ៊ុន​ឯកជន​មួយកន្លែង ដែល​មាន​មនុស្ស​ភាគច្រើនស្គាល់​ក្រុមហ៊ុននេះ។ ការងារ​នេះ​មានភាពមមារញឹក ប៉ុន្តែ​ដោយក្ដីពេញចិត្ត ខ្ញុំមិន​សូវ​ហត់​នឿយ​ចិត្ត​នឹង​ធ្វើនោះទេ តែអាច​ថា​ល្វើយ​ខ្លះ​ដោយការ​នៅតែក្នុងការិយាល័យ និង​នៅមុខ​កុំព្យូទ័រ​ច្រើនពេក ខុសកាលមុន​ខ្ញុំ​ដើរ​ហើរ​សេរីជាមួយ​ធម្មជាតិ និង​អាច​លេង​សើច​ជាមួយ​មិត្ត​រួមការងារ​ទាំងពេល​ធ្វើការ និង​ពេល​សំរាកពីការងារ ដោយដើរ​កំសាន្ត​ទស្សនា​ស្រុកទេស​នានា។ ឈប់និយាយ​រឿងការងារហើយចូល​រឿងស្នេហាម្ដង។

Work - November 9, 2013
Work – November 9, 2013

ស្នេហា៖ ជីវិត​ស្នេហា ខ្ញុំ​បាន​ឆ្លងកាត់​ច្រើន​។ អាចថា​មានបទពិសោធន៍ពេកទៅ បេះដូងទៅជាចង់​ស្ពឹក ព្រោះ​បើ​ពេលមាន​រឿង​រំភើប​សំរាប់​មនុស្សទូទៅ សំរាប់​ខ្ញុំ​បែរជាធម្មតាទៅវិញ។ វា​ប្រៀប​ដូចទៅនឹង​ថ្នាំស្ពឹក បេះដូង​ខ្ញុំ​លែង​​មានអារម្មណ៍​ដឹងទៅនឹង​អ្វី​ដែល​ពីមុន​ខ្ញុំ​ធ្លាប់​បាន​ឆ្លងកាត់​រួចហើយ។ ខ្ញុំ​លែង​សូវ​ចេះញញឹម​ចំពោះភាពរីករាយ ព្រោះគិតថា​ភាពរីករាយ​នឹង​ធ្វើ​ឲ្យខ្ញុំ​ចងចាំ ហើយដល់ពេល​បាត់​បង់ទៅចង់បំភ្លេចគឺពិបាកណាស់។ ខ្ញុំ​លែងចេះយំ ព្រោះ​ខ្ញុំ​ឃើញ​ភាពឈឺចាប់ទាំងឡាយ​ហាក់ដូចជា​តិច​តួចពេកសំរាប់ខ្ញុំ តែ​បើ​អ្នកដទៃ ប្រហែលអាច​សំលាប់​ខ្លួន​ផងក៏មិនដឹង។ ថ្វី​ត្បិត​តែស្នេហា​នីមួយ​ដែល​ខ្ញុំ​ឆ្លងកាត់សុទ្ធតែ​មាន​បញ្ហា​ តែ​យើង​បាន​បន្ត​ស្រលាញ់គ្នា​បាន​រយៈពេល​ជាយូរ ព្រោះ​យើងមិនបាន​ចាប់ផ្ដើម​វា​ដោយ​ការ​លេង​សើច។ ស្នេហាទី១បានជិតមួយឆ្នាំ។ ស្នេហាទី២បានជិត២ឆ្នាំ។ ហើយបច្ចុប្បន្ននេះគឺសល់តែពីរអាទិត្រទៀតគ្រប់​ ២ឆ្នាំតែម្ដង។ ស្នេហា​ចុងក្រោយនេះ យើង​បាន​កសាង​នូវអនុស្សាវរីយ៍ល្អៗជាច្រើន មាន​រឿងទាស់ទែងខ្លះ តែក៏​ជានាគ្នាវិញមិនខុសពីស្នេហាអ្នកដទៃឡើយ។ ប៉ុន្តែ​ប្រហែល​មួយអាទិត្រ​ចុងក្រោយនេះ យើងមាន​បញ្ហា​នឹង​គ្នា​ដែលអាចចាត់ទុកថា ជា​ទំនាស់​ដែល​ធំជាង​ពេលណាៗទាំងអស់ តែ​ខ្ញុំគិតថា​បញ្ហា​នេះ​មិន​អាច​ធ្វើ​ឲ្យយើង​ឃ្លាតគ្នា​បាននោះទេ។ អរគុណគេជាមនុស្ស​ចេះគិតគូរ មិនចេះតែ​ប្រចណ្ឌផ្ដេសផ្ដាស់ យកការងារ​និង​អនាគតជាគោល។ ខ្ញុំឯណេះទៅវិញទេ ដែលជាមនុស្សប្រចណ្ឌនិងងរងក់ច្រើន តែ​ក៏​រៀន​ចេះអត់ធ្មត់​ច្រើនដែរ ព្រោះ​គេជាមនុស្ស​ដែល​ខ្ញុំ​ស្រលាញ់ជាទីបំផុត។ ខ្ញុំសង្ឃឹមថា យើង​នឹង​បាន​ឆ្លង​ឆ្នាំនេះជាមួយគ្នា ហើយ​និង​ស្រលាញ់គ្នា​ជារៀង​រហូត។ អនុស្សាវរីយ៍ល្អៗនឹង​ក្លាយជាចំណង​ដៃ​ដ៏រឹងមាំមួយសំរាប់យើងទាំងពីរនាក់។ អរគុណណា​ដែល​ស្រលាញ់ខ្ញុំ…ខ្ញុំស្រលាញ់អ្នកខ្លាំងណាស់!

អត្ថបទនេះគួរតែ​ចេញផ្សាយនៅចុង​ឆ្នាំនេះ តែខ្ញុំគិតថា សង្ខេប​ខ្លីៗនៅពេលនេះក៏បានដែរ។ ចាំ​ចុងឆ្នាំ​សរសេរ​រឿង​រូមេនទិក​ក្រោមពន្លឺចន្ទនៅ​មាត់​សមុទ្ទអីវិញម្ដង! 😀

ការ​អប់​រំ និង បរិញ្ញាប័ត្រវិស្វករ​សំណង់​ស៊ីវិល

វិស្វ​កម្ម​សំណង់​ស៊ីវិល គឺ​ជា​ផ្នែក​មួយ​នៃ​មុខ​វិជ្ជា​សំណង់​ស៊ីវិល

The civil engineer

វិស្វករ​សំណង់​ស៊ីវិល

Education and licensure

ការ​អប់​រំ និង បរិញ្ញាប័ត្រ

Main article: Civil engineer

អត្ថ​បទ​ដើម៖ វិស្វ​ករ​សំណង់​ស៊ីវិល 

វិស្វ​កម្ម​សំណង់​ស៊ីវិល គឺ​ជា​ផ្នែក​មួយ​នៃ​មុខ​វិជ្ជា​សំណង់​ស៊ីវិល។ រយៈ​ពេល​សិក្សា​ មាន​ចាប់​ពី ៣ឆ្នាំ រហូត​ដល់​ ៥ឆ្នាំ​ដើម្បី​បញ្ចប់​កម្រិត​បរិញ្ញាប័ត្រ​វិស្វ​កម្ម​សំណង់​ស៊ីវិល ដែល​សកល​វិទ្យាល័យ​មួយ​ចំនួន​ហៅ​ថា បរិញ្ញាប័ត្រ​ផ្នែក​វិទ្យាសាស្ត្រ​។ កម្រិត​សិក្សា​ប្រភេទនេះ​ ជា​ទូ​ទៅ​មាន​បញ្ចូល​នូវ​មេរៀន​ជា​ច្រើន​ទាក់​ទង​ទៅ​នឹង រូប​វិទ្យា, គណិត​វិទ្យា, ការ​គ្រប់​គ្រង​គម្រោង, រចនានិង ប្រធាន​បទ​ទាក់​ទិន​នឹង​វិស្វ​កម្ម​សំណង់​ស៊ីវិល។ ពី​ដំបូង​ឡើយ​ ប្រធាន​បទ​ទាំង​នេះ​គ្រប​ដណ្តប់​​ទៅ​លើ​មុខវិជ្ជា​រាយ​រង​ដ៏ទៃ​ទៀតនៃ​ផ្នែក​វិស្វ​កម្ម​សំណង់​ស៊ីវិលស្ទើរ​តែ​ទាំង​អស់ ទោះ​​មិន​គ្របដណ្តប់​លើ​គ្រប់​មុខ​ក៏​ដោយ។ បន្ទាប់​មក​ទៀត ទើប​សិស្ស​អាច​ជ្រើស​រើស​នូវ​មុខ​វិជ្ជា​ជំនាញ​ចំនួន​មួយ ឬ​ច្រើនលើស​ពី​នេះ ក្នុង​ចំណោម​មុខ​វិជ្ជា​រាងយ​រង នៅ​ចុង​បញ្ចប់​នៃ​កម្រិត​បរិញ្ញាប័ត្រ​របស់សិស្ស​។ នៅ​ពេល​ដែល​និស្សិត​មិន​ទាន់​បាន​បញ្ចប់​កម្រិត​បរិញ្ញាប័ត្រ​ (បរិញ្ញាប័ត្រអក្សរសាស្ត្រ​អង់​គ្លេស/បរិញ្ញាប័ត្រ​វិទ្យាសាស្ត្រ​) នៅឡើយ​នោះ  សកល​វិទ្យាល័យ​នឹង​ផ្តល់​នូវ​លក្ខណៈ​សម្បត្តិ​កម្រិត​សិក្សា​ដែល​ត្រូវ​បាន​ទទួល​ស្គាល់ក្នុង​ការ​ប្រើ​ប្រាស់​ក្នុង​វិស័យ​ឧស្សាហកម្ម។ សកលវិទ្យាល័យ​ខ្លះ​ផ្តល់​ឲ្យ​សិស្ស​នូវ​ពាន​រង្វាន់​វិស្វ​កម្ម​សំណង់​ស៊ីវិល​សម្រាប់​សិស្ស​ដែល​បន្ត​ការ​សិក្សា​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​កម្រិត​បរិញ្ញាប័ត្រ​ហើយ  (អនុបណ្ឌិត​អក្សរ​សាស្ត្រ​អង់​គ្លេស/អនុបណ្ឌិត​វិទ្យាសាស្ត្រ​) ដែល​អាច​អនុញ្ញាត​ឲ្យ​សិស្ស​បន្ត​ការ​សិក្សា​តទៅ​មុខ​ទៀត​ក្នុង​ជំនាញ​ជាក់​លាក់​មួយ​ដែល​គេ​ចាប់​អារម្មណ៍​ ដែល​ជាប់​ទាក់​ទង​ទៅ​នឹង​ផ្នែក​វិស្វ​កម្ម​។

ស្ទើរ​តែ​គ្រប់​ប្រទេស​ទាំង​អស់, កម្រិត​បរិញ្ញាប័ត្រ​ក្នុង​ផ្នែក​វិស្វ​កម្ម​ គឺតំណាង​ឲ្យ​ជំហាន​ដំបូង​ឈាន​ឆ្ពោះ​ទៅ​រក​សញ្ញាប័ត្រ​ជំនាញ​វិជ្ជា​ជីវៈ​ ហើយ​កម្ម​វិធី​សិក្សា​នេះ​ផ្ទាល់​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​សមាគម​ជំនាញ​វិជ្ជា​ជីវៈ​។  ក្រោយ​ពី​បញ្ចប់​កម្ម​វិធី​សិក្សា​ចប់​សព្វ​គ្រប់​អស់​ហើយនោះ វិស្វករ​ត្រូវ​តែ​បំពេញ​នៅ​លក្ខខ័ណ្ឌ​មួយ​ចំនួន​ (មាន​ដូច​ជា​បទពិសោធន៍​ការងារ​ និង ទាម​ទារ​ឲ្យ​ឆ្លងកាត់​ការ​ប្រឡង​ជាដើម) មុន​ពេល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​វិស្វ​ករ​ពេញ​សិទ្ធិ​ម្នាក់។ ក្រោយ​ពី​បាន​ទទួល​ស្គាល់​ជា​វិស្វ​ករ​ពេញ​សិទ្ធិ​ហើយនោះ វិស្វ​ករ​ត្រូវ​បាន​គេ​ឲ្យ​ងារ​ជា​វិស្វ​ករ​ជំនាញ​ (នៅ​សហរដ្ឋ​អាមេរិក, កាណាដ និង អាព្រិច​ខាង​ត្បូង), ឬទទួល​បាន​ងារ​ជា Chartered Engineer (នៅ​ក្នុង​បណ្តា​ប្រទេស​ជា​សាធារណៈ​រដ្ឋ​ភាគ​ច្រើន), ឬទទួល​ងារ​ជា Chartered Professional Engineer (នៅ​ប្រទេសអូស្ត្រា​លី និង ញូហ្សេលេន), ឬទទួល​ងារ​ជា វិស្វ​ករ​ជន​ជាតិ​អ៊ឺរ៉ុប (នៅ​សហគមន៍​អ៊ឺរ៉ុប)។ មាន​ការ​ទទួល​ព្រម​ពី​វិស្វកម្ម​អន្តរជាតិ​ជាមួយ​នឹង​សមាគមន៍​វិជ្ជា​ជីវៈ​ដែល​ជាប់​ទាក់​ទង​ ក្នុង​ការ​អនុញ្ញាត​ឲ្យ​វិស្វ​ករ​មាន​សិទ្ធិ​អនុវត្ត​ការងារ​ដោយ​ឆ្លង​ដែន​អន្តរ​ជាតិ​បាន។

ផល​ប្រយោជន៍​នៃ​ការ​ទទួល​ស្គាល់​សិទ្ធិ​ជា​វិស្វ​ករ​ម្នាក់​ មានលក្ខណៈ​ខុស​ៗ​គ្នា​ទៅ​តាម​តំបន់​។ ឧទាហរណ៍​ដូច​ជា​នៅ​សហរដ្ឋ​អាមេរិក និង កាណាដា ដែល​ “អនុញ្ញាត​ឲ្យ​តែ​វិស្វ​ករ​ដែល​មាន​អជ្ញា​ប័ណ្ណ​ត្រឹម​ត្រូវ​តែ​ប៉ុណ្ណោះ​ ទើប​អាច​មាន​សិទ្ធិ​រៀប​ចំ, ចុះ​ហត្ថ​លេខា និង ត្រា ព្រម​ទាំង​ ទទួល​យក​គម្រោងវិស្វ​កម្ម​ និង គំនូរ​ ឲ្យ​ទៅ​អជ្ញា​ធរ​មាន​អំណាច​ដើម្បី​បញ្ជាក់​ទទួល​ស្គាល់​ ឬ បោះ​ត្រា​ការ​ងារ​វិស្វ​កម្ម​ សម្រាប់​អតិ​ថិ​ជន​សាធារណៈ និង ឯក​ជន​បាន”។ ការ​ទាម​ទារ​ឲ្យ​ធ្វើ​បែប​នេះ ត្រូវ​បាន​ដាក់ឲ្យ​ប្រតិ​បត្តិ​ដោយ​រដ្ឋ និង នីតិ​រដ្ឋ​ មាន​ជា​អាទិ៍​ដូច​ជា​ Quebec’s Engineers Act ជាដើម​។ នៅ​បណ្តា​ប្រទេស​ផ្សេង​ពី​នេះ​ មិន​មាន​ច្បាប់​ដូចនេះ​ឡើយ។ នៅ​ប្រទេស​អូស្ត្រា​លី ការ​ឲ្យ​អជ្ញាប័ណ្ណ​វិស្វ​ករ​ គឺ​មាន​តែ​នៅ​រដ្ឋ​ Queensland​ តែប៉ុណ្ណោះ។ ក្នុង​ការ​អនុវត្តជាក់​ស្តែង រាល់​សមាគម​វិជ្ជា​ជីវៈ​វិស្វ​កម្ម​ទាំង​អស់​រក្សា​ទុក​នូវក្រុម​ប្រឹក្សាភិបាល (code of ethics) ដែល​រំពឹង​ថា​សមាជិត​ទាំងអស់​នឹង​អនុលោម​តាម ឬ ប្រថុយ​នឹង​ការ​បដិសេធ​។ តាម​របៀប​នេះ អង្គការ​ទាំង​ឡាយ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​នូវ​ក្រម​សីល​ធម៌​ស្តង់​ដារសម្រាប់​វិ​ជ្ជា​ជីវៈ​នេះ។ ទោះ​បីជា​មាន​យុត្តា​ធិការ​ នៅ​ទី​ដែល​មាន​ច្បាប់​ ឬ ទី​ដែល​គ្មាន​ច្បាប់​ការ​ពារ​ការងារ​ក៏​ដោយ វិស្វករ​ត្រូវ​តែ​ស្ថិត​នៅ​ក្រោម​ច្បាប់​ជានិច្ច។​ ក្នុង​ករណី​ នៅ​តំបន់​ដែល​ការ​ងារ​របស់​វិស្វ​ករ​មាន​ការ​បរា​ជ័យ​ នោះ​គាត់​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើធ្វេស​ប្រហែស​របស់​គាត់​ ហើយ​បើ​ក្នុង​ករណី​ធ្ងន់​ធ្ងរ​វិញនោះ គាត់​នឹង​ត្រូវជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋ​ធ្វេស​ប្រហែស​។ ការ​ងារ​របស់​វិស្វ​ករ​ត្រូវ​តែ​ស្ថិត​នៅក្រោម​ការ​គ្រប់​គ្រង់​របស់​ច្បាប់​ និង បទ​បញ្ជា​ជា​ច្រើនដូច​ជា​ ច្បាប់​សាង​សង់​​អគារ​ និង ច្បាប់​ជាប់​ទាក់​ទង​ទៅ​នឹង​បរិស្ថាន​ជាដើម​។

គំរូ​ប្រវត្តិរូបសង្ខេប

ប្រវត្ដិរូបសង្ខេប

គោត្តនាម-​នាម       :                   ភេទ              សញ្ជាតិ ខែ្មរ ជនជាតិ ខែ្មរ

ថ្ងៃ ខែ ឆ្នាំកំណើត     :                    

ទីកន្លែងកំណើត       : ឃុំ ………………. ឃុំ …………….. ស្រុក……….. ខេត្ត…………….

អាស័យ​ដ្ឋានបច្ចុប្បន្ន  : ឃុំ ………………. ឃុំ …………….. ស្រុក……….. ខេត្ត…………….

កំពស់                   : ………..ម

ទូរស័ព្ទទំនាក់ទំនង    :                                           

កំរិតវប្បធម៌

២០០៨-២០១១      : ………………………………

បទពិសោធន៍​ការងារ

២០០៧-២០០៨     : …………………………………………………..

ប្រវត្តិគ្រួសារ

ស្ថានភាពគ្រួសារ     : នៅលីវ

ឪពុកឈ្មោះ            : ………………..     មុខរបរ ………

ម្តាយឈ្មោះ            : …………………  មុខរបរ …………

ខ្ញុំបាទ សូមធានាអះអាងថា ​ប្រវត្តិរូបសង្ខេបខាងលីនេះ ពិតជាត្រឹមត្រូវពិតប្រាកដមែន បើសិនមាន

ចំណុចណាមួយដែលខុសពីការពិត ខ្ញុំបាទសូមទទួលខុសត្រូវចំពោះមុខច្បាប់ ។

ធ្វើនៅ.ថ្ងៃទី…………ខែ……………ឆ្នាំ២០១១

                                    ហត្ថលេខាសាម៉ីខ្លួន

គំរូ CV ជាភាសាអង់គ្លេស