Project “Khmer For Reading”

ការ​ចូលរួម​អាន​ជាមួយក្មេង ធ្វើ​ឲ្យការ​អាន​របស់គេ​កាន់​តែ​មានភាពរីករាយ។

ភាពរីករាយក្នុងការសិក្សា ធ្វើ​ឲ្យ​គេ​កាន់​តែ​ចូលចិត្ត​ការ​សិក្សា​ថែមទៀត។

នេះជា​គម្រោង​ថ្មីមួយ ដែល​ខ្ញុំ​អាច​ធ្វើ​ដោយ​ខ្លួនឯង​បាន ដោយ​មិន​ចាំបាច់ចំណាយថវិការ​ ពលកម្ម ឬសម្ភារៈច្រើន​បែបក្នុងការ​ផលិត ប៉ុន្តែអាច​ផ្ដល់​ជា​សារៈប្រយោជន៍​ដ៏ល្អមួយ​សម្រាប់​កុមារ ដែល​គិតថា​ការអាន​ជាការ​ពិបាក ជា​រឿងគួរឲ្យធុញទ្រាន់ ឲ្យ​បែរមក​ចូលចិត្ត​ក្នុងការ​អានវិញ។ ខ្ញុំ​បាន​សាកល្បង​នាំប្អូនស្រីតូច​របស់​ខ្ញុំ​ដែលរៀ​ននៅ​ថ្នាក់ទី ៣ មក​អាន​សៀវភៅជាមួយខ្ញុំ​ក្នុងពេល​ទំនេរនាពេលយប់។

ការ​ធ្វើ​បែបនេះធ្វើ​ឲ្យ​គេ​សប្បាយចិត្ត​ជា​ខ្លាំង ព្រោះគេ​បាន​ធ្វើ​អ្វីម្យ៉ាងជាមួយ​បងប្រុសរបស់គេ។ ខ្ញុំ​សម្គាល់ឃើញថា ប្អូនស្រីខ្ញុំ​ស្ដាប់​របៀប​ដែលខ្ញុំអាន រួច​ក៏អាន​ត្រាប់​តាម​បែបបទ​នៃការ​អាន​របស់​ខ្ញុំ​បាន​បណ្ដើរៗ។ ខ្ញុំអាន​បែប​ដូចជាការ​និយាយ​ក្នុងសង្គម​ធម្មតា​ប្រចាំថ្ងៃ តែ​មិន​ឲ្យ​ខុស​ពី​អក្ខរា​វិរុទ្ធ​នៅ​ក្នុង​សៀវភៅ​។ ធ្វើ​បែបនេះ ធ្វើ​ឲ្យ​ការ​អាន​កាន់​តែ​រស់​រវើក និង​គួរឲ្យ​ចង់​ស្ដាប់។

ទោះយ៉ាងណា​ក្ដី ខ្ញុំ​ក៏ពុំ​មែន​ជា​អ្នក​ជំនាញ​ក្នុងការ​អាន​ក៏ដោយ តែខ្ញុំគិតថាបងប្រុស ឬឪពុកម្ដាយ និង​សមាជិកក្នុងគ្រួសារសុទ្ធតែ​អាច​រួម​ចំណែក​ជំរុញការ​អាន​របស់​ក្មេង។ អ្នក​អាច​នឹង​សប្បាយចិត្ត បើ​សិន​កូន​របស់​អ្នក​ប្រាប់ថា​អ្នក​ណា​ត្រង់នេះ ឬត្រង់នោះខុស ព្រោះអ្នក​មិន​សូវ​ចេះអាន​អក្សរ ហើយអាចឲ្យកូនអ្នក​អាន​ឲ្យ​ស្ដាប់​បាន។ ម្យ៉ាង​បើ​អ្នក​ជា​អ្នកពូកែអាន អ្នក​អាច​បង្រៀនកូនពីរបៀបអានឲ្យកាន់តែពូកែថែមទៀត។ ជាចុងក្រោយ​ខ្ញុំ​សូម​អរគុណ​ដែលអ្នក​បាន​ចំណាយពេល​ស្ដាប់ការ​សន្ទនា​ពីក្នុងសៀវភៅភាសា​ខ្មែរថ្នាក់ទីបី និង​អាន​អត្ថបទ​មួយនេះ។ ខ្ញុំនឹង​បន្តផលិត​កម្មវិធីអាន​បែបនេះទៀត មិន​ថា​ប្រយោជន៍នេះ​មិន​សូវជា​ដុំកំភួន ឬ​ការ​បញ្ជ្រាបនៃការអាន​របស់ក្មេងមានភាពយឺត ក៏ខ្ញុំរីករាយ ព្រោះនេះជា​ចំណែកដ៏ល្អ ហើយ​ខ្ញុំ​បាន​រួមចំណែកជា​ដំណោះស្រាយ។

Advertisements