របៀបធ្វើការបែបឆ្លាតជាមួយមនុស្សយ៉ាប់ៗ

20150417163249-trust-most-important-part-know-like-trust-business-people-talking-meeting-disagreements-woman-man

ធ្វើការជារៀងរាល់ថ្ងៃ អ្នកតែងជួបជាមួយមនុស្សគ្រប់ប្រភេទ ទាំងល្អ ទាំងយ៉ាប់។ មនុស្សយ៉ាប់តែធ្វើឲ្យការងាររបស់យើងដំណើរការទៅបានដោយពិបាក។ ពេលខ្លះមនុស្សយ៉ាប់ៗទាំងនោះ អាចជាអតិថិជន ឬអ្នករួមការងារជាមួយយើង។

តាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Friedrich Schiller University បង្ហាញថា ស្ត្រេស ឬភាពតានតឹង អាចបណ្ដាលឲ្យយើងមានបញ្ហាខួរក្បាលធ្ងន់ធ្ងរប្រសិនបើមិនទប់ស្កាត់ ឬបំបាត់ដើមហេតុបង្កភាពតានតឹង។ មូលហេតុមួយដែលបង្កភាពតានតឹង គឺការរងគ្រោះ ឬបង្កបញ្ហាពីមនុស្សប្រភេទបង្ករឿង ឬមនុស្សយ៉ាប់ៗក្នុងពេលធ្វើការ។

មនុស្សដែលឆ្លាតតែងមានវិធីសាស្ត្រដោះស្រាយបញ្ហាជាមួយមនុស្សបែបនេះ។ ខាងក្រោមនេះជាវិធីសាស្ត្រគ្រប់គ្រងស្ថានការណ៍ប្រចាំថ្ងៃជាមួយពួកគេ៖

  1. កំណត់ព្រំដែន៖ មនុស្សយើងត្រូវមានព្រំដែនកំណត់។ ប្រសិនបើមនុស្សដែលយើងជួបប្រទះពូកែរអ៊ូររទាំ បង្កើតភាពអួរអាប់ អ្នកញៀនបារី។ល។ យើងត្រូវកំណត់ព្រំដែនភាពអត់ធ្មត់របស់យើង។ ការកំណត់ព្រំដែនប្រកបដោយភាពវ័យឆ្លាត គឺការបង្ហាញពីបញ្ហាដោយប្រយោលឲ្យគេដឹង ហើយសុំមតិយោបល់របស់គេក្នុងការដោះស្រាយបញ្ហាដែលគេបង្កើតវិញ។ ភាគច្រើន គឺពួកគេរអៀសខ្លួន ហើយងាកមកប្រឹក្សាជាមួយយើងប្រកបដោយប្រសិទ្ធិភាពវិញ។
  2. កុំចង់ឈ្នះ៖ ចាញ់ជាព្រះ ឈ្នះជាមារ! តែអ្នកមិនចាំបាច់ចាញ់នោះទេ ទោះអ្នកមិនចង់ឈ្នះក៏ដោយ។ ជានិច្ចកាល មនុស្សដែលចូលចិត្តបង្កបញ្ហាចូលចិត្តឲ្យយើងតបតមាត់ ឈ្លោះបកវិញ។ តែយើងត្រូវសម្រួលអារម្មណ៍ ដកដង្ហើមវែងៗ ថយក្រោយបន្តិច កុំប្រើអារម្មណ៍ជាមួយគេវិញ រួចចាត់ទុកគេដូចជាកណ្ដុរពិសោធន៍របស់យើង។ យើងត្រូវទាញគេមកនិយាយដោយហេតុផលវិញ។
  3. កុំប្រកែកនឹងមនុស្សឆ្កួត៖ ប្រសិនបើអ្នកដើរផ្សារ ហើយស្រាប់តែមានម្នាក់មកប្រាប់ថា គេគឺជាព្រះបាទជ័យវរ្ម័នទិ ៧។ អ្នកប្រាកដជាមិននិយាយរកអ្នកនោះទេ។ ដូចគ្នាដែរ ប្រសិនបើនៅកន្លែងធ្វើការមានមនុស្សដែលបង្ហាញថា គេគឺជាមនុស្សអច្ឆរិយៈ (អត់ដែលខុស) អ្នកគួរតែទុកពេលវេលាដ៏មានតម្លៃរបស់អ្នកធ្វើអ្វីដែលមានតម្លៃវិញ។ អ្នកគួរតែញញឹម ងក់ក្បាលស្របតាម ហើយដើរចេញពីគេជាការល្អជាង។
  4. គ្មានមនោសញ្ចេតនា៖ បច្ចុប្បន្នមនុស្សចូលចិត្តឲ្យគេយល់ចិត្តក្នុងរយៈពេលខ្លី។ គេគិតថា ធ្វើការជាមួយគ្នា យល់ចិត្តគ្នា ប្រើអារម្មណ៍មិនល្អជះដាក់គ្នាក៏មិនអី។ អ្នកគួរបែងចែកឲ្យច្បាស់ពីមនោសញ្ចេតនា និងការងារ។ ប្រសិនបើអ្នកឆ្លាត អ្នកប្រាកដជាអាចដឹងមុនថា គេគិតអី ហើយនឹងធ្វើអីខ្លះតាមចរិតគេ។ យកល្អ អ្នកគួរដកឃ្លាចេញពីមនុស្សឆេវឆាវបែបនេះ ដោយកុំដាក់ខ្លួនឲ្យស្និទ្ធិស្នាលដូចមិត្តរួមការងារដទៃទៀតពេក។
  5. រើសពេលឈ្លោះ៖ មនុស្សបង្ករឿង ចូលចិត្តនាំឈ្លោះឥតគិតពេលវេលា។ បើអ្នកឆ្លាត អ្នកគួរបែងចែកថា កាលៈទេសៈណា រឿងហេតុសំខាន់ណាខ្លះ ដែលសក្ដិសមឲ្យអ្នកចំណាយពេល និងកំលាំងក្នុងការជជែកវែកញែក។ រឿងខ្លះ ដែលគ្មានប្រយោជន៍ អ្នកគួរតែដកខ្លួនចេញ ធ្វើការងារផ្សេងវិញ។
  6. កុំផ្ដោតលើចរិតមនុស្ស៖ តែអ្នកត្រូវផ្ដោតលើវិធីសាស្ត្រក្នុងការយកឈ្នះ ឬឡើងឲ្យខ្ពស់ផុតមនុស្សចរិតមិនល្អវិញ។ ពេលខ្លះយើងភ្លេចគិតពីដំណោះស្រាយ ដោយយើងគិតតែពីបញ្ហាដែលបង្កឡើងពីគេ។ ឈប់គិតថា គេជាមនុស្សពិបាកដោះស្រាយជាមួយ តែត្រូវរកវិធីងាយៗដោះស្រាយជាមួយគេវិញ។
  7. ចេះបំភ្លេច៖ មនុស្សឆ្លាតមិនយកខួរក្បាលទៅចងចាំកំហុសអ្នកដទៃនោះទេ។ មនុស្សឆ្លាត ឬ Emotional Intelligent person មិនចូលចិត្តទូលបន្ទុក ឬកំហឹងនោះទេ។ គេចូលចិត្តរស់នៅដោយស្រាលខ្លួន ដើម្បីដើរទៅមុខដោយរីករាយ។
  8. និយាយតែខ្លួនឯង៖ មនុស្សល្ងង់ជជែកចុះឡើងជាមួយចិត្តខ្លួនឯងនូវរឿងអគតិ។ មនុស្សឆ្លាតយករឿងល្អៗមកដាក់ខ្លួន ជជែកវែកញែកនឹងចិត្តខ្លួនឯងក៏លើកតែរឿងវិជ្ជមានដែរ។ ការគិតវិជ្ជមានធ្វើឲ្យយើងមានសុខភាពល្អខាងផ្លូវចិត្ត។

សរុបរួម ការគិតបែបវិជ្ជមាន ដោះស្រាយបញ្ហាដោយវិជ្ជមាន មិនអនុញ្ញាតឲ្យអារម្មណ៍មិនល្អពីអ្នកដទៃគ្រប់គ្រងខ្លួនឯង និងធ្វើរឿងត្រឹមត្រូវតាមកាលៈទេសៈនឹងធ្វើឲ្យមនុស្សឆ្លាត មានសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ វាជាលំហាត់សម្រាប់មនុស្សឆ្លាតក្នុងការបង្កើនភាពច្នៃប្រឌិត នវានុវត្តន៍ និងការបំពេញធុរៈកិច្ចប្រកបដោយប្រសិទ្ធិភាព។

ប្រភព៖ How Smart People Deal with Difficult People

ប្រយ័ត្នកូនអ្នក​ក្លាយជាមនុស្ស​វិកល​ចរិត!!!!

បាក់ទឹកចិត្ត? មានអារម្មណ៍ថាដូចជាចង់ឆ្កួតមែនទេ? សូមចាំថា អ្នកមិននៅតែម្នាក់ឯងឡើយ។ គ្រប់គ្នាមានអារម្មណ៍មិនសប្បាយចិត្តជាញឹកញាប់។ អារម្មណ៍មិនសប្បាយចិត្តអាចស្រាល ឬ ធ្ងន់។ ការមិនសប្បាយចិត្តប៉ុណ្ណានោះ គឺអាស្រ័យទៅលើស្ថានភាពដែលបង្កជារឿងឡើងមក និង របៀបដែលអ្នកប្រឈមមុខជាមួយបញ្ហានោះ។

ការមិនសប្បាយចិត្ត គឺជាអារម្មណ៍ធម្មជាតិរបស់មនុស្ស។ ការមិនសប្បាយចិត្ត អាចកើតឡើង ហើយក៏បាត់ទៅវិញ ដូចជាអារម្មណ៍ផ្សេងទៀតដែរ។ ជួនកាលមិនសប្បាយចិត្តមួយភ្លែត ជួនកាលរយៈពេលយូរ។ ពេលអារម្មណ៍មិនសប្បាយចិត្តកន្លងផុតទៅ អារម្មណ៍រីករាយនឹងចូលខ្លួនមកជំនួសវិញ។

តើក្មេងមានអារម្មណ៍មិនសប្បាយចិត្តទៅលើរឿងអ្វីខ្លួះ?

មានមូលហេតុជាច្រើនដែលអាចធ្វើឲ្យក្មេងៗមិនសប្បាយចិត្ត។ អ្នកអាចមិនសប្បាយចិត្តលើរឿងតូច ឬ បញ្ហាធំដែលកើតឡើង។ អ្នកអាច (ឬមិនអាច)មិនសប្បាយចិត្តនៅពេល៖

រឿងកើតឡើងមិនស្របតាមបំណង៖ ប្រហែលអ្វីម្យ៉ាងកើតឡើងមិនតាមអ្វីដែលអ្នកសង្ឃឹមទុក។ ប្រហែលជាក្រុមរបស់អ្នកចាញ់ការប្រកួតធំមួយ ឬ ទទួលបានចំណាត់ថ្នាក់មិនល្អពេលប្រលង។

ទទួលអារម្មណ៍ឈឺចាប់៖ អ្នកមិនសប្បាយចិត្តនៅពេលមានអ្នកណាម្នាក់ធ្វើឲ្យអ្នកបាក់ទឹកចិត្ត បោះបង់រូបអ្នក ឬ ធ្វើឲ្យអ្នកឈឺចាប់ដោយសារពាក្យសម្តីរបស់គេ។

អ្នកបាត់បង់នូវរបស់ពិសេសអ្វីម្យ៉ាង៖ ប្រហែលជាអ្នកបាត់បង់នូវអ្វី ដែលជាទីពិសេសចំពោះអ្នក។

អ្នកនឹកនរណាម្នាក់៖ អ្នកមិនសប្បាយចិត្តពេលនឹកនរណាម្នាក់ ឬពេលបែកពីពីនរណាម្នាក់។

អ្នកបានលឺរឿងដែលមិនសប្បាយចិត្ត៖ អ្នកអាចនឹងមិនសប្បាយចិត្តនៅពេលមានគេមកប្រាប់អ្នកពីរឿងអ្វីដែលមិនល្អបានកើតឡើង។ ប្រសិនបើគេនិយាយរឿងមិនសប្បាយចិត្ត អ្នកក៏អាចមានអារម្មណ៍មិនសប្បាយចិត្តទៅតាមនោះដែរ។

មាននរណាម្នាក់ស្លាប់៖ វាជារឿងធម្មជាតិ ក្នុងការកើតទុក្ខព្រួយនៅពេលមាននរណាម្នាក់ស្លាប់ ដូចជាសាច់ញាតិជិតដិត ឬបាត់បង់សត្វចិញ្ចឹមជាដើម។ ការមិនសប្បាយចិត្តបែបនេះ គេហៅថា ការកាន់ទុក្ខ។

បញ្ហាមួយធ្វើឲ្យអ្នកមិនសប្បាយចិត្ត៖ បញ្ហាដូចជាការប្រមាថ បញ្ហាមិត្តភាព ឬកិច្ចការសាលាដ៏លំបាក ក៏អាចធ្វើឲ្យក្មេងមិនសប្បាយចិត្តបានដែរ។ បញ្ហាគ្រួសារ ដូចជាការលែងលះ បាត់បង់ការងារ ឈ្លោះប្រកែកគ្នា បញ្ហាប្រាក់កាស ឬបញ្ហាសុខភាពក៏ដូចគ្នា។

 

តើការមិនសប្បាយចិត្តជារឿងធម្មតាមែនទេ?

ជារឿងធម្មតាទេ ក្នុងការដែលមិនសប្បាយចិត្តពេលខ្លះ។ ប្រសិនបើវាមិនកើតឡើងញឹកញាប់ ឬយូរពេកនោះ អារម្មណ៍មិនសប្បាយចិត្ត គឺដូចជាអារម្មណ៍ផ្សេងៗទៀតដែរ ដែលនេះជាផ្នែកធម្មជាតិនៃជីវិតមនុស្ស។

ប៉ុន្តែមិនមែនជាការល្អនោះទេ ក្នុងការត្រាំត្រែងជាមួយការមិនសប្បាយចិត្តនោះ។ ជាការប្រសើរប្រសិនបើយើងសប្បាយចិត្ត។ មានវិធីសាស្ត្រមួយចំនួនដែលអ្នកគួរតែយល់ដឹង៖

  • អ្នកអាចប្រឈមមុខជាមួយរឿងមិនសប្បាយចិត្តដែលបានកើតឡើង។
  • អ្នកអាចធ្វើអ្វីផ្សេងដើម្បីកាត់បន្ថយអារម្មណ៍មិនសប្បាយចិត្ត និងធ្វើឲ្យសប្បាយចិត្តជាង មុន។
  • អាកប្បកិរិយាវិជ្ជមានអាចជួយអ្នកឲ្យឆ្លងផុតការអាក់អន់ចិត្ត។
  • រៀនដោះស្រាយបញ្ហាជាមួយនឹងអារម្មណ៍មិនសប្បាយចិត្តដែលអាចធ្វើឲ្យជីវិតអ្នកមានការផ្លាស់ប្តូរដ៏ធំបាន។

តើអ្នកជាប្រឈមជាមួយអារម្មណ៍មិនសប្បាយចិត្តយ៉ាងដូចម្តេច?

មិនត្រូវឲ្យភាពមិនសប្បាយចិត្តយកឈ្នះអារម្មណ៍របស់អ្នក ឬ បំផ្លាញថ្ងៃដ៏ល្អរបស់អ្នកនោះឡើយ។ អ្នកអាចធ្វើអ្វីផ្សេងដែលអាចទប់ស្កាត់អារម្មណ៍មិនសប្បាយចិត្ត កុំឲ្យមកដិតដាមជាប់យូរ ឬ ធ្ងន់ធ្ងរ។

នេះជាវិធីសាស្ត្រមយយចំនួនក្នុងការប្រឈមជាមួយភាពមិនសប្បាយចិត្ត៖

សម្គាល់មើលពីអារម្មណ៍របស់អ្នក និងមូលហេតុ៖ ស្គាល់ពីអារម្មណ៍របស់អ្នកជួយឲ្យអ្នកយល់ និងទទួលយកខ្លួនឯង។ ប្រសិនបើអ្នកមិនសប្បយាចិត្ត សម្គាល់មើលអារម្មណ៍នោះ ប៉ុន្តែកុំធ្លាក់ទៅក្នុងអារម្មណ៍នោះ និងលង់តាមមនោសញ្ចេតនាឲ្យសោះ។ សូមប្រាប់ខ្លួនឯង (ឬនរណាម្នាក់) ថាអ្នកមិនសប្បាយចិត្ត។ សូមព្យាយាមស្វែងរកមូលហេតុដែលធ្វើឲ្យអ្នកមិនសប្បាយចិត្ត។ សូមឲ្យខ្លួនឯងយល់ពីអារម្មណ៍ខ្លួនឯងជាមុនសិន ប្រហែលជាមានហេតុផលល្អមួយដែលនាំឲ្យអ្នកធ្វើដូច្នេះ។ នេះមិនមែនជាបញ្ហានោះទេ។ សូមរំលឹកប្រាប់ខ្លួនឯងថា ភាពមិនសប្បាយចិត្តនឹងកន្លងផុត ហើយអ្នកនឹងមានអារម្មណ៍ល្អឡើងវិញ។

យកឈ្នះលើការអន់ចិត្ត និង កំហុសឆ្គង៖ នៅពេលរឿងរ៉ាវមិនដំណើរការតាមចិត្តរបស់អ្នក សូមកុំចុះចាញ់ឲ្យសោះ! សូមនៅតែបន្ត! នៅតែមានឳកាសក្រោយៗទៀត។ សូមផ្តល់នូវកម្លាំងចិត្តសម្រាប់ការព្យាយាម។ រួចផ្តោតទៅលើអ្វីដេលអ្នកត្រូវការដើម្បីបន្ត ហើយព្យាយាមម្តងទៀត។ សូមរក្សានូវអាកប្បកិរិយាវិជ្ជមានជានិច្ច។

គិតបែបវិជ្ជមាន៖ ប្រសិនបើអ្នកមិនសប្បាយចិត្ត សូមគិតនូវមួយ ឬពីរចំនុចអំពីខ្លួនអ្នក ឬ ស្ថានភាពរបស់អ្នក។ ទុកចិត្តលើខ្លួនឯង។ គិតពីអ្វីដេលអ្នកអាចធ្វើបាន និងគិតពីអ្វីដែលអាចនឹងល្អប្រសើរបាន។ ប្រសិនបើអ្នកមិនបាននូវអ្វីដែលអ្នកចង់បាន សូមគិតនូវអ្វីផ្សេងដែលអាចធ្វើឲ្យអ្នករីករាយបាន។ ប្រាកដជាមាននូវអ្វីៗដែលល្អ សូមស្វែងរកមើល!

គិតរកដំណោះស្រាយ៖ រកវិធីដោះស្រាយបញ្ហា ឬ ប្រឈមមុខជាមួយស្ថានភាពដែលអាចជួយឲ្យអ្នករឹងមាំ មានទំនុកចិត្ត និងមានអារម្មណ៍ល្អពីខ្លួនឯង។ វាពិបាកក្នុងការបន្តមិនសប្បាយចិត្ត នៅពេលដែលអ្នកនៅអាចតស៊ូបាន!

រកជំនួយ៖ សូម្បីតែក្មេងដែលមានសមត្ថភាពបំផុតក៏នៅត្រូវការជំនួយដែរ។ មនុស្សដែលនៅក្នុងជីវិតរបស់អ្នក ជឿជាក់លើអ្នក និងយកចិត្តទុកដាក់(ដូចជាឳពុកម្តាយ មិត្ត និងគ្រូបង្រៀន) អាចលួងលោមអ្នកនៅពេលអ្នកមិនសប្បាយចិត្ត។ ពេលខ្លះ គ្រាន់តែស្តាប់ និងស្វែងយល់នូវអ្វីដែលអ្នកបានឆ្លងកាត់គឺគ្រប់គ្រាន់ហើយ។ ពេលខ្លះពួកគេអាចជួយអ្នកក្នុងការដោះស្រាយបញ្ហា ឬ ជួយអ្នកគិតនូវអ្វីដែលសប្បាយៗ ដើម្បីដកចេញនូវភាពមិនសប្បាយចិត្ត ឬការអាក់អន់ចិត្តចេញបាន។

ដាក់ខ្លួនឯងទៅក្នុងអារម្មណ៍ល្អ៖ ទម្លាបក់ចោលនូវអារម្មណ៍មិនល្អដោយការធ្វើអ្វីដែលនាំឲ្យអ្នកចូលទៅក្នុងអារម្មណ៍វិជ្ជមាន។ លេងហ្គេម ឬ កីឡា ជិះកង់ រាំ ឬរត់ ដើរលេង និពន្ធភ្លេង អានសៀភៅ ឬ ចំណាយពេលជាមួយមនុស្សដែលអ្នកចូលចិត្ត ធ្វើអ្វីដែលសប្បាយៗ និងមានអារម្មណ៍ល្អ។

រៀនប្រឈមជាមួយអារម្មណ៍មិនល្អត្រូវការការអនុវត្តច្រើន។ ប៉ុន្តែនៅពេលដែលអ្នកខ្វល់ខ្វាយនឹងធ្វើសកម្មភាពទល់នឹងអារម្មណ៍មិនល្អ បានន័យថា អ្នករៀបចំកន្លែងសម្រាប់ផ្ទុកនូវគំនិតវិជ្ជមាន នោះអ្នកនឹងក្លាយជាមនុស្សរីករាយម្នាក់!

តើអ្នក​មាន​តម្លៃ​ប៉ុន្មានលុយ?

តើការឲ្យតម្លៃខ្លួនឯងគឺជាអ្វី?

ការឲ្យតម្លៃខ្លួនឯងគឺជាផ្នែកដ៏ធំមួយ ដែលសម្តែងចេញនូវអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកចំពោះខ្លួនឯង ហើយក៏ជាទំហំនៃការពេញចិត្ត ឬ ខ្វល់ខ្វាយចំពោះអ្វីមួយផងដែរ។ ការឲ្យតម្លៃខ្លួនឯង គឺជាការផ្តល់នូវតម្លៃដល់ខ្លួនឯង និងការយល់ដឹងថាខ្លួនឯងមានសារៈសំខាន់ប៉ុណ្ណាផងដែរ។ វាជារបៀបដែលអ្នកមើលឃើញខ្លួនឯងមានលក្ខណៈយ៉ាងណា  និង មានអារម្មណ៍បែបណាទៅលើការងារទាំងឡាយដែលអ្នកអាចធ្វើបាន។

ការឲ្យតម្លៃខ្លួនឯង គឺមិនមែនជាការអួតបំប៉ោងនោះឡើយ។ វាគឺជាការស្គាល់ថា តើអ្នកពូកែខាងអ្វី និងមិនពូកែផ្នែកអ្វី។ មនុស្សភាគច្រើនបង្ហាញពីការពេញចិត្តទៅលើអ្វីមួយ ឬនរណាម្នាក់ ប៉ុន្តែយើងមិនដែលគិតថាតើយើងចូលចិត្តខ្លួនឯងច្រើនប៉ុណ្ណានោះទេ។

ការឲ្យតម្លៃខ្លួនឯង មិនមែនមានន័យថាយើងជាមនុស្សល្អគ្រប់យ៉ាង ហើយអ្នកដ៏ទៃមិនល្អនោះទេ។ អ្នកគិតថាក្មេងខ្លះពូកែគ្រប់យ៉ាង តែអ្នកក៏ដឹងច្បាស់ក្នុងចិត្តថា ពួកគេប្រាកដជាមាននូវអ្វីដែលពូកែ និងអ្វីដែលពិបាកសម្រាប់ពួកគេដែរ។

អ្វីដែលសំខាន់នោះក្នុងការស្វែងយល់ពីការឲ្យតម្លៃខ្លួនឯងនោះ គឺសំដៅទៅលើការមើលឃើញខ្លួនឯងក្នុងផ្លូវវិជ្ជមាន និងក្នុងតថភាព ពោលគឺអ្វីដែលជាការពិត។ ដូច្នេះប្រសិនបើអ្នកដឹងថា អ្នកពិតជាពូកែខាងកីឡាបាល់ទាត់ ប៉ុន្តែអ្នកមិនសូវពូកែគូររូប យ៉ាងនេះអ្នកក៏នៅតែអាចមានការឲ្យតម្លៃខ្លួនឯងខ្ពស់ដែរ។

ចរិតលក្ខណៈនៃការឲ្យតម្លៃខ្លួនឯងដោយភាពវិជ្ជមានមានរួមបញ្ជូល៖

  • មានអារម្មណ៍ថាមានសមត្ថភាព
  • ទទួលយក និងឆ្លើយតបនៅនឹងការឲ្យមតិកែតម្រូវពីអ្នកដ៏ទៃ
  • ទទួលយក និង រៀនពីកំហុសខ្លួនឯង
  • មានភាពម្ចាស់ការនៅពេលទទួលយកជំនួយ នៅពេលណាដែលមានស្ម័គ្រចិត្តជួយ ព្រមទាំង
  • មានអារម្មណ៍សប្បាយចិត្តចំពោះខ្លួនឯង

ការឲ្យតម្លៃលើខ្លួនឯងមានសារៈសំខាន់ព្រោះ៖

គ្រប់កុមារទាំងអស់សុទ្ធតែមាននូវការឲ្យតម្លៃខ្លួនឯង ដូច្នេះហើយការឲ្យតម្លៃខ្លួនឯងក្នុងផ្លូវវិជ្ជមាន និង ល្អប្រសើរ គឺពិតជាមានសារៈសំខាន់ណាស់។ វាអាចជួយអ្នកឲ្យចេះទប់អារម្មណ៍របស់អ្នកខ្ពស់ និង ផ្តល់នូវមោទនភាពចំពោះខ្លួនឯង និងអ្វីដែលអ្នកអាចធ្វើបាន ទោះបីជាស្ថិតក្នុងកាលៈទេសៈដែលមិនល្អក៏ដោយ។

ការឲ្យតម្លៃខ្លួនឯង ផ្តល់ឲ្យអ្នកនូវកម្លាំងចិត្តក្នុងការសាកល្បងអ្វីដែលថ្មីៗ ព្រមទាំងផ្តល់នូវថាមពលនៃជំនឿទុកចិត្តខ្លួនឯងផងដែរ។ វាធ្វើឲ្យអ្នកចេះគោរពខ្លួនឯង ទោះបីជាអ្នកធ្វើកំហុសណាមួយក៏ដោយ។ នៅពេលដែលអ្នកគោរពខ្លួនឯង នោះមនុស្សចាស់ និងក្មេងដ៏ទៃទៀតក៏គោរពអ្នកដែរ។

ការឲ្យតម្លៃវិជ្ជមានទៅលើខ្លួនឯង អាចជួយអ្នកអាចចេះសម្រេចចិត្តដែលត្រឹមត្រូវទៅលើចិត្ត និងកាយរបស់អ្នក។ ប្រសិនបើអ្នកគិតថា អ្នកមានសារៈសំខាន់ នោះអ្នកនឹងមិនចេះតែធ្វើតាមគំនិតគេនោះទេ ប្រសិនបើមិត្តរបស់អ្នកកំពុងធ្វើអ្វីដែលខុស ឬមានគ្រោះថ្នាក់ជាដើម។ ប្រសិនបើអ្នកឲ្យតម្លៃវិជ្ជមានលើខ្លួនឯង នោះអ្នកនឹងមានសមត្ថភាពដឹងជាក់ថា អ្នកឆ្លាតវៃក្នុងការធ្វើការសម្រេចចិត្តដោយខ្លួនឯង។ អ្នកឲ្យតម្លៃទៅលើសុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នក អារម្មណ៍ខ្លួនឯង សុខភាពខ្លួនឯង គឺខ្លួនឯងទាំងមូល! ការឲ្យតម្លៃខ្លួនឯងជាវិជ្ជមាន ជួយអ្នកឲ្យដឹងថាគ្រប់ផ្នែករបស់អ្នក គឺសក្តិសមនឹងការយកចិត្តទុកដាក់ និងការពារ។

ការឲ្យតម្លៃខ្លួនឯង អាចរីកចម្រើនបាន នៅពេលដែលអ្នកចាប់ផ្តើមធ្វើអ្វីដែលអ្នកធ្លាប់គិតថា វាពិបាកពេកសម្រាប់ខ្លួនឯង ហើយក៏អាចធ្វើបាន ឬនៅពេលឳពុកម្តាយ សាច់ញាតិ ឬមនុស្សធំលើកទឹកចិត្តអ្នក អត់ធ្មត់ និងជួយអ្នកឲ្យត្រលប់មកធ្វើការនោះវិញ។ នៅពេលដែលអ្នកចាប់ផ្តើមធ្វើបានល្អហើយនោះ នោះការឲ្យតម្លៃខ្លួនឯងនឹងផ្ទុះចេញមក! នេះជាវិធីមួយចំនួនដែលអ្នកអាចសាកល្បងដើម្បីបង្កើននូវការឲ្យតម្លៃខ្លួនឯងបាន៖

បង្កើតទំនាក់ទំនងល្អជាមួយមិត្តភក្តិ ក្រុមគ្រួសារ និងចាស់ទុំនៅក្នុងសាលា និងក្នុងសហគមន៍។

សរសេរនូវអ្វីដែលអ្នកបានធ្វើដោយភាពជោគជ័យ។ វាអាចជាការគូររូប ឬការច្រៀង លេងកីឡា ឬ និយាយកំប្លែងជាដើម។ ប្រសិនបើអ្នកមានបញ្ហាជាមួយការសរសេរនេះ សូមសុំគ្រូ ឬមិត្តភក្តិឲ្យជួយធ្វើវា។ បន្ទាប់មកអ្នកបន្ថែមនូវចំនុចមួយចំនួនដែលអ្នកចង់ធ្វើឲ្យបានជោគជ័យចូលផងដែរ។

សរសើរខ្លួនឯងឲ្យបានបីដងក្នុងមួយថ្ងៃ។ សូមកុំគ្រាន់តែនិយាយថា “ខ្ញុំពិតជាអស្ចារ្យមែន” នោះឡើយ។ សូមនិយាយឲ្យបានច្បាស់ជាងនេះទៀត ដូចជាថា “ថ្ងៃនេះខ្ញុំបានធ្វើជាមិត្តល្អដល់ជីល” ឬក៏ “ខ្ញុំប្រលងបានល្អជាងដែលខ្ញុំបានគិតទុកទៅទៀត”។ សូមសរសើរខ្លួនឯងពីរឿងនេះនៅពេលវាទើបតែកើតឡើងភ្លាមៗ និង មុនពេលចូលគេងរាល់យប់ ហើយសរសេរចូលនូវរឿងបីយ៉ាងដេលធ្វើឲ្យអ្នកសប្បាយចិត្ត និងធ្វើដឹងគុណពីរឿងនោះ។

សូមចាំថា រូបកាយរបស់អ្នកគឺជាកម្មសិទ្ធិរបស់អ្នក មិនថាមានលក្ខណៈ ឬពណ៌សម្បុរយ៉ាងណាឡើយ។ ប្រសិនបើអ្នកខ្វល់ខ្វាយពីទម្ងន់ ឬ ទំហំកាយរបស់អ្នកនោះ អ្នកអាចទៅជួបជាមួយគ្រូពេទ្យដើម្បីឲ្យប្រាកដថាអ្នកមានសុខភាពល្អ។ សូមរំលឹកខ្លួនឯងពីអ្វីដែលធ្វើឲ្យអ្នកល្អប្រសើរដូចជា “ជើងរបស់ខ្ញុំមាំមួន ហើយខ្ញុំអាចរត់បានលឿនទៀត”។

សូមចាំថា ផ្នែកខ្លះដែលជារបស់អ្នក អ្នកមិនអាចផ្លាស់ប្តូរបានទេ។ ដូច្នេះអ្នកគួរតែទទួលយក និងស្រលាញ់ផ្នែកទាំងនេះ ដូចជាសម្បុរស្បែករបស់អ្នក និងទំហំស្បែកជើងរបស់អ្នក ព្រោះថាទាំងនេះជាផ្នែករបស់អ្នក។

នៅពេលអ្នកលឺនូវគំនិតអវិជ្ជមានក្នុងចិត្តរបស់អ្នក សូមប្រាប់ខ្លួនឯងឲ្យឈប់គិតពីវាទៀត។ សូមរំលឹកខ្លួនឯងនូវអ្វីដែលល្អៗអំពីខ្លួនឯង ហើយប្រសិនបើអ្នកមិនដឹងថាត្រូវធ្វើយ៉ាងម៉េចទេនោះ សូមសុំឲ្យអ្នកណាម្នាក់ជួយ! អ្នកក៏អាចរៀនជំនាញផ្សេងៗទៀតបាន (ឧទាហរណ៍ដូចជា រាំ ឬគូររូបជាដើម) ធ្វើដូច្នេះអ្នកនឹងមានអារម្មណ៍ល្អវិញ។

ការផ្តោតទៅលើអ្វីៗដែលល្អដែលអ្នកធ្វើ និងភាពខ្លាំងរបស់ខ្លួនឯង អ្នកនឹងចេះស្រឡាញ់ និងទទួលយកខ្លួនឯង ដែលទាំងនេះឯងជាគ្រឿងបន្សំដ៏ខ្លាំងសម្រាប់ការឲ្យតម្លៃខ្លួនឯង! ទោះបីជាអ្នកនៅមានកន្លែងសេសសល់សម្រាប់ដាក់ការអភិវឌ្ឍខ្លួនឯង (ចុះអ្នកណាដែលគ្មាននោះ?) ក៏ដោយ ការដែលស្គាល់នូវអ្វីដែលអ្នកពូកែ និង ស្គាល់ថាអ្នកជាមនុស្សមានតម្លៃ និងជាមនុស្សពិសេសសម្រាប់មនុស្សដែលយកចិត្តទុកដាក់នឹងអ្នក ពិតជាអាចជួយអ្នកឲ្យបន្តការលូតលាស់ទៅមុខបានទៀត។

ផ្នែកនៃការលូតលាស់ទៅមុខ គឺសំដៅទៅលើសមត្ថភាព និង ការទទួលយក និងការធ្វើការកែតម្រូវភាពកំសោយរបស់ខ្លួនឯង ដែលទាំងអស់នេះឯង ពោលដោយខ្លីគឺហៅថា ការឲ្យតម្លៃខ្លួនឯង!

សារៈសំខាន់នៃការអប់រំសុខភាព

 

ការអប់រំសុខភាព គឺជាគ្រឹះមូលដ្ឋានដំបូងបំផុតនៃភាពជោគជ័យរបស់កម្មវិធីសុខភាពសាធារណៈ។ វាអាចជួយឲ្យសិស្សម្នាក់ៗអាចអភិវឌ្ឍសុខភាពរាងកាយរបស់គេឲ្យបានល្អ មានអារម្មណ៍ឆាប់ដឹង និង អកប្បកិរិយាល្អប្រសើរតាំងពីក្មេង។ សារៈសំខាន់នៃការអប់រំសុខភាពមាន៖

  • ការអប់រំសុខភាពអាចជួយឲ្យមនុស្សម្នាក់ៗ ក្រុមគ្រួសារ សហគមន៍ រដ្ឋ និងប្រទេសជាតិទាំងមូលមានសុខភាពល្អ។
  • ការអប់រំផ្នែកសុខភាពធ្វើឲ្យគុណភាពនៃជីវិតមនុស្សទាំងអស់គ្នាមានភាពប្រសើរ
  • ការអប់រំសុខភាពកាត់បន្ថយការស្លាប់មុនអាយុ
  • ដោយការផ្តោតលើការបង្ការ ការអប់រំសុខភាពអាចកាត់បន្ថយនូវប្រាក់កាស (ទាំងប្រាក់ ទាំងមនុស្ស) មនុស្សម្នាក់ៗ និយោជក ក្រុមគ្រួសារ ក្រុមហ៊ុនធានារ៉ាប់រង សម្ភារៈបរិក្ខារពេទ្យ សហគមន៍ រដ្ឋ និងប្រទេសជាតិ ក្នុងចំណាយទៅលើការព្យាបាលបែបវេជ្ជសាស្ត្រ។

ការ​ថែរក្សា​សត្វ


ជាញឹកញាប់​ណាស់​ ដែល​សត្វអាច​ផ្ទុក​មេរោគ ប៉ុន្តែ​វា​មិន​បាន​បង្ហាញ​អាការៈ​ជម្ងឺ​ឡើង​មក​ទេ។ វិធី​ចម្បង​ដែល​មេរោគ​អាច​ចម្លង​ចូល​មក​គឺ​ តាមរយៈ​ការ​បរិភោគ​មិន​ផ្ទាល់​ នូវ​លាមក​របស់​សត្វ​ទាំង​នេះ ដូច​ជាតាម​រយៈ​ការ​ចាប់​កាន់​ចំនីអហារ​ និង ទឹក ដោយ​ប្រើ​ដៃ​កខ្វក់ ឬ តាម​មាត់។​

សក់ និង ទឹក​មាត់​របស់​សត្វ​អាច​បង្ក​រជា​មេរោគហើយ​សាយ​ភាយ​ទៅ ក្នុង​ខ្យល់។ ដូច្នេះការ​រក្សា​ទុក​សត្វ​នៅ​កន្លែង​មួយ​ឆ្ងាយ​ពី​បរិស្ថាន​ផ្ទះ​ជាការ​សំខាន់ណាស់ ជាពិសេស​នៅ​ឲ្យ​ឆ្ងាយ​ពី​ផ្ទះ​បាយ។ ត្រូវរៀប​ចំទុក​ដាក់​លាមក​សត្វ​ឲ្យ​នៅ​ឆ្ងាយ​ពីផ្ទះ​ កប់​លាមក​សត្វ​ជាមួយ​គ្នា​នៅ​ក្នុងរណ្តៅ​ក្រោម​ដី។ ការ​ធ្វើ​បែបនេះ​នឹង​ធ្វើ​ឲ្យ​សត្វ​មានសុខភាព​ល្អ ក៏​ដូច​ជា​ការ​ពារ​ពី​ការ​ឆ្លង​រោគ​ផ្សេង​ៗ​ផង​ដែរ។ ត្រូវ​លាង​ដៃ​ជា​និច្ច​ក្រោយ​ពី​ចាប់​កាន់​សត្វ​ទាំងអស់។