កុហក – សេណារីយោភាពយន្តខ្នាតខ្លី

កុហក

និពន្ធដោយ

មួង វ៉ាន់ឌី

ផ្អែកលើរឿងពិតមួយផ្នែកនៃសង្គមគ្រួសារខ្មែរ

កំណែទី ១

d
Credited to – Sarah B –

ខាងក្នុង – ផ្ទះរបស់លក្ខណ៍ 

ពេលព្រឹក

ពន្លឺព្រះអាទិត្ររះឡើងចាំងនឹងសន្លឹកឈើពណ៌បៃតងចាស់នៅមាត់បង្អួច រួចចាំងទៅលើក្បាលមនុស្សស្រីម្នាក់ដែលកំពុងផ្កាប់មុខទៅនឹងកម្រាលឥដ្ឋការ៉ូពណ៌លឿងស។ ក្បាលនាងចាប់ផ្ដើមកម្រើកតិចៗ រួចបែរឡើងមកលើយឺតៗ។ ដោយមានសក់ជាប់បាយបន្តិចគ្របមុខ ភ្នែកនាងសម្លឹងមើលទៅលើពិដានឥតព្រិច។

លក្ខណ៍ (ពោល)

គាត់ថាគាត់វាយខ្ញុំព្រោះគាត់ស្រលាញ់ខ្ញុំពេក។ ខ្ញុំក៏ជឿគាត់។

ពិដានពុកផុយពណ៌ខ្មៅ មានស្នាមប្រតាកដោយស្លែកាន់ និងថ្នាំពណ៌សដែលប្រែជាពណ៌ខ្មៅរបកដោយអន្លើៗ។

លក្ខណ៍ (ពោល ត)

គាត់ថា ព្រោះតែកំហុសរបស់ខ្ញុំ។ បើខ្ញុំមិនធ្វើខុស គាត់ក៏មិន

ធ្វើបែបនេះដាក់ខ្ញុំដែរ។  ខ្ញុំគិតថាគាត់និយាយត្រូវ។

លក្ខណ៍បន្តសម្លឹងមើលពិដានផ្ទះដ៏ចាស់របស់ខ្លួន រួចមកមើលជញ្ជាំងផ្ទះដែលមានតាំងរូបថតគ្រួសាររបស់នាង។ នាងបន្តសម្លឹងចុះមកទ្វារបង្អួចដែលស្ទើរតែរបេះចេញ។ សន្សឹមៗនាងមើលចុះមករនាបឥដ្ឋដែលមានបំណែកតូចៗនៃចានបាយ និងម្ហូបអាហាររាយពាសពេញក្បែរភ្នែករបស់នាង។ ភ្នែកនាងសម្លឹងភ្លឹះៗ មើលទៅដូចមនុស្សរុក្ខជាតិដែលលែងចេះគិតអ្វីទៀត។ ទឹកភ្នែកមួយដំណក់ហូរចុះមក គ្រប់យ៉ាងហាក់ប្រែជាស្រអាប់។   

ខាងក្នុង – បន្ទប់ដេករបស់លក្ខណ៍

ពេលល្ងាច

អំពូលពងមាន់តូចមួយបញ្ចេញពន្លឺស្រអាប់។ ដៃលក្ខណ៍កាន់អាវយឺតសប្រឡាក់ស្នាមក្រែម។ ដៃបុរសម្នាក់មកកាន់ស្មារបស់លក្ខណ៍។

លក្ខណ៍ (ពោល ត)

គាត់ថាគាត់ស្រលាញ់តែខ្ញុំម្នាក់គត់។ អ្នកផ្សេងគ្រាន់តែជាការ

លេងសើច។ ខ្ញុំតូចចិត្ត តែខ្ញុំជឿលើគាត់។

គេហាក់និយាយអ្វីម្យ៉ាងទៅកាន់នាង។ ដៃលក្ខណ៍ក្ដាប់អាវយឺតយ៉ាងណែន រួចពន្លាដៃបន្តិចម្ដងៗពីអាវយឺត។ ប្ដីរបស់លក្ខណ៍ដើរចេញក្រៅ ហើយបិទទ្វារបន្ទប់ ទុកឲ្យលក្ខណ៍នៅម្នាក់ឯង។

ដៃប្ដីរបស់លក្ខណ៍បើកទ្វារបន្ទប់ដេក។ លក្ខណ៍កំពុងអង្គុយលើគ្រែដេក។

លក្ខណ៍ (ពោល ត)

គាត់ថា កូនច្បងរបស់យើងស្លាប់ ជាកំហុសរបស់ខ្ញុំ ព្រោះខ្ញុំមិន

បានមើលថែកូនឲ្យល្អគ្រប់គ្រាន់។ គឺខ្ញុំ…

លក្ខណ៍ស្លៀកពាក់ខ្មៅ ដៃអោបស៊ុមរូបថតសខ្មៅមួយផ្ទាំងធំយ៉ាងណែន។ នាងយំខ្សឹកខ្សួលតែម្នាក់ឯង។

កាត់ទៅកាន់ប្លង់៖ 

ខាងក្នុង – ផ្ទះរបស់លក្ខណ៍

ពេលព្រឹក

សម្លេងងឺងពេញត្រចៀករបស់លក្ខណ៍។ ភ្នែកនាងស្រវាំងដោយទឹកភ្នែកប្រែជាស្រលះវិញ។ នាងសម្លឹងមើលនាឡិកាដែលដើរតឹកៗ។ នាឡិកាវិលថយក្រោយយ៉ាងលឿន។

កាត់ទៅកាន់ប្លង់៖ 

ខាងក្នុង – ផ្ទះរបស់លក្ខណ៍

មួយម៉ោងមុន

លក្ខណ៍ដួលផ្កាប់មុខនឹងឥដ្ឋការ៉ូ។ ស្របពេលតែមួយ ចានបាយម្ហូបធ្លាក់មកលើឥដ្ឋក្បែរនាង។

លក្ខណ៍ (ពោល)

គាត់ថា ស្រីទន់ខ្សោយដូចខ្ញុំ គួរតែនៅផ្ទះដូចស្រីដទៃទៀត។

គាត់មានសមត្ថភាពគ្រប់គ្រាន់នឹងចិញ្ចឹមខ្ញុំ។ ខ្ញុំគិតថាគាត់និយាយត្រូវ…

បាយម្ហូបរាយពេញឥដ្ឋនៅមុខនាង។ នាងកាន់ប្រាក់ ១០០០រៀលបួនប្រាំសន្លឹកក្នុងដៃយ៉ាងណែន។

លក្ខណ៍ (ពោល ត)

តែពេលនេះ…

លក្ខណ៍ព្រលែងលុយទាំងអស់ចោលទៅលើឥដ្ឋ។ នាងងើបអង្គុយ។ ទាំងសក់ដ៏សំពីងសំពោង នាងប្រឹងលើកខ្នងដ៏ស្គមកំព្រឹងរបស់នាង ហើយបែរទៅមាត់ទ្វារដែលមានពន្លឺថ្ងៃចាំងចូលមក។

លក្ខណ៍ (ពោល ត)

ខ្ញុំត្រូវចំណាយពេលជាច្រើនឆ្នាំ ដើម្បីរស់នៅ

ដោយគ្មានភាពភ៏យខ្លាចដូចអ្នកដទៃ។

ថ្ងៃជះមកលើផ្ទៃមុខដែលពោរពេញទៅដោយស្នាមជាំរបស់លក្ខណ៍។

លក្ខណ៍ (ពោល ត)

ខ្ញុំជឿថា ធ្វើរឿងត្រឹមត្រូវមួយ មិនចាំបាច់ទាល់តែល្អឥតខ្ចោះ

ទើបខ្ញុំអាចធ្វើទៅបាននោះទេ។ 

លក្ខណ៍ក្រោកឈរឡើង ហើយដើរចុះតាមជណ្ដើរមកក្រៅផ្ទះ។ 

ខាងក្រៅ – មុខផ្ទះរបស់លក្ខណ៍

ពេលព្រឹក

ដៃរបស់លក្ខណ៍កាន់ក្រដាសសមួយសន្លឹក។

លក្ខណ៍ (ពោល)

ខ្ញុំសប្បាយចិត្តដែលកូនពៅរបស់ខ្ញុំគ្មានមេរោគអេដស៍…

ដូចខ្ញុំ នឹងឪពុករបស់គេ។

កូនរបស់លក្ខណ៍រត់មកអោបចង្កេះនាង។ ក្រដាសនៅដៃម្ខាងទៀតនោះពន្លាចេញមក។ សញ្ញា អវិជ្ជមាន បង្ហាញយ៉ាងច្បាស់នៅលើក្រដាសនោះលទ្ធផលពិនិត្យឈាម។

លក្ខណ៍ (ពោល ត)

ខ្ញុំជឿថា ខ្ញុំស្រលាញ់កូនខ្ញុំគ្រប់គ្រាន់ ហើយខ្ញុំបានព្យាយាម

ផ្ដល់សុភមង្គលដល់គេច្រើនគ្រប់គ្រាន់តាមដែលខ្ញុំអាចធ្វើទៅបានរួចហើយ។

នាងងាកក្រោយ ទៅមើលសម្បកផ្ទះរបស់នាង។ ផ្ទៃមេឃល្ហល្ហេវ។ ផ្ទៃមុខរបស់លក្ខណ៍ពេលនេះហាក់ស្មើ មិនបង្ហាញពីទុក្ខព្រួយ ឬការឈឺចាប់ឡើយ។

កាត់ទៅកាន់ប្លង់៖

ខាងក្នុង – ផ្ទះរបស់លក្ខណ៍

ពេលព្រឹក

មុខរបស់លក្ខណ៍នៅលើកម្រាលឥដ្ឋ

កាត់ទៅកាន់ប្លង់៖ 

ខាងក្នុង – បន្ទប់ដេករបស់លក្ខណ៍

ពេលល្ងាច

មុខរបស់លក្ខណ៍ពេលនាងកំពុងអង្គុយលើគ្រែជាមួយអាវយឺតប្រលាក់ក្រែមរបស់ប្ដីនាង

កាត់ទៅកាន់ប្លង់៖

មុខរបស់លក្ខណ៍ពេលនាងកំពុងអង្គុយអោបស៊ុមរូបថតកូនច្បងរបស់នាង

កាត់ទៅកាន់ប្លង់៖   

ខាងក្រៅ – ផ្ទះរបស់លក្ខណ៍

ពេលព្រឹក

លក្ខណ៍ (ពោល)

ហើយពេលនេះ…ខ្ញុំជឿថា ខ្ញុំអាចធ្វើអ្វីបានច្រើនជាងនេះ…

មុខរបស់លក្ខណ៍ពេលនាងកំពុងឈរជាមួយកូនប្រុសនាង។

Fade

លក្ខណ៍ (ពោល ត)

ពេញមួយជីវិតនេះ យើងអាចនឹងឮពាក្យកុហកជាច្រើន។

ទោះយើងមិនអាចបញ្ឈប់ពាក្យកុហកទាំងនោះបាន… 

ខាងក្រៅ – ក្នុងតូបតូចមួយ

ពេលយប់

ក្នុងតូបតូចមួយ លក្ខណ៍អង្គុយក្បែរកូនរបស់នាងក្នុងសម្លៀកបំពាក់ស្អាតបាត។ កូនប្រុសនាងស្លៀកខោខ្លី អាវយឺតប្រផេះកាន់សៀវភៅមួយក្បាលនៅក្នុងដៃ។

លក្ខណ៍ (ពោល)

តែយើងក៏អាចប្រាប់ការពិតដល់ខ្លួនឯង និងរស់នៅក្នុង

ជីវិតដែលពេញដោយសុភមង្គលបាន។

អ្នកទាំងពីរញញឹមយ៉ាងមានក្ដីសុខ។ ហើយកូនរបស់នាងរត់មកមុខកាមេរ៉ាហើយចុចបិទកាមេរ៉ា។

-ចប់-

ម៉ែខ្ញុំជាឃាតករ

សៀវភៅខ្លះ យើងអាចអានបានតែម្ដងប៉ុណ្ណោះក្នុងជិវិតយើង។ យើងមិនអាចអានវាបន្តទៅទៀត ឬយើងគ្មានសេចក្ដីក្លាហានគ្រប់គ្រាន់នឹងប្រឈមនឹងរឿងក្នុងសៀវភៅនោះ។

9cf60a5589895767e900e625a6525299

ម្ដាយខ្ញុំជាឃាតករ! រឿងរ៉ាវកើតឡើងដូចតទៅនេះ៖

ខ្ញុំកើតមកជាកូនល្អសម្រាប់ឪពុកខ្ញុំ។ ខ្ញុំជាកូនស្រីម្នាក់ដែលរមែងដឹងគុណម្ដាយរបស់ខ្ញុំជានិច្ច។ អ្វីដែលម្ដាយខ្ញុំបន្សល់ទុកឲ្យខ្ញុំគឺ រូបថតរបស់គាត់ និងសៀវភៅកំណត់ហេតុមួយក្បាល។ ម្ដាយខ្ញុំស្អាតណាស់ ដៃតូចស្រឡូនស្រួចដូចបន្លាក្រូចរបស់គាត់ប្រើសម្រាប់ថ្នាក់ថ្នមពុក និងគូររូបដ៏វិចិត្រជាច្រើនសម្រាប់ពិពរណ៌អន្តរជាតិល្បីៗ តែម៉ែជាមនុស្សគួរឲ្យអាណិត។ ខ្្ញុំបានឭពីពុក និងគ្រប់គ្នាថា គាត់ជាមនុស្សវិកលចរិត។ ម៉ែតែងខ្លាចសព្វខ្លាចគ្រប់។ គាត់ប្រណិបត្តិព្រះពុទ្ធយ៉ាងខ្ជាប់ខ្ជួន ដើម្បីការពារខ្លួនពីរបស់មើលមិនឃើញ។ ពុកជាជាងចម្លាក់។ គាត់ជាមនុស្សស្ងប់ស្ងាត់ និងមិនសូវចង់និយាយច្រើនពីម៉ែទេ។

មែនហើយ! នេះជាថ្ងៃពិសេសសម្រាប់ខ្ញុំ ទើបពុកជូនសៀវភៅកំណត់ហេតុរបស់ម៉ែមកឲ្យខ្ញុំ។ ព្រះច័ន្ទរះយ៉ាងមូលក្រឡង់នៅមាត់បង្អួចមន្ទីរពេទ្យស៊ុនយ៉ាឃីល ពុកចេញពីបន្ទប់ខ្ញុំទៅសម្រាកនៅឯក្រុងកំពតវិញ។

ខ្ញុំបើកកាន់សៀវភៅដែលទើបតែបានទទួលមកដល់ក្នុងដៃដោយក្ដីរំភើបចិត្ត។ ខ្ញុំមើលក្របសៀវភៅទាំងមុខ ទាំងក្រោយ រួចបើកម្ដងមួយទំព័រៗ។ គ្រប់ទំព័រសុទ្ធតែជារូបភាពដែលគូរដោយដៃម៉ែ និងមានអក្សរតូចៗនៅខាងក្រោមផង។ សៀវភៅគូរដោយគូល័រទឹកយ៉ាងរស់រវើក ខ្លះជារូបភាពសិល្បៈ ហើយខ្លះប្រហែលជាការចងចាំដ៏ល្អរបស់គាត់។ បើកមកទំព័រដំបូងវិញ ខ្ញុំឃើញរូបភាពស្ត្រីម្នាក់ ដែលខ្ញុំជឿថាជាម៉ែខ្ញុំ កំពុងសម្រាលកូននៅក្នុងបន្ទប់សម្រាល។ ខាងក្រោមរូបភាពមានសរសេរ មេត្តា មហាមហ ពុទ្ធាយ សិទ្ធំ (សូត្រ ៧ដងកន្លះចប់)។ មិនដឹងថាសូត្រដើម្បីអ្វី តែខ្ញុំក៏សាកល្បង ព្រោះម៉ែប្រាកដជាសរសេរឃ្លានោះឡើងដោយហេតុផលអ្វីម្យ៉ាងមិនខាន។

  • មេត្តា មហាមហ ពុទ្ធាយ សិទ្ធំ! មេត្តា មហាមហ ពុទ្ធាយ សិទ្ធំ! មេត្តា មហាមហ ពុទ្ធាយ សិទ្ធំ! មេត្តា មហាមហ ពុទ្ធាយ សិទ្ធំ! មេត្តា មហាមហ ពុទ្ធាយ សិទ្ធំ!
  • (មេចង្រៃ ចេញទៅ!)

ខ្ញុំភ្ញាក់ព្រើតនឹងសម្រែកអម្បាញ់មិុញនេះ! សម្លេងស្រែកឭហឹងពេញត្រជាក់របស់ខ្ញុំ! ខ្ញុំហាក់ភ្ញាក់ក្រញាង ដោយហេតុខ្ញុំកំពុងស្លុងនឹងអានឃ្លាធម៌មុននេះ។ ក្នុងបន្ទប់របស់ខ្ញុំមានសភាពស្ងាត់ដូចធម្មតា។ ប្រហែលខ្ញុំល្វើយពេក ឬមកពីឥទ្ធិពលថ្នាំពេទ្យទេដឹង? (ខ្ញុំគិត!)

  • មេត្តា មហាមហ ពុទ្ធាយ សិទ្ធំ! មេត្តា ពុទ្ធា
  • ចេញទៅ! មេចង្រៃ! ចេញទៅ! កំុមកយកកូនយើង! ចេញទៅ!

នៅនឹងមុខខ្ញុំ គឺម្ដាយរបស់ខ្ញុំកំពុងសម្រាលកូននៅលើគ្រែ។ គាត់សម្លឹងមករកខ្ញុំ ហើយស្រែក មេចង្រៃៗ! យ៉ាងខ្លាំង។ គ្រូពេទ្យនិងប៉ានំាគ្នាចាប់ដៃចាប់ជើងគាត់កំុឲ្យរើពេក។ ចុះខ្ញុំ? ពេលនេះខ្ញុំកំពុងឈរនៅមុខម្ដាយខ្ញុំ ក្នុងបន្ទប់សម្ភពមួយដែលខ្ញុំក៏ស្រលាំងកាំងដូចគ្នាថា ពេលនេះកំពុងមានរឿងអ្វីកើតឡើង។ ខ្ញុំកាន់សៀវភៅនៅជាប់ក្នុងដៃត្រង់ទំព័រដែលខ្ញុំសូត្រមុននេះ។ ខ្ញុំឃើញក្បាលកូនង៉ែតកំពុងលៀនចេញមកពីប្រដាប់ភេទម្ដាយខ្ញុំ។ ពេទ្យប្រឹងបង្កើត ពុកខំទប់ម៉ែ។ ឯម្ដាយជាទីស្រលាញ់របស់ខ្ញុំកំពុងស្រែកយ៉ាងខ្លាំង ហើយសម្លក់មកខ្ញុំថ្លែ។ កូនកើតមកហើយ បាត់សម្លេងឈឹង! គ្រប់គ្នាសម្លឹងមើលមកកូន! ពេទ្យព្យាយាមបឺតច្រមុះកូនង៉ាយកទឹករំអិលចេញ រួចសម្លេងកូនង៉ាក៏ស្រែកង៉ាងឡើងពេញបន្ទប់។ ម្ដាយខ្ញុំហាក់ល្វើយ ទន់ដៃទន់ជើងណាស់ តែដៃគាត់ចង្អុលមកខាងខ្ញុំរហូត។ ខ្ញុំបិទសៀវភៅ រួចក្រោយមក ខ្ញុំកំពុងស្ថិតនៅលើគ្រែដំណេករបស់ខ្ញុំ ក្នុងមន្ទីរពេទ្យសុនយ៉ាឃីលដដែល។ ម៉ែ! តើសៀវភៅនេះជាអ្វី? ម៉ែចង់ប្រាប់អ្វីដល់ខ្ញុំមែនទេ?

មិនបង្អង់យូរ ក្ដីមន្ទិលរបស់ខ្ញុំឆេះឈួលដល់ចុងច្រមុះ។ ខ្ញុំបើកទៅកាន់ទំព័របន្ទាប់ គាថាមួយឃ្លានៅពីក្រោមរូបស្ត្រីម្នាក់នៅក្នុងវិហារ។ ម្រាមខ្ញុំបង្អូសពីក្រោមជួរអក្សរទាំងនោះ ឲ្យប្រាកដថាខ្ញុំអានមិនខុស។

  • ៧ កន្លះចប់! ចាប់ផ្ដើម! (ខ្ញុំដកដង្ហើមធំយ៉ាងវែងមុននឹងចាប់ផ្ដើម។ ចិត្តខ្ញុំត្រៀមរង់ចាំមើលរូបភាពអភិនិហាដែលនឹងកើតឡើងដូចមុននេះទៀត)
  • ករុណា វិយ សត្តេសូ! ករុណា វិយ សត្តេសូ! ករុណា វិយ សត្តេសូ! ករុណា វិយ សត្តេសូ! ករុណា វិយ សត្តេសូ!
  • ករុណា វិយ សត្តេសូ! ករុណា វិយ សត្តេសូ! (សម្លេងស្ត្រីម្នាក់សូត្រឃ្លានេះដំណាលខ្ញុំ)

ខ្ញុំគ្រាន់តែឭសូរសម្លេងសូត្រឃ្លានេះដំណាលខ្ញុំ ខ្ញុំក៏ឈប់បន្តិច រួចសូត្របន្តទៀត ដោយក្នុងចិត្តខ្ញុំជឿជាក់ថា ខ្ញុំនឹងបានទៅទីណាមួយក្នុងពេលប៉ុន្មានវិនាទីទៀតនេះ។

  • ករុណា វិយ សត្តេសូ! ករុណា វិយ
  • ករុណា វិយ សត្តេសូ! ករុណា វិយ សត្តេសូ! ករុណា វិយ សត្តេសូ! ករុណា វិយ សត្តេសូ! ករុណា វិយ សត្តេសូ! (ខ្ញុំឃើញម្ដាយខ្ញុំបែរមុខទៅកាន់ព្រះពុទ្ធបដិមារដ៏ធំស្កឹមស្កៃក្នុងវិហារចំណាស់មួយ។ យប់ស្ងាត់ទៅហើយ គាត់នៅក្នុងវិហារម្នាក់ឯង សូត្រគាថាតែមួយដែលខ្ញុំសូត្រមុននេះ។)

ស្រាប់តែភ្លាមនោះគាត់ឈប់សូត្រ ខ្ញុំឃើញគាត់រាងចង់ងាកមកខាងក្រោយបន្តិច រួចងាកទៅរកព្រះពុទ្ធវិញ ហើយលំទោនខ្លួនចុះ លើកកូនតូចមួយឡើងដោយដៃទាំងពីរប្រណម្យថ្វាយទៅដល់ព្រះពុទ្ធរូប។ សម្លេងខ្សឹបៗចេញពីមាត់គាត់ ហាក់កំពុងបួងសួងទៅកាន់ព្រះដ៏មានព្រះធម៌ លាយឡំនឹងសម្លេងស្គរធំលាន់យ៉ាងខ្លាំងនៅក្បែរគុម្ពត្រចៀកខ្ញុំ។ នេះដោយសារខ្ញុំឈរនៅកៀកនឹងស្គរពេក។ ដោយសម្លេងទ្រហឹងនៃស្គរភ្លាមៗបែបនេះ ខ្ញុំភ្ញាក់ខ្លួនឡើង បិទសៀវភៅគំនូរ ហើយខ្ញុំក៏ត្រឡប់មកនៅលើគ្រែក្នុងមន្ទីរពេទ្យដដែល។

  • មុទិតា មង្គលមាគមំ ពុទ្ធំ សព្វភយា! មុទិតា មង្គលមាគមំ ពុទ្ធំ សព្វភយា! មុទិតា មង្គលមាគមំ ពុទ្ធំ សព្វភយា! មុទិតា មង្គលមាគមំ ពុទ្ធំ សព្វភយា! មុទិតា មង្គលមាគមំ ពុទ្ធំ សព្វភយា! មុទិតា មង្គលមាគមំ ពុទ្ធំ សព្វភយា! មុទិតា មង្គលមាគមំ…
  • ពុទ្ធំ សព្វភយា! (សម្លេងម្ដាយខ្ញុំ)

ពេលនេះខ្ញុំកំពុងនៅក្នុងបន្ទប់ដំកល់ព្រះរបស់ម្ដាយខ្ញុំ! គ្រប់យ៉ាងក្នុងបន្ទប់នេះ នៅតែដដែល ឥតមានផ្លាស់ប្ដូរអ្វីសោះ។ ម្ដាយខ្ញុំក្នុងសំពត់អាវស កំពុងសូត្រធម៌យ៉ាងស្ងៀមស្ងាត់ម្នាក់ឯង។

  • ខ្ញុំម្ចាស់ សូមអរព្រះគុណ ព្រះសម្មាសម្ពុទ្ធដ៏ជាម្លប់ត្រជាក់នៃកូនចៅ! ពេលនេះលែងមានមារកំណាចមកព្យាបាទជីវិតកូនស្រីខ្ញុំម្ចាស់ទៀតហើយ។ ខ្ញុំម្ចាស់សូមថ្វាយ…

ខ្ញុំដើរងាកក្រោយបន្តិច ប៉ះចង្កៀងមំុាងសុង ឯម្ដាយខ្ញុំក៏ងាកមកក្រោយមើលមកខ្ញុំ រួចភ្ញាក់ផ្ងារទៅក្រោយដួលលើព្រះពុទ្ធបដិមារតូចៗទាំងប៉ុន្មានឡើងរប៉ាត់រប៉ាយអស់។

  • ឯង! ឯងមកទៀតហើយ! ចេញទៅ! កំុធ្វើបាបកូនយើង! ចេញទៅ!

ដល់ពេលនេះ ទើបខ្ញុំដឹងថាគាត់មើលឃើញខ្ញុំ។ ហើយអ្នកដែលគាត់ខ្លាចនោះ ប្រាកដជាខ្ញុំមិនខាន។

  • ម៉ែ

(ក្រាំង) សម្លេងទ្វាររបើកឡើង!

សូមរង់ចាំអានភាគបន្ត!

រស់ជាប្រុសកំដរ

Screen Shot 2017-03-20 at 10.15.49 PM

ខ្ញុំសម្លឹងមើលបុរសជាទីស្រលាញ់របស់ខ្ញុំដើរចេញពីក្នុងបន្ទប់ទឹកដោយស្លៀកកន្សែងពោះគោពណ៌សបញ្ចេញសាច់ដុំល្វែងលើហាក់បង្អួតភ្នែកខ្ញុំយ៉ាងគឃ្លើន។ មួយអាទិត្រនេះ គាត់ហាក់ព្យាយាមគេចភ្នែកពីខ្ញុំប្លែក។  គាត់បើកទូរខោអាវយកសម្លៀកបំពាក់ធ្វើការចេញមកស្លៀកពាក់។ ខ្ញុំក្រោកពីលើគ្រែដោយមានតែខោខ្លីកំប៉ិតជាប់ខ្លួន ដើរទៅដាក់ឡេវអាវឲ្យគាត់។ គាត់មិនទាន់ដឹងទេថា ខ្ញុំបានឃើញធៀបការក្នុងកាបូបរបស់គាត់រួចទៅហើយ។ សំឡុសអាវឲ្យគាត់រួចហើយ ខ្ញុំជំទើតទៅថើបបបូរមាត់គាត់ថ្នមៗ។

  • យប់នេះអូនកុំចាំបងអី! នៅផ្ទះបងមានធុរៈបន្តិច។
  • បាទ! ចុះស្អែក?
  • មិនទាន់ដឹងទេ! ចាំបងខលប្រាប់ណា! បងទៅហើយ!

ក្រិប! គាត់យកកាបូបធ្វើការហើយដើរចេញទៅ។ រយៈពេលបួនឆ្នាំដែលខ្ញុំរស់នៅជាមួយបង! រយៈពេលបួនឆ្នាំដែលខ្ញុំគិតថា តទៅខ្ញុំនឹងបងគឺជាបច្ចុប្បន្ន និងជាអនាគត។ តែរយៈពេលបួនឆ្នាំដែលខ្ញុំគិតខុស ជឿពាក្យសម្ដីដែលបងប្រាប់ថា ខ្ញុំម្នាក់គត់គឺជាមនុស្សប្រុសដែលបងស្រលាញ់។ ខ្ញុំគិតថាបងអាចលះបង់ភាពជាឪពុក លះបង់ព្រោះបងពេញចិត្តនឹងជីវិតបែបនេះជាជាងអ្វីដែលមនុស្សជាច្រើននៅលើលោកគេធ្វើ។ បួនឆ្នាំដែលខ្ញុំមិនដឹងថា បងគ្រាន់តែយកខ្ញុំកំដរអារម្មណ៍ កំដរជីវិតលើគ្រែ កំដរភាពឯការ ព្រោះបងកំពុងពេញចិត្តនឹងជីវិតប្រុសស្រលាញ់ប្រុសជាងអ្វីៗទាំងអស់។ តែខ្ញុំមិនដែលនឹកស្មានសោះថា បងកំពុងប្រើប្រាស់ខ្ញុំជាឧបករណ៍ ក្នុងពេលដែលបងកំពុងសន្សំប្រាក់ដើម្បីសាងគ្រួសារ។ បងយកខ្ញុំគ្រាន់តែបំពេញតំរេកតណ្ហាប្រុសស្រលាញ់ប្រុស សាច់ដុំមាំមួន ភាពរឹងមាំ រហូតដល់គិតថាបងល្មមអាចឆ្អែតឆ្អន់ ហើយអាចកាត់បន្ថយជីវិតបែបនេះ និងគ្មានថ្ងៃទៅសាងគ្រួសារនឹងមនុស្សស្រីវិញ។ បួនឆ្នាំដែលខ្ញុំល្ងង់ បួនឆ្នាំដែលខ្ញុំខំធ្វើការសន្សំប្រាក់ ហើយក៏ចាយវាយជាមួយមនុស្សដែលខ្ញុំស្រលាញ់ ទាំងមិនដឹងថាប្រុសដែលខ្ញុំស្រលាញ់នោះកំពុងសំងំធ្វើការសន្សំប្រាក់ការប្រពន្ធ កសាងគ្រួសារ និងទិញវីឡារស់នៅដោយក្ដីសុខ។

មែន! ខ្ញុំដឹងថាគេមិនខុស…ខ្ញុំដឹងថានេះជាជំរើសរបស់គេ តែខ្ញុំនៅតែមិនអស់ចិត្ត។ ខ្ញុំនៅតែមិនសុខចិត្តថាហេតុអ្វីក៏ខ្ញុំគ្រាន់តែជាមនុស្សល្ងង់ម្នាក់ ជាមនុស្សដែលគេកុហករហូតមក។ ខ្ញុំក៏ដឹងច្បាស់ណាស់ថា ចង់ឃាត់មនុស្សម្នាក់ដែលចង់ដើរចេញពីជីវិតយើង មានតែយើងប៉ុណ្ណោះជាអ្នកឈឺចាប់ ព្រោះគេនឹងធ្វើគ្រប់យ៉ាងរហូតដល់យើងឆ្អែតឆ្អន់ ទ្រាំទ្រលែងបានហើយក៏ព្រមឲ្យគេទៅ។

ខ្ញុំគឺបែបនេះឯង! ទីបំផុតខ្ញុំនៅតែព្រមឲ្យគេទៅ។ ចុះខ្ញុំ? តើឲ្យខ្ញុំធ្វើយ៉ាងណា? ទម្រាំគេដោះដៃចេញទៅ ខ្ញុំឈានដល់អាយុ ២៧ឆ្នាំ។ ខ្ញុំឈានដល់អាយុដែលខ្ញុំអស់សង្ឃឹម ថានឹងពិបាកបំភ្លេចម្នាក់នោះ ហើយក៏ពិបាកនឹងមានគេមកទទួលយកមនុស្សចាស់ដូចខ្ញុំ។ ខ្ញុំចង់សងសឹក តែខ្ញុំមិនចង់រស់ក្នុងសភាពឈឺចាប់ និងក្ដៅក្រហាយបែបនេះនោះទេ។ ខ្ញុំត្រូវរស់ដូចពីមុនម្ដងទៀត។ នៅម្នាក់ឯង គ្មានមិត្តភក្ដិសេពគប់សប្បាយ ឬចែករំលែកពេលមិនសប្បាយចិត្ត។ ខេត្តសៀមរាបអ៊ូរអរ ហើយមានកន្លែងខ្លះក៏ស្ងប់ស្ងាត់ គួរឲ្យចង់រស់នៅ គឺគួរឲ្យចង់រស់នៅដូចពេលខ្ញុំនៅម្នាក់ឯង ដើររើសស្លឹកឈើចាស់ៗមកគៀបក្នុងសៀវភៅ និយាយម្នាក់ឯងជាមួយសៀវភៅកំណត់ហេតុ រួចក៏ចេញទៅធ្វើការពីព្រលឹមជាមួយភ្ញៀវទេសចរដូចពីមុន។ ជាចុងក្រោយ រឿងដែលកើតចំពោះខ្ញុំបួនឆ្នាំកន្លងមកនេះ នឹងរលាយចេញពីជីវិតខ្ញុំបន្តិចម្ដងៗ អាចនឹងឆាប់ៗនេះ ពីរខែ កន្លះឆ្នាំ ឬមួយឆ្នាំទៅមុខ។ ខ្ញុំសង្ឃឹមថាថ្ងៃណាមួយរឿងទាំងនេះ នឹងក្លាយទៅជាសំណកប៉ាកកាលើសៀវភៅកំណត់ហេតុ ឬជាសុបិនអាក្រក់ដែលមកលងខ្ញុំម្ដងម្កាល។ សង្ឃឹមថាថ្ងៃណាមួយ មនុស្សម្នាក់នោះនឹងរស់នៅដោយសុភមង្គលជាមួយក្រុមគ្រួសារគេ ឬឈឺចាប់ដូចអ្វីដែលគេធ្វើចំពោះខ្ញុំដែរ។

ស្នេហាជារឿងរបស់មនុស្សពីរនាក់សាងឡើងមកជាមួយគ្នាដោយក្ដីពេញចិត្តរៀងៗខ្លួន ប៉ុន្តែវាមិនមែនជារឿងល្ខោនដែលសម្ដែងឡើងហើយក៏បញ្ចប់ទៅវិញ ដោយតួអង្គក្នុងសាច់រឿងអាចត្រឡប់ទៅផ្ទះរៀងខ្លួន ហើយអាចគេងលក់ដោយស្កប់ស្កល់នោះឡើយ។ ខ្ញុំក៏ដូចគ្នា អ្វីដែលខ្ញុំសាងឡើងជាមួយអ្នក មិនមែនជាការសម្ដែងឡើយ តាំងពីដើមរហូតដល់ទីបញ្ចប់…

និពន្ធដោយ ឌីយ៉ា