កុហក – សេណារីយោភាពយន្តខ្នាតខ្លី

កុហក

និពន្ធដោយ

មួង វ៉ាន់ឌី

ផ្អែកលើរឿងពិតមួយផ្នែកនៃសង្គមគ្រួសារខ្មែរ

កំណែទី ១

d
Credited to – Sarah B –

ខាងក្នុង – ផ្ទះរបស់លក្ខណ៍ 

ពេលព្រឹក

ពន្លឺព្រះអាទិត្ររះឡើងចាំងនឹងសន្លឹកឈើពណ៌បៃតងចាស់នៅមាត់បង្អួច រួចចាំងទៅលើក្បាលមនុស្សស្រីម្នាក់ដែលកំពុងផ្កាប់មុខទៅនឹងកម្រាលឥដ្ឋការ៉ូពណ៌លឿងស។ ក្បាលនាងចាប់ផ្ដើមកម្រើកតិចៗ រួចបែរឡើងមកលើយឺតៗ។ ដោយមានសក់ជាប់បាយបន្តិចគ្របមុខ ភ្នែកនាងសម្លឹងមើលទៅលើពិដានឥតព្រិច។

លក្ខណ៍ (ពោល)

គាត់ថាគាត់វាយខ្ញុំព្រោះគាត់ស្រលាញ់ខ្ញុំពេក។ ខ្ញុំក៏ជឿគាត់។

ពិដានពុកផុយពណ៌ខ្មៅ មានស្នាមប្រតាកដោយស្លែកាន់ និងថ្នាំពណ៌សដែលប្រែជាពណ៌ខ្មៅរបកដោយអន្លើៗ។

លក្ខណ៍ (ពោល ត)

គាត់ថា ព្រោះតែកំហុសរបស់ខ្ញុំ។ បើខ្ញុំមិនធ្វើខុស គាត់ក៏មិន

ធ្វើបែបនេះដាក់ខ្ញុំដែរ។  ខ្ញុំគិតថាគាត់និយាយត្រូវ។

លក្ខណ៍បន្តសម្លឹងមើលពិដានផ្ទះដ៏ចាស់របស់ខ្លួន រួចមកមើលជញ្ជាំងផ្ទះដែលមានតាំងរូបថតគ្រួសាររបស់នាង។ នាងបន្តសម្លឹងចុះមកទ្វារបង្អួចដែលស្ទើរតែរបេះចេញ។ សន្សឹមៗនាងមើលចុះមករនាបឥដ្ឋដែលមានបំណែកតូចៗនៃចានបាយ និងម្ហូបអាហាររាយពាសពេញក្បែរភ្នែករបស់នាង។ ភ្នែកនាងសម្លឹងភ្លឹះៗ មើលទៅដូចមនុស្សរុក្ខជាតិដែលលែងចេះគិតអ្វីទៀត។ ទឹកភ្នែកមួយដំណក់ហូរចុះមក គ្រប់យ៉ាងហាក់ប្រែជាស្រអាប់។   

ខាងក្នុង – បន្ទប់ដេករបស់លក្ខណ៍

ពេលល្ងាច

អំពូលពងមាន់តូចមួយបញ្ចេញពន្លឺស្រអាប់។ ដៃលក្ខណ៍កាន់អាវយឺតសប្រឡាក់ស្នាមក្រែម។ ដៃបុរសម្នាក់មកកាន់ស្មារបស់លក្ខណ៍។

លក្ខណ៍ (ពោល ត)

គាត់ថាគាត់ស្រលាញ់តែខ្ញុំម្នាក់គត់។ អ្នកផ្សេងគ្រាន់តែជាការ

លេងសើច។ ខ្ញុំតូចចិត្ត តែខ្ញុំជឿលើគាត់។

គេហាក់និយាយអ្វីម្យ៉ាងទៅកាន់នាង។ ដៃលក្ខណ៍ក្ដាប់អាវយឺតយ៉ាងណែន រួចពន្លាដៃបន្តិចម្ដងៗពីអាវយឺត។ ប្ដីរបស់លក្ខណ៍ដើរចេញក្រៅ ហើយបិទទ្វារបន្ទប់ ទុកឲ្យលក្ខណ៍នៅម្នាក់ឯង។

ដៃប្ដីរបស់លក្ខណ៍បើកទ្វារបន្ទប់ដេក។ លក្ខណ៍កំពុងអង្គុយលើគ្រែដេក។

លក្ខណ៍ (ពោល ត)

គាត់ថា កូនច្បងរបស់យើងស្លាប់ ជាកំហុសរបស់ខ្ញុំ ព្រោះខ្ញុំមិន

បានមើលថែកូនឲ្យល្អគ្រប់គ្រាន់។ គឺខ្ញុំ…

លក្ខណ៍ស្លៀកពាក់ខ្មៅ ដៃអោបស៊ុមរូបថតសខ្មៅមួយផ្ទាំងធំយ៉ាងណែន។ នាងយំខ្សឹកខ្សួលតែម្នាក់ឯង។

កាត់ទៅកាន់ប្លង់៖ 

ខាងក្នុង – ផ្ទះរបស់លក្ខណ៍

ពេលព្រឹក

សម្លេងងឺងពេញត្រចៀករបស់លក្ខណ៍។ ភ្នែកនាងស្រវាំងដោយទឹកភ្នែកប្រែជាស្រលះវិញ។ នាងសម្លឹងមើលនាឡិកាដែលដើរតឹកៗ។ នាឡិកាវិលថយក្រោយយ៉ាងលឿន។

កាត់ទៅកាន់ប្លង់៖ 

ខាងក្នុង – ផ្ទះរបស់លក្ខណ៍

មួយម៉ោងមុន

លក្ខណ៍ដួលផ្កាប់មុខនឹងឥដ្ឋការ៉ូ។ ស្របពេលតែមួយ ចានបាយម្ហូបធ្លាក់មកលើឥដ្ឋក្បែរនាង។

លក្ខណ៍ (ពោល)

គាត់ថា ស្រីទន់ខ្សោយដូចខ្ញុំ គួរតែនៅផ្ទះដូចស្រីដទៃទៀត។

គាត់មានសមត្ថភាពគ្រប់គ្រាន់នឹងចិញ្ចឹមខ្ញុំ។ ខ្ញុំគិតថាគាត់និយាយត្រូវ…

បាយម្ហូបរាយពេញឥដ្ឋនៅមុខនាង។ នាងកាន់ប្រាក់ ១០០០រៀលបួនប្រាំសន្លឹកក្នុងដៃយ៉ាងណែន។

លក្ខណ៍ (ពោល ត)

តែពេលនេះ…

លក្ខណ៍ព្រលែងលុយទាំងអស់ចោលទៅលើឥដ្ឋ។ នាងងើបអង្គុយ។ ទាំងសក់ដ៏សំពីងសំពោង នាងប្រឹងលើកខ្នងដ៏ស្គមកំព្រឹងរបស់នាង ហើយបែរទៅមាត់ទ្វារដែលមានពន្លឺថ្ងៃចាំងចូលមក។

លក្ខណ៍ (ពោល ត)

ខ្ញុំត្រូវចំណាយពេលជាច្រើនឆ្នាំ ដើម្បីរស់នៅ

ដោយគ្មានភាពភ៏យខ្លាចដូចអ្នកដទៃ។

ថ្ងៃជះមកលើផ្ទៃមុខដែលពោរពេញទៅដោយស្នាមជាំរបស់លក្ខណ៍។

លក្ខណ៍ (ពោល ត)

ខ្ញុំជឿថា ធ្វើរឿងត្រឹមត្រូវមួយ មិនចាំបាច់ទាល់តែល្អឥតខ្ចោះ

ទើបខ្ញុំអាចធ្វើទៅបាននោះទេ។ 

លក្ខណ៍ក្រោកឈរឡើង ហើយដើរចុះតាមជណ្ដើរមកក្រៅផ្ទះ។ 

ខាងក្រៅ – មុខផ្ទះរបស់លក្ខណ៍

ពេលព្រឹក

ដៃរបស់លក្ខណ៍កាន់ក្រដាសសមួយសន្លឹក។

លក្ខណ៍ (ពោល)

ខ្ញុំសប្បាយចិត្តដែលកូនពៅរបស់ខ្ញុំគ្មានមេរោគអេដស៍…

ដូចខ្ញុំ នឹងឪពុករបស់គេ។

កូនរបស់លក្ខណ៍រត់មកអោបចង្កេះនាង។ ក្រដាសនៅដៃម្ខាងទៀតនោះពន្លាចេញមក។ សញ្ញា អវិជ្ជមាន បង្ហាញយ៉ាងច្បាស់នៅលើក្រដាសនោះលទ្ធផលពិនិត្យឈាម។

លក្ខណ៍ (ពោល ត)

ខ្ញុំជឿថា ខ្ញុំស្រលាញ់កូនខ្ញុំគ្រប់គ្រាន់ ហើយខ្ញុំបានព្យាយាម

ផ្ដល់សុភមង្គលដល់គេច្រើនគ្រប់គ្រាន់តាមដែលខ្ញុំអាចធ្វើទៅបានរួចហើយ។

នាងងាកក្រោយ ទៅមើលសម្បកផ្ទះរបស់នាង។ ផ្ទៃមេឃល្ហល្ហេវ។ ផ្ទៃមុខរបស់លក្ខណ៍ពេលនេះហាក់ស្មើ មិនបង្ហាញពីទុក្ខព្រួយ ឬការឈឺចាប់ឡើយ។

កាត់ទៅកាន់ប្លង់៖

ខាងក្នុង – ផ្ទះរបស់លក្ខណ៍

ពេលព្រឹក

មុខរបស់លក្ខណ៍នៅលើកម្រាលឥដ្ឋ

កាត់ទៅកាន់ប្លង់៖ 

ខាងក្នុង – បន្ទប់ដេករបស់លក្ខណ៍

ពេលល្ងាច

មុខរបស់លក្ខណ៍ពេលនាងកំពុងអង្គុយលើគ្រែជាមួយអាវយឺតប្រលាក់ក្រែមរបស់ប្ដីនាង

កាត់ទៅកាន់ប្លង់៖

មុខរបស់លក្ខណ៍ពេលនាងកំពុងអង្គុយអោបស៊ុមរូបថតកូនច្បងរបស់នាង

កាត់ទៅកាន់ប្លង់៖   

ខាងក្រៅ – ផ្ទះរបស់លក្ខណ៍

ពេលព្រឹក

លក្ខណ៍ (ពោល)

ហើយពេលនេះ…ខ្ញុំជឿថា ខ្ញុំអាចធ្វើអ្វីបានច្រើនជាងនេះ…

មុខរបស់លក្ខណ៍ពេលនាងកំពុងឈរជាមួយកូនប្រុសនាង។

Fade

លក្ខណ៍ (ពោល ត)

ពេញមួយជីវិតនេះ យើងអាចនឹងឮពាក្យកុហកជាច្រើន។

ទោះយើងមិនអាចបញ្ឈប់ពាក្យកុហកទាំងនោះបាន… 

ខាងក្រៅ – ក្នុងតូបតូចមួយ

ពេលយប់

ក្នុងតូបតូចមួយ លក្ខណ៍អង្គុយក្បែរកូនរបស់នាងក្នុងសម្លៀកបំពាក់ស្អាតបាត។ កូនប្រុសនាងស្លៀកខោខ្លី អាវយឺតប្រផេះកាន់សៀវភៅមួយក្បាលនៅក្នុងដៃ។

លក្ខណ៍ (ពោល)

តែយើងក៏អាចប្រាប់ការពិតដល់ខ្លួនឯង និងរស់នៅក្នុង

ជីវិតដែលពេញដោយសុភមង្គលបាន។

អ្នកទាំងពីរញញឹមយ៉ាងមានក្ដីសុខ។ ហើយកូនរបស់នាងរត់មកមុខកាមេរ៉ាហើយចុចបិទកាមេរ៉ា។

-ចប់-

របៀបធ្វើការបែបឆ្លាតជាមួយមនុស្សយ៉ាប់ៗ

20150417163249-trust-most-important-part-know-like-trust-business-people-talking-meeting-disagreements-woman-man

ធ្វើការជារៀងរាល់ថ្ងៃ អ្នកតែងជួបជាមួយមនុស្សគ្រប់ប្រភេទ ទាំងល្អ ទាំងយ៉ាប់។ មនុស្សយ៉ាប់តែធ្វើឲ្យការងាររបស់យើងដំណើរការទៅបានដោយពិបាក។ ពេលខ្លះមនុស្សយ៉ាប់ៗទាំងនោះ អាចជាអតិថិជន ឬអ្នករួមការងារជាមួយយើង។

តាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Friedrich Schiller University បង្ហាញថា ស្ត្រេស ឬភាពតានតឹង អាចបណ្ដាលឲ្យយើងមានបញ្ហាខួរក្បាលធ្ងន់ធ្ងរប្រសិនបើមិនទប់ស្កាត់ ឬបំបាត់ដើមហេតុបង្កភាពតានតឹង។ មូលហេតុមួយដែលបង្កភាពតានតឹង គឺការរងគ្រោះ ឬបង្កបញ្ហាពីមនុស្សប្រភេទបង្ករឿង ឬមនុស្សយ៉ាប់ៗក្នុងពេលធ្វើការ។

មនុស្សដែលឆ្លាតតែងមានវិធីសាស្ត្រដោះស្រាយបញ្ហាជាមួយមនុស្សបែបនេះ។ ខាងក្រោមនេះជាវិធីសាស្ត្រគ្រប់គ្រងស្ថានការណ៍ប្រចាំថ្ងៃជាមួយពួកគេ៖

  1. កំណត់ព្រំដែន៖ មនុស្សយើងត្រូវមានព្រំដែនកំណត់។ ប្រសិនបើមនុស្សដែលយើងជួបប្រទះពូកែរអ៊ូររទាំ បង្កើតភាពអួរអាប់ អ្នកញៀនបារី។ល។ យើងត្រូវកំណត់ព្រំដែនភាពអត់ធ្មត់របស់យើង។ ការកំណត់ព្រំដែនប្រកបដោយភាពវ័យឆ្លាត គឺការបង្ហាញពីបញ្ហាដោយប្រយោលឲ្យគេដឹង ហើយសុំមតិយោបល់របស់គេក្នុងការដោះស្រាយបញ្ហាដែលគេបង្កើតវិញ។ ភាគច្រើន គឺពួកគេរអៀសខ្លួន ហើយងាកមកប្រឹក្សាជាមួយយើងប្រកបដោយប្រសិទ្ធិភាពវិញ។
  2. កុំចង់ឈ្នះ៖ ចាញ់ជាព្រះ ឈ្នះជាមារ! តែអ្នកមិនចាំបាច់ចាញ់នោះទេ ទោះអ្នកមិនចង់ឈ្នះក៏ដោយ។ ជានិច្ចកាល មនុស្សដែលចូលចិត្តបង្កបញ្ហាចូលចិត្តឲ្យយើងតបតមាត់ ឈ្លោះបកវិញ។ តែយើងត្រូវសម្រួលអារម្មណ៍ ដកដង្ហើមវែងៗ ថយក្រោយបន្តិច កុំប្រើអារម្មណ៍ជាមួយគេវិញ រួចចាត់ទុកគេដូចជាកណ្ដុរពិសោធន៍របស់យើង។ យើងត្រូវទាញគេមកនិយាយដោយហេតុផលវិញ។
  3. កុំប្រកែកនឹងមនុស្សឆ្កួត៖ ប្រសិនបើអ្នកដើរផ្សារ ហើយស្រាប់តែមានម្នាក់មកប្រាប់ថា គេគឺជាព្រះបាទជ័យវរ្ម័នទិ ៧។ អ្នកប្រាកដជាមិននិយាយរកអ្នកនោះទេ។ ដូចគ្នាដែរ ប្រសិនបើនៅកន្លែងធ្វើការមានមនុស្សដែលបង្ហាញថា គេគឺជាមនុស្សអច្ឆរិយៈ (អត់ដែលខុស) អ្នកគួរតែទុកពេលវេលាដ៏មានតម្លៃរបស់អ្នកធ្វើអ្វីដែលមានតម្លៃវិញ។ អ្នកគួរតែញញឹម ងក់ក្បាលស្របតាម ហើយដើរចេញពីគេជាការល្អជាង។
  4. គ្មានមនោសញ្ចេតនា៖ បច្ចុប្បន្នមនុស្សចូលចិត្តឲ្យគេយល់ចិត្តក្នុងរយៈពេលខ្លី។ គេគិតថា ធ្វើការជាមួយគ្នា យល់ចិត្តគ្នា ប្រើអារម្មណ៍មិនល្អជះដាក់គ្នាក៏មិនអី។ អ្នកគួរបែងចែកឲ្យច្បាស់ពីមនោសញ្ចេតនា និងការងារ។ ប្រសិនបើអ្នកឆ្លាត អ្នកប្រាកដជាអាចដឹងមុនថា គេគិតអី ហើយនឹងធ្វើអីខ្លះតាមចរិតគេ។ យកល្អ អ្នកគួរដកឃ្លាចេញពីមនុស្សឆេវឆាវបែបនេះ ដោយកុំដាក់ខ្លួនឲ្យស្និទ្ធិស្នាលដូចមិត្តរួមការងារដទៃទៀតពេក។
  5. រើសពេលឈ្លោះ៖ មនុស្សបង្ករឿង ចូលចិត្តនាំឈ្លោះឥតគិតពេលវេលា។ បើអ្នកឆ្លាត អ្នកគួរបែងចែកថា កាលៈទេសៈណា រឿងហេតុសំខាន់ណាខ្លះ ដែលសក្ដិសមឲ្យអ្នកចំណាយពេល និងកំលាំងក្នុងការជជែកវែកញែក។ រឿងខ្លះ ដែលគ្មានប្រយោជន៍ អ្នកគួរតែដកខ្លួនចេញ ធ្វើការងារផ្សេងវិញ។
  6. កុំផ្ដោតលើចរិតមនុស្ស៖ តែអ្នកត្រូវផ្ដោតលើវិធីសាស្ត្រក្នុងការយកឈ្នះ ឬឡើងឲ្យខ្ពស់ផុតមនុស្សចរិតមិនល្អវិញ។ ពេលខ្លះយើងភ្លេចគិតពីដំណោះស្រាយ ដោយយើងគិតតែពីបញ្ហាដែលបង្កឡើងពីគេ។ ឈប់គិតថា គេជាមនុស្សពិបាកដោះស្រាយជាមួយ តែត្រូវរកវិធីងាយៗដោះស្រាយជាមួយគេវិញ។
  7. ចេះបំភ្លេច៖ មនុស្សឆ្លាតមិនយកខួរក្បាលទៅចងចាំកំហុសអ្នកដទៃនោះទេ។ មនុស្សឆ្លាត ឬ Emotional Intelligent person មិនចូលចិត្តទូលបន្ទុក ឬកំហឹងនោះទេ។ គេចូលចិត្តរស់នៅដោយស្រាលខ្លួន ដើម្បីដើរទៅមុខដោយរីករាយ។
  8. និយាយតែខ្លួនឯង៖ មនុស្សល្ងង់ជជែកចុះឡើងជាមួយចិត្តខ្លួនឯងនូវរឿងអគតិ។ មនុស្សឆ្លាតយករឿងល្អៗមកដាក់ខ្លួន ជជែកវែកញែកនឹងចិត្តខ្លួនឯងក៏លើកតែរឿងវិជ្ជមានដែរ។ ការគិតវិជ្ជមានធ្វើឲ្យយើងមានសុខភាពល្អខាងផ្លូវចិត្ត។

សរុបរួម ការគិតបែបវិជ្ជមាន ដោះស្រាយបញ្ហាដោយវិជ្ជមាន មិនអនុញ្ញាតឲ្យអារម្មណ៍មិនល្អពីអ្នកដទៃគ្រប់គ្រងខ្លួនឯង និងធ្វើរឿងត្រឹមត្រូវតាមកាលៈទេសៈនឹងធ្វើឲ្យមនុស្សឆ្លាត មានសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ វាជាលំហាត់សម្រាប់មនុស្សឆ្លាតក្នុងការបង្កើនភាពច្នៃប្រឌិត នវានុវត្តន៍ និងការបំពេញធុរៈកិច្ចប្រកបដោយប្រសិទ្ធិភាព។

ប្រភព៖ How Smart People Deal with Difficult People

អ្នកនិពន្ធ

13698201_591521304343000_1727667489973615746_o.jpg

ថ្ងៃនេះខ្ញុំបានប្រជុំគ្នានៅបណ្ណាល័យបញ្ញវន្តជាមួយនឹងបង សុខ ចាន់ផល និងប្អូនអ្នកចូលចិត្តក្នុងការនិពន្ធជាច្រើននាក់ទៀត ដើម្បីពិភាក្សាគ្នាពីការសរសេរសេណារីយោកុនរឿងថ្មី។

និយាយដោយខ្លី ការប្រជំុនេះប្រកបដោយផលផ្លែល្អណាស់។ អ្វីដែលខ្ញុំបានដឹង ហើយក៏បានស្ដាប់ម្ដងទៀតគឺ មតិរបស់ក្រុមយើងពីឥទ្ធិពលរបស់អ្នកនិពន្ធ ឬម្ចាស់នៃការផ្សព្វផ្សាយ។ យើងបានលើកឡើងថា រឿងពីដើម ដូចជារឿងចិន ឬរឿងខ្មែរអីជាដើម អ្នកនិពន្ធបានសរសេរតាំងពីការចាប់ផ្ដើម រហូតដល់បញ្ចប់ដោយគំនុំគំុគួន ការសងសឹកមិនចប់មិនហើយជាដើម។ បច្ចុប្បន្ននេះវិញ ដូចជារឿងមួយភាគចប់របស់ថៃ ឬអាមេរិកជាដើម អ្នកនិពន្ធបានប្ដូរទិសដៅ អត្តចរិតនៃរឿងទៅជាបរិបទអ្នកបង្កើតសន្តិភាពវិញ។

ពិតមែនហើយ! ក្នុងនាមជាអ្នកនិពន្ធដ៏ល្បី ប្រសិនបើស្នាដៃយើងចេញទៅហើយ មានមនុស្សចាប់អារម្មណ៍ច្រើន នោះមនុស្សនឹងមានទំនោរការគិតដូចនេះភាគច្រើន។ អ្នកនិពន្ធផ្ទាល់ក៏មិនគួរឲ្យមនុស្សជំុវិញខ្លួនអូសទាញ ឬផ្លាស់ប្ដូរការគិតរបស់ខ្លួនឡើយ។ ការសម្របការងារនិពន្ធទៅតាមទីផ្សារ ចំណង់ចំណូលចិត្តនឹងធ្វើឲ្យទឹកដៃការនិពន្ធចុះខ្សោយ ព្រមទាំងយើងជាអ្នកនិពន្ធផ្ទាល់មិនអាចផ្លាស់ប្ដូរការគិតអវិជ្ជមានរបស់មនុស្សឲ្យមកផ្លូវត្រូវវិញបាន។

អ្នកនិពន្ធល្បីៗបច្ចុប្បន្ននេះ បានបញ្ចេញស្នាដៃល្អៗជាច្រើន។ ក្នុងចំណោមស្នាដៃល្អៗទាំងនោះ មានទាំងគុណភាព និងគុណតម្លៃអប់រំ ជាពិសេសទាក់ទាញការចាប់អារម្មណ៍របស់ទស្សនិកជនទៀតផង។ ដូចជាថ្មីៗនេះមានរឿង The Teacher Diary, Take Me Home, Conjuring II, Inside Out, Zootopia ជាដើម សុទ្ធសឹងជាស្នាដៃល្អៗ។ វាអាចជាអ្វីដែលទស្សនិកជនមិនឲ្យតម្លៃពីមុន តែក្រោយពេលទស្សនាហើយ ស្នាដៃថ្មីទាំងនេះគឺអាចទទួលយកបាន ហើយហោចណាស់វាអាចផ្លាស់ប្ដូរផ្នត់គំនិតរបស់មនុស្សយើងឲ្យយល់នូវអ្វីដែលល្អៗពីក្នុងរឿងផងដែរ។

សង្ឃឹមថាអ្វីដែលយើងព្យាយាមថ្ងៃនេះដើម្បីអនាគតនៃការផលិតភាពយន្តនៅកម្ពុជាកាន់តែល្អប្រសើរជាងនេះទៅចុះ។ យើងមិនអាចបន្ទោសជនជាតិខ្មែរថាមិនគាំទ្រផលិតផលខ្មែរ នៅពេលផលិតករខ្លួនឯងមិនបានយកចិត្តទុកដាក់ទៅលើស្នាដៃរបស់ខ្លួនផងនោះទេ។