របៀបធ្វើការបែបឆ្លាតជាមួយមនុស្សយ៉ាប់ៗ

20150417163249-trust-most-important-part-know-like-trust-business-people-talking-meeting-disagreements-woman-man

ធ្វើការជារៀងរាល់ថ្ងៃ អ្នកតែងជួបជាមួយមនុស្សគ្រប់ប្រភេទ ទាំងល្អ ទាំងយ៉ាប់។ មនុស្សយ៉ាប់តែធ្វើឲ្យការងាររបស់យើងដំណើរការទៅបានដោយពិបាក។ ពេលខ្លះមនុស្សយ៉ាប់ៗទាំងនោះ អាចជាអតិថិជន ឬអ្នករួមការងារជាមួយយើង។

តាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Friedrich Schiller University បង្ហាញថា ស្ត្រេស ឬភាពតានតឹង អាចបណ្ដាលឲ្យយើងមានបញ្ហាខួរក្បាលធ្ងន់ធ្ងរប្រសិនបើមិនទប់ស្កាត់ ឬបំបាត់ដើមហេតុបង្កភាពតានតឹង។ មូលហេតុមួយដែលបង្កភាពតានតឹង គឺការរងគ្រោះ ឬបង្កបញ្ហាពីមនុស្សប្រភេទបង្ករឿង ឬមនុស្សយ៉ាប់ៗក្នុងពេលធ្វើការ។

មនុស្សដែលឆ្លាតតែងមានវិធីសាស្ត្រដោះស្រាយបញ្ហាជាមួយមនុស្សបែបនេះ។ ខាងក្រោមនេះជាវិធីសាស្ត្រគ្រប់គ្រងស្ថានការណ៍ប្រចាំថ្ងៃជាមួយពួកគេ៖

  1. កំណត់ព្រំដែន៖ មនុស្សយើងត្រូវមានព្រំដែនកំណត់។ ប្រសិនបើមនុស្សដែលយើងជួបប្រទះពូកែរអ៊ូររទាំ បង្កើតភាពអួរអាប់ អ្នកញៀនបារី។ល។ យើងត្រូវកំណត់ព្រំដែនភាពអត់ធ្មត់របស់យើង។ ការកំណត់ព្រំដែនប្រកបដោយភាពវ័យឆ្លាត គឺការបង្ហាញពីបញ្ហាដោយប្រយោលឲ្យគេដឹង ហើយសុំមតិយោបល់របស់គេក្នុងការដោះស្រាយបញ្ហាដែលគេបង្កើតវិញ។ ភាគច្រើន គឺពួកគេរអៀសខ្លួន ហើយងាកមកប្រឹក្សាជាមួយយើងប្រកបដោយប្រសិទ្ធិភាពវិញ។
  2. កុំចង់ឈ្នះ៖ ចាញ់ជាព្រះ ឈ្នះជាមារ! តែអ្នកមិនចាំបាច់ចាញ់នោះទេ ទោះអ្នកមិនចង់ឈ្នះក៏ដោយ។ ជានិច្ចកាល មនុស្សដែលចូលចិត្តបង្កបញ្ហាចូលចិត្តឲ្យយើងតបតមាត់ ឈ្លោះបកវិញ។ តែយើងត្រូវសម្រួលអារម្មណ៍ ដកដង្ហើមវែងៗ ថយក្រោយបន្តិច កុំប្រើអារម្មណ៍ជាមួយគេវិញ រួចចាត់ទុកគេដូចជាកណ្ដុរពិសោធន៍របស់យើង។ យើងត្រូវទាញគេមកនិយាយដោយហេតុផលវិញ។
  3. កុំប្រកែកនឹងមនុស្សឆ្កួត៖ ប្រសិនបើអ្នកដើរផ្សារ ហើយស្រាប់តែមានម្នាក់មកប្រាប់ថា គេគឺជាព្រះបាទជ័យវរ្ម័នទិ ៧។ អ្នកប្រាកដជាមិននិយាយរកអ្នកនោះទេ។ ដូចគ្នាដែរ ប្រសិនបើនៅកន្លែងធ្វើការមានមនុស្សដែលបង្ហាញថា គេគឺជាមនុស្សអច្ឆរិយៈ (អត់ដែលខុស) អ្នកគួរតែទុកពេលវេលាដ៏មានតម្លៃរបស់អ្នកធ្វើអ្វីដែលមានតម្លៃវិញ។ អ្នកគួរតែញញឹម ងក់ក្បាលស្របតាម ហើយដើរចេញពីគេជាការល្អជាង។
  4. គ្មានមនោសញ្ចេតនា៖ បច្ចុប្បន្នមនុស្សចូលចិត្តឲ្យគេយល់ចិត្តក្នុងរយៈពេលខ្លី។ គេគិតថា ធ្វើការជាមួយគ្នា យល់ចិត្តគ្នា ប្រើអារម្មណ៍មិនល្អជះដាក់គ្នាក៏មិនអី។ អ្នកគួរបែងចែកឲ្យច្បាស់ពីមនោសញ្ចេតនា និងការងារ។ ប្រសិនបើអ្នកឆ្លាត អ្នកប្រាកដជាអាចដឹងមុនថា គេគិតអី ហើយនឹងធ្វើអីខ្លះតាមចរិតគេ។ យកល្អ អ្នកគួរដកឃ្លាចេញពីមនុស្សឆេវឆាវបែបនេះ ដោយកុំដាក់ខ្លួនឲ្យស្និទ្ធិស្នាលដូចមិត្តរួមការងារដទៃទៀតពេក។
  5. រើសពេលឈ្លោះ៖ មនុស្សបង្ករឿង ចូលចិត្តនាំឈ្លោះឥតគិតពេលវេលា។ បើអ្នកឆ្លាត អ្នកគួរបែងចែកថា កាលៈទេសៈណា រឿងហេតុសំខាន់ណាខ្លះ ដែលសក្ដិសមឲ្យអ្នកចំណាយពេល និងកំលាំងក្នុងការជជែកវែកញែក។ រឿងខ្លះ ដែលគ្មានប្រយោជន៍ អ្នកគួរតែដកខ្លួនចេញ ធ្វើការងារផ្សេងវិញ។
  6. កុំផ្ដោតលើចរិតមនុស្ស៖ តែអ្នកត្រូវផ្ដោតលើវិធីសាស្ត្រក្នុងការយកឈ្នះ ឬឡើងឲ្យខ្ពស់ផុតមនុស្សចរិតមិនល្អវិញ។ ពេលខ្លះយើងភ្លេចគិតពីដំណោះស្រាយ ដោយយើងគិតតែពីបញ្ហាដែលបង្កឡើងពីគេ។ ឈប់គិតថា គេជាមនុស្សពិបាកដោះស្រាយជាមួយ តែត្រូវរកវិធីងាយៗដោះស្រាយជាមួយគេវិញ។
  7. ចេះបំភ្លេច៖ មនុស្សឆ្លាតមិនយកខួរក្បាលទៅចងចាំកំហុសអ្នកដទៃនោះទេ។ មនុស្សឆ្លាត ឬ Emotional Intelligent person មិនចូលចិត្តទូលបន្ទុក ឬកំហឹងនោះទេ។ គេចូលចិត្តរស់នៅដោយស្រាលខ្លួន ដើម្បីដើរទៅមុខដោយរីករាយ។
  8. និយាយតែខ្លួនឯង៖ មនុស្សល្ងង់ជជែកចុះឡើងជាមួយចិត្តខ្លួនឯងនូវរឿងអគតិ។ មនុស្សឆ្លាតយករឿងល្អៗមកដាក់ខ្លួន ជជែកវែកញែកនឹងចិត្តខ្លួនឯងក៏លើកតែរឿងវិជ្ជមានដែរ។ ការគិតវិជ្ជមានធ្វើឲ្យយើងមានសុខភាពល្អខាងផ្លូវចិត្ត។

សរុបរួម ការគិតបែបវិជ្ជមាន ដោះស្រាយបញ្ហាដោយវិជ្ជមាន មិនអនុញ្ញាតឲ្យអារម្មណ៍មិនល្អពីអ្នកដទៃគ្រប់គ្រងខ្លួនឯង និងធ្វើរឿងត្រឹមត្រូវតាមកាលៈទេសៈនឹងធ្វើឲ្យមនុស្សឆ្លាត មានសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ វាជាលំហាត់សម្រាប់មនុស្សឆ្លាតក្នុងការបង្កើនភាពច្នៃប្រឌិត នវានុវត្តន៍ និងការបំពេញធុរៈកិច្ចប្រកបដោយប្រសិទ្ធិភាព។

ប្រភព៖ How Smart People Deal with Difficult People

ឆាក | ជីវិត

មេរៀនសំខាន់បំផុតដែលខ្ញុំផ្ដល់តម្លៃឲ្យគឺ ភាពបរាជ័យ។ ភាពបរាជ័យ គឺជាមេរៀនដ៏ល្អដំបូងបំផុតដែលអាចធ្វើឲ្យមនុស្សស្គាល់គោលដៅទៅរកភាពជោគជ័យ។

នេះជាលើកទីដំបូងក្នុងជីវិត ដែលខ្ញុំបានជាប់ក្នុងកម្មវិធីប្រកួតប្រជែងគំនិតពាណិជ្ជកម្ម Epic Incubator របស់អង្គការជំនួយពីប្រជាជនសហរដ្ឋអាមេរិក (USAID)។ សួរថា តើអ្វីទៅជាគន្លឹះនៃភាពជោគជ័យរបស់ខ្ញុំ? ចម្លើយគឺ ការបរាជ័យផ្ទួនៗរបស់ខ្ញុំមុនការប្រកួត សូម្បីប៉ុន្មានម៉ោងចុងក្រោយមុនការឡើងធ្វើបទបង្ហាញពីគំនិតផ្ដួចផ្ដើមពាណិជ្ជកម្មរបស់ខ្ញុំ ក៏ខ្ញុំនៅតែមើលឃើញកំហុសរបស់ខ្លួនឯងផុសឡើង ផ្លោតៗ នៅក្នុងខួរក្បាលរបស់ខ្ញុំជានិច្ច។

ខ្ញុំខ្លាចសព្វខ្លាចគ្រប់។ ខ្ញុំខ្លាចឆាក ខ្លាចភ្នែកមនុស្ស ខ្លាចមាត់មនុស្សពេបជ្រាយ ខ្លាចការបន្ទោសរបស់តួអង្គអាថ៌កំបាំងម្នាក់នៅក្នុងជម្រៅបេះដូងខ្ញុំ។ ខ្ញុំខ្លាចការបរាជ័យធ្វើឲ្យគ្រប់គ្នាក្នុងក្រុមខកចិត្ត។

យ៉ាងណាក៏ដោយ គន្លឹះនៃការយកឈ្នះលើភាពភ័យខ្លាចពិតជាមាន។ ១០នាទីមុនការប្រកួត នាខណៈដែលគ្រប់គ្នាកំពុងបង្ហាញពីគំនិតដ៏អស្ចារ្យ តួរលេខដ៏ធំគួរឲ្យស្ញប់ស្ញែង ខ្ញុំបែរជាបារម្ភពីអ្វីដែលខ្ញុំបានត្រៀមទុកកន្លងមក។ ៥នាទីមុនការឡើងធ្វើបទបង្ហាញ សំនួរមួយបានផុសឡើងក្នុងខួរក្បាលរបស់ខ្ញុំ។ “តើអ្វីដែលឯងកំពុងធ្វើនេះដើម្បីអ្វី? ដើម្បីអ្នកណា?” “ដើម្បីលុយ?” “ដើម្បីឈ្នះៗៗៗៗ?”។ ខ្ញុំគិតបន្តិច ព្យាយាមស្វែងរកចម្លើយពិតពីក្រោយអ្វីៗដែលខ្ញុំកំពុងធ្វើ។ “ដើម្បីអី?”

ស្រាប់តែវិនាទីដែលក្រុមខ្ញុំត្រូវឡើងទៅលើទីលានប្រកួតដ៏ក្ដៅគគុកបានមកដល់។ គ្រប់គ្នាក្នុងក្រុមខ្ញុំបានដើរទៅមុនខ្ញុំអស់។ ខ្ញុំដើរឈ្ងោកទៅមុខយឺតៗ ហាក់ដូចឆាកនៅខាងមុខជាទីលានប្រហារ ដែលឡើងទៅគឺត្រូវតែស្លាប់តែមួយមុខប៉ុណ្ណោះអ៊ីចឹង។

“ដើម្បីកសិករ”! សម្លេងនេះបានបន្លឺឡើងយ៉ាងខ្លាំងពេញបេះដូងរបស់ខ្ញុំ។

“ដើម្បីប្រជាជនខ្មែរ!” វាស្រែកម្ដងទៀតក្នុងទ្រូងដ៏ក្ដៅងំមួយនេះ!

មិនដឹងហេតុអីបានជាពាក្យនេះ ហាក់មានឥទ្ធិពលចំពោះខ្ញុំអីយ៉ាងនេះ។ វាហាក់ជំរុញខ្ញុំឲ្យជឿជាក់យ៉ាងខ្លាំងថា បើយើងធ្វើរឿងល្អ ដើម្បីជាប្រយោជន៍ដ៏ធំសម្រាប់….ប្រជាជនឯង តើខ្ញុំមានអ្វីត្រូវភ័យ? បើខ្ញុំកំពុងតែបង្កើតផ្លូវដើរលើទីវាលដ៏សោះកក្រោះ ក្នុងខណៈមនុស្សជាច្រើនដើរលើផ្លូវដែលមានស្រាប់ តើខ្ញុំត្រូវតែបោះបង់ការព្យាយាមនេះមែនទេ?

“យើងត្រូវតែធ្វើឲ្យបាន ហើយធ្វើឲ្យបានដើម្បីគោលបំណងដ៏ល្អមួយ!”

១០នាទីនៅលើឆាក ដែលខ្ញុំទើបតែមានអារម្មណ៍យល់ថា ឆាកគឺជាកន្លែងមួយដ៏គួរឲ្យស្រលាញ់។ ជាទីដែលបង្កើតក្ដីសង្ឃឹម ជាទីដែលនាំមកនូវការផ្លាស់ប្រែដ៏អស្ចារ្យសម្រាប់មនុស្សជាតិ។ នៅលើឆាក យើងគឺជាមនុស្សសាធារណៈ! កាលៈទេសៈខ្លះក្នុងជីវិត ដែលយើងជួបនូវការប្រកួតប្រជែង ហើយយើងភ័យខ្លាចចំពោះគ្រប់យ៉ាងនៅជុំវិញយើង សូមកុំភ្លេចសួរខ្លួនឯងណា ថា “យើងកំពុងធ្វើអ្វី?” “ដើម្បីអ្នកណា?”…នោះមិនថាលទ្ធផលយ៉ាងណា អ្នកនឹងទទួលបាននូវភាពរីករាយ។ ដូចខ្ញុំថ្ងៃនេះអ៊ីចឹង! អរគុណសម្រាប់ក្រុមការងារនៅកន្លែងធ្វើការសព្វថ្ងៃដែលតែងតែលើកទឹកចិត្តខ្ញុំឲ្យធ្វើអ្វីដែលលើសពីសមត្ថភាពរបស់ខ្ញុំ! អរគុណសម្រាប់សមាជិកក្រុម ដែលមិនថាយើងរវល់ប៉ុណ្ណា តែយើងនៅតែមិនបោះបង់ចោល ហើយនៅតែបន្តស្រោចស្របពន្លកនៃក្ដីសង្ឃឹមដ៏តូចនេះ។

យើងបានទទួលជោគជ័យថ្ងៃនេះ ប៉ុន្តែវាគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ។ តោះយើង ចាប់ផ្ដើមកាន់ចប កាន់ប៉ែលចេញទៅ ដើម្បីសម្រេចក្ដីសុបិនដ៏ធំរបស់យើង… ^_^

ពេលខ្លះឆាកជាទីដ៏គួរឲ្យខ្លាចបំផុត ហើយពេលខ្លះ ជាមួយហេតុផលខ្លះ ដែលធ្វើឲ្យឆាកជាទីដែលគួរឲ្យស្រលាញ់ជាទីបំផុត...
ពេលខ្លះឆាកជាទីដ៏គួរឲ្យខ្លាចបំផុត ហើយពេលខ្លះ ជាមួយហេតុផលខ្លះ ដែលធ្វើឲ្យឆាកជាទីដែលគួរឲ្យស្រលាញ់ជាទីបំផុត…

#EpicIncubator #USAID #EcoFreshBox #Startup #SE

៣ វិធី-ចេញពីកន្លែងធ្វើការដោយសប្បាយចិត្ត

zappos happy employees

របៀបដែលអ្នកបញ្ចប់ការងារនៅក្នុងថ្ងៃនេះ អាចមានឥទ្ធិពលទៅលើការងារនៅថ្ងៃបន្ទាប់របស់អ្នក។ ដូច្នេះធ្វើដូចម្ដេចដើម្បីអាចដើរចេញពីកន្លែងធ្វើការដោយសប្បាយចិត្តបាន? នេះជាវិធី  ៣ ចំនុចដែលអ្នកអាចអនុវត្ត៖

  1. រៀបគំរោងសម្រាប់ថ្ងៃស្អែក៖ ចំណាយពេលប៉ុន្មាននាទីនៅពេលល្ងាចគិតពីអ្វីដែលអ្នកត្រូវធ្វើនៅថ្ងៃស្អែក។ ធ្វើបែបនេះជួយអោយអ្នកចំណេញពេលវេលាបានច្រើននៅថ្ងៃបន្ទាប់។ 
  2. ចំណាយពេលពីរបីនាទីគិតពីកិច្ចការល្អដែលអ្នកបានធ្វើថ្ងៃនេះ៖ មុនដើរចេញពីការិយាល័យទៅផ្ទះ អ្នកគួរសើរើឡើងវិញមួយភ្លែតនូវកិច្ចការដែលអ្នកធ្វើបានសម្រេច និងល្អប្រសើរនៅថ្ងៃនេះ។ ទោះបីជាថ្ងៃនេះមានការងារដែលមិនបានសម្រេចដូចការគ្រោងទុក តែការគិតនូវអ្វីដែលវិជ្ជមាន នឹងជួយឲ្យអ្នកមានអារម្មណ៍ល្អនៅថ្ងៃធ្វើការបន្ទាប់។ 
  3. អរគុណមិត្តរួមការងារ៖ ទោះជាអ្វីដែលគេធ្វើជារឿងធំ ឬរឿងតូចប៉ុណ្ណាក៏ដោយ ការអរគុណ ធ្វើឲ្យអ្នក និងមិត្តរួមការងារមានអារម្មណ៍ល្អ។ 

បញ្ចប់ការងារពេញមួយថ្ងៃរបស់អ្នក ជាមួយនឹងរឿងល្អៗធ្វើឲ្យការងាររបស់អ្នកចាប់ផ្ដើមដោយសន្ទុះខ្លាំងក្លានៅថ្ងៃបន្ទាប់។ – ដំបូន្មានពីលោក Tim Hird ជានាយកប្រតិបត្តិនៃ Robert Half Management Resources។

ប្រភពអត្ថបទBusiness Insider

បកប្រែនឹងកែសម្រួលដោយ៖ ឌីយ៉ា បេងឃ៍

អត្ថបទទាក់ទង៖