ខួបឆ្នាំទី ៩ នៃប្លុកនេះ

ធ្មេចបើកៗ ឥឡូវ ៩ឆ្នាំបាត់ទៅហើយ។ ខ្ញុំចាំបានថា មុនហ្នឹងឈានដល់ប្លុកមួយនេះ ខ្ញុំបានលុបប្លុកចោលអស់ ៤ ប្រាំទៅហើយ។ ឈ្មោះប្លុកដំបូងរបស់ខ្ញុំគឺ មូលមិត្តសិក្សា ហើយក្រៅពីនេះ នៅមានប្លុកមួយពីរទៀតដែលជាប្លុកសំងាត់ លាក់បាំងមិនបង្ហាញឲ្យគេអាន។

គិតទៅ សម័យឥឡូវគេប្រែប្រួល អ្វីៗងាយស្រួលជាងមុន គេចូលចិត្តវីដេអូ សារខ្លីៗ ឬអានតែចំណងជើងក៏ឈប់ទៅ។ ខ្ញុំនៅតែយល់ថា ការសរសេរបែបបុរាណរបស់ខ្ញុំនៅតែមានអត្ថន័យម្យ៉ាងសម្រាប់ខ្លួនឯង។ ពេលខ្លះពិភពលោកប្រែប្រួល តែយើងមិនចាំបាច់ប្រែប្រួលក៏បាន ព្រោះថាយើងអាចរស់នៅ ធ្វើអ្វីសម្រាប់ខ្លួនយើង យើងមិនចាំបាច់រត់តាមអ្នកដទៃ។ មិនយូរមិនឆាប់ អ្នកដែលមានចំណង់ចំណូលចិត្តដូចខ្ញុំ អាចនឹងស្វែងរកកន្លែងមួយដែលគេពេញចិត្ត។

ស៊ូៗ ប្លុក DiaNote! អបអរសាទរខួបទី ៩ឆ្នាំ ជាមួយការចូលទស្សនា ឬអាន ១៨៤,៦៥៩ ដង ។

Screen Shot 2018-06-24 at 10.27.58 AM

Advertisements

Me Femme

28056357_923295621184398_3919759291533129005_n

You have so many femininity in your soul! Thanks to the big contribution from my beloved mom who never makes me feel worse in my worst situation in life.

At young age, I was abandoned. No matter what, I decided to stand strong while everyone has a home and a family to stick with. I slept so many nights with only beautiful memories of my mom and my once was a warm family.

I prefer to not feel bad of how I act or being too friendly or some people call it “much femininity” with my female friends or colleague. I have no doubt with my less discrimination or differentiation. People who said it might not think it in a bad way, but it’s good to express this in general. Many people would doubt my performance differently.

Live a life that you feel that you cause no harm to anyone. That’s how you should be. 🙂

#ReasonsToLive #Feminism #GenderDoubts #Friendship #BeingMe#ThoughtoftheDay

គ្រាន់តែជាមិត្ត

dylan-freedom-371591.jpg

តាយ៖ លាក់បាំងការពិត និងកុហក តើមួយណាល្អជាង ប្រសិនបើជាឯង?

តាយសម្លឹងមើលមុខ យីង ដែលជាមិត្តនារីរបស់ខ្លួន។ គេសួរបែបនេះ ទាំងក្នុងចិត្តគេមានលាក់គំនួចអ្វីម្យ៉ាង។

យីង៖ ពីនេះមានអីខុសគ្នា? ដូចតែគ្នាហ្នឹង!

តាយ៖ ខុសគ្នា! មួយគឺមិនកុហក តែមិនព្រមនិយាយប្រាប់ពីការពិត…

យីង៖ ហើយមួយទៀត ព្រមនិយាយ តែមិនមែនជាការពិត

តាយ៖ អឺ!

យីង៖ បើអ៊ីចឹងដដែល ចាំបាច់រើសធ្វើអី បើមនុស្សស្រលាញ់គ្នាហើយធ្វើអ៊ីចឹង កុំស្រលាញ់គ្នាអី! យើងមិនចូលចិត្តមនុស្សធុនហ្នឹងទេ។

តាយ៖ ចុះបើម្នាក់ហ្នឹងជាញ៉ុម?

យីង៖ ចុះរឿងហ្នឹងវាប៉ះពាល់គ្នាអត់?

តាយ៖ ថា អត់ទាក់ទងចុះ តែវាជារឿងផ្ទាល់ខ្លួនរបស់ញ៉ុម!

យីង៖ អឺម…ចឹងមានអីត្រូវខ្វល់ទៅ យើងគ្រាន់តែជាមិត្ត ហើយទោះបីមនុស្សស្រលាញ់គ្នាក៏នៅមានរឿងផ្ទាល់ខ្លួនខ្លះដែលមិនអាចប្រាប់បានដែរ។ សរុបរួម គឺអត់បញ្ហាទេ!

តាយ៖ អឺ…

យីង៖ មានរឿងអីមែន?

តាយ៖ មាន! តែញ៉ុមប្រាប់អត់បានទេ!

យីង៖ កុំប្រាប់អីអ៊ីចឹង!

តាយ៖ មនុស្សយើងគ្រប់គ្នាសុទ្ធតែមានចំនុចល្អ និងចំនុចអាក្រក់។ គ្មានអ្នកណាល្អគ្រប់ដប់នោះទេ។ ហើយរឿងអាក្រក់គ្មានពីណាចង់ឲ្យអ្នកដទៃដឹងឮនោះទេ។

យីង៖ អឺ! ដឹងតើ! ពេលខ្លះរឿងខ្លះ អ្នកដទៃក៏ដឹងពីយើងដែរ។ តិច ឬច្រើន រឿងដែលគេដឹងពីយើងនោះ មានតែយើងប៉ុណ្ណោះដែលស្គាល់ខ្លួនឯងច្បាស់។ រស់នៅមិនចាំបាច់ខ្លាចអ្នកដទៃពេកទេ។ ធ្វើជាខ្លួនឯងឲ្យបានច្រើន។

តាយ៖ ស្រលាញ់ខ្លួនឯងឲ្យបានច្រើន!

យីង៖ ហើយមានរឿងអីដែលយើងចង់ធ្វើ មានរឿងអីដែលមិនចង់ឲ្យគេដឹង ក៏ធ្វើទៅ ក៏លាក់ទៅ! វាជាសិទ្ធិរបស់យើងតើ។

តាយ៖ មែនហើយ! សប្បាយចិត្តដែលឯងគិតអ៊ីចឹង!

យីង៖ កុំខ្វល់ច្រើនពេក។ ជីវិតមនុស្សម្នាក់ៗ ឆ្លងកាត់រឿងច្រើនណាស់ ជួបមនុស្សច្រើនណាស់។ មនុស្សខ្លះអាចនៅជាមួយយើងមួយជីវិត។ មនុស្សខ្លះក៏ជួបយើង ស្រលាញ់យើង ហើយក៏ចេញពីយើងទៅក៏មាន។ ចាត់ទុកថាវាជារឿងធម្មតាទៅចុះ។ ដួលហើយក្រោកឡើងបន្តទៅមុខទៀត។ សូញសាញច្រើននាំតែខាតពេល។

តាយញញឹមស្ងួត ហើយងាកមើលមុខ យីង ជាមិត្តនារីរបស់គេ។ នៅលើដំបូលផ្ទះ អ្នកទាំងពីរញញឹមដាក់គ្នា រួចងើយមើលផ្កាយព្រឹកដែលកំពុងរះនៅលើមេឃ។


វាចារអ្នកនិពន្ធ៖

សម្រង់ឈុតខ្លីនេះ កើតចេញពីសន្ទនារបស់អ្នកនិពន្ធជាមួយមិត្តម្នាក់។ វាជាគំនួចដួងចិត្ត វាជាគំនាបជីវិត ដែលអ្នកនិពន្ធ ក៏ដូចជាមនុស្សម្នាក់ៗមានរឿងមិនល្អជាច្រើន ឬរឿងល្អក្ដី ដែលមិនអាចបើកចំហឲ្យគេឯងដឹងបាន។ ពេលខ្លះវា តឹងចិត្តណាស់។ ពេលខ្លះ មិនអាចជាចម្លើយសម្រាប់អ្នកចាក់សំនួរដោតមកក្នុងដួងចិត្ត។ ហើយគ្រប់ពេល អ្នកនិពន្ធ ត្រូវជ្រើសរើសរវាងការកុហក និងការលាក់បាំងមិននិយាយអ្វីទាំងអស់។

យ៉ាងណាម៉ិញ ជីវិតជាជម្រើស។ គ្រប់យ៉ាងវាជាសិទ្ធិរបស់បុគ្គល ដើម្បីគេម្នាក់ៗអាចដើរក្នុងផ្លូវមួយដែលគេពេញចិត្ត ឬគិតថា វាល្អបំផុតហើយ បើធ្វើយ៉ាងនេះ។

ថ្ងៃនេះ ថ្ងៃស្អែក ឬថ្ងៃម្សិល គឺពេលវេលាដ៏មានតម្លៃ ទោះតម្លៃនោះមិនអាចលាតត្រដាងឲ្យពិភពលោកបានឃើញក៏ដោយ។

ពីខ្ញុំ

ឌីយ៉ា

 

ការចងចាំដ៏ល្អមួយ (18+ only)

១៦៤៥ ថ្ងៃ ឬ ៤ឆ្នាំ ៦ខែ ២ថ្ងៃ ដែលយើងបានស្គាល់គ្នា។ មានរឿងជាច្រើន ដែលយើងបានឆ្លងកាត់ជាមួយគ្នា។ មែនហើយ យើងស្រលាញ់គ្នាយូរហើយ។ នៅចាំទេកាលនោះ… អេ! ឈប់សិន! ចង់ឲ្យអូននិយាយអនុស្សាវរីយ៍ល្អៗមុន ឬក៏ចាប់ផ្ដើមពីរឿងមិនល្អកាលពីមុន មុន? អឺមមម ចាប់ផ្ដើមពីរឿងល្អៗមុនក៏បាន។

មានចាំអត់ កាលអូនទៅបកប្រែនៅខេត្តកំពត ខាងទូកមាសនោះ? បងជាប្រធានគ្រប់គ្រងផ្នែកលក់នៅប្រចាំខេត្តកំពត ហើយអូនជាក្មេងខ្ចាត់ព្រាត់មកពីណាមិនដឹង។ កាលនោះយើងទើបតែស្រលាញ់គ្នាថ្មីៗ។ ជិតមួយឆ្នាំទេដឹង? ប្រធានអូនតម្រូវឲ្យអូនគេងនៅផ្ទះអ្នកភូមិជាមួយបរទេសដែលចុះមកបេសកកម្មរបស់អង្គការ Engineer Without Border ដើម្បីជីកអណ្ដូង។ មុនចុះមកខេត្តនេះ អូនសប្បាយចិត្តណាស់។ អូនអរព្រួចពេលដឹងថា ប្រធានអូនចាត់ឲ្យអូនចុះមកធ្វើការនៅកំពត ខេត្តដែលបងធ្វើការ។ អ្វីដែលអូនគិតគឺ ហោចណាស់ អូនក៏អាចជួបបងដើម្បីដើរលេង ឬគ្រាន់តែឃើញមុខបងក៏អស់ចិត្ត។ បកប្រែមួយថ្ងៃទាល់ល្ងាច ចប់ការងារភ្លាម អូនទូរសព្ទទៅបងភ្លាម។ សម្លេងបងពីរោះណាស់។ បងប្រាប់អូនថា ស្រុកដែលបងធ្វើការនៅឆ្ងាយពីទីនេះណាស់។ អូនរាងស្រងាកចិត្តបន្តិច។ ខានបានជួបបងបាត់។ និយាយជាមួយបងបន្តិច រួចក៏លាបងតាមទូរសព្ទ។ គម្រោងជួបមុខម្ចាស់ចិត្តត្រូវបានរលាយដូចតំណក់ទឹកសន្សើមខែចេត្រ។

អូនអង្គុយនិយាយលេងជាមួយពូមីងម្ចាស់ផ្ទះ។ ស្រាប់តែពេលនោះ អូនឮសម្លេងម៉ូតូមួយពីចម្ងាយ ហើយក៏ងាកមើល។ មិនដឹងមនុស្សអាក្រក់ណាទេ ជិះម៉ូតូកាត់ស្រែចូលមក (ផ្ទះពូមីងដែលខ្ញុំស្នាក់នោះ ត្រូវជិះកាត់ស្រែ ព្រោះអត់មានផ្លូវលំចូលទេ)។

  • វីយ៉ា! (គេចុះពីលើម៉ូតូភ្លាម ហៅខ្ញុំភ្លាម)
  • O_o
  • តោះទៅ!
  • បង… (ខ្ញុំសម្លឹងមើលបុរសម្នាក់ដែលកំពុងវែកសក់ដ៏រលោងរបស់គេឲ្យរៀបរយ ហើយលើកជម្រាបសួរពូមីងម្ចាស់ផ្ទះ។
  • ខ្ញុំបងប្រុសរបស់ វីយ៉ា! ខ្ញុំចង់នាំគេទៅលេងក្រុងកំពត។
  • -_- (បងប្រុស?)
  • នៅស្ងៀមធ្វើអីហ្នឹង ម៉េចមិនលាពូមីង និងក្រុមការងារទៅ! ទៅជាមួយបង!
  • (ខ្ញុំនៅអេះអុញបន្តិច ព្រោះខ្លាចចិត្តបរទេស ដែលមេដាក់ការងារឲ្យនៅមើល ជួយបកប្រែឲ្យគេ ទោះពេលយប់អស់កិច្ចផុតម៉ោងការងារក៏ដោយ) so … team, here is my brother! He’s…
  • Oh you want to hang out with your brother? that’s okay, sister. you go! 😀 (មិត្តបរទេសរបស់ខ្ញុំ ហាក់មិនចង់ឲ្យខ្ញុំពិបាកនិយាយ គេក៏និយាយមុន បើកផ្លូវឲ្យខ្ញុំ!)
  • er.. are you sure? I …
  • It’s completely fine, Vya. we can call you if we need any translation tonight. but we definitely don’t need you now. 🙂 enjoy!
  • តោះ! (នៅឆ្លៀតមកតឿនទៀត ដឹងអត់ថាគេចង់ទៅដែរ ហាហាហា)

ហិហិ មិនបង្អង់យូរ ខ្ញុំលាពូមីង រៀបចំខោអាវស្លៀកពាក់ ហើយចេញទៅ។ ខ្ញុំផ្ដាំផ្ញើពូមីងឲ្យជួយមើលបរទេសផង រួចទើបឡើងម៉ូតូរបស់ប្រុសអាក្រក់របស់ខ្ញុំភ្លែត។ ចាំអត់? តាមផ្លូវដីក្រហម នៅជុំវិញយើងសងខាងផ្លូវ សុទ្ធតែវាលស្រែល្វឹងល្វើយដាច់កន្ទុយភ្នែក។ ម៉ូតូពណ៌ខ្មៅ បើកកាត់ផ្លូវលំដ៏តូច មានដើមឈើធំនៅសងខាងដង្ហែជាជួរៗយោលយោករេរាទៅតាមខ្យល់ទម្លាក់ផ្កាពណ៌ក្រហម លឿង ផ្កាឈូក មកលើយើងទាំងពីរ។ បងបែរមុខមកក្រោយបូញមាត់មករកអូន។

  • ស្អីហ្នឹង? មើលផ្លូវទៅ ប្រយ័ត្នធ្លាក់ស្រែណា!
  • -.- (គាត់ញញឹមយ៉ាងស្រស់ រួចបូញមាត់មកដដែល)
  • នែ!
  • ថើបមួយសិនមក៍ មិនចឹងជិះចូលស្រែទាំងពីរនាក់ឥឡូវហើយ!
  • -_-‘

ខណៈនោះហើយ ដែលព្រះអាទិត្រកំពុងបញ្ជេញរស្មីដ៏ស្រទន់ ជះពន្លឺពណ៌មាសមកគ្របដណ្ដប់លើធម្មជាតិពណ៌បៃតងស្រស់ ស្របនឹងខ្យល់ត្រជាក់ ហាក់បន្ទន់ចិត្តខ្ញុំឲ្យលង់ទៅនឹងសម្រស់បុរសម្នាក់ដែលកំពុងតែងាកមករកខ្ញុំក្នុងពេលតែប៉ុន្មានវិនាទីនេះ។ នៅលើទោចក្រយានដែលកំពុងធ្វើដំណើរទៅមុខតាមផ្លូវក្រវិចក្រវៀនក្បែរដងភ្នំអមដោយសម្លេងសត្វរៃ សត្វកង្កែបស្រែកអឺងកងហាក់បង្ខំឲ្យយើងទាំងពីរថើបគ្នាក្នុងថ្ងៃរៀបការ។ ខ្លួនរបស់អូនដែលកំពុងអាស្រ័យឯកែបក្រោយរបស់យានស្នេហា លើកដៃទាំងទ្វេអោបក្រសោបកបង ជំទើតខ្លួនបន្តិច ហើយអោនទៅក្រេបជញ្ជក់បបូរមាត់ដ៏ក្រហមស្រទន់របស់បង ហាក់មិនខ្វល់ថានឹងមានអ្នកណាឃើញយើងឡើយ។ ប៉ុន្មានវិនាទីនេះហើយ ដែលអូនទទួលស្គាល់ថា ក្នុងមួយជីវិតអូន គ្មានស្នាមថើបណាដែលត្រជាក់ផ្អែមល្ហែមដល់បេះដូងដូចពេលនេះឡើយ។ បុរសកំហូចដកបបូរមាត់ រួចបែរទៅមើលផ្លូវវិញទាំងញញឹម។ ព្រះអាទិត្រហាក់យល់ថា វេលាដ៏ផ្អែមល្ហែមនេះបានកន្លងផុតទៅហើយ ក៏គេចវេសចរលិចបាត់ពីជើងភ្នំម្ខាងបាត់ទៅ បន្សល់ទុកតែពន្លឺស្រអាប់លប់បាត់អស់ទិដ្ឋភាពនៅជុំវិញយើង។ រីឯយានដ៏តូចរបស់យើងក៏បានឆ្លងផុតផ្លូវលំ មកដល់ផ្លូវជាតិល្មម។ បងនាំអូនជិះទៅញុាំអាហារល្ងាចក្បែរមាត់ព្រែកក្រុងកំពត…

rice field love

អ្ហឺម…មិនដឹងថាហេតុអ្វីបានជាចិត្តដែលអូនខឹងបងយ៉ាងខ្លាំងមុននេះ បែរជារលាយបាត់បង់ទៅ នៅពេលដែលអូនគ្រាន់តែសរសេររំឮកស្នាមស្នេហ៍ចាស់លើទឹកដីសមុទ្ទទឹកសាបនេះសោះ។ ពេលនេះអស់អារម្មណ៍សរសេររឿងមិនល្អរបស់យើងហើយ។ មើលទៅ គឺអូនទៀតហើយដែលត្រូវខលទៅបងមុន។ ស្នេហាគឺបែបនេះឯង។ ម្ដងម្កាលយើងមិនត្រូវគ្នា ហើយក៏ត្រូវមានម្នាក់និយាយរកម្នាក់ទៀតមុន។ ហើយរាល់លើក យើងត្រូវបង្ខំចិត្តខ្លួនឯង ឲ្យនិយាយពីហេតុផល និងទទួលយកកំហុសរៀងខ្លួន។ យើងស្រលាញ់គ្នាជិត ៥ឆ្នាំហើយ។ បើត្រូវបែក ក៏គួរតែបែកមុននេះដែរមែនទេ? មកទល់ពេលនេះហើយ កំហុសធំប៉ុណ្ណាក៏វាមិនធំដូចចិត្តដែលយើងស្រលាញ់គ្នាដែរ។ សន្យាណា! សន្យាថា យើងនឹងស្រលាញ់គ្នារហូត ហើយស្រលាញ់គ្នា និងរក្សាចិត្តអារម្មណ៍ល្អៗសម្រាប់គ្នាដ៏រាបយើងស្លាប់លាចាកលោកនេះណា! ម្ចាស់ចិត្តអូន! ^_^

អត្ថបទទាក់ទង៖

មិត្តស្លាប់ មិត្តរស់

ក្នុងមួយជីវិតនេះ មនុស្សគ្រប់គ្នាស្វះស្វែងរកក្ដីស្រលាញ់។ គេខំដើម្បីភាពជោគជ័យ ហើយអ្វីដែលធ្វើឲ្យមនុស្សចង់បានភាពជោគជ័យ  និងនៅពីក្រោយនៃហេតុផលជាច្រើន គឺក្ដីស្រលាញ់ ជាហេតុផលដ៏ធំតែមួយប៉ុណ្ណោះ។ គេត្រូវការក្ដីស្រលាញ់ពីសង្គម ពីម្ដាយឪពុក បងប្អូន ដៃគូជីវិត និងមិត្តភក្ដិ។ គេថាស្នេហាដែលមានរសជាតិជាងគេ គឺស្នេហារវាងមិត្តនិងមិត្ត។ សូម្បីតែដៃគូជីវិត ក៏គួរតែជាមិត្តដែលយល់ចិត្ត ជាមិត្តដែលផ្ដល់នូវភាពរីករាយ និងការកម្សាន្ត។ សូម្បីតែឪពុកម្ដាយ ក៏អាចស្និទ្ធស្នាលនឹងកូនៗបាន ប្រសិនបើគាត់ចំណាយប៉ុន្មានភាគនៃភាពជាឪពុកម្ដាយដ៏តឹងរឹងមកជាមិត្តដ៏យល់ចិត្ត។

“មិត្ត” ពាក្យមួយម៉ាត់នេះពិតជាមានតម្លៃ។ ពេលខ្លះ មានរឿងខ្លះដែលយើងមិនអាចប្រាប់ដៃគូ ឬក្រុមគ្រួសារបាន តែមានតែមិត្តប៉៉ុណ្ណោះ ដែលយើងហ៊ានហាមាត់ប្រាប់សារស័ព្ទសព្វរឿងរ៉ាវដោយមិនមានលាក់លៀម។ ហេតុអ្វី? ព្រោះ “មិត្ត”⁣ គឺជាមហាសមុទ្ទដែលមិនងាយរីងស្ងួត ដែលមិនងាយបាត់បង់ជាតិប្រៃ។ យ៉ាងណាម៉ិញ ទង្វើរបស់មនុស្សបានប្រែក្លាយមិត្តភាពឲ្យបែងទៅជារូបភាពច្រើនអនេក។ អ្វីដែលគេអាចយកមកធ្វើជានិយមន័យ និងពាក្យងាយស្រួលហៅបាននោះគឺ សុមិត្ត និងទុរមិត្ត។

ធ្លាប់ទេ ដែលពេលខ្លះអ្នកមិនអាចសូម្បីតែយំនៅនឹងមុខក្រុមគ្រួសារ ឬដៃគូជីវិត តែអ្នកបែរជាអាចយំនៅនឹងមុខមិត្តភក្ដិ? ចុះទម្រាំបានជួបមិត្តភក្ដិល្អបែបនេះបាន តើអ្នកត្រូវឆ្លងកាត់ទុរមិត្តច្រើនប៉ុណ្ណា? តើត្រូវបណ្ដាក់ទុនពេលវេលាយូរប៉ុណ្ណា ទើបអាចឆ្លុះឲ្យឃើញរូបពិតរបស់មនុស្សម្នាក់? មិនងាយទេ! វាពិបាកមិនខុសពីការរកដៃគូអនាគតនោះទេ។

ខ្ញុំមិនចង់សរសេរច្រើន និងគ្រាន់តែចង់បញ្ចប់អត្ថបទនេះដោយអារម្មណ៍ដ៏រំភើប ដែលខ្ញុំបានជួបសុមិត្តរបស់ខ្ញុំ។ ភ្នំពេញគ្រាន់តែជាទីក្រុងតូចមួយប៉ុណ្ណោះ តែមនុស្សមិនអាចដើរចំងាយផ្លូវដ៏ខ្លីមកជួបគ្នាសារស័ព្ទពីរឿងជីវិត ព្រោះមកពីជីវិតយើងម្នាក់ៗត្រូវភ្លៀងត្រូវព្យុះមកយាយី ត្រូវភាពជោគជ័យមកអូសទាញម្ដងទៅនេះម្ដងទៅនោះ បានជាទើបតែពេលនេះ យើងបានជួបគ្នា។ អាហារពេលល្ងាចដ៏មានន័យជាមួយមិត្តយ៉ិនស៊ិន! សង្ឃឹមថា យើងអាចនឹងជួបគ្នាទៀតក្នុងពេលដ៏ខ្លីខាងមុខ។

18921149_789918887855406_606292871175561237_o

ខ្ញុំ និង ពៅ – ៧ មិថុនា ២០១៧ – ផ្សារទួលទំពូង

កំណត់ហេតុ

ឌីយ៉ា

អត្ថបទទាក់ទង៖