កុហក – សេណារីយោភាពយន្តខ្នាតខ្លី

កុហក

និពន្ធដោយ

មួង វ៉ាន់ឌី

ផ្អែកលើរឿងពិតមួយផ្នែកនៃសង្គមគ្រួសារខ្មែរ

កំណែទី ១

d
Credited to – Sarah B –

ខាងក្នុង – ផ្ទះរបស់លក្ខណ៍ 

ពេលព្រឹក

ពន្លឺព្រះអាទិត្ររះឡើងចាំងនឹងសន្លឹកឈើពណ៌បៃតងចាស់នៅមាត់បង្អួច រួចចាំងទៅលើក្បាលមនុស្សស្រីម្នាក់ដែលកំពុងផ្កាប់មុខទៅនឹងកម្រាលឥដ្ឋការ៉ូពណ៌លឿងស។ ក្បាលនាងចាប់ផ្ដើមកម្រើកតិចៗ រួចបែរឡើងមកលើយឺតៗ។ ដោយមានសក់ជាប់បាយបន្តិចគ្របមុខ ភ្នែកនាងសម្លឹងមើលទៅលើពិដានឥតព្រិច។

លក្ខណ៍ (ពោល)

គាត់ថាគាត់វាយខ្ញុំព្រោះគាត់ស្រលាញ់ខ្ញុំពេក។ ខ្ញុំក៏ជឿគាត់។

ពិដានពុកផុយពណ៌ខ្មៅ មានស្នាមប្រតាកដោយស្លែកាន់ និងថ្នាំពណ៌សដែលប្រែជាពណ៌ខ្មៅរបកដោយអន្លើៗ។

លក្ខណ៍ (ពោល ត)

គាត់ថា ព្រោះតែកំហុសរបស់ខ្ញុំ។ បើខ្ញុំមិនធ្វើខុស គាត់ក៏មិន

ធ្វើបែបនេះដាក់ខ្ញុំដែរ។  ខ្ញុំគិតថាគាត់និយាយត្រូវ។

លក្ខណ៍បន្តសម្លឹងមើលពិដានផ្ទះដ៏ចាស់របស់ខ្លួន រួចមកមើលជញ្ជាំងផ្ទះដែលមានតាំងរូបថតគ្រួសាររបស់នាង។ នាងបន្តសម្លឹងចុះមកទ្វារបង្អួចដែលស្ទើរតែរបេះចេញ។ សន្សឹមៗនាងមើលចុះមករនាបឥដ្ឋដែលមានបំណែកតូចៗនៃចានបាយ និងម្ហូបអាហាររាយពាសពេញក្បែរភ្នែករបស់នាង។ ភ្នែកនាងសម្លឹងភ្លឹះៗ មើលទៅដូចមនុស្សរុក្ខជាតិដែលលែងចេះគិតអ្វីទៀត។ ទឹកភ្នែកមួយដំណក់ហូរចុះមក គ្រប់យ៉ាងហាក់ប្រែជាស្រអាប់។   

ខាងក្នុង – បន្ទប់ដេករបស់លក្ខណ៍

ពេលល្ងាច

អំពូលពងមាន់តូចមួយបញ្ចេញពន្លឺស្រអាប់។ ដៃលក្ខណ៍កាន់អាវយឺតសប្រឡាក់ស្នាមក្រែម។ ដៃបុរសម្នាក់មកកាន់ស្មារបស់លក្ខណ៍។

លក្ខណ៍ (ពោល ត)

គាត់ថាគាត់ស្រលាញ់តែខ្ញុំម្នាក់គត់។ អ្នកផ្សេងគ្រាន់តែជាការ

លេងសើច។ ខ្ញុំតូចចិត្ត តែខ្ញុំជឿលើគាត់។

គេហាក់និយាយអ្វីម្យ៉ាងទៅកាន់នាង។ ដៃលក្ខណ៍ក្ដាប់អាវយឺតយ៉ាងណែន រួចពន្លាដៃបន្តិចម្ដងៗពីអាវយឺត។ ប្ដីរបស់លក្ខណ៍ដើរចេញក្រៅ ហើយបិទទ្វារបន្ទប់ ទុកឲ្យលក្ខណ៍នៅម្នាក់ឯង។

ដៃប្ដីរបស់លក្ខណ៍បើកទ្វារបន្ទប់ដេក។ លក្ខណ៍កំពុងអង្គុយលើគ្រែដេក។

លក្ខណ៍ (ពោល ត)

គាត់ថា កូនច្បងរបស់យើងស្លាប់ ជាកំហុសរបស់ខ្ញុំ ព្រោះខ្ញុំមិន

បានមើលថែកូនឲ្យល្អគ្រប់គ្រាន់។ គឺខ្ញុំ…

លក្ខណ៍ស្លៀកពាក់ខ្មៅ ដៃអោបស៊ុមរូបថតសខ្មៅមួយផ្ទាំងធំយ៉ាងណែន។ នាងយំខ្សឹកខ្សួលតែម្នាក់ឯង។

កាត់ទៅកាន់ប្លង់៖ 

ខាងក្នុង – ផ្ទះរបស់លក្ខណ៍

ពេលព្រឹក

សម្លេងងឺងពេញត្រចៀករបស់លក្ខណ៍។ ភ្នែកនាងស្រវាំងដោយទឹកភ្នែកប្រែជាស្រលះវិញ។ នាងសម្លឹងមើលនាឡិកាដែលដើរតឹកៗ។ នាឡិកាវិលថយក្រោយយ៉ាងលឿន។

កាត់ទៅកាន់ប្លង់៖ 

ខាងក្នុង – ផ្ទះរបស់លក្ខណ៍

មួយម៉ោងមុន

លក្ខណ៍ដួលផ្កាប់មុខនឹងឥដ្ឋការ៉ូ។ ស្របពេលតែមួយ ចានបាយម្ហូបធ្លាក់មកលើឥដ្ឋក្បែរនាង។

លក្ខណ៍ (ពោល)

គាត់ថា ស្រីទន់ខ្សោយដូចខ្ញុំ គួរតែនៅផ្ទះដូចស្រីដទៃទៀត។

គាត់មានសមត្ថភាពគ្រប់គ្រាន់នឹងចិញ្ចឹមខ្ញុំ។ ខ្ញុំគិតថាគាត់និយាយត្រូវ…

បាយម្ហូបរាយពេញឥដ្ឋនៅមុខនាង។ នាងកាន់ប្រាក់ ១០០០រៀលបួនប្រាំសន្លឹកក្នុងដៃយ៉ាងណែន។

លក្ខណ៍ (ពោល ត)

តែពេលនេះ…

លក្ខណ៍ព្រលែងលុយទាំងអស់ចោលទៅលើឥដ្ឋ។ នាងងើបអង្គុយ។ ទាំងសក់ដ៏សំពីងសំពោង នាងប្រឹងលើកខ្នងដ៏ស្គមកំព្រឹងរបស់នាង ហើយបែរទៅមាត់ទ្វារដែលមានពន្លឺថ្ងៃចាំងចូលមក។

លក្ខណ៍ (ពោល ត)

ខ្ញុំត្រូវចំណាយពេលជាច្រើនឆ្នាំ ដើម្បីរស់នៅ

ដោយគ្មានភាពភ៏យខ្លាចដូចអ្នកដទៃ។

ថ្ងៃជះមកលើផ្ទៃមុខដែលពោរពេញទៅដោយស្នាមជាំរបស់លក្ខណ៍។

លក្ខណ៍ (ពោល ត)

ខ្ញុំជឿថា ធ្វើរឿងត្រឹមត្រូវមួយ មិនចាំបាច់ទាល់តែល្អឥតខ្ចោះ

ទើបខ្ញុំអាចធ្វើទៅបាននោះទេ។ 

លក្ខណ៍ក្រោកឈរឡើង ហើយដើរចុះតាមជណ្ដើរមកក្រៅផ្ទះ។ 

ខាងក្រៅ – មុខផ្ទះរបស់លក្ខណ៍

ពេលព្រឹក

ដៃរបស់លក្ខណ៍កាន់ក្រដាសសមួយសន្លឹក។

លក្ខណ៍ (ពោល)

ខ្ញុំសប្បាយចិត្តដែលកូនពៅរបស់ខ្ញុំគ្មានមេរោគអេដស៍…

ដូចខ្ញុំ នឹងឪពុករបស់គេ។

កូនរបស់លក្ខណ៍រត់មកអោបចង្កេះនាង។ ក្រដាសនៅដៃម្ខាងទៀតនោះពន្លាចេញមក។ សញ្ញា អវិជ្ជមាន បង្ហាញយ៉ាងច្បាស់នៅលើក្រដាសនោះលទ្ធផលពិនិត្យឈាម។

លក្ខណ៍ (ពោល ត)

ខ្ញុំជឿថា ខ្ញុំស្រលាញ់កូនខ្ញុំគ្រប់គ្រាន់ ហើយខ្ញុំបានព្យាយាម

ផ្ដល់សុភមង្គលដល់គេច្រើនគ្រប់គ្រាន់តាមដែលខ្ញុំអាចធ្វើទៅបានរួចហើយ។

នាងងាកក្រោយ ទៅមើលសម្បកផ្ទះរបស់នាង។ ផ្ទៃមេឃល្ហល្ហេវ។ ផ្ទៃមុខរបស់លក្ខណ៍ពេលនេះហាក់ស្មើ មិនបង្ហាញពីទុក្ខព្រួយ ឬការឈឺចាប់ឡើយ។

កាត់ទៅកាន់ប្លង់៖

ខាងក្នុង – ផ្ទះរបស់លក្ខណ៍

ពេលព្រឹក

មុខរបស់លក្ខណ៍នៅលើកម្រាលឥដ្ឋ

កាត់ទៅកាន់ប្លង់៖ 

ខាងក្នុង – បន្ទប់ដេករបស់លក្ខណ៍

ពេលល្ងាច

មុខរបស់លក្ខណ៍ពេលនាងកំពុងអង្គុយលើគ្រែជាមួយអាវយឺតប្រលាក់ក្រែមរបស់ប្ដីនាង

កាត់ទៅកាន់ប្លង់៖

មុខរបស់លក្ខណ៍ពេលនាងកំពុងអង្គុយអោបស៊ុមរូបថតកូនច្បងរបស់នាង

កាត់ទៅកាន់ប្លង់៖   

ខាងក្រៅ – ផ្ទះរបស់លក្ខណ៍

ពេលព្រឹក

លក្ខណ៍ (ពោល)

ហើយពេលនេះ…ខ្ញុំជឿថា ខ្ញុំអាចធ្វើអ្វីបានច្រើនជាងនេះ…

មុខរបស់លក្ខណ៍ពេលនាងកំពុងឈរជាមួយកូនប្រុសនាង។

Fade

លក្ខណ៍ (ពោល ត)

ពេញមួយជីវិតនេះ យើងអាចនឹងឮពាក្យកុហកជាច្រើន។

ទោះយើងមិនអាចបញ្ឈប់ពាក្យកុហកទាំងនោះបាន… 

ខាងក្រៅ – ក្នុងតូបតូចមួយ

ពេលយប់

ក្នុងតូបតូចមួយ លក្ខណ៍អង្គុយក្បែរកូនរបស់នាងក្នុងសម្លៀកបំពាក់ស្អាតបាត។ កូនប្រុសនាងស្លៀកខោខ្លី អាវយឺតប្រផេះកាន់សៀវភៅមួយក្បាលនៅក្នុងដៃ។

លក្ខណ៍ (ពោល)

តែយើងក៏អាចប្រាប់ការពិតដល់ខ្លួនឯង និងរស់នៅក្នុង

ជីវិតដែលពេញដោយសុភមង្គលបាន។

អ្នកទាំងពីរញញឹមយ៉ាងមានក្ដីសុខ។ ហើយកូនរបស់នាងរត់មកមុខកាមេរ៉ាហើយចុចបិទកាមេរ៉ា។

-ចប់-

Advertisements

One Reply to “កុហក – សេណារីយោភាពយន្តខ្នាតខ្លី”

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s