ខ្វាក់

“អាខ្វាក់!” បុរសម្នាក់បានជេរខ្ញុំយ៉ាងខ្លាំងនៅកណ្ដាលផ្សារ។ ខ្ញុំងាកទៅរកម្ចាស់សម្លេងរួចក៏ដោះស្បែកជើងរបស់ខ្ញុំគប់ទៅលើម្ចាស់សម្លេង។

“អូយ!” វាស្រែកយ៉ាងខ្លាំង ពេញដោយការឈឺចាប់។ ខ្ញុំពេញចិត្តនូវអ្វីដែលខ្ញុំបានធ្វើ។ ហោចណាស់ខ្ញុំបានសងសឹកទៅលើមនុស្សដែលមើលងាយខ្ញុំ។

“អាណាខ្វាក់? ហ្អែងហ្នឹងហើយ⁣ អាខ្វាក់! ថ្ងៃក្រោយឲ្យរាង កុំស្មានថា ថាឲ្យគេហើយ រួចខ្លួនឲ្យសោះ! មានដៃមានជើងដូចតាគ្នាទេវ៉ី!” ខ្ញុំស្រែកថាឲ្យវាវិញ។ មនុស្សដូចខ្ញុំមិនងាយឲ្យពីណាគេមកមើលងាយបានស្រួលៗទេ។

ម៉ាំង!

“អូយ! អូយ!” ត្រចៀកខ្ញុំឡើងងឺង ស្ដាប់អីលែងឮ។ មិនដឹងជាស្អីទេ មកទង្គិចនឹងត្រចៀកខាងស្ដាំខ្ញុំយ៉ាងខ្លាំង។ ខ្ញុំដួលទៅនឹងដី ប្រកាច់ដូចមនុស្សឆ្កួតជ្រូក។

“អាខ្វាក់! បើអ្ហែងខ្វាក់ហើយ ម៉េចមិនដើរឲ្យប្រយ័ត្ន! អ្ហែងអាងតាខ្លួនឯងខ្វាក់ គិតថាចង់ប៉ះអាណាតាមផ្លូវក៏អត់ខុសមែនអ្ហា? អញទ្រាំយូរហើយ!⁣ អ្ហឹះ”ម្ចាស់សម្លេងថាឲ្យខ្ញុំហើយ ក៏ស្ងាត់សម្លេង មិនដឹងវារត់ទៅណាបាត់ក៏មិនដឹង។ ខ្ញុំយកដៃស្ទាបត្រចៀកខ្លួនឯង។ ស្ទាបទៅសើមៗ!⁣ ឈាមខ្ញុំហូរច្រាលចេញពីត្រចៀក ដែលនៅជាប់តឹកឡឹកៗលើស្បែកក្បាល។ ខ្ញុំស្ដាប់អីលែងឮពីត្រចៀកខាងស្ដាំ។ បែបបែកក្រដាសត្រចៀកហើយមើលទៅ!

ខ្ញុំននៀលនឹងដីផង ស្រែកផង តែហាក់គ្មានពីណាគេអើពើសោះ។ មួយសន្ទុះក្រោយមក ខ្ញុំហត់អស់កម្លាំង រួចក៏ដេកស្ងៀមលើដី ឮតែសម្លេងថ្មើរជើងទៅមក។ ទឹកឆ្អាបៗពីផ្សារត្រីខ្ទាតមកប្រឡាក់ពេញលើខ្លួនខ្ញុំ។ ខ្ញុំហាក់ស្រណោះខ្លួនឯង នឹកឃើញអតីតកាល ៥ឆ្នាំមុន ដែលភ្នែកទាំងគូរបស់ខ្ញុំត្រូវពួកអាពាលបាតផ្សារឆក់យកទៅ។ ៥ឆ្នាំហើយ ដែលខ្ញុំត្រូវរស់នៅដោយគ្មានប្រស្រីភ្នែក។ ៥ឆ្នាំហើយ ដែលខ្ញុំដើរវិលវល់ក្នុងផ្សារ តាមរកអាប៉ុន្មានក្បាលនោះដើម្បីសងសឹក។ តែពេលនេះ វាបាត់ត្រចៀកម្ខាងទៅទៀត។

“មិនបាច់ជួយទេ!⁣ អាហ្នឹងវាដើរតារករឿងគេ!⁣ ឲ្យវាត្រូវខ្លះទៅ កុំឲ្យវាកាងពេក!” សម្លេងមកពីចម្ងាយ ដែលខ្ញុំស្ដាបឮ។

“ខ្ញុំធើអីខុស? ខ្ញុំធើអីខុស បានអត់ណាគេអាណិតជួយយកអាសារខ្ញុំចឹង?” ខ្ញុំគិតម្នាក់ឯង។

ខ្ញុំនៅដេកហាលថ្ងៃ។ អាអ្នកវ៉ៃខ្ញុំហ្នឹង វាដាក់ខ្លាំងពេក។ ឈាមហូរច្រើនពេក ខ្ញុំវិលមុខខ្លាំងងើបលែងរួច។ ក្ដៅទៅៗ ខ្ញុំស្រេកក៏ស្រេក ហើយល្វើយទៅៗ។ ប្រហែលយប់ហើយមិនដឹង បានជាសម្លេងនៅជុំវិញខ្ញុំហាក់ស្ងាត់ទៅអស់។ ដីឡើងត្រជាក់ស្រិប។ ស្រាប់តែខ្ញុំឃើញពន្លឺតូចមួយនៅពីចំងាយខ្ញុំ។

“ម៉េចក៏ខ្ញុំមើលឃើញពន្លឺចឹង? ខ្ញុំមើលឃើញវិញហើយ?” ខ្ញុំអរព្រួច។ កែវភ្នែកដែលខ្វាក់ ៥ឆ្នាំមកហើយនោះ ស្រាប់តែមានទឹកភ្នែកហូរច្រោកៗ ដូចទឹកបាក់ទំនប់។ ខ្ញុំអរពេក។ ខ្ញុំក្រោករួចរត់តាមពន្លឺនោះ។ ខ្ញុំមើលឃើញហើយ! រត់ទៅមុខកាន់តែជិត ពន្លឺនោះកាន់តែធំឡើងៗ។ វាប្រែពីពណ៌សទៅជាពណ៌ខ្មៅ។ ពន្លឺសនៅជុំវិញពន្លឺខ្មៅកាន់តែតិច ដុំខ្មៅកាន់តែធំទៅៗ តាមពិតខ្ញុំទើបតែដឹងថា មិនមែនតែខ្ញុំទេ ដែលកំពុងរត់ទៅរកដុំខ្មៅនោះ តាមពិតដុំខ្មៅនោះទេដែលខិតមករកខ្ញុំ។ ខ្ញុំរស់ក្នុងភាពងងឹត ៥ឆ្នាំហើយ ខ្ញុំស្អប់ភាពខ្មៅងងឹត។ គិតដល់ត្រឹមនេះ ខ្ញុំចាប់ផ្ដើមបែរក្រោយរត់ចេញពីវាវិញ។

“អញងាប់ហើយទេដឹង!⁣” ខ្ញុំរត់កាន់តែលឿន កាន់តែឆ្ងល់ថាហេតុអីខ្ញុំមិនចេះហត់សោះ! ខ្ញុំយកដៃស្ទាបទ្រូង តែបេះដូងខ្ញុំមិនលោតសោះ! ខ្ញុំឈប់រត់! ជើងខ្ញុំគាំងត្រឹមនេះ! ខ្ញុំគិតថាខ្ញុំស្លាប់ហើយ! ខ្ញុំងាកក្រោយ ស្របពេលដែលដុំខ្មៅនោះវាមកក្រសោបត្របាក់រាងកាយខ្ញុំទាំងមូលចូលទៅក្នុងភាពងងឹត។ ខ្ញុំមើលអីលែងឃើញ។ ខ្ញុំនៅទីណាមិនដឹង ជើងខ្ញុំហាក់ហើបៗ ខ្ញុំដើរដូចហោះបន្តិច ដូចរអិលបន្តិច ស្រាប់តែ ប្រឹប! ខ្ញុំធ្លាក់ចុះទៅទៅក្រោម។ មិនដឹងដល់ណា ខ្ញុំស្រវេស្រវាររកកន្លែងតោង តែនៅជុំវិញហាក់ដូចជាវាលធំល្វឹងល្វើយ។ ខ្លួនខ្ញុំចេះតែធ្លាក់ ធ្លាក់ ធ្លាក់រហូតមិនដឹងបាតនៅឯណា។ ឬក៏ខ្ញុំធ្លាក់នរកទេដឹង? ឬក៏ខ្ញុំយល់សប្តិ។ ឬវាដូចជាការយល់សប្ដិធ្លាក់ពីលើគ្រែ? ចុះម៉េចក៏យល់សប្តិនេះយូរម៉្លេះ?

បឹប! ស្អីមិនដឹង ធំចម្លែកមកប៉ះទ្រូងខ្ញុំ។ ខ្ញុំក៏ស្រវាចាប់អោបវា ក្នុងចិត្តអរណាស់ ថាមានរបស់តោងហើយ។ ខ្លួនខ្ញុំទាំងមូលអោបវាយ៉ាងណែន។ ក្បាលខ្ញុំផ្អឹបជាប់នឹងវត្ថុនោះយ៉ាងអឹប អឹបរហូតដល់ត្រចៀកខ្ញុំស្ដាប់ឭសម្លេងរង៉ូវៗពីខាងក្នុងនោះ។ សម្លេងស្អីអញ្ចេះ? ខ្ញុំផ្អឹបត្រចៀកខ្ញុំ ផ្ទៀងស្ដាប់យ៉ាងយកចិត្តទុកដាក់។

“ងាប់បាត់ហើយ!” ស្ត្រីម្នាក់និយាយ រួចសម្លេងជាច្រើនទៀតក៏បន្លឺឡើងបន្តបន្ទាប់គ្នា

“ងាប់មែនអី?”

“អឺ! ងាប់ទៅ! មិនដឹងនៅរស់បង្ករឿងឲ្យគេឲ្យឯងធើស្អីទេ!”

“វាល្បែងទាល់តែរលាយខ្លួន! ល្បែងទាល់តែខ្វាក់!”

“វារស់ក៏ពិបាកដែរ ងាប់ទៅប្រសើរជាងអ្ហី!”

“អាហ្នឹងហើយរំលោភកូនឯង!”

“ប្រាប់ត្រង់ទៅ ខ្ញុំមិនដែលចូលចិត្តអាគាត់ហ្នឹងទេ! ធ្វើបាបប្រពន្ធទាល់តែគ្នាស្លាប់!”

“យកគ្នាទៅវត្តទៅ! អត់ញាតិ អត់សណ្ដានចឹង អាណិតគ្នា!”

“ពុទ្ធោ!”

11សម្លេងកាន់តែច្រើនឡើងៗ និយាយព្រមគ្នា។ ខ្ញុំយល់ហើយថា វត្ថុដែលខ្ញុំកំពុងតោងនេះ មិនបានជួយខ្ញុំទេ តែវាកាន់តែធ្វើឲ្យខ្ញុំធ្លាក់ជ្រៅទៅក្រោមកាន់តែលឿន។ ប៉ុន្តែខ្ញុំលែងចង់ស្រវារកជីវិតហើយ។ ខ្ញុំមិនដឹងថារស់ដើម្បីអីទៀត។ ខ្ញុំយល់ហើយថា មនុស្សអាក្រក់ដូចគ្នាគ្មានឋានសួគ៌ឲ្យជ្រកនោះទេ។ គ្រាន់តែគិតត្រឹមនេះ ខ្លួនខ្ញុំដែលវិលខ្ញាល់ក្នុងលំហងងឹតក៏ស្រាប់តែឮសម្លេងចម្រៀងពីណាមិនដឹង។ ជុំវិញខ្លួនហាក់មានកំដៅឡើងវិញ។ ខ្ញុំហាក់មានសង្ឃឹមឡើងវិញបន្តិច។ សម្លេងចម្រៀងកាន់តែឮខ្លាំងឡើងៗ រហូតខ្ញុំ….

ប្រាវ! ខ្លួនខ្ញុំទាំងមូលធ្លាក់ទៅក្នុងរណ្ដៅដ៏ធំមួយ ដែលមានភ្លើងឆេះសន្ធោរសន្ធៅ។ នៅជុំវិញខ្លួនខ្ញុំសុទ្ធតែមនុស្សស្រីប្រុសរាប់លាននាក់ ស្រែកដង្ហោយហៅឲ្យគេជួយ។ ឯខ្លួនខ្ញុំឯណេះក៏ឆេះរលេះរលួយសព្វសារពាង្គ។ ខ្ទះភ្លើងដ៏ធំមហិមារ មានបុរសយក្សសំបុរក្រហមក្រឹបភ្នែកធំៗកាន់ច្បូកចាក់កាយមនុស្សដែលកំពុងប្រកាច់ប្រកិនក្នុងខ្ទះមិនឲ្យចេញផុតឡើយ។

“ឪ!⁣ អញអើយ! អញធ្លាក់នរកហើយតើ!”

សរសេរដោយ ឌីយ៉ា

 

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s