កុមារភាពរបស់ខ្ញុំនឹងសៀវភៅ

សាលាបឋមសិក្សាពោធិ៍សាត់ ថ្នាក់ទី៤គ ឆ្នាំសិក្សា ១៩៩៧។ ខ្ញុំជាសិស្សម្នាក់ដែលមិនដែលជាប់ចំណាត់ថ្នាក់ល្អក្នុងថ្នាក់ ហើយក៏មិនមែនសិស្សបាតថ្នាក់ដែរ។ មិនពូកែគណិត តែពូកែមុខវិជ្ជាវិទ្យាសាស្ត្រសង្គម។ ខ្ញុំស្រលាញ់ការអាន។ មិនដឹងថាហេតុអ្វីបានជាខ្ញុំស្រលាញ់ការអាននោះទេ។ ប្រហែលមកពីកាលពីក្មេង លោកតារបស់ខ្ញុំឧស្សាហ៍អានសៀវភៅរឿងឲ្យខ្ញុំស្ដាប់ហើយមើលទៅ។ ការចងចាំដ៏ស្រពិចស្រពិល…សៀវភៅក្រាស់ៗ មានរូបភាពពណ៌ទឹក និងអក្សរតូចៗដ៏គួរឲ្យទាក់ទាញ…ខ្ញុំចាំបានរូបភាពទាំងនោះគ្មានថ្ងៃភ្លេច។ រឿងយក្សនិងនាងមេខលាដណ្ដើមកែវមុន្នី មានរូបរន្ទះឆ្វេចឆ្វាច…រឿងសត្វក្រពើអាធន…ថ្វីត្បិតតែអនុស្សាវរីយ៍ចាស់វស្សានេះមានរូបភាពមិនច្បាស់លាស់ក្នុងខួរក្បាលរបស់ខ្ញុំ តែវាបានធ្វើឲ្យខ្ញុំស្ងប់ចិត្ត នៅពេលគិតដល់វាម្ដងៗ។ និយាយម្ដងទៀត គឺខ្ញុំចូលចិត្តអាន! កាលនោះបណ្ណាល័យសាលាបឋមសិក្សាមិនទាន់មាននៅឡើយទេ តែមានបណ្ណាល័យវិទ្យាល័យពោធិ៍សាត់! បណ្ណាល័យនេះហើយ ដែលខ្ញុំឆ្លៀតពេលទៅអាន។ ឆ្លៀតនោះគឺឆ្លៀតគ្រប់ពេល! ពេលចេញលេង ខ្ញុំសុខចិត្តលូនតាមរបងលួសចេញទៅអានសៀវភៅក្នុងបណ្ណាល័យ ពេលឭជួងចូលរៀនខ្ញុំក៏លូនចូលមកវិញ។ ការធ្វើបែបនេះ ជួនអាចយឺតពេលរៀនក៏មាន ព្រោះមិនចង់ដាច់សាច់រឿង។ រៀនពេលព្រឹក ទៅអានសៀវភៅពេលថ្ងៃ។ ខ្ញុំអានរហូតដល់ពេលល្ងាច។ ជួនថ្ងៃចាំងចូលពេក ខ្ញុំត្រូវបង្ខំចិត្តបិទបង្អួច ហើយអានទាំងគ្មានពន្លឺគ្រប់គ្រាន់។ ខ្ញុំអានរហូតដល់បណ្ណាល័យបិទទ្វារ។

books

ថ្វីត្បិតតែជាបណ្ណាល័យរបស់វិទ្យាល័យ តែនៅទីនោះមានសៀវភៅសម្រាប់ក្មេងៗជាច្រើន។ បណ្ណាល័យនេះមិនធំទេ។ វាមានទំហំប៉ុនបន្ទប់រៀនមួយប៉ុណ្ណោះ។ តែអាចមកពីកាលនៅក្មេង រាងខ្ញុំតូចល្អិត ទើបមើលឃើញគ្រប់យ៉ាងដូចជាធំសម្បើម។ ខ្ញុំនៅចាំបាន សៀវភៅដ៏មានពណ៌ស្រស់ស្អាត ក្របក្រាស់ៗ និងមានរូបភាពតុក្កតាបែបបរទេស។ សៀវភៅដែលមានបិទក្រដាសបកប្រែភាសាខ្មែរលុបពីលើភាសាអង់គ្លេស។ ខ្ញុំនៅចាំរឿងសត្វចចក និងនាងតូចមួកក្រហម រឿងម្ចាស់ចំការនិងឆៃថាវយក្ស រឿងសត្វចម្លែកៗ ដែលមានក្មេងតូចៗជាតួអង្គ។ រឿងខ្លះមានអក្សរដើមជាភាសាអង់គ្លេស ខ្លះមានអក្សរដើម និងឈ្មោះតួអង្គជាភាសាជប៉ុន។ គ្រប់យ៉ាងហាក់រស់រវើកក្នុងក្ដីស្រម៉ៃរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថាហាក់ដូចជាបានឃើញតួអង្កតុក្កតានោះមានកាយវិការពិតៗ ហើយជួនកាលក៏ភ្ញាក់ផ្អើលនឹងទម្លាប់ប្លែកៗ និងចរិតដ៏ក្លាហានរបស់តុក្កតាបរទេសទាំងនោះ។ ជួនខ្ញុំអានសៀវភៅសម្រាប់មនុស្សធំ សៀវភៅប្រវត្តិសាស្ត្រ។ ទោះបីជាពិបាកយល់ និងមិនដឹងថាមានន័យដូចម្ដេច តែខ្ញុំគិតថាដោយសារអំណានទាំងនោះហើយទើបធ្វើឲ្យខ្ញុំគ្រាន់បើផ្នែកភាសាខ្មែរ អានលឿនជាងសិស្សដទៃក្នុងថ្នាក់ ឆាប់យល់ និងស្រលាញ់ភាសាខ្មែរ។

ក្រោយមកទៀត បណ្ណាល៏យមួយបានកើតឡើងនៅក្នុងសាលាបឋមសិក្សារបស់ខ្ញុំ។ ថ្ងៃព្រហស្បត្ថិ៍មកធ្វើពលកម្ម រាល់ពេលចេញលេង រាល់វេនដែលខ្ញុំមិនរៀន ខ្ញុំតែងចូលបណ្ណាល័យ។ នៅខាងក្រោយបណ្ណាល័យមានស្រះដ៏ធំមួយ ដែលយើងអាចមើលតាមបង្អួចទៅឃើញរុក្ខជាតិតូចៗដុះប្រៀបមាត់ស្រះ មានមាត់កូនត្រីប៉ប្រះមាត់ទឹកម្ដងម្កាល ជុំវិញស្រះមានសួនច្បារ និងមានវាលស្មៅដ៏ធំនៅជុំវិញបណ្ណាល័យ ពិសេសក្បែរថ្នាក់ដែលខ្ញុំរៀន។ ការអាននៅជិតធម្មជាតិ និងភាពស្ងប់ស្ងាត់ មានសណ្ដាប់ធ្នាប់ក្នុងបណ្ណាល័យធ្វើឲ្យអំណានសៀវភៅកាន់តែជក់ចិត្តថែមទៀត។ ក្មេងខ្លះគេរមូរប្រអប់ទូរទស្សន៍សប្បនិម្មិតធ្វើពីឈើ ដើម្បីមើលរឿងព្រេងនិទាន ខ្លះអង្គុយអានជាក្រុម ខ្លះអង្គុយសំកុកម្នាក់ឯង ដៃកាន់សៀវភៅ តែអារម្មណ៍មិនដឹងដល់ណាទេ។ ការអាននៅទីនេះ តម្រូវឲ្យសិស្សទាំងអស់ត្រូវយកដុំគ្រួសមួយដុំពីក្រៅបណ្ណាល័យយកមកដាក់ក្នុងត្រឡោកនៅមាត់ទ្វារបណ្ណាល័យមុននឹងចូល។ ការធ្វើបែបនេះដើម្បីបណ្ណារក្សអាចដឹងថាមានសិស្សប៉ុន្មាននាក់បានចូលអានក្នុងមួយថ្ងៃ។

6929079125_68f5705ef4_b

ចំណែកនៅផ្ទះវិញ មានសៀវភៅចាស់ៗជាច្រើននៅក្នុងថតទូ។ ខ្ញុំចូលចិត្តក្របសៀវភៅចាស់ៗ ក្របខ្លះជាក្រណាត់ ខ្លះជាជាជ័រ។ សៀវភៅភាគច្រើនគឺសៀវភៅប្រលោមលោកបែបកុម្មុយនីស ដូចជារឿង “លុះដែកថែបលត់រួចហើយ” និងរឿងផ្សេងៗទៀតដែលខ្ញុំមិនបានចាំឈ្មោះ។ រឿងដែកថែបលត់រួចហើយ នេះមានរូបភាពសខ្មៅគ្រប់ជំពូកទាំងអស់ ហើយមុនដល់សាច់រឿងនៅបួនដប់ទំព័រដំបូង មានរូបភាពពណ៌ទឹកជាច្រើនដ៏គួរឲ្យចាប់អារម្មណ៍។ បច្ចុប្បន្ននេះ ទោះបាត់សៀវភៅដើមនៅពេលរើផ្ទះមកភ្នំពេញទៅហើយក្ដី ខ្ញុំនៅតែព្យាយាមស្វែងរកសៀវភៅនោះមកទុកទាល់តែបាន។

ថ្នាក់ទី៤ ថ្នាក់ទី៥ ថ្នាក់ទី៦ មួយឆ្នាំៗកន្លងផុតទៅយ៉ាងលឿន។ អ្វីៗផ្លាស់ប្ដូរអស់នៅពេលដែលខ្ញុំមកនៅភ្នំពេញកាលដែលខ្ញុំរៀននៅថ្នាក់ទី ៦។ នៅភ្នំពេញមិនមែនជាទឹកដីរបស់ខ្ញុំ ដែលខ្ញុំអាចដើរហើរបានគ្រប់ទិសទីនោះទេ។ កាលថ្នាក់មត្តេយ្យ ដៃមិនដល់គុម្ភត្រចៀក ខ្ញុំត្រូវគ្រូឲ្យរៀនត្រួតថ្នាក់មួយឆ្នាំ ដល់ពេលមកដល់ភ្នំពេញ ខ្ញុំត្រូវរៀនថ្នាក់ទី៥ ម្ដងទៀត ព្រោះគេមិនអាចឲ្យខ្ញុំផ្លាស់ចូលរៀនថ្នាក់ទី ៦តែម្ដងនោះទេ។ និយាយទៅគឺ ខាតរហូត។ នៅសាលាដែលខ្ញុំរៀនថ្មីនេះ គ្មានបណ្ណាល័យនោះទេ។ ទីនេះខ្ញុំមិនយល់ភូមិសាស្ត្រ អំណានសៀវភៅហាក់ដាច់ស្រយាលពីជីវិតខ្ញុំ តែខ្ញុំនៅតែស្រលាញ់សៀវភៅដដែល។

លុះពេលខ្ញុំធំដឹងក្ដីឡើង ខ្ញុំបានដឹងថា បើគ្មានការអានសៀវភៅទេ មនុស្សយើងហាក់ដូចជាប្រហោងធ្លុង គ្មានអ្វីក្នុងខ្លួនទាល់តែសោះ។ មនុស្សនឹងខ្វះគំនិតក្នុងការនិយាយ។ ដល់ពេលគ្មានអ្វីនិយាយក្នុងក្រុមអ្នកចេះដឹង មនុស្សនឹងព្យាយាមស្វែងរកក្រុមមនុស្សដែលជជែកពីរឿងដែលគ្មានបានការដូចគ្នា។ នៅពេលយើងអាន យើងអាចយល់ពីរឿងយ៉ាងច្រើន ហើយយើងអាចផ្ដល់ដល់អ្នកនៅជុំវិញខ្លួនពីអ្វីដែលយើងយល់ពីការអាននោះ ដល់ក្រុមដែលនិយាយរឿងនោះបាន។ មានឃ្លាមួយនិយាយថា “Great minds discuss ideas; average minds discuss events; small minds discuss people.”។ បានន័យថា “មនុស្សមានគំនិតខ្ពង់ខ្ពស់ពិភាក្សាពីគំនិត មនុស្សមានគំនិតមធ្យមពិភាក្សាពីព្រឹត្តិការណ៍ មនុស្សមានគំនិតទាបពិភាក្សាគ្នាពីមនុស្ស”។ នៅលើហ្វេសប៊ុករាល់ថ្ងៃ មនុស្សធ្វើអ្វីលឿនៗ គ្មានការពិចារណា អានតែចំណងជើងហើយ ក៏ចែករំលែកភ្លាមដោយគ្មានការពិចារណាឲ្យបានច្បាស់ពីប្រភពពត៌មាន ភាពពិតប្រាកដរបស់ពត៌មាន ឬហេតុផលពីក្រោយឲ្យបានច្បាស់លាស់នោះទេ។ ហេតុនេះហើយ បានជាសង្គមហ្វេសប៊ុក ក្លាយជាសង្គមមួយដែលទទួលបានពត៌មានច្រើន តែបែរជាអត់ប្រយោជន៍ទៅវិញ។ 

ចុះសៀវភៅ? សៀវភៅជារបស់ពិត ដែលយើងអាចកាន់នៅជាប់នឹងដៃ។ អ្នកកាន់សៀវភៅ រមែងស្វែងរកទីស្ងប់ស្ងាត់ដើម្បីអាន។ ការអានរមែងធ្វើឲ្យមនុស្សពិចារណា។ ការពិចារណាសុទ្ធសឹងទៅលើគំនិតដែលអ្នកនិពន្ធបានប្រើពេលវេលាជាច្រើនក្នុងការស្រាវជ្រាវ ស្វែងរកហេតុផល បូកបញ្ចូលនូវពត៌មានមានប្រយោជន៍ និងឧទាហរណ៍ល្អៗ។ គំនិតទាំងអស់នេះសុទ្ធសឹងបានឆ្លងកាត់ការកែតម្រូវម្ដងហើយម្ដងទៀត មុននឹងចេញបោះពុម្ពផ្សាយ។ ការស្រាវជ្រាវរយៈពេលបីបួនឆ្នាំ បួនដប់ឆ្នាំ ឬរាប់សត្សវត្យរួមបញ្ចូលមកក្នុងសៀវភៅតែមួយ ដែលអ្នកអានអាចអានចប់ក្នុងរយៈពេលមួយម៉ោង កន្លះថ្ងៃ មួយអាទិត្រ ឬមួយខែ។ 🙂

នេះគ្រាន់ជាប្រយោជន៍មួយចំនួននៃការអានសៀវភៅប៉ុណ្ណោះ។ ខ្ញុំមិនមែនចង់ថាការអានសៀវភៅអេឡិចត្រូនិចគ្មានប្រយោជន៍នោះទេ ឲ្យតែការអាននោះ ជម្រុញឲ្យយើងមានចំណេះដឹងបន្ថែមពីលើចំណេះដឹងចាស់ៗដែលយើងមាន និងបន្ថឲ្យយើងអានតទៅទៀតនោះ ទោះសៀវភៅអេឡិចត្រូនិច ឬសៀវភៅជាក្រដាស សុទ្ធសឹងមានប្រយោជន៍ដូចគ្នា។

ជាចុងក្រោយខ្ញុំគ្មានអ្វីនិយាយទៀត ក្រៅពីការអរគុណដែលបានអានអត្ថបទនេះរហូតដល់ចប់នោះទេ។ រួមគ្មាដើម្បីលើកកម្ពស់ការអាន ដោយផ្ដល់មតិយោបល់របស់អ្នកនៅខាងក្រោមនេះ ដោយព្យាយាមអាន និងដោយលើកទឹកចិត្តកូនរបស់អ្នក មិត្តរបស់អ្នក និងសង្គមរបស់អ្នកឲ្យចូលចិត្តការអាន។ 🙂

អត្ថបទទាក់ទង៖

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s