ផ្ទះ

Khmer_Farm-1201806091m

កាលពីថ្ងៃសៅរ៍អាទិត្រមុន ខ្ញុំបានទៅដើរលេងជាមួយមិត្តរបស់ខ្ញុំម្នាក់។ ដោយគេមានការងារបន្តិច ខ្ញុំក៏ត្រូវទៅជាមួយគេ។ គេធ្វើការផ្នែកកសិកម្ម ហើយអ្វីដែលគេត្រូវធ្វើគឺទៅយកគំរូបន្លែពីម៉ូយដុំ។ ផ្លូវស្ទះខ្លាំងណាស់នៅម្ដុំវត្តសន្សំកុសល។ តាមផ្លូវឭតែសម្លេងម៉ាសុីន សុីផ្លេ និងមនុស្សរអ៊ូរអ៊ូរអែ។ អាកាសធាតុពេលល្ងាចដ៏អាប់អួរ និងមានតែធូលីដីហ៊ុយគ្រប់ទិសទី។ យើងធ្វើដំណើរបត់ចុះបត់ឡើងពីផ្លូវមួយ ចូលផ្លូវមួយទៀតដើម្បីបញ្ចៀសពីចរាចរណ៍ដ៏ណែនណាន់តាន់តាប់នេះ។ ពីពេទ្យរុស្សីលើផ្លូវ ២៧១ មកដល់ក្រោយសាលាអនុវិទ្យាល័យទួលស្វាយព្រៃ មិត្តរបស់ខ្ញុំក៏ឈប់នៅមុខអាគារធំមួយ ដែលខាងក្នុងហាក់ប្រហោងធ្លុង គ្មានគ្រឿងសង្ហាររឹមអ្វីទាំងអស់ក្រៅពីប្រអប់ កេសដាក់អុីវ៉ាន់ធំៗ។

មិត្តខ្ញុំសុវណ្ណប្រាប់ថា នេះជាកន្លែងនាំចូលបន្លែពីបរទេស។ គេឲ្យខ្ញុំចាំខាងក្រៅ។ បន្តិចក្រោយមក គេចេញមកវិញជាមួយនឹងសាលាដមួយក្ដាប់ដៃពណ៌ឈាមជ្រូកក្រម៉ៅ។ “គ្នាយកទៅមើលគំរូ ដើម្បីរើសគ្រាប់ពូជ ទុកឲ្យកសិករនៅខ្មែរដាំ។ បន្លែនេះនាំចូលពីចិន។” សុវណ្ណប្រាប់ខ្ញុំបណ្ដើរ បញ្ឆេះម៉ូតូបណ្ដើរ។ គេប្រាប់ខ្ញុំថា ម៉ូយឃ្លាំងបន្លែនេះ គាត់ចិត្តល្អណាស់។ គាត់ចង់លើកស្ទួយឲ្យខ្មែរដាំបន្លែខ្លួនឯង ដើម្បីកាត់បន្ថយការនាំចូលពីបរទេស។ ខ្ញុំក៏តប “ការនាំចូលបន្លែពីចិន ប្រាកដជាថ្លៃហើយ”។ “ហ្នឹងគឺរឿងមួយហើយ រឿងសំខាន់គឺគាត់មិនចង់ឃើញប្រជាជនខ្មែរចំណាកស្រុកទៅធ្វើការស្រុកគេ។” សុវណ្ណនិយាយបន្ត ហើយយកបន្លែទៅដាក់ក្នុងកាតាប “យុវជនដែលធ្វើការជាមួយគាត់នេះ សុទ្ធតែឪពុកម្ដាយចេញទៅធ្វើការស្រុកថៃ ស្រុកយួនអស់ហើយ។ ពីតូចនៅជាមួយយាយតា ចាស់ៗ ដល់ធំឡើងមកធ្វើកម្មករឲ្យគាត់។ ពួកគេសុទ្ធតែមកពីស្រុកកំណើតរបស់ម្ចាស់ឃ្លាំងនេះទេ។ គាត់មិនចង់ឃើញរូបភាពបែបនេះទេ”។

ខ្ញុំមើលក្មេងៗក្នុងឃ្លាំង ខ្លះអាយុប្រហែល ១៨ ឬ២០ឆ្នាំប៉ុណ្ណោះ “ពីក្មេងនៅជាមួយតាយាយ មិនបានជួបឪពុកម្ដាយ ខ្វះភាពកក់ក្ដៅ ហើយរៀនសូត្រក៏មិនបានជ្រៅជ្រះ ធំឡើងបែរជាចំណាយពេល ចំណាយកម្លាំងជាយុវជនទៅធ្វើជាកម្មករទៅវិញ។ ស្រុកយើងមនុស្សធំដែលមានកម្លាំង បែររត់ទៅធ្វើការស្រុកគេ ទុកកូនៗនៅផ្ទះឯស្រុកខ្មែរ។ ដប់ឆ្នាំ ដប់ប្រាំឆ្នាំក្រោយ កូនធំឡើងធ្វើកម្មករ។ គិតទៅកម្លាំងពលកម្ម កម្លាំងប្រាជ្ញាស្នូលជាតិបែរជាមិនអាចប្រើប្រាស់ឲ្យអស់ពីសមត្ថភាព។ អោយតែបែបនេះ លទ្ធផលគឺអណោចអធ័មណាស់។” យើងចេះតែនិយាយជាហូរហែររហូតដល់កន្លែងដែលត្រូវហូបអីជុំមិត្តភក្ដិ។ តាមអ្វីដែលខ្ញុំស្ដាប់មិត្តភក្ដិ ហើយក៏បានឃើញផ្ទាល់ភ្នែកពេលចុះទៅធ្វើការតាមភូមិដូចជានៅខេត្តស្វាយរៀង ខ្ញុំពិតជាស្ដាយណាស់ ដែលចុះទៅមិនបានជួបក្រមុំកម្លោះ ឬពូមីងដែលមានវ័យកណ្ដាលច្រើនទេ។ ភាគច្រើនគឺពួកគាត់ទៅយួន ឬទៅថៃធ្វើការអស់ហើយ។ ក្នុងភូមិមានតែយាយៗ និងក្មេងៗប៉ុណ្ណោះ។ ខ្ញុំសួរខ្លួនឯងថា តើធ្វើដូចម្ដេចទើបប្រជាជនខ្មែរអាចត្រឡប់មកធ្វើការស្រុកខ្មែរវិញ? ដីសល់ច្រើនតែមិនអាចធ្វើស្រែបាន ធ្វើមិនសូវបានផល បានផលលក់ខាត ដីភាគច្រើនជួលឲ្យយួនទៅវិញ។ ប្រជាជនខ្មែរគួរតែនឹករលឹកស្រុក នឹករលឹកកូន ត្រឡប់មកអភិវឌ្ឍទឹកដីដែលខ្លួនមានវិញ។

ការទៅធ្វើការស្រុកគេ អាចរកប្រាក់បានសម្រាប់រស់ តែមិនអាចផ្ដល់អនាគតល្អឲ្យកូនរបស់ខ្លួនបានទេ។ នឹកស្រុក! ត្រឡប់មកស្រុកវិញមក! ត្រឡប់មកជួបមុខកូន! ត្រឡប់មករកទឹកដីដែលប្រជាជនខ្មែរកាន់តែបាត់ មានតែប្រជាជនជាតិដទៃមកទន្ទ្រានទៅវិញ។ ហុឺម…

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s