សុបិនពីយប់

ពីរ​យប់​ហើយ​ដែល​គេ​មិន​បាន​ទូរសព្ទមករក​ខ្ញុំសោះ ឯខ្ញុំក៏​ចិត្តណាស់ដែរ គឺមិនព្រម​​ទូរសព្ទ​ទៅរ​ក​គេ​វិញ​សោះ ហើយ​មក​អង្គុយពិបាកចិត្តម្នាក់ឯង។ យើង​បាន​សន្យា​នឹង​គ្នា មិនថា​មាន​បញ្ហាអ្វីក៏ដោយ យើង​ត្រូវតែនិយាយ​ជាមួយគ្នា​ជានិច្ច​មុនពេលចូលគេង។ យើង​មិន​បាន​រស់​នៅជាមួយគ្នា ប៉ុន្តែ​បច្ចេកវិទ្យាក៏ធ្វើឲ្យ​ជីវិត​កាន់​តែ​ងាយ។ តែ​ភាពងាយ​ស្រួលនេះធ្វើឲ្យ​យើង​មាន​ជំរើស​និយាយ​ទូរសព្ទជាមួយគ្នាដោយ​មិន​ចាំបាច់​ជួបគ្នា។ ដោយហេតុផលនេះ ពេល​ខ្លះខ្ញុំក៏ស្អប់ទូរសព្ទ ស្អប់បច្ចេកវិទ្យា។

ខ្ញុំគិតច្រើនណាស់ គិត​រហូត​ដល់​ពិបាក​នឹង​គេង​ឲ្យលក់។ ពីយប់​ខ្ញុំត្រូវ​ចំណាយពេល​រហូត​ដល់ទៅពីរម៉ោង​ដើម្បី​ឲ្យ​ខ្លួនឯង​អាចបិទភ្នែកគេងបាន។ រហូត​ដល់​ម៉ោង ៥ភ្លឺ ដែលខ្ញុំគិតថា​វា​ព្រឹកពេកសម្រាប់ខ្ញុំ​ក្នុងការ​ក្រោកពីដំណេក។ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួនឯង​គេងលក់មិន​គ្រប់គ្រាន់ មិន​ស្កប់ស្កល់។ សុបិន​មួយនេះ​បាន​មក​ដាស់​ខ្ញុំឡើង។ ខ្ញុំភ្ញាក់ឡើង​ដោយ​អារម្មណ៍មួរហ្មងជាខ្លាំង ព្រោះ​យល់​សប្តិអាក្រក់។ បើខ្ញុំ​ដឹង​តាំងពីដំបូង​មកថា​វាគ្រាន់តែជា​សុបិន​ ម៉្លេះខ្ញុំ​ដាស់​ខ្លួនឲ្យក្រោកពីដំណេក​នេះបាត់ទៅហើយ។ ពេលនេះគេងទៅវិញក៏មិនកើត ព្រោះគេងបន្តទៀតក៏មិន​អាចបំពេញ​ភាពងោកងុយរបស់ខ្ញុំ​ដែល​បាត់​ទៅ​ដោយសារ​សុបិន​នោះ​ទេ។

វា​ជា​សុបិន​មួយ​ដ៏គួរឲ្យ​ខ្លាច និង​គួរឲ្យអាម៉ាស់។ ចំពោះ​មនុស្ស​ដែល​មាន​លុយ​កាន់​នឹង​ដៃ មិន​ចូលចិត្ត​ជីវិត​លំបាក មិន​ចូលចិត្ត​ឲ្យ​អ្នក​ដទៃមាក់ងាយ ល្មមអាច​ចាត់ទុកថា​សុបិន​មួយនេះ​ធ្វើឲ្យ​គេ​អាច​មិន​សប្បាយចិត្តពេញមួយ​ថ្ងៃបាន។ ក្រោកដឹងខ្លួនកាលណា គិតពីសុបិននេះហើយ​ ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​រឿងពីយប់ម៉ិញដែលគេមិនបាន​ទូរសព្ទមករកខ្ញុំ។

ខ្ញុំ​យល់​សប្តិឃើញ​មនុស្ស​ពីរបីនាក់​ដែលគេ​ធ្លាប់ទុកចិត្ត​ខ្ញុំ បែរ​ក្លាយជា​មនុស្ស​ដែល​មើល​ងាយ​ខ្ញុំជាទីបំផុត​នៅពេល​ដែល​ខ្ញុំ​គ្មាន​ប្រាក់។ ខ្ញុំ​មិន​នឹក​ស្មាន​ថា​ហេតុអ្វី​បាន​ជា​យល់​សប្តិឃើញពួកគេទៅវិញ ព្រោះ​ខ្ញុំ​មិន​មាន​ទំនាក់ទំនងអីជិតស្និទ្ធជាមួយពួកគេនោះទេ។ ខ្ញុំចំពោះពួកគេគ្រាន់តែជា​អតិថិជន​ម្នាក់​តែប៉ុណ្ណោះ។ ខ្ញុំ​ក្រោកដឹងខ្លួនឡើង បើក​ iBank របស់ធនាគារ ABA មើល​ទៅក្នុងគណនីរបស់ខ្ញុំ ឃើញប្រាក់​ទាំងប៉ុន្មាន​នៅ​សល់​ដដែល អត់មាន​បាត់​បង់ទៅណានោះទេ។ បើ​ខ្ញុំអាចចូលទៅក្នុង​សុបិន​វិញបាន ខ្ញុំ​នឹង​បង្ហាញ​ថា​ខ្ញុំ​នៅ​មាន​ប្រាក់​ច្រើនក្នុងធនាគារ។ និយាយចុះនិយាយឡើង សុបិននេះ​អាច​ចាត់ទុកថា​ជា​​រឿង​ដែលអាចធ្វើឲ្យខ្ញុំ​មិន​សប្បាយចិ​ត្ត​ពេញ​មួយ​ថ្ងៃ​ ឬគេងមិនលក់ពីយប់ ប៉ុន្តែអ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំគិត​នោះគឹ ជីវិតពិត​របស់​មនុស្ស​នាខណៈណាមួយ វា​ប្រៀប​ដូចជាសុបិនអាក្រក់ លុះដល់ពេល​វា​បញ្ចប់ទៅ​ យើង​ក៏ក្រោកឡើង​ដោយ​មាន​អ្វី​ដែលយើងមាន​នៅក្នុងដៃដដែល តែ​សុបិននោះនៅ​តែ​ធ្វើ​ឲ្យ​យើង​មិន​សប្បាយ​ចិត្ត​ដដែល។ នៅ​ថ្ងៃ​ដែលគាត់​ចាកចេញពីជីវិត​ខ្ញុំទៅ ខ្ញុំ​ត្រូវ​រស់​នៅ​តែម្នាក់ឯង​ដដែល។ ខ្ញុំ​នៅ​មាន​ខ្លួនឯង តែ​សុបិន​នោះធ្វើឲ្យ​ខ្ញុំ​រាង​ចាល ហើយក៏ខ្លាច​នឹង​បង្កើតទំនាក់ទំនងស្នេហាជាមួយ​អ្នក​ថ្មី។

ពេល​ខ្លះ​សុបិន​ពី​រាត្រី អាច​ធ្វើ​ឲ្យ​ជីវិត​ពិត​នៅពេល​ថ្ងៃ ប្រៀប​ដូចជា​វិថី​មួយ​ដ៏ពិបាក​ដើរ។ ត្រូវ​គេ​ចគ្រួស គេច​ថ្ម បាន​ជួប​មនុស្ស​ល្អហើយ ក៏​ត្រូវ​នៅ​មាន​គំនិត​សង្ស័យថា​គេ​អាច​នឹង​ធ្វើបាប​ចិត្ត​យើង​ដូច​ម្នាក់នោះទៀត។ ឬអាក្រក់ជាងនេះ យើង​មិន​អាច​ទទួលអ្នកណា​បាន​ទៀត មិនថា​គេ​ល្អយ៉ាងណាក៏ដោយ។ ព្រោះតែភាពភ័យខ្លាច ព្រោះតែហត់នឿយនឹង​ស្នេហាបរាជ័យ ព្រោះតែ​មិន​ចង់​ខ្ជះខ្ជាយពេល​វេលា​បង្កើត​ការ​ចងចាំល្អៗ ហើយក៏​ត្រូវ​បំភ្លេច​វា​ទៅវិញយ៉ាងលំបាក។ វាមិន​ខុសអីពីញុំា​បាយ ប៉ះគ្រាប់គ្រួសនោះទេ។ បើ​កាលណា​បាន​ធ្មេញ​បាន​ប៉ះគ្រាប់គ្រួស​ដ៏តូចមួយហើយ អាហារ​មួយពេល​នោះ យើង​គ្មានអារម្មណ៍​នឹង​ទទួលទានទៀតទេ ម្យ៉ាង​ត្រុវ​ប្រយ័ត្តគ្រប់ម៉ាត់ក្រែង​លោ​ត្រូវ​ប៉ះ​គ្រាប់គ្រួស​ម្ដងទៀត។

និយាយ​តែ​ត្រឹមនេះបានហើយ! ថ្ងៃនេះ​មិន​ដឹង​ជា​ធ្វើការ​កើតឬអត់ទេ បើ​អត់​ងងុយពីយប់បែបនេះ។ 😦

រឿងខ្លីសរសេរដោយ ឌីយ៉ា

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s