ការបញ្ចូលសំលេង​ក្នុងភាពយន្ត​ដំបូងរបស់ខ្ញុំ

ជីវិត​ខ្ញុំ​តាំងពីក្មេងមកហាក់​មាន​និស្ស័យជាមួយ​នឹង​សិល្បៈ។ ថ្វី​ត្បិត​តែ​ដឹង​ថា​ត្រូវ​ជ្រើស​រើស​ខ្សែរ​រថភ្លើង​សិល្បៈមែន តែ​ខ្ញុំ​មិន​ទាន់​ដឹង​ថា​តើ​ខ្ញុំ​ចង់​អង្គុយ​នៅ​ក្នុង​ទូមួយណាឲ្យប្រាកដ កៅអីមួយណា​ឲ្យ​ប្រាកដ។ អាចថា​ការស្រលាញ់​សិល្បៈកើតមកពីម្ដាយខ្ញុំ ដែលចូលចិត្ត​មើល​ភាពយន្ត​ ម្យ៉ាងប៉ានឹងម៉ាក់​ជាអ្នកលក់​កាសែតចំរៀងកាលខ្ញុំនៅតូចៗ។ ខ្ញុំ​ជាជំនួយការ​តូច​ចាំ​ថត​បទចំរៀង​ជ្រើស​រើស​ដាក់​ក្នុងកាសែត​តាម​អតិថិ​ជន​កុម្មង់​។ ពេលទំនេរ​ខ្ញុំ​តែង​តែ​ចាក់​ល្ខោន​បាសាក់​ឬយីកេ​ស្ដាប់កែអផ្សុក មិនអ៊ីចឹង​ស្ដាប់​បទស៊ីនស៊ីសាមុត​។ ហើយរឿង​រាំក៏ចូលចិត្ត​ដែរ។

ពេលវេលា​ចេះតែផ្លាស់​ប្ដូរ ផុត​ពីមុខ​របរ​មួយចូល​មុខ​របរ​មួយទៀត។ ទីបំផុត​ខ្ញុំ​ត្រូវ​ផ្លាស់​ប្ដូរ​មក​រស់​នៅទីក្រុងភ្នំពេញ​នៅ​អាយុ ១៣ឆ្នាំ។ កំពឹស​ទឹក​សាប​ធ្វើ​ដំណើរ​មក​ក្រុង។ ខ្ញុំ​បាន​ចាប់​ផ្ដើម​ជីវិត​សិល្បៈនៅលើ​ឆាក​ទាំង​វ័យក្មេង ដោយសារ​អ៊ុំ​ស្រីបាន​ណែនាំម៉ាក់​ឲ្យចូលវិហារ​គ្រឹស្ដ។ ខ្ញុំ​ក៏​បាន​ចូលក្នុង​ក្រុម​កុមារ និង​ក្រុម​ចំរៀង។ ជីវិត​សិល្បៈចំលែក​នេះ​ តំរូវ​ឲ្យ​មាន​ការ​សម​ចំរៀង និង​សម​រាំជាក្រុម​រាល់​ល្ងាច​ថ្ងៃព្រហស្បត្តិ៍ និង​ឡើង​ឆាក​ច្រៀង​រាំ​នៅរៀង​រាល់​ថ្ងៃអាទិត្រចំនួន​បីវេន គឺព្រឹក ថ្ងៃត្រង់ និងល្ងាច។ សំរាប់​ក្មេងដូចជាខ្ញុំ ជីវិត​បែបនេះគឺប្លែក​បំផុតសំរាប់ខ្ញុំ។ ក្ដីស្រម៉ៃ​បាន​ក្លាយទៅជាការពិត​ដោយមិនដឹងខ្លួន។ កាលនោះខ្ញុំនៅក្មេង ខ្ញុំមិន​ទាន់​យល់​ថា​គោលបំណងប្រាថ្នាក្នុងជិវិត និង​ក្ដីស្រម៉ៃនោះ​មានន័យ​ដូចម្ដេចឡើយ។ សំរាប់ក្មេងការ​រៀន​គឺគ្រាន់តែដើម្បីឡើង​ថ្នាក់ ក្ដីស្រម៉ៃដែលគ្រូបង្រៀន និងគ្រប់គ្នានិយាយ​ហាក់​ដូចជាការក្មេងអាយុ ៥ឆ្នាំអានសៀវភៅទស្សនៈវិជ្ជាដូច្នោះឯង។ រថភ្លើង​ចេះតែទៅមុខ ឯអ្នកដំណើរ​វ័យក្មេង​ចេះតែ​ធ្វើ​ដំណើរ​តាម​ម្ដាយ​ដោយមិនដឹង​ថា​គេទៅណាឡើយ តែ​ទេសភាព​និង​រូបភាព​នៅ​តាម​ដងផ្លូវបាន​ទាក់​ទាញ​ចិត្ត​គេ​ជាពន់​ពេក។ ចំលែក​តែ​ត្រង់ថា ផ្លូវ​ជីវិត​បង្រៀន​ឲ្យ​ខ្ញុំ​ក្លាយជាមនុស្ស​ស្ងាត់​ស្ងៀម តែ​ដំណើរ​ដ៏​វែង​ឆ្ងាយលើ​ផ្លូវ​ដែក​នេះ​បង្រៀន​ឲ្យ​ខ្ញុំ​ក្លាយជាមនុស្ស​ក្លាហាននិង​មាន​គំនិត​ច្នៃ​ប្រឌិត​ មាន​ការ​ស្រមើ​ស្រម៉ៃ និង​ចេះ​ស្រលាញ់​ការនិពន្ធ។ តែមក​ដល់ពេលនេះ រទេះភ្លើង​ចេះតែទៅមុខ គ្មាន​ម៉ាក់នៅក្បែរទៀតទេ ហើយខ្ញុំ​ហាក់ដូចជា​ទិញសំបុត្រ​ធ្វើ​ដំណើរដ៏វែង​ឆ្ងាយ ដោយមិន​ដឹង​ថា​ស្ថានីយ៍​ដែល​ត្រូវឈប់​នៅ​ទីណាឲ្យ​ប្រាកដ។ គ្រប់យ៉ាង​ដែល​បានកើតឡើង​ហាក់ដូចជា​ខ្ញុំ​បាន​ត្រឹម​ក្រវែលពិភពសិល្បៈតែប៉ុណ្ណោះ។

ចូល​មក​ដល់​សាច់រឿងវិញម្ដង ខ្ញុំ​នឹក​ឃើញ​កាល​ខ្ញុំ​នៅ​ក្រុម​កុមារ​បាន​ប្រហែល​ពីរបីឆ្នាំ ខ្ញុំ​ក៏​បាន​ទទួល​ដំណឹង​ថា​ មានគេ​មក​ជ្រើស​រើស​ក្មេងៗក្នុងក្រុមកុមារ​ទៅ​ថត​សំលេង​ជាភាសា​ខ្មែរទៅក្នុងរឿង​ “ជីវប្រវត្តិ​ព្រះយេស៊ូវសំរាប់​កុមារ”។ ខ្ញុំ​និង​មិត្ត​ភក្ដិ​មួយចំនួន​បាន​ទៅធ្វើ​តេស្ដ​សំលេង​។ ប៉ុន្មាន​ថ្ងៃក្រោយមក ពួក​ខ្ញុំ​ក៏​បាន​ដំណឹង​មក​វិញថា ខ្ញុំ​ បង​ជីដូន​មួយខ្ញុំ និង​មិត្ត​របស់​ខ្ញុំ​បីបួននាក់ទៀត​បាន​ជាប់​ក្នុង​ការ​ធ្វើ​តេស្ដសំលេងនោះហើយ។ ពេលនោះ​ខ្ញុំ​រំភើប​ចិត្ត​ដែល​សំលេង​របស់​ខ្ញុំ​ ក្លាយទៅជា​កាយវិការ​ក្នុងភាពយន្ត​ដ៏ធំនោះ។ កាលនោះ​បង​ប្រុសជីដូន​មួយខ្ញុំ​ត្រូវ​ប្រឡង​បញ្ចប់​បឋម​សិក្សា​បឋមភូមិ។ ដើម្បី​បាន​បញ្ចូលសំលេងទៅក្នុងភាពយន្តនេះ គាត់​បាន​លាក់​មិន​ឲ្យ​អ៊ុំ​ប្រុសអ៊ុំ​ស្រី​ដឹង​រឿងនេះទេ ព្រោះខ្លាច​ប៉ាម៉ាក់គាត់​បដិសេធ។ ខ្ញុំ​និង​គាត់​ត្រូវ​ធ្វើដំណើរដោយជិះកង់​តាម​ផ្លូវ​ដ៏​ឆ្ងាយ ដើម្បីទៅ​ស្ទូឌីយោ​ថត​សំលេង។ មាន​ម្ដងនោះ​យើង​ជិះកង់​ត្រឡប់មកវិញ ខ្ញុំ​ប៊ិះ​តែ​ត្រូវឡាន​ដឹក​សំរាម​បុក បង​ជីដូន​មួយខ្ញុំ​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ចូលចិត្ត​ដើរ​ឈ្ងោក​មុខ ជិះកង់​ក៏ឈ្ងោកមុខ គង់​មាន​ថ្ងៃណាមួយឡានបុកស្លាប់មិនខាន។ កាលនោះគាត់​ភ័យជំនួសខញុំ ដែល​ជិះកង់ចូលឡានបែបនេះ។ ដំណើរ​ការ​ថតសំលេង​ត្រូវធ្វើ​ឡើង​នៅ​ចុង​សប្ដាហ៍ ព្រោះ​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​យើង។ សំរាប់ខ្ញុំ ខ្ញុំជា​អ្នក​ថត​សំលេង​សំរាប់តួអង្គ​កុមារ កាឡែប (Celeb) ដែល​ស្លៀកពាក់​ស សក់រួញ សម្បុរស។ ជា​តួអង្គ​ដែល​ជឿជាក់ទៅលើ​ព្រះយេស៊ូវ ហើយ​បងប្រុសជីដូនមួយរបស់ខ្ញុំ​បញ្ចូល​សំលេង​ឲ្យតួប្រុសសក់រួញ សម្បុរស្រអែម ឈ្មោះអ្វីខ្ញុំភ្លេចបាត់ទៅហើយ តែគាត់ជាកុមារ​ម្នាក់​ដែល​ក្រោយមកជឿទៅលើ​ព្រះយេស៊ូវវិញ។

អ្វីដែលខ្ញុំ​ចងចាំមិនភ្លេចនៅពេលនោះគឺ ខ្ញុំ​ត្រូវ​បញ្ចូលសំលេង​យំ។ ​តែពេលនោះ​ខ្ញុំមិនអាចធ្វើសំលេង​យំបានទេ។ ដោយ​សាកល្បង​ជាច្រើនដងនៅតែមិនអាច​ប្រើការបាន លោកគ្រូនៅក្បែរខ្ញុំ​សំរេចចិត្ត​ប្រើ​ក្បាច់​ចុងក្រោយ ដោយ​វ៉ៃគូថខ្ញុំ​ដើម្បីឲ្យខ្ញុំយំ។ គាត់​មិន​បាន​វ៉ៃខ្ញុំខ្លាំងនោះទេ ហើយក៏មិន​បាន​ឈឺអ្វីដែរ តែ​ដោយសារ​គាត់​ប្រឹង​ប្រែង​ចង់​ឲ្យខ្ញុំយំយ៉ាងនេះ ខ្ញុំ​ក៏​បាន​ធ្វើ​សំលេង​ខ្ញុំ​ឲ្យ​ដូចយំមែនទែន។ តែពីរបីដង ខ្ញុំក៏​អាច​ឆ្លង​ផុតឈុតដ៏ពិបាកនេះបាន។

ការ​ថត​សំលេងនេះ ស្ទើរតែ​ដល់ទីបញ្ចប់ដោយជោគជ័យទៅហើយ អ៊ុំ​ប្រុសអ៊ុំ​ស្រីក៏​សង្ស័យ ហើយក៏​ដឹង​ការពិតថា​ពួកខ្ញុំ​លួចទៅ​ធ្វើការនេះស្ងាត់ៗ។ គាត់​ប្រាប់​ពួក​ខ្ញុំ​ឲ្យបងជីដូនមួយខ្ញុំ​ឈប់​ធ្វើ​ការនេះ ហើយទៅ​ងាក​រៀន​ត្រៀម​ប្រលងវិញ។ មក​ដល់​ត្រឹម​នេះ​ខ្ញុំ​ក៏​មិន​ច្បាស់​ដែរថាមានរឿងអីកើតឡើង បានជា​បងជីដូនមួយខ្ញុំ​អាច​បញ្ចប់​ការងារ​ចុងក្រោយ​បាន​ដោយជោគជ័យ។ យើងក្មេងៗ​បាន​បញ្ចប់​ការងារនេះ ដោយ​មាន​ប្រាក់លើកទឹកចិត្ត និង​សញ្ញាបត្រ​បញ្ជាក់ពីការ​ចូលរួម​ផង​ដែរ។

អនុស្សាវរីយ៍​នៃ​ការ​បញ្ចូលសំលេង​ជាភាសា​ខ្មែរនេះ ជាអ្វីដែល​ខ្ញុំ​ចង​ចាំមិនអាចបំភ្លេចបាន។ ស្ដាយណាស់​ដែល​ខ្ញុំ​មិន​អាច​រក្សា​សញ្ញាបត្រ​បញ្ជាក់នោះ​ឲ្យ​បាន​គង់វង្ស។ ប្រាក់​លើកទឹក​ចិត្ត​ដែល​ខ្ញុំ​ទទួល​បាន​នៅពេលនោះ ជា​ប្រាក់​លើកដំបូង​ក្នុងជីវិត​ដែល​ខ្ញុំ​ទទួល​បាន​ពីការ​ធ្វើ​ការ​លើក​ដំបូង។ ទោះពេលនេះ​មិន​ច្រើន តែពេលនោះ​វា​ហាក់​ដូចជា​ប្រាក់​មហាសាល​សំរាប់​ខ្ញុំ​ដូច្នោះដែរ។ សូម​ស្លេះកំណត់​ហេតុ​តែប៉ុណ្ណេះចុះ។ ខាងក្រោមនេះជា​វីដេអូដែល​ខ្ញុំ​បាន​ថតសំលេងកាលនោះ។ សូម​តាម​រក​ខ្ញុំ​ដោយខ្លួនអ្នកចុះ ហិហិ។

Advertisements

2 Replies to “ការបញ្ចូលសំលេង​ក្នុងភាពយន្ត​ដំបូងរបស់ខ្ញុំ”

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s