ស្នេហា ការងារ ការសិក្សា

ស្ថានភាពនៃ​ផ្នែក​សំខាន់ៗទាំងបីនៃជីវិត​របស់​ខ្ញុំ​ក្នុង​ឆ្នាំ​ថ្មីនេះ៖

ការសិក្សា៖ ខ្ញុំ​បាន​ចំណាយពេល​ជា​ច្រើន​ឆ្នាំ​ក្នុង​ជីវិត​សិក្សា​របស់​ខ្ញុំ រៀនហើយក៏ឈប់ ដោយសារ​បរាជ័យ ដោយសារ​ខ្វះ​ពេលវេលា ដោយសារ​មិន​បាន​ស្គាល់ខ្លួនឯង មិនបាន​កំណត់​គោលដៅនៃជីវិត​ច្បាស់លាស់ ទើប​ធ្វើ​អ្វី​ដោយគ្មានភាព​ប្រាកដប្រជា និង​មិន​បាន​ស្រលាញ់។ លុះ​ដល់​សាក​មុខ​វិជ្ជានោះហើយទើប​ដឹង​ថា​ខ្លួនឯង​មិន​សក្ដិ​សម​នឹង​មុខវិជ្ជានោះ ហើយក៏​មិនទៅមុខរួចទៀត។ ប៉ុន្តែ​ឆ្នាំនេះ​ ជីវិត​ការសិក្សា​របស់​ខ្ញុំ​បាន​ចាប់​ផ្ដើម​សារជាថ្មី។ ខ្ញុំមានអារម្មណ៍ល្អ ហើយក៏សប្បាយចិត្ត ព្រោះគិត​ថា​នេះ​ហើយជាមុខ​វិជ្ជា​ដែល​ខ្ញុំ​ស្រលាញ់ និង​អាច​បន្ត​រៀន​ដោយ​ក្ដីសង្ឃឹម​និងរីករាយនឹង​រៀន។ ខ្ញុំរៀន​ផ្នែក​ ធនាគារនិង​ហិរញ្ញវត្ថុ​នៅ​វិទ្យាស្ថាន វ៉ាន់ដា​គណនេយ្យ ឆ្នាំទី២ ឆមាសទី២។ និយាយ​រួម ការរៀប​ចំគំរោង​ផែនការ​ជីវិត​សិក្សា​សំខាន់ណាស់ យើង​ត្រូវ​ស្គាល់​ថា​យើង​ចូលចិត្ត​អ្វីឲ្យប្រាកដ និង​សិក្សា​ឲ្យ​បាន​ច្បាស់​ថា​មុខវិជ្ជា​នោះ​តំរូវ​ឲ្យយើង​មាន​សមត្ថភាព​អ្វីខ្លះ​។

ការងារ៖ សំរាប់ជីវិតការងារ ខ្ញុំគិតថាខ្ញុំជាមនុស្សមានសំណាង ព្រោះ​គ្រប់​ការងារ​ដែលខ្ញុំធ្លាប់ធ្វើ សុទ្ធតែ​ទាក់ទងទៅនឹង​អ្វីដែលខ្ញុំធ្លាប់រៀន ខ្ញុំមានសមត្ថភាពធ្វើ និងអាចធ្វើបាន​ដោយរីករាយនិងល្អបំផុត។ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ទទួលនូវ​ការ​ឡើងទៅកំរិត​ខ្ពស់​ជាបន្តបន្ទាប់នៅក្នុងការងាររបស់ខ្ញុំទេ អាចថាទាក់ទងទៅនឹងជីវិត​សិក្សា​ខាងលើ។ ពីមុនខ្ញុំធ្លាប់ធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសនៅក្នុងអង្គការមួយ ខ្ញុំពេញចិត្តនឹងការងារនេះ និង​ស្រលាញ់​សិស្ស​របស់​ខ្ញុំខ្លាំងណាស់។ ក្នុងកំឡុងពេលនោះ ខ្ញុំ​ក៏មានការងារជាអ្នកបកប្រែ Freelance នៅតាម​ខេត្ត។ វាជាការងារ​ដែលខ្ញុំ​ស្រលាញ់បំផុត និង​មានភាពរីករាយបំផុត​ក្នុងការធ្វើ។ ខ្ញុំ​ចូលចិត្ត​សេរីភាព និង​ស្នាមញញឹមរបស់​អ្នកភូមិស្រុក​ដែល​ខ្ញុំ​បាន​ទៅដល់។ មិន​ត្រឹមតែជាការងារ តែខ្ញុំថែមទាំងអាច​ជួយដល់​ប្រជាជន​ខ្មែរ​ដូចគ្នាទៀតផង។ សំរាប់​បច្ចុប្បន្ននេះ ខ្ញុំ​មានការងារ​ដែល​ថា​អាច​ទាក់ទង​ទៅនឹង​ក្ដី​ស្រម៉ៃ​របស់​ខ្ញុំក៏ថា​បាន គឺខ្ញុំ​ធ្វើការជាអ្នកបកប្រែដដែល ប៉ុន្តែ​ជាអ្នកបកប្រែខ្សែភាពយន្ត​នៅ​ក្នុង​ក្រុម​ហ៊ុន​ឯកជន​មួយកន្លែង ដែល​មាន​មនុស្ស​ភាគច្រើនស្គាល់​ក្រុមហ៊ុននេះ។ ការងារ​នេះ​មានភាពមមារញឹក ប៉ុន្តែ​ដោយក្ដីពេញចិត្ត ខ្ញុំមិន​សូវ​ហត់​នឿយ​ចិត្ត​នឹង​ធ្វើនោះទេ តែអាច​ថា​ល្វើយ​ខ្លះ​ដោយការ​នៅតែក្នុងការិយាល័យ និង​នៅមុខ​កុំព្យូទ័រ​ច្រើនពេក ខុសកាលមុន​ខ្ញុំ​ដើរ​ហើរ​សេរីជាមួយ​ធម្មជាតិ និង​អាច​លេង​សើច​ជាមួយ​មិត្ត​រួមការងារ​ទាំងពេល​ធ្វើការ និង​ពេល​សំរាកពីការងារ ដោយដើរ​កំសាន្ត​ទស្សនា​ស្រុកទេស​នានា។ ឈប់និយាយ​រឿងការងារហើយចូល​រឿងស្នេហាម្ដង។

Work - November 9, 2013
Work – November 9, 2013

ស្នេហា៖ ជីវិត​ស្នេហា ខ្ញុំ​បាន​ឆ្លងកាត់​ច្រើន​។ អាចថា​មានបទពិសោធន៍ពេកទៅ បេះដូងទៅជាចង់​ស្ពឹក ព្រោះ​បើ​ពេលមាន​រឿង​រំភើប​សំរាប់​មនុស្សទូទៅ សំរាប់​ខ្ញុំ​បែរជាធម្មតាទៅវិញ។ វា​ប្រៀប​ដូចទៅនឹង​ថ្នាំស្ពឹក បេះដូង​ខ្ញុំ​លែង​​មានអារម្មណ៍​ដឹងទៅនឹង​អ្វី​ដែល​ពីមុន​ខ្ញុំ​ធ្លាប់​បាន​ឆ្លងកាត់​រួចហើយ។ ខ្ញុំ​លែង​សូវ​ចេះញញឹម​ចំពោះភាពរីករាយ ព្រោះគិតថា​ភាពរីករាយ​នឹង​ធ្វើ​ឲ្យខ្ញុំ​ចងចាំ ហើយដល់ពេល​បាត់​បង់ទៅចង់បំភ្លេចគឺពិបាកណាស់។ ខ្ញុំ​លែងចេះយំ ព្រោះ​ខ្ញុំ​ឃើញ​ភាពឈឺចាប់ទាំងឡាយ​ហាក់ដូចជា​តិច​តួចពេកសំរាប់ខ្ញុំ តែ​បើ​អ្នកដទៃ ប្រហែលអាច​សំលាប់​ខ្លួន​ផងក៏មិនដឹង។ ថ្វី​ត្បិត​តែស្នេហា​នីមួយ​ដែល​ខ្ញុំ​ឆ្លងកាត់សុទ្ធតែ​មាន​បញ្ហា​ តែ​យើង​បាន​បន្ត​ស្រលាញ់គ្នា​បាន​រយៈពេល​ជាយូរ ព្រោះ​យើងមិនបាន​ចាប់ផ្ដើម​វា​ដោយ​ការ​លេង​សើច។ ស្នេហាទី១បានជិតមួយឆ្នាំ។ ស្នេហាទី២បានជិត២ឆ្នាំ។ ហើយបច្ចុប្បន្ននេះគឺសល់តែពីរអាទិត្រទៀតគ្រប់​ ២ឆ្នាំតែម្ដង។ ស្នេហា​ចុងក្រោយនេះ យើង​បាន​កសាង​នូវអនុស្សាវរីយ៍ល្អៗជាច្រើន មាន​រឿងទាស់ទែងខ្លះ តែក៏​ជានាគ្នាវិញមិនខុសពីស្នេហាអ្នកដទៃឡើយ។ ប៉ុន្តែ​ប្រហែល​មួយអាទិត្រ​ចុងក្រោយនេះ យើងមាន​បញ្ហា​នឹង​គ្នា​ដែលអាចចាត់ទុកថា ជា​ទំនាស់​ដែល​ធំជាង​ពេលណាៗទាំងអស់ តែ​ខ្ញុំគិតថា​បញ្ហា​នេះ​មិន​អាច​ធ្វើ​ឲ្យយើង​ឃ្លាតគ្នា​បាននោះទេ។ អរគុណគេជាមនុស្ស​ចេះគិតគូរ មិនចេះតែ​ប្រចណ្ឌផ្ដេសផ្ដាស់ យកការងារ​និង​អនាគតជាគោល។ ខ្ញុំឯណេះទៅវិញទេ ដែលជាមនុស្សប្រចណ្ឌនិងងរងក់ច្រើន តែ​ក៏​រៀន​ចេះអត់ធ្មត់​ច្រើនដែរ ព្រោះ​គេជាមនុស្ស​ដែល​ខ្ញុំ​ស្រលាញ់ជាទីបំផុត។ ខ្ញុំសង្ឃឹមថា យើង​នឹង​បាន​ឆ្លង​ឆ្នាំនេះជាមួយគ្នា ហើយ​និង​ស្រលាញ់គ្នា​ជារៀង​រហូត។ អនុស្សាវរីយ៍ល្អៗនឹង​ក្លាយជាចំណង​ដៃ​ដ៏រឹងមាំមួយសំរាប់យើងទាំងពីរនាក់។ អរគុណណា​ដែល​ស្រលាញ់ខ្ញុំ…ខ្ញុំស្រលាញ់អ្នកខ្លាំងណាស់!

អត្ថបទនេះគួរតែ​ចេញផ្សាយនៅចុង​ឆ្នាំនេះ តែខ្ញុំគិតថា សង្ខេប​ខ្លីៗនៅពេលនេះក៏បានដែរ។ ចាំ​ចុងឆ្នាំ​សរសេរ​រឿង​រូមេនទិក​ក្រោមពន្លឺចន្ទនៅ​មាត់​សមុទ្ទអីវិញម្ដង! 😀

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s