យើង​បែកគ្នាទៅ

FB_IMG_13550577922515146-1_Smoke

យប់ថ្ងៃ 11.12.14 ជា​យប់​ដែល​ខ្ញុំ​និងគេ​មាន​រឿងឈ្លោះគ្នា​ខ្លាំង​បំផុត។ យើង​ស្គាល់គ្នា​រយៈពេ​លជិតពីរឆ្នាំហើយ សល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ។ តាំង​ពី​ថ្ងៃដំបូង​ដែល​យើង​ទទួលស្គាល់ថា​យើង​ស្រលាញ់គ្នាមក ច្បាប់​ស្នេហារបស់យើងគឺ គ្មាន​ថ្ងៃអ្នកណា​ម្នាក់​និយាយពាក្យថា “បែកគ្នា” ជាដាច់ខាត។ ពេល​វេលា​ចេះតែកន្លងផុតទៅ​ យើង​ក៏មាន​រឿង​រកាំរកូស​ច្រើន សាង​អនុស្សាវរីយ៍ល្អៗជាច្រើន សុទ្ធសឹង​ជា​អនុស្សាវរីយ៍​ដែល​យើងទាំង​ពីរ​គ្មាន​ថ្ងៃ​បំភ្លេច​បាន។ ប៉ុន្តែ​មិននឹក​ស្មានថា​អ្នក​ដែល​ត្រូវ​និយាយ​ពាក្យ​នេះគឺជា​ខ្ញុំសោះ។

យប់ម៉ិញនេះជា​យប់​ដែល​ខ្ញុំ​មាន​អារម្មណ៍​ខូចចិត្ត​ខ្លាំង​បំផុត។ រឿង​កើតឡើង​ដោយសារ​ការ​កុហក។ សំរាប់ខ្ញុំ ខ្ញុំ​តែង​តែ​អត់ទោស​ និង​យោគយល់​ដល់គាត់នៅពេល​ខ្ញុំ​ដឹង​ថា​គាត់​កុហកខ្ញុំ។ វាជា​រឿង​ដែល​អ្នកណាក៏ចៀស​មិនផុត មិនតិចក៏ច្រើន។ តែរឿងដែល​កើត​ឡើង​នៅយប់នោះធ្វើឲ្យ​បេះដូងខ្ញុំ​ទ្រាំទ្រមិនបាន។ ខ្ញុំ​ដឹង​ថា​នៅម៉ោងនោះជាពេលដែល​ខ្ញុំកំពុងចាំគេ គេ​ថាគេកំពុងនៅតាម​ផ្លូវ។ ខ្ញុំ​គិត​ថា​ក្នុងចិត្ត​ថា គេអាចនឹង​កុហកខ្ញុំ តែគ្រាន់តែចាំមានអីទៅពិបាក កុហករឿងប៉ុណ្ណឹងគ្មានរឿងអីធំដុំនោះទេ។ រហូត​ខ្ញុំ​ចាំយូរពេកទៅ ខ្ញុំក៏ទៅ​ទីនោះដោយខ្លួនឯង។ ដឹងថា​គេ​កុហក​ហាក់​ដូចជា​តូចចិត្ត​ តែ​កាន់តែ​តូចចិត្ត​ដែលគេធ្វើបែបនេះ កាន់តែខឹងគេដែលគេធ្វើបែបនេះ កាន់តែស្អប់ខ្លួនឯង​ដែល​នៅ​តែ​ទ្រាំ​បាន គឺនៅពេល​ដែល​ខ្ញុំទៅឃើញ​ការ​កុហក​នោះ​ដោយផ្ទាល់ភ្នែក។ ខ្ញុំ​អង្គុយចាំគេ​នៅមាត់​ផ្លូវ​ក្បែរទីនោះ អង្គុយចាំរហូតដល់គេ​ចេញមកវិញ។ រឿងដែលគេ​ឲ្យខ្ញុំនៅចាំ ហើយគេ​ទៅ​សប្បាយជាមួយមិត្ត​ភក្ដិ​របស់គេកើតឡើង​ចំពោះខ្ញុំ​ច្រើន​ដងហើយ។ ខ្ញុំ​មិន​យល់​ថា​ពេលគេកំពុង​សប្បាយ គេ​គិតថា​ខ្ញុំជាអ្វីនោះទេ។ គេ​គិតថា ខ្ញុំជាប្រភេទមនុស្ស​ដែល​ស្រលាញ់គេហើយ អាចចាំគេ​នៅខណៈដែលគេ​សប្បាយ​រាប់​ម៉ោងបានមែនទេ? គេចេញមកឃើញខ្ញុំនៅខាងក្រៅ គេក៏​ស្រែក​ហៅខ្ញុំ តែខ្ញុំមិនទៅ គេក៏ចេញមកក្រៅមកអង្គុយក្បែរខ្ញុំ។ ពេលនេះ ក្នុងកែវភ្នែកខ្ញុំ ម្នាក់​ដែល​កំពុង​អង្គុយ​ក្បែរខ្ញុំនេះ គ្រាន់ជាមនុស្ស​អាត្មានិយម​ម្នាក់ ដែល​មិន​ឲ្យ​តំលៃចំពោះខ្ញុំ​ប៉ុណ្ណោះ។ អារម្មណ៍ខ្ញុំពេលនោះ ខ្ញុំ​ចង់​យំ ខ្ញុំ​ថប់​ដង្ហើម ភ្នែកខ្ញុំ​មើលទៅគ្រប់យ៉ាងនៅជុំវិញហាក់​ដូចជា​បែកផ្សែង គ្រប់យ៉ាង​ចេញមកជាស្រមោល​សព្រាលៗនៅជុំវិញខ្លួន។ ខ្ញុំ​យក​ឡេប​ថប់​ដែលគេ​ផ្ញើទុកនឹង​ខ្ញុំ មុនពេល​ចេញទៅឲ្យខ្ញុំចាំម្នាក់ឯងឲ្យទៅគេ ហើយនិយាយថា “យើងបែកគ្នាទៅ”។ រួចខ្ញុំក៏​ដើរ​ចេញទៅ។ ខ្ញុំ​ដើរចេញទៅម្នាក់ឯងទាំងយប់។ សំនួរជាច្រើន​ចាប់​ផ្ដើម​លេចឡើង​មកលើ​ខួរក្បាលខ្ញុំ។ “ហេតុអីយើង​ត្រូវ​ចប់គ្នាពេលនេះ?” “គ្រប់យ៉ាង​ដែលយើង​ខំសាងជាមួយគ្នា ហេតុអីត្រូវបញ្ចប់ពេលនេះ?”។ កាល​ស្គាល់គេ​ថ្មីៗ ខ្ញុំ​យំម្ដង ពីរឆ្ន៉ាំក្រោយ នៅពេលនេះ ខ្ញុំ​ត្រូវ​យំម្ដងទៀត។ ខ្ញុំព្យាយាម​លួង​លោម​ខ្លួនឯងថា ខ្ញុំអាច​រស់​នៅដោយគ្មានគេបាន។ ខ្ញុំព្យាយាម​ប្រាប់​ខ្លួនឯងថា ខ្ញុំ​នឹង​រស់​នៅ​ឲ្យ​បាន​ប្រសើរជាងគេ។ ខ្ញុំ​និយាយ​ម្នាក់ឯង​បណ្ដើរ គិត​បណ្ដើរ យំបណ្ដើរ អោប​កាតាប​ខ្លួនឯង​ដើរ​បណ្ដើរ។ ពេលនេះ​កាតាប​ជា​អ្នក​ដែល​ខ្ញុំអាច​អោបបាន អោប​ដើម្បីកាត់​បន្ថយអារម្មណ៍​ដ៏ឯកោរ​មួយនេះ។

“ហេតុអីក៏ជាពេលនេះ?” ខ្ញុំសួរខ្លួន​ឯង​នូវសំនួរនេះ ខណៈដែល​គេ​មក​ក្បែរខ្ញុំ ហើយ​ចាប់​ខ្ញុំ​យកទៅអោប​។ មែនហើយ! គ្រប់យ៉ាង​ដែ​លបាន​កើតឡើង ការឈឺចាប់ដែលខ្ញុំ​ត្រូវទទួល​រងមុននេះ រឿង​ដ៏អាក្រក់​ដែល​ខ្ញុំទើបតែឃើញមុននេះ ក៏​ត្រូវ​រលាយ​បន្តិចម្ដងៗនៅពេល​ដែលគេ​អោប​ខ្ញុំ។ គេយំ គេនិយាយសុំទោស រួច​សុំ​ជូន​ខ្ញុំ​ទៅផ្ទះ។ ការអោបរបស់គេមានន័យចំពោះខ្ញុំ។ កំដៅពីខ្លួនគេតំណាង​ឲ្យ​ភាពកក់ក្ដៅ និងអនុស្សាវរីយ៍រយៈពេល​ជិត​ពីរឆ្នាំ​រួមផ្ដុំ​ចូលគ្នារុញ​ច្រាន​មក​ដល់​បេះដូង​ខ្ញុំ។ ពេលនេះខ្ញុំទៅជាអស់សំណើចនឹងខ្លួនឯងទៅវិញ ខ្ញុំ​អស់​សំណើច​ដែល​ខ្ញុំ​អាច​អត់ទោស​ឲ្យគេ​បាន​ ទោះជាប៉ុន្មាន​នាទីមុននេះគេ​ធ្វើអ្វីចំពោះខ្ញុំ ក៏ខ្ញុំទៅជាលែង​ខ្វល់។ អ្វីដែលខ្ញុំគិតពេលនេះគឺ ខ្ញុំ​មិនអាច​ឲ្យ​បាត់​បង់​គេបានទេ។ ខ្ញុំទៅជាស្ដាយក្រោយ​នូវពាក្យ​ប៉ុន្មាន​ម៉ាត់​មុននេះទៅវិញ។ Crazy little thing called love! គ្រប់យ៉ាងទាំងអស់ ឲ្យតែ​ចូលទៅក្នុងជំពូកស្នេហា ទៅជាលែង​ជាហេតុផលអស់។ ទោះខុសប៉ុណ្ណា ទោះមានហេតុផល​ត្រូវ​បែកគ្នាប៉ុណ្ណា ក៏​វាលែងជា​ហេតុផលតទៅទៀតសំរាប់​មនុស្សពីរនាក់​ដែល​ស្រលាញ់គ្នា។ ខ្ញុំក៏មិនដឹងថា ខ្ញុំលែងជា​មនុស្សគិតគូរហេតុផលតាំងពីពេលណាដែរនោះទេ គឺរហូតមកដល់ពេលនេះ…

សល់តែប៉ុន្មាន​ថ្ងៃទៀតប៉ុណ្ណោះ ដល់​ថ្ងៃគម្រប់ខួបអនុស្សាវរីយ៍ពីរឆ្នាំ​របស់យើងហើយ ខ្ញុំសង្ឃឹមថា យើង​នឹង​កាន់ដៃគ្នា​ឆ្លងកាត់​រយលាន​វិនាទីនៃជីវិត​ ហើយស្រលាញ់គ្នា​ឲ្យបាន​យូរបំផុត យូរបំផុត​រហូត​ដល់​គ្រា​មួយ​ដែល​យើងទាំងពីរ​ធុញនឹង​ជីវិត។

កំណត់ហេតុ – ឌីយ៉ា

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s