ព្រលឹងខ្មែរដែលគេបំភ្លេចចោល…

IMG_5857អាចថា​ក្មេងៗខ្លះ​មិន​ដែល​ដឹង ហើយអ្នកខ្លះក៏ភ្លេច តែខ្ញុំនៅចាំបានថា កាលខ្ញុំនៅអាយុ ១០ឆ្នាំ ព្រះចន្ទរះពេញរង់ល្អណាស់។ បងប្អូនខ្ញុំ​នាំគ្នា​ដើរ​ពីផ្សារ​ចាស់​ទៅ​សាលា​រចនា​ក្បែរ​ស្ពាន​ថ្មខេត្ត​ពោធិ៍សាត់។ យើង​ដើរ​កាន់​ដៃ​ប្អូន​បង​បណ្ដើរ​ និយាយ​គ្នា​សើច​ក្អាកក្អាយ​បណ្ដើរ ងើយ​មើល​ដួង​ខែ​មូលក្រឡង់ដែល​រះ​បញ្ចេញ​រស្មី​ស្រទន់​មើល​សឹង​ឃើញ​គ្រប់​ជ្រុង​ផ្លូវ មិន​បាច់​ប្រើ​ពិល​ក៏​បាន។ យើង​ដើរទៅមើល​ពិធី​បុណ្យ​បន្តក់​ទៀន​ទាយ​ពី​ទិន្នផល​ដំណាំ​ឆ្នាំ​នេះនឹង​យ៉ាងណា។ យើង​ក្មេងៗ​ដោយហេតុ​តែ​ចង់​ដឹង​គ្មានអ្នកណា​ងងុយគេង​សោះហើយ។ កាលនោះ​ផ្លូវ​មិន​ទាន់​មាន​ក្រាល​កៅស៊ូ​ដូច​ឥឡូវទេ ដើរ​ជើង​ទទេរ​ក៏​សឹង​ត្រជាក់​ស្រួលពេក។

យប់​ហើយ នៅ​មុខផ្ទះ​ខ្លះ​នៅ​ឮ​សំលេង​សើច​កក្អឹក​ពីក្មេងៗ ចាស់​ៗ​បង្អក​អំបុក​ចុក​ចេក ខ្លះ​ចាក់​អំបុក​លាយ​ទឹក​ដូង​រោយ​ស្ករ​។ អក​ហើយ​ក៏អួល​ក៏មាន មានអ្នក​ទះខ្នងអោយ​ រួចហើយក៏​សើច​គឹលឡើងទាំងអស់គ្នា។ ឯខ្ញុំក៏​មិនអត់ដែរ កាន់​ស្បោង​មួយ​មាន​ពេញដោយអំបុក​ជោកដោយទឹកដូង។ កាលនោះ​ស្ទឹង​ពោធិ៍សាត់​ស្អាតណាស់ មិន​ដូច​ឥឡូវទេ ថ្វី​បើ​ពីមុន​និង​ឥឡូវ​មាន​សួន​ដូចគ្នា តែ​កាលនោះ​សួន​មិន​ស្ងាត់ដូចឥឡូវទេ។ តាម​បង់​មាន​ចាស់​មាន​ក្មេងទៅលេង ឯទឹក​ស្ទឹង​ក៏ស្អាត​មិន​មាន​ខ្លាច​សំរាម​ហូរ​កាត់​ដូចឥឡូវ ចង់ហក់​ទឹក​លេង​ក៏​មិន​ខ្លា​ចមិន​រអារ។ អ្វី​ដែល​ខ្ញុំ​ចាំ​មិន​ខុស ខ្ញុំ​ចង់​ទៅភ្នំពេញណាស់ ព្រោះ​តាម​ទូរទស្សន៍​មាន​ការ​ប្រណាំងទូក ហើយឃើញមនុស្ស​ម្នា​ច្រើន​ទៅលេងនៅតាមមាត់ទន្លេមុខ​ព្រះ​បរម​រាជវាំង ខ្ញុំ​ពិតជា​ចង់​ទៅមែនទែន។ កាលនោះ​ខ្ញុំ​ហាក់ធុញ​នឹង​ការ​ប្រណាំងទូកណាស់ ឆ្ងល់ថា​ហេតុអីបានជាមានគេទៅមើល​ច្រើនម៉្លេះ បើការ​ប្រណាំងទូកណាក៏ដូចទូកណា មានតែអ្នកចែវ ហៃអើៗទៅ។ តែឥឡូវ​ទើប​ខ្ញុំ​យល់ថា ការ​ប្រណាំង​ទូក​មិន​ខុស​ពីការ​ទាត់បាល់នោះទេ វាជាការ​ប្រកួត ហើយអ្វីដែល​សំខាន់គឺ​ក្រុម​គ្រួសារ និង​អ្នកភូមិ​អ្នកស្រុក រហូត​ដល់អ្នកខេត្ត​ផ្សេងៗ​ចង់​មក​មើល​ និង​ជួយ​លើក​ទឹក​ចិត្ត​ដល់​ទូក​ប្រចាំ​ខេត្ត​ស្រុក​របស់​ខ្លួន។ ជ័យ​ជំនះ​របស់​ទូក​គឺជា​មោទនភាព​សំរាប់​ខេត្ត​ខណ្ឌ​របស់​ខ្លួនទាំងមូល។ មិន​នឹក​ស្មាន​សោះ​ថា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ ពិធី​បុណ្យ​អ៊ុំ​ទូក​ដែល​ផ្ដល់ភាព​រីករាយ​និង​សាមគ្គីភាពពីគ្រប់​ខណ្ឌខេត្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្រោម​ម្លប់​ព្រះ​មហា​ក្សត្រ​ខ្មែរជាទស្សវត្ស​មកហើយនោះ បែរ​ក្លាយ​ជា​សុបិន​អាក្រក់​សំរាប់​ប្រជាជន​គ្រប់​សព្វ​ទិស​ទីដោយសារ​តែ​ឧប្បត្តិហេតុ​ដែល​កើត​ឡើង​ប៉ុន្មាន​ឆ្នាំនេះទៅវិញ។

ការ​ចងចាំរបស់ខ្ញុំ​ហាក់ស្រពិច​ស្រពិល អ្វីដែលខ្ញុំឃើញ​គឺ​វា​ហាក់​ដូចជា​ពន្លឺភ្លើងទៀនដ៏ច្រើនក្នុង​ដៃ​មនុស្ស​ម្នា​ដែល​មក​មើល​ពិធី​បន្ដក់ទៀននៅ​វាល​ខាងក្នុង​បរិវេណ​សាលា​រចនា។ ពន្លឺភ្លើង​ទៀន​ដ៏​ស្រទន់ មិន​ចាំងភ្នែក​ស្ទើរ​ខ្វាក់​ដូចពន្លឺអំពូលក្នុងក្រុង។ ពន្លឺភ្លើង​ទៀន​ដ៏ស្រទន់ និង​សំលេង​សើច​ដ៏​រីករាយ​ហាក់​គ្មាន​កង្វល់​មួរហ្មង​នៃ​ជន​រួម​ស្រុក​របស់​ខ្ញុំ។ ពន្លឺភ្លើង​ទៀន​ដ៏ស្រទន់​និង​កែវភ្នែក​ដ៏​វក់​វី​នៃ​កុមារ​ម្នាក់​ដែល​ចង់​ដឹង​ថាគេធ្វើ​អីខ្លះ​ក្នុង​ពិធី​ដ៏​មហោឡារិកនាជំនាន់​នោះ។ មិន​ច្រើនណាស់ តែ​ក៏ល្មមអាច​ជែង​ចូលទៅក្នុង​កន្លែងគេ​បន្កក់ទៀន​លើ​ស្លឹកចេក​បាន​យ៉ាង​ងាយ​បំផុត។ ខ្ញុំ​សុំពូសុំមីងសុំយាយ​ចូលទៅមើលដែរ ឯបងខ្ញុំក៏​ចូលទៅមើលជាមួយខ្ញុំដែរ។​ ពន្លឺ​ព្រះចន្ទ​នៅ​តែ​រះ​ជ្រែក​ចន្លោះ​សន្លឹក​ដើមពោធិ៍​ព្រឹក្ស​ដែល​បែកមែក​ត្រឈឹង​ត្រឈៃនៅពីលើ​ក្បាល​ជន​ទាំងឡាយដែល​ចាំស្ដាប់​លោកអាចារ្យ​ប្រារព្វពីធី។ គ្រប់គ្នា​ហាក់ជឿលើពិធីនេះណាស់។ ខ្ញុំ​ចាំមិនភ្លេចទេ​ទៀន​តូច​ៗនៅលើ​ជើងទំរឈើរូបនាគរាជ មើលទៅគួរឲ្យ​ស្ងើច​នឹង​ក្បាលនាក់​និង​ចង្កូម​ស្រួចៗ ជាមួយភ្នែកធំៗនៃពស់នាគរាជបើកពពារ។

ស្លេះ​ពី​ពិធីនេះហើយ បងស្រីខ្ញុំ បងប្រុស និង​ខ្ញុំក៏​ត្រឡប់មកផ្ទះវិញ។ បងស្រីខ្ញុំ​ពាក់អាវ​យឺតធម្មតាជាមួយសំពត់​សំលុយកំប៉ោង​ រឹប​កៅស៊ូ ដែល​ឥឡូវ​ទាំង​ស្រុកកំណើត ទាំងក្រុង​ខ្ញុំមិន​សូវឃើញគេស្លៀកទៀតទេ។ ខ្ញុំ​ដើរ​មើល​ព្រះចន្ទ ហើយ​មើល​ទៅរូបនៅចំកណ្ដាល​ដួងនោះ រកមើលសត្វ​ទន្សាយ​ដែល​ចាស់​ៗគាត់​ដំណាលប្រាប់នោះ។ មានអី មើលទៅដូចដែរតើ។ មិននឹកស្មានថា​កាលនៅក្មេង​ខ្ញុំជឿ​សោះ​ថា​នោះជា​សត្វ​ទន្សាយពិតមែន។ តែក៏មានក្ដីសុខពន់ពេក ពេលនឹកឃើញម្ដងៗ។ បើ​មួយជីវិត​នេះ​គ្មានរឿងឆ្កួតៗ​ដូចកាលនៅពីក្មេង ក៏ប្រហែល​ខ្ញុំគ្មាន​អនុស្សាវរីយ៍មក​អង្គុយ​នឹក​សើច​ម្នាក់ឯង​បែបនេះដែរ។ បែបនេះហើយ​បាន​ជា​ខ្ញុំចេះតែ​និទាន​ប្រាប់ក្មេងៗបន្តទៀត ឲ្យគេ​បាន​សប្បាយ​ដូចខ្ញុំដែរ។

ឱហ្ន៎ ស្រណោះណាស់! ពិធីបុណ្យ​អុំ​ទូក​ដែល​រំឮកប្រាប់​កូន​ខ្មែរថា មាន​តែការ​សាមគ្គីទេ ទើប​យើងអាចឈ្នះ​សង្គ្រាមជើងទឹកពី​បុរាណ។ ស្រណោះណាស់ ពិធីបុណ្យ​ជាតិ​ដែល​មូលមី​ប្រជាជនពីទីជិតទីឆ្ងាយឲ្យជួបជុំនៅកន្លែងតែមួយ ជួយលើកទឹកចិត្ត ជួយស្រែកហៃអើៗអឺងកងរំពងក្រុងឲ្យ​ឈ្នះ​ដល់គោលដៅតែមួយ។ ល្បែងនេះ​បើបរទេសគេសរសើរខ្មែរមិនស្ទើរទេ ដែល​គេមិននឹកស្មានថា​វា​សប្បាយភ្នែក ដូចប្រពៃណីគេសប្បាយភ្នែកនឹងបាល់ទាត់ដែរ។ នឹកណាស់ នូវ​និទានពីបុរាណ​ដែល​ខ្ញុំ​និង​ក្មេងៗធ្លាប់ស្ដាប់ ស្ដាប់ហើយក៏គន់​មើល​ព្រះចន្ទ រកមើលទន្សាយ នឹកឃើញពីការលះបង់នៃព្រះពុទ្ធជាម្ចាស់​។ ជា​រដូវ​ដែល​ប្រាប់​ថា​នេះហើយជា​រដូវ​ស្រូវទុំ ជា​រដូវ​ប្រមូល​ផល​សប្បូរសប្បាយ ដែល​ប្រជាជនខ្មែរហត់នឿយនឹង​ការងារ​ភ្ជួររាស់​ បោក​បែន​សព្វគ្រប់រហូតបានផលហើយ ក៏គួរណាស់​បាន​អកអំបុក​ឲ្យ​អស់​ដៃម្ដងដែរ។ ទោះ​បីសព្វ​ថ្ងៃ​ប្រជាជន​ខ្មែរ​មួយចំនួន​មិន​បាន​ប្រកប​របរកសិកម្មក្ដី ក៏​យើង​រស់​នៅ​ពឹង​ពាក់​បរិភោគ​សព្វយ៉ាង​ដោយ​បាយ​និង​ម្ហូបពី​ដៃ​កសិករដែរ។ ស្រណោះមួយទៀត ស្រណោះ​ដៃខ្ញុំនិងដៃបងស្រី​បណ្ដែត​ប្រទីបជាមួយគ្នា មើល​ពន្លឺ​លើ​ប្រទីពអណ្តែង​ទៅ​យឺត​ៗតាម​ខ្សែទឹក​លេចពន្លឺ​ជាមួយ​ប្រទីបទាំងឡាយ គួរជាទីស្នេហា។ ប្រជាជន​ខ្មែរ​ប្រារព្វពីធីនេះ​ដោយនឹកគុណ​ដល់​ទឹក​ដែល​ជាប្រភពនៃជីវិត​របស់​យើង​គ្រប់គ្នា​ផងដែរ។ តែពេលនេះ ខ្ញុំ​បែរ​ជាមិន​ឮប្រជាជន​សើចក្អាកក្អាយនិង​រីករាយ​ចំពោះវត្តមាន​នៃបុណ្យនេះទៀត។ ខ្ញុំឮតែសំលេង​ស្រែកចេចចាច ផ្ដាសារកូនចៅកុំឲ្យទៅណាព្រោះ​ខ្លាចគ្រោះថ្នាក់ ឮតែសំលេង​និយាយ​តៗគ្នា​ថា​មិនល្អបែបនេះ មិនល្អបែបនោះ។ គិតទៅ​រឿងមិនល្អដែលកើតឡើងដោយមនុស្ស ដែលកើតឡើង​ដោយ​ចៃដន្យ ធ្វើ​ឲ្យ​ប្រពៃណីទំនៀម​ទំលាប់​នៃក្ដីស្រលាញ់ សាមគ្គីភាពលុប​បាត់​ដោយ​ក្ដីភ័យខ្លាចទៅវិញ។

ថ្ងៃនេះខ្ញុំសរសេរច្រើនពេក គ្មាន​លំដាប់លំដោយ សុំទោស​អ្នកអាន​បើ​បង្ករឲ្យ​អានហើយវិលមុខ ហើយក៏អរគុណដែល​បាន​មក​រំលឹកអនុស្សាវរីយ៍ល្អៗទាំងនេះជាមួយខ្ញុំ។ ពិធីបុណ្យ ប្រពៃណីទំនៀមទំលាប់ជាតិនីមួយៗតែងតែបង្កប់នូវអត្ថន័យដ៏ល្អ បង្ករភាពរីករាយ និងសំខាន់បំផុតសាមគ្គីភាព។ តែការបាត់បង់ប្រពៃណីទំនៀមទំលាប់ទាំងអស់នេះដោយសារភាពភ័យខ្លាចផ្សេងៗ ធ្វើឲ្យប្រជាជនក្នុងប្រទេសមួយលែងជឿជាក់និងលែងស្គាល់ភាពរីករាយ និងសាមគ្គីភាពទាំងអស់នោះ ហើយគិតថាវាជាពិធីបុណ្យចង្រៃ បង្ករបញ្ហានិងចលាចលក្នុងសង្គមទៅវិញ។ មិនយូរមិនឆាប់ ប្រពៃណីនិងអត្ថន័យដ៏ល្អនៃពិធីបុណ្យទាំងនោះនឹងត្រូវបាត់បង់ ហើយព្រលឹងវិញ្ញាណជាតិក៏បាត់បង់ទៅតាមនោះដែរ។ នេះគ្រាន់តែជាគំនិតខ្ញុំប៉ុណ្ណោះ! សុំបញ្ចប់​សំណេរ​នេះត្រឹមនេះសិនចុះ…

ប្រវត្តិបុណ្យអុំទូក៖ សូមចុចទីនេះ

Advertisements

12 Replies to “ព្រលឹងខ្មែរដែលគេបំភ្លេចចោល…”

    1. សរសេរតាមនឹកឃើញ អត់ព្រាងទុក បានជាក្រញាញ់បែបនេះ បែប​វា​ស្រស់​ស្អាត​បានតែក្នុងក្ដីស្រម៉ៃ តែមិនអាច​ឲ្យក្ដីស្រម៉ៃនោះ​លាត​ត្រដាង​ជា​តួអក្សរ​មានជីវិតបានទេមើលទៅ ការនិពន្ធនៅខ្ចីពេក!

      Liked by 1 person

  1. ជក់ចិត្ត អណ្តែងអណ្តូង ស្រងេះស្រងោច ស្តាយស្រណោះ វប្បធម៌ខ្មែរដែលកំពុងបាត់បង់បន្តិចម្តងៗ…

    Liked by 1 person

    1. ពិធីបុណ្យអំុទូកនេះ ទោះបីជាជននោះព្យាយាមបំបាត់បន្តិចម្ដងៗយ៉ាងណាក៏ដោយ វប្បធម៌សាមគ្គី និងក្ដីស្រលាញ់នៃពិធីបុណ្យអំុទូកក្នុងសណ្ដានចិត្តប្រជាពលរដ្ឋខ្មែរនឹងមិនបាត់បង់នោះឡើយ។ នៅថ្ងៃណាមួយដែលជននោះស្លាប់ ឬពូជរបស់គេលែងមានលើផែនដីនេះទៀត នោះប្រជាជនខ្មែរនឹងបន្តប្រារព្វពិធីនេះទៀតជាមិនខាន។ សូមឧទ្ទិសក្ដីនឹករលឹកដ៏ធំធេងនៃសម្លេងស្វាហាប់នៃកងទ័ពជើងទឹក គង្គាមេគង្គ និងសម្លេងអរសប្បាយនៃការអកអំបុកក្នុងរង្វង់គ្រួសារខ្មែរឲ្យស្ថិតស្ថេរជានិច្ចក្នុងដួងចិត្តនៃជនានុជនខ្មែរគ្រប់រូប។

      Like

    2. ប្រសិនបើបងសរសេរវិញ ប្រាកដជាមានជនជាតិខ្មែរជាច្រើនពាន់នាក់អានហើយស្រក់ទឹកភ្នែកនឹកស្រណោះពិធីបុណ្យនេះជាមិនខាន។

      Like

    1. វែងពិតមែន? បើនិយាយថាវែងអុីចឹង ប្រាកដជាគួរឲ្យធុញហើយ។ បើអត្ថបទល្អ គេប្រាកដជាជក់ចិត្តចង់អាន ហើយមិនថាវែងទេ។

      Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s