ប្រជុំជាមួយមេថ្ងៃនេះ

កន្លែងធ្វើការក្រោយពេល​បុគ្គលិកចេញអស់
កន្លែងធ្វើការក្រោយពេល​បុគ្គលិកចេញអស់​ – ដូចខ្វះរូបដាក់ណាស់អ៊ីចឹង 😀

គិតមកដល់ពេលនេះ​ខ្ញុំធ្វើការ​នៅទីនេះ​បាន​រយៈពេល ៧ខែបាត់ទៅហើយ។ នេះជាការ​ងារ​ដែល​ខ្ញុំ​ស្រលាញ់​និង​ពេញចិត្ត​ជាទីបំផុត។ ការងារ​របស់​ខ្ញុំគឺជាអ្នក​បកប្រែដដែល តែទាក់ទងនឹង​សិល្បៈ ហើយក៏​ជាការ​ងារ​ដែល​ត្រូវ​នឹង​អត្ត​ចរិត​ខ្ញុំជាទីបំផុត។ មាន​ចំនុចជា​ច្រើន​ដែល​ខ្ញុំ​ពេញ​ចិត្ត​នឹង​ធ្វើការ​នៅទីនេះ តួនាទីនេះ។ ចំនុច​ទីមួយ​ដែល​ខ្ញុំ​ចូលចិត្ត​បំផុតគឺ​វាជាការ​ងារ​ដែល​ទាក់ទង​នឹង​ជំនាញ​ដែល​ខ្ញុំ​បាន​រៀន​មកគឺផ្នែកភាសា​អង់គ្លេស ម្យ៉ាង​ទាក់ទងជាមួយ​នឹង​ខាង​សិល្បៈនេះឯង​ដែល​ខ្ញុំ​កាន់តែពេញចិត្ត វា​មិន​ខុសអីពីការ​សរសេរ​ script ខ្សែភាពយន្ត ហើយក៏មិន​ខុសពីការ​ស្ដាប់​ឮនូវពាក្យ​សម្ដីដ៏ល្អៗនិង​មាន​តម្លៃ។ ចំពោះ​បរិយាកាស​នៅកន្លែងធ្វើការវិញ គឺល្អបំផុត។ ខ្ញុំចូលចិត្ត​ការងារ​ដែល​ស្ងប់​ស្ងាត់ នៅម្នាក់ឯង មិន​និយាយ​ស្ដីជាមួយអ្នកណា មិន​ចាំបាច់​ទាក់ទង​ជាមួយមនុស្ស​ច្រើន (និយាយដូច​តាបស​ទៅចង្ក្រំភាវនា​នៅលើភ្នំ ហិហិហិ)។ មែន! ការងារនេះ​ ត្រូវពឹងលើអារម្មណ៍ច្រើន ត្រូវ​ចេះ​ប្រើពាក្យពេចន៍​តាម​កាលៈទេសៈ និង​ចរិត​របស់​មនុស្ស។ ខ្ញុំ​ស្រលាញ់​សិល្បៈតាំងពីក្មេង ចូលចិត្ត​ប្រាប់ឲ្យ​អ្នកនេះធ្វើនេះ ធ្វើនោះ ចូលចិត្ត​បង្ហាត់គេឲ្យ​ចេះសម្ដែង ហើយក៏ចូលចិត្ត​ស្រមើស្រម៉ៃ។ ជួនកាល​គេង​ពេល​យប់យល់​សប្តល្អពេក ក៏​ភ្ញាក់មក​សរសេរ​សុបិន​នោះ​ទុកក្នុងសៀវភៅ ហាហាហា។ និយាយពីអ្នកធ្វើការ​ជាមួយគ្នាវិញ ខ្ញុំ​ក៏លេង​ជាមួយពួកគាត់​ខ្លះដែរ មិន​ឲ្យ​គេ​និយាយ​ថា​ខ្ញុំ​ឆ្មើងនោះទេ គ្រាន់តែ​ម្នាក់​ៗ​នៅ​កន្លែង​ធ្វើការ​ខ្ញុំឆ្លើយឆ្លងគ្នា​តាម Skype ទោះអង្គុយ​ជាប់គ្នា​ក៏ដោយ ដូច្នេះ​បរិយាកាសគឺស្ងប់ស្ងាត់ល្អណាស់ រួមទាំង​បន្ទប់មាន​ផាសុខភាពផង។ នៅក្នុងបន្ទប់ខ្ញុំ​មាន​សុទ្ធតែប្រុសៗ៧នាក់ ងាយស្រួលធ្វើការ បើមាន​បុគ្គលិកស្រីមកប្រហែលជាពិបាក​រៀប​ឬកពារ​ជា​សុភាព​បុរស​ណាស់​​មើល​ទៅ។ បន្តិចទៀត​អាច​នឹង​មាន​សមាជិក​ម្នាក់ទៀត​មក​ធ្វើការ​ក្នុងបន្ទប់នេះដែរ ដំណឹងល្អគឹគេក៏ជា​ប្រុសដែរ។ 🙂

និយាយ​ណែនាំពី​កន្លែង​ធ្វើការ​ច្រើនហើយ និយាយ​ពីរឿង​មេ​ហៅទៅប្រជុំ​រសៀលនេះម្ដង។ ខ្ញុំ​គិតថា​ខ្លួនឯង​មិន​ខុសពីតួឯកក្នុងរឿង “Flower Boy Next Door” របស់​កូរ៉េទេមើលទៅ។ មិន​ចូលចិត្ត​និយាយជាមួយអ្នកណា​ច្រើន ហើយក៏មិន​ចង់​ជួប​មនុស្ស​ប្លែក​មុខដែរកុំថា​ឡើយ​ដល់​មនុស្ស​ស្គាល់គ្នានោះ។ មិន​ដឹង​ខ្ញុំ​កើត​ជំងឺ​ខ្លាច​មនុស្ស​តាំងពីពេលណាទេ ខ្លាច​មើល​តែខ្លា។ ការ​ងារ​ខ្ញុំ​មាន​លក្ខណៈឯករាជ្យ​ច្រើន មិន​ចាំបាច់ជួបអ្នកណា មិន​មាន​ច្បាប់​ទម្លាប់​ច្រើន​នៅ​កន្លែងធ្វើការ សំខាន់គឺធ្វើការងារ​ឲ្យ​ហើយ​តាម​ចំនួន​កំណត់។ ដូច្នេះថ្ងៃខ្លះ ខ្ញុំ​មិន​សប្បាយចិត្ត គឺខ្ញុំអង្គុយ​ស្ងៀមមុខ​កុំព្យូទ័រ​សម្លឹង​មើល​ការងារ​នៅ​លើ​អេក្រង់​កុំព្យូទ័រក៏មាន។ អូខេ!

“មេហៅ​ឲ្យ​ប្រជុំម៉ោង ៣” មិត្ត​រួមការ​ងារ​ម្នាក់កេះប្រាប់​ខ្ញុំ

“អ្ហាះ? មេ​ហៅ​ប្រជុំ? ខ្ញុំទៅដែរ?” ខ្ញុំ​រាង​ភ្ញាក់ផ្អើល ព្រោះ​រាល់ដង​គឺរួច​ខ្លួន មេ​មិន​ដែល​ហៅទៅប្រជុំអីផង។

“មិនច្បាស់ទេ! ប្រហែលនិយាយរឿង​បរិមាណការងារអីហ្នឹង!” ធារ៉ាតបវិញ ហើយក៏ងាកទៅធ្វើការគេវិញ ទុកឲ្យខ្ញុំ​នៅ​ឆ្ងល់ម្នាក់ឯង ថាម៉េចក៏ចាំបាច់​មាន​វត្តមាន​ខ្ញុំដែរ។ ក្នុងចិត្ត​ចង់​តែ​ប្រាប់​ធារ៉ា​ឲ្យទៅ​ប្រជុំទៅហើយ មានរឿងអីមកប្រាប់ខ្ញុំវិញ។ តែខ្ញុំគិតថា​ ប្រហែលមានការអីទាក់ទងនឹងខ្ញុំហើយ បាន​មេហៅទៅប្រជុំ។

ធ្វើការ​បណ្ដើរៗរហូតដល់ម៉ោង ៣ ធារ៉ា​កេះខ្ញុំម្ដងទៀតឲ្យទៅប្រជុំជាមួយគេ។ ខ្ញុំនេះភ្លេច​ច្រើនមែន ភ្លេចថា​ប្រជុំម៉ោង ៣។ ទៅដល់​ក្នុង​បន្ទប់មេ ខ្ញុំ​មិន​ភ្លេចទេ ងាក​រក​ខ្វាច់ទៅរក​បុគ្គលិក​ថ្មី​ដែល​មក​ធ្វើការ​ជំនួស​វឌ្ឍនៈប្អូនខ្ញុំ។ ឃើញហើយ មិនមែន​ប្រុសទេ គឺ​មនុស្ស​ស្រី តែបើតាម​ខ្ញុំ​ចាំឈ្មោះ​ដែល​ប្អូន​ខ្ញុំ​ប្រាប់​ ដូចមិន​មែន​មនុស្សស្រីទេ។ នាង​រាង​ស្គម ហើយ​ឮថា​ដូចជា​រៀន​ផ្នែក​ស្ថាបត្យកម្ម​ឆ្នាំទី៣ នៅសាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ។ ក្នុងពេល​ប្រជុំ​ ឮមេ​ហៅ​ឈ្មោះគាត់ថា ដេវីឌ! ព្រះអើយ! ដេវីឌជាឈ្មោះរបស់​មនុស្ស​ប្រុសតើ អ៊ីចឹង​ឲ្យ​ខ្ញុំ​ច្រឡំបែបនេះគឺត្រូវហើយ។ មិន​ដឹង​នឹក​ឃើញ​យ៉ាង​ម៉េច​ យក​ឈ្មោះ​មនុស្ស​ប្រុស​មក​ដាក់ទៅវិញ។

ការ​ប្រជុំ​ប្រព្រិត្ត​ទៅ​បែប​សាមញ្ញៗ និយាយ​ធម្មតាៗ​ មិន​មាន​បែបបទពិធីការអី​ត្រឹមត្រូវពេកទេ។ បែបនេះឯង​ដែល​ខ្ញុំ​ចូលចិត្ត។ ហើយ​មាតិការ​នៃការ​ប្រជុំគឺ​ក្រុមហ៊ុន​នឹង​ប្ដរម៉ោងធ្វើការ។ រាល់​ថ្ងៃគឺថាធ្វើការពីម៉ោង ៨ ដល់ម៉ោង ៥ ទើប​ចេញពីធ្វើការ ថែម​ថ្ងៃសៅមួយព្រឹកទៀត។ តែច្បាប់​ថ្មីគឺ​ត្រូវ​ចាប់​ផ្ដើម​ធ្វើការម៉ោង ៧ព្រឹក​រហូត​ដល់​ម៉ោង ៥ល្ងាច ថ្ងៃសៅរ៍និង​ថ្ងៃអាទិត្រ​ឈប់​សម្រាក។ ច្បាប់​ថ្មីនេះ​គិត​ថា​ដូចជាពិបាក​បន្តិចហើយ ព្រោះ​ខ្ញុំ​ក្រោក​ពី​គេង​​ម៉ោង ៦កន្លះរាល់ព្រឹក បើអ៊ីចឹងមែននោះប្រាកដជាពិបាក​ស្លាប់ហើយ។ អាច​នឹង​មាន​ឧប្បត្តិវហេតុ ស្លៀក​តែ​លីអូ​ទៅ​ធ្វើ​ការ​មិន​ខាន​ទេ ព្រោះ​ប្រញាប់​ពេក។ -_-

សល់​ប៉ុន្មាន​ជា​រឿង​តូចតាច មេគ្រាន់តែហៅមកនេះ​ដើម្បី​បាន​និយាយផ្ទាល់ អាច​សួរ​ថា​គិតយ៉ាងម៉េចដែរ ប៉ះពាល់​ដល់​ការ​សិក្សាឬទេ ហើយទម្លាប់​ថ្មី​អាច​ទៅ​រួចដែរឬអត់។ យ៉ាងណាម៉ិញ ប្រាកដជា​មាន​ផ្ញើដំណឹង​នេះ​តាម​អ៊ីម៉េល​ជាលក្ខណៈ​ផ្លូវ​ការទៀតមិនខាន។  នៅសល់ប៉ុន្មាន​មេ​សួរពីរឿងអ្នក​ដែល​ត្រូវមក​ធ្វើការ​ថ្មីនោះដែរ (ប្រុសទៀតហើយ ហាហាហា គិតដូរឈ្មោះបន្ទប់នេះទៅជាបន្ទប់ប្រុស​ល្វោវិញបាន​សម)។ ច្បាប់​ថ្មី​នឹង​ចាប់​ផ្ដើម​មាន​សុពល​ភាពពីខែក្រោយនេះទៅហើយ។ ត្រៀមខ្លួនកនយើង! 😀

Advertisements

3 Replies to “ប្រជុំជាមួយមេថ្ងៃនេះ”

    1. ត្រៀមលីអូទៅធ្វើការមែនហើយ ព្រោះឥឡូវកំពុងភ្លៀង យកមួយទុកត្រៀមដូរនៅកន្លែងធ្វើការ!

      Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s