កំណើត​របស់​មហា​ទស្សនៈ​វិទូ ខុង ជឺ

Confucius 02
Confucius 02 (Photo credit: Wikipedia)

 ប្រហែល​ជិត ២០០ឆ្នាំ​ មុន​គ.ស នៅ​ប្រទេស​ចិន​ខាង​ជើង កើត​មាន​រាជា​ណាចក្រ​មួយ​ប្រកប​ដោយ​អរិយធម៌ភ្លឺ​រុង​រឿង គឺ​រជ្ជកាល​មហាចាង ដែល​មាន​រាជ​ធានី​នៅ​ក្រុង​ ឆាង​ យ៉ាង។ អ្នក​ប្រាជ្ញ​ខាង​ប្រវត្តិ​វិទ្យា​សម័យ​ថ្មី​បាន​ដាក់​ឈ្មោះ​សម័យ​ដ៏​យូរ​លង់នោះ ថា “យុគសំរិទ្ធិ”។

 ប្រជា​ជន​អ្នក​នរគរ​មាន​ជីវភាព​ រស់​នៅ​យ៉ាង​សម្បូរ​សប្បាយ​ ព្រោះភោគ​ទ្រព្យ​ធម្ម​ជាតិ របរ​កសិកម្ម​នេសាទ និង​ការ​ចិញ្ចឹម​សត្វ​ជា​ដើម បាន​ជួយ​គាំ​ទ្រ​មនុស្ស​លោក​នៅ​ក្នុង​ទីនេះ​ឲ្យ​រួច​ចាក​ពី​ការ​អត់ឃ្លានទុរភិក្ស។ តែ​លក្ខណៈ​សាសនា​ និង ​ជំនឿទៅ​លើ​លោក​ធាតុ ជា​គ្រឿង​សក្តិ​សិទ្ធិ ​ដែល​​សន្ត​តិវង្ស​ចាង បើក​ដៃ​ឲ្យ​សង្គម​ប្រពៃណី​ខ្លួន​អនុវត្តទៅ​លើ​ប្រជាជន​នោះ គឺ​ជា​ទុក្ខ​ចារកិច្ច​សម្រាប់​ប្រជា​ពលករ។ វា​មាន​លក្ខណៈ​ឃោរ​ឃៅ​ដែលអ្នក​ស្រុក​អ្នក​ភូមិ​ភ័យ​ខ្លាច​ជាង​សង្គ្រាម​របស់​អនារ្យ​ប្រជាគមសាប​ព្រោះ​មក​លើ​ពួកគេ​នោះ​ទៅទៀត។

 សន្ត​តិវង្ស​ចាង បាន​បើក​ដៃ​ឲ្យ​អាចារ្យ​សាសនា​ប្រារព្វ​ពិធី​បូ​ជា​មនុស្ស​ កាប់​សម្លាប់​ប្រជាជន​រាប់​ពាន់​នាក់ និងសេះ​រាប់​រយក្បាល​ ជីកកប់​វត្ថុ​ដ៏​មាន​តម្លៃ​ផ្សេងៗ មាន​រថល្អៗ គ្រឿង​សាស្ត្រាវុធ​ យុទ្ធភណ្ឌ​ដែល​មាន​ដាំ​ត្បូង​គុជ​ មាស​ ពេជ្រ ព្រម​ទាំង​របស់​ប្រើ​ប្រាស់​ដ៏​មាន​តម្លៃ​ច្រើន​ទៀត ដូច​ជា​ផើងជើងបីធ្វើ​ពី​សំរិទ្ធិបញ្ចុះ​ទៅ​ក្នុង​ផ្នូរជាមួយ​នឹង​សាក​សព​ កាល​ណា​ព្រះ​មហាក្សត្រ​ ឬ​ញាតិវង្ស​ណាម្នាក់​ចូល​ទីវង្គតទៅ។

លក្ខណៈ​ជំនឿ​ទៅលើភាព “សក្តិសិទ្ធិ” នេះ​ពុំ​គ្រាន់​តែ​ស្ថិត​ក្នុង​រង្វង់​រាជ​វាំង​ប៉ុណ្ណោះ​ទេ តែ​វា​បាន​សាយ​ភាយ​សព្វ​គ្រប់​ច្រក​ល្ហក និង​ខាំ​ជាប់​ក្នុង​ផ្នត់​អារម្មណ៍​ប្រជាជន​ចិន​ទាំង​មូល សូម្បី​តែ​ជាង​ស្មិត ឬជាង​សាង​សាស្ត្រាវុធក៏​បាន​ប្រើ​វិធី​សម្លាប់​មនុស្ស​ ដើម្បី​យក​ឈាម​មក​ស្ល​លាយ​នៅ​ក្នុង​លោហធាតុ​របស់​ខ្លួន​ដែរ។ ម្យ៉ាង​ទៀត គេ​តែង​មានជំនឿ​ថា​ “មនុសស្​ដែល​គេ​ពិឃាត​ នឹង​ក្លាយ​ទៅ​ជា​អសុរកាយ ចាំ​ថែរក្សា​វត្ថុ​សក្តិ​សិទ្ធិ​ទាំងនេះ​អស់​កាល​ជា​អង្វែង​ទៅ”។ នៅ​សម័យ​មហា​ចាង មេទ័ព​ទាំង​ឡាយ ច្រើននាំ​គ្នា​គោរព​ភ្លើង​ហើយ​ព្រម​ទាំង​ចាត់​ទុក​ភ្លើង​ជា​អាទិទេព​របស់​គេ។

តាម​គម្ពីរ​ចិន​ ដែល​ជា​ឯកសារ​កាលប្បវត្តិ​នោះ បាន​តំណាល​ថា៖

“កាល​នោះ មាន​នាម៉ឺន​ចាស់​ម្នាក់​ឈ្មោះ “ខុង” ជិនណាយ​នឹង​ជីវិត​កាប់​សម្លាប់​ និង​បូជា​របស់​សន្តតិវង្ស​ចាង ក៏​បាន​ភៀស​ខ្លួនចេញពី​រាជធានី អាង យ៉ាង ដោយ​នាំ​យក​ទាំង​គម្ពីរ​ក្បួន​ខ្នាត​ចាង ខ្លះ​យក​ទៅ​ជាមួយ​ផង ហើយ​បាន​តាំង​ទី​លំនៅ​លើ​ជ្រលង​ភ្នំ​មួយ​ឈ្មោះ​ “ភ្នំពពក”។

បើ​តាម​សម្តី​របស់​លោក វូ ជី “នាម៉ឺន​ខុង បាន​រស់​ក្នុង​សភាពជា​តាបស។ ប៉ុន្តែ​លោក​វូជី បាន​បញ្ជាក់ថា “ខុងពុំ​ជឿ​ទៅ​លើ​ព្រះអាទិទេព ឬ​ស្ថានសួគ៌អ្វីទេ គឺជឿទៅលើសេចក្តី​ស្ងប់​ស្ងាត់​ដែល​កើត​មាន​ក្នុង​អារម្មណ៍​គាត់​ប៉ុណ្ណោះ”។ ក្រោយ​មក​ ”ខុង” ក៏​បែកគំនិត​ថា “ការ​ធ្វើ​សមាធិកម្មរបស់គាត់​ជាអំពោះ​ដែល​មនុស្សជាន់​ខ្ពស់ ទើប​អាច​ឈោងដល់”។ ហើយ​តាំង​ពី​ថ្ងៃនោះមក គាត់​ក៏​មាន​ជំនឿថា “បើ​ព្រលឹង​របស់​គាត់​ផុត​រលត់​ទៅ​នៅពេលណា ហើយ​ប្រសិន​ជា​បាន​កើត​ជា​ថ្មី នោះនឹង​បាន​ស្អាត​ហើយ​បរិសុទ្ធជាង​អ្នក​ដទៃ ព្រោះ​ភ្នែកគាត់​ឈប់​មើល​ឃើញ​ការ​ពិឃាត​មនុស្ស​ទៀតហើយ”។

 តាម​សម្តី​របស់​អ្នក​ប្រាជ្ញ​ លីជី (Legge) បាន​ពោលថា “គ្រួសារ​ខុង​រស់​នៅ​លើ​ ”ភ្នំពពក” អស់ ៦ តំណមនុស្ស​ទើប​រាជវង្ស​ចាងជំនាន់​ក្រោយ ហៅ​ឲ្យ​ចូលទៅ​បម្រើ​រាជ​វង្ស​ក្នុង​វាំង​ស្តេច​វិញ”។

ក្រោយ​មក​នៅពេល​អាណាចក្រ​ចាង ត្រូវ​ពួកអានារ្យ​ប្រជាគម​មក​ពី​ជ្រលង​ភ្នំវៃ (Wei) សម្លាប់​ផុត​ពូជហើយ ព្រម​ទាំង​យក​រាជ​វាំង អាង យ៉ាង ជាទីតាំង​របស់​ខ្លួន នោះ​មាន​សេបតី​ធំជា​ច្រើន​បាន​វេច​ខ្ចប់​ក្បួន​ខ្នាត​គម្ពីរ​ក្នុង​រាជ​វាំង​ចាង យក​ទៅ​តាម​ខ្លួនគ្រប់គ្នា។ ដូច្នេះ​នៅ​ឆ្នាំ​ ១០២៧ មុនគ.ស ដែលពួកអានារ្យប្រជាគមបាន​គ្រប់​គ្រង​លើ​ទឹក​ដី ចាង ហើយ​ពួកនោះ​បាន​ដាក់​ឈ្មោះ​សន្ត​តិវង្ស​ខ្លួនថា ចូវ (Tcheou) រហូតមក។

សមាជិក​ត្រកូល​ ”ខុង” បាន​ភៀស​ខ្លួន​ទៅ​ពួន​បន្លំ​រស់​នៅ​ជាមួយ​ប្រជាជន​ក្នុង​រជ្ជកាល​ ចូវ​ អស់ ៥ តំណ​មនុស្សទៀត ទើប​បាន​ធ្វើ​ដំណើរ​ចូល​ទៅ​រស់​នៅ​ក្នុង​ សន្តតិវង្សឈ្មោះ លូ នៅ​តាម​មាត់​ទន្លេ​លឿងនៃ​ស្រុក​ចាន់តុង។ គឺ​នៅ​ក្នុង​ដែន​ដី​នេះហើយ ដែល​គេ​ប្រទះ​ឃើញ​គ្រួសារ​មួយ​មាន​សមាជិក​បីនាក់គឺ ប្តីប្រពន្ធ និង​បាវ​បម្រើ​ប្រុស​ម្នាក់។ មេគ្រួសារមាន​ឋានៈ​ជាមេទ័ព​សង្កាត់​នៅ​ក្នុងអាណាចក្រ​លូ ជានាយ​ទាហាន​មាន​មុខងារ​បើក​បរ​រថ​ទឹម​ដោយសេះ ៦។

លោក វូជី បាន​ពោលថា ប្រហែល​ជា​គ្រួសារ​តូចនេះ​បាន​ទទួល​បណ្តាំពី​ដូន​តា​របស់ខ្លួន ពី​រឿង​អាថ៌កំបាំង​អ្វីមួយ​មុន​ពេល​ស្លាប់​ក៏ពុំ​ដឹង បាន​ជា​មេទ័ព​ក្មេងនេះ​បាន​លាលែង​ពី​ដំណែង​របស់ខ្លួន ហើយ​ទៅ​រស់​នៅ​ក្នុង​ភ្នំមួយ​នៅ​ក្នុង​ស្រុក​ចាន់​តុង។ គ្រួសារ​តូចនេះ​ហើយ ដែល​ជា​គ្រួសារ​របស់ “ខុងជឺ” ហើយមេទ័ព​នេះ​ហើយជាឳពុក​របស់​គាត់។ ដូច្នេះ​ ខុងជឺ បាន​មើ​លឃើញ​ពន្លឺ​ពិភពលោក ក្នុងទីងងឹត​នៃ​ក្រហែង​ថ្មភ្នំ ជិត​វាល​ចិញ្ចឹម​សត្វ​របស់​លោក​ម្ចាស់នៃ​សន្តតិវង្ស​លូ។

ពេល​ ខុងជឺ មក​ចាប់​កំណើត​ ម្តាយ​របស់​គាត់​បាន​សុបិននិមិត្ត​ឃើញមាននាគមួយ​សម្បុរ​ខៀវ​ហោះ​ពី​លើ​អាកាស​ ទម្លុះ​ដុំ​ពពក​ខាប់​ ហើយ​ក៏​ចុះ​មក​លេង​ទឹក​សមុទ្ទ” (សូម​ជម្រាបជូនថា ប្រជាជន​ចិន​នៅ​ភាគ​កណ្តាល​ ពុំ​ស្គាល់​សមុទ្ទទេ ហើយ​ចាត់​ទុក​ទន្លេ​លឿង​ថា​ជា​សមុទ្ទ)។ នាគខៀវ​ចុះ​ហែល​កញ្ជ្រោក​បោក​បាច​ទឹក​អស់​ចិត្ត​ហើយ ក៏ផឹកទឹក​ពេញ​ពោះ​រួច​ទើប​ហោះ​ទៅ​លើ​មេឃ​វិញ។ ពេលនោះ​នាគ​បាន​ខ្ជាក់​ទឹក​ភ្លៀង​មក​លើ​ដី កើត​ទៅ​ជា​ភោគ​ផល​ចម្រើន​ដល់​កសិកម្ម​ដើម​ស្រូវ​ដុះ​គុម្ព​ធំៗ ខៀវ​ខ្ចី ឯចំណែក​ធម្មជាតិ​ទាំង​ឡាយ​ក៏​ហាក់​ដូច​ជា​ចាប់​កំណើត​ឡើង​វិញ​សារ​ជា​ថ្មី។

ម្តាយ​ ខុងជឺ បាន​និយាយ​ប្រាប់​ប្តី​ពី​សុបិននិមិត្ត​របស់​ខ្លួន​ដែល​មាន​លក្ខណៈ​ហាក់​បី​ដូច​ជា​រឿង​និទាន។ លោក​មេទ័ព​ជា​បិតាខុងជឺ កាល​បាន​លឺក៏​កើត​បីតិសោមនស្ស​រីករាយ​ឥតឧបមា ហើយ​ប្រាប់​ប្រពន្ធថា ច្បាស់​ជាមាន​ភ្លៀង​ធំពុំ​ខាន ហើយ​កូន​ចៀម និង​ពពែ​ដែល​គាត់​ចិញ្ចឹមនឹង​បាន​ធំធាត់​ព្រោះ​សម្បូរ​ស្មៅ​ខ្ចី។

ក្រោយ​មក​ម្តាយ​ ខុងជឺ ក៏​មាន​ផ្ទៃពោះ ហើយ​សម្រាល​បាន​បុត្រ​មួយ​ដែល​មាន​សម្ផស្ស​ល្អ​ប្រិម​ប្រិយ តែ​ថ្ងៃកំណើត​របស់​ខុងជឺ ជា​ថ្ងៃ​សោកនាដកម្ម​ ព្រោះ​មាន​ភ្លៀង​ផ្គរ​ រន្ទះបាញ់រញ្ជួយ​ភ្នំ ព្រម​ទាំង​មាន​បុព្វហេតុមួយទៀត គួរ​ឲ្យ​តក់​ស្លុត គឺ​អ្នក​បម្រើ​ ដែល​មាន​អាយុ​ប្រមាណ ៥០ឆ្នាំ ធ្លាប់​ដើរ​តាម​បម្រើ​គ្រួសារ​នេះ​ជាយូរ​ណាស់​មក​ហើយនោះ បាន​ទទួល​មរណភាព​នៅ​ថ្ងៃនោះដែរ។​

កំណើត​ដ៏អស្ចារ្យ​នេះ​បាន​ធ្វើ​ឲ្យ​គេ​ពិចារណា​គ្រប់​គ្នា។ មតិខ្លះ​យល់ថា គាត់​ជា​ក្មេង​មា​ន​កំណើត​ចង្រៃ ហើយ​ខ្លះទៀត​ថា​កំណើត​របស់​គាត់​ជាមនុស្ស​មានបុណ្យ ព្រោះ​មាន​អព្ភូត​ហេតុ​ប្លែក​កើត​ឡើង។

ប្រភពឯកសារ៖

សៀវភៅ La Philoso Phie De Confucius, Edit Payot, Paris និង សៀវភៅ Confusius the man and the myth

វីគីភីឌា៖ ខុង ជឺ

ពាក្យទូន្មានខុង ជឺ

ខ្សែភាពយន្តខុង ជឺ ជាភាសាខ្មែរ

Advertisements

3 Replies to “កំណើត​របស់​មហា​ទស្សនៈ​វិទូ ខុង ជឺ”

  1. គួរ​ឲ្យ​ចាប់​អារម្មណ៍! មាន​ភាគ​ត​ទៀត​ទេ?

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s