ស្លាប់ (ភាគ ១)

ពិ​ភពលោក​នេះ​មិន​មែន​ជា​កន្លែង​របស់​ខ្ញុំ​ទេ! ខ្ញុំ​ចង់​ស្លាប់! ខ្ញុំ​ចង់​តែ​ចេញ​ឲ្យ​ផុតពី​លោកនេះ។ ហេតុ​អីទៅ បាន​ជា​ខ្ញុំ​មិន​អាច​ដែលបាន​ទទួល​នូវ​អ្វី​ដែល​គ្រប់​គ្នា​មាន​អ៊ីចឹង? ខ្ញុំ​សួរ​ខ្លួន​ឯង​នូវ​សំនួរ​នេះ​គ្រប់​ពេល​ទាំង​អស់​ ព្រោះ​ជីវិត​ខ្ញុំ​ពិត​ជា​យ៉ាប់​មែន!

ប្រវត្តិសង្ខេប

ខ្ញុំ​កើត​មក​គឺ​ចង្រៃ​ខ្លាំង​ណាស់ ព្រោះ​ម្តាយ​របស់​ខ្ញុំ​បាន​ស្លាប់​ចោល​ខ្ញុំ​និង​លោក​ប៉ា តាំង​ពី​វិនាទី​ដែល​ខ្ញុំ​បាន​ស្គាល់​ពិភព​ខាង​ក្រៅ​មក​ម៉្លេះ!​ ប៉ាថា ខ្ញុំ​បាន​យក​ម៉ាក់​ចេញពី​គាត់​ទៅ ព្រោះ​ម៉ាក់​តាំង​ពី​ខ្ញុំ​ចាប់​កំណើត​បង្ក​រូប​រាង​នៅ​ក្នុង​ផ្ទៃ​ម៉ាក់​មក គាត់​តែ​ងតែ​មាន​ជំងឺ​ជា​ប្រចាំ។ ម៉ាក់​បាន​ទ្រាំ​ទ្រ​នឹង​ភាព​លំបាក​ រហូត​ដល់​គាត់​បាន​ជួយ​ឲ្យ​ខ្ញុំ​បាន​ឃើញ​ពន្លឺ​ថ្ងៃ រួច​គាត់​ក៏​ចាកចេញទៅ។ ខ្ញុំ​គិត​ថា​គាត់​អត្មា​និយម​ណាស់ ព្រោះ​គាត់​បាន​ចាក​ចោល​ខ្ញុំ​ទៅ ទាំង​ដែល​ខ្ញុំ​មិន​ដែល​ដឹង​ថា​ម៉ាក់​មាន​មុខ​មាត់​យ៉ាង​ម៉េច។ ប៉ា​ថា​វត្ត​មាន​របស់​ខ្ញុំ​នាំ​មក​នូវ​អោន​ភាព​ ទាំង​ក្នុង​ជីវិត​គ្រួសារ​ និង​ជីវិត​ជំនួញ រហូត​ដល់​គាត់​សម្រេច​ឲ្យ​ខ្ញុំ​រស់​នៅ​ឆ្ងាយ​ដាច់​ពី​គាត់។ គាត់​ស្អប់​ខ្ញុំ​ណាស់​ហើយមើល​ទៅ បាន​ជា​គាត់​ឲ្យ​ខ្ញុំ​មក​នៅ​ទីនេះ​ តែ​ម្នាក់​ឯងតាំង​ពី​ខ្ញុំ​មាន​អាយុ ៤ឆ្នាំ រហូត​ដល់​ធំប៉ុណ្ណេះ។ ខ្ញុំ​ពិត​ជា​តូច​ចិត្ត​មែនទែន។ ព្រោះ​ខ្ញុំ​មិន​ដែល​សូម្បី​តែ​គិត​នាំ​រឿង​អាក្រក់​ៗ​មក​ឲ្យគាត់ តែ​គ្រប់​យ៉ាង​ដែល​កើត​ឡើង​ចំពោះ​គាត់​ហាក់​ដូច​ជា​ចង្អុល​មក​កាន់​ខ្ញុំ​ទាំង​អស់។ គាត់​ប្រហែល​ជា​មានក្តី​សុខ និង​មាន​ភាព​ចំរុង​ចម្រើន​ណាស់​ហើយ​មើល​ទៅ បើ​គាត់​មិន​ទទួល​សំណាង​បន្ទាប់ពី​គាត់​ដកខ្ញុំ​ចេញ ពី​ជីវិត​គាត់​ទេនោះ ម៉្លេះ​សម​ណា​គាត់​មក​យក​ខ្ញុំ​ឲ្យ​ទៅ​រស់​នៅ​ជាមួយគាត់​បាត់​ទៅហើយ។ ខ្ញុំ​គ្រាន់​តែ​ចង់​ដូច​ជា​ក្មេង​ដទៃ​ទៀត​តែ​ប៉ុណ្ណោះ ដែល​មាន​ប៉ាម៉ាក់​ហៅ​ដូចគេ​ដូច​ឯង មាន​ប៉ាម៉ាក់​មក​យក​ដល់​សាលា។ គិត​ដល់​រឿង​សាលា​ ធ្វើ​ឲ្យ​ខ្ញុំ​ថប់​ដង្ហើម​ទៀតហើយ ព្រោះ​ខ្ញុំ​មិន​ដែល​សូម្បី​តែ​ស្គាល់​ជាតិ​សាលា​យ៉ាង​ម៉េច​ផង ព្រោះ​ខ្ញុំ​មិន​ដែល​បាន​ទៅរៀនទេ ខ្ញុំ​នៅតែ​ផ្ទះប៉ុណ្ណោះ ហើយ​ក៏​រៀន​នៅផ្ទះ ដែល​គេ​ហៅថា Home School នោះអី។ ខ្ញុំ​មាន​ជម្ងឺ​ហឺត​ និង​ជម្ងឺ​….ហ៊ើយ​ មិន​បាច់​និយាយ​ទេ ព្រោះទោះនិយាយ​ក៏​គ្មាន​ប្រយោជន៍ដែរមែនទេ។ ខ្ញុំ​មិន​អាច​នៅ​កណ្តាល​ចំនោម​មនុស្ស​ច្រើន​បាន​ទេ ព្រោះ​វា​ជាកត្តា​ដែល​នាំ​ឲ្យ​ខ្ញុំខ្វះ​ខ្យល់​ដក​ដង្ហើម។ ហើយ​ហ្នឹង​ក៏​ជា​ហេតុ​ផល​មួយ​ដែល​ធ្វើ​ឲ្យ​សូម្បី​តែ​មិត្ត​ម្នាក់​ក៏​ខ្ញុំ​គ្មាន​ដែរ។ គេ​គ្រប់​គ្នា​តែង​និយាយ​ថា មាន​លុយ​គឺ​មាន​អ្វី​ៗ​ទាំង​អស់ ប្រហែល​មែនទេដឹង តែ​ខ្ញុំ​ធំប៉ុណ្ណេះ​ហើយ មិន​ដែល​ស្គាល់​ថា​ចាយ​លុយ​សប្បាយ​នោះទេ។ ខ្ញុំ​មាន​លុយ​ចាយ​វាយ៉ាងម៉េច? ប៉ា​ជា​អ្នក​មាន​វា​យ៉ាងម៉េច? ខ្ញុំ​ចេញ​ក្រៅ​មិន​បានផង បើ​អ៊ីចឹង​ចាយ​លុយ​យ៉ាង​ម៉េចទៅ?

អ្នកគ្រូពេទ្យ

នៅ​ផ្ទះ​មាន​អ្នក​គ្រូ​ពេទ្យ​ម្នាក់​នៅ​ចាំ​មើល​ថែ​ខ្ញុំ​ជាទៀង​ទាត់ តែ​គាត់​មិន​ដែល​និយាយ​រក​ខ្ញុំ​ទេ ព្រោះ​គាត់​ស្អប់​ខ្ពើ​ម​ខ្ញុំ​ដែល​ជា​មនុស្ស​ចង្រៃ។ នេះ​សំណាង​ហើយ ដែល​យ៉ាង​ហោច​ណាស់​ក៏​គាត់​ជា​មនុស្ស​ដែល​ចាត់​ទុក​ថា​ស្និទ្ធស្នាល​បំផុត​ហើយ ​នៅក្នុង​ជីវិត​របស់ខ្ញុំ​។ អ្នក​មិន​ដែលឯកោរ​មិន​ដឹង​ទេ​ថា ខ្ញុំ​រងារ​ប៉ុណ្ណា។ ខ្ញុំ​លេង​ហ្គេម​តែ​ម្នាក់​ឯង មើល​ទូរទស្សន៍​ម្នាក់​ឯង មាន​សៀវ​ភៅ​ច្រើនណាស់​ដែល​ខ្ញុំ​បាន​ឲ្យ​គេ​ទិញ​ឲ្យ​ទុក​សម្រាប់​អាន។ ការ​អាន​ធ្វើឲ្យ​ខ្ញុំ​ឈឺ​ចាប់ ព្រោះ​ខ្ញុំ​ច្រនែន​តួអង្គ​នៅក្នុង​រឿង​ណាស់ ទេសភាព​ដ៏​ត្រកាល​ដែ​លគេ​ពិពណ៌នា​ក្នុង​ប្រលោម​កថា ធ្វើឲ្យ​ខួរ​ក្បាលខ្ញុំ​ខិត​ខំ​ស្វះ​ស្វែង​រក​រូប​ភាព​មក​ដាក់ យ៉ាង​ណាឲ្យត្រូវ​ ព្រោះ​ខ្ញុំ​ពុំ​ដែល​ដឹង​ថា​ធាតុ​ពិត​វា​យ៉ាង​ម៉េច​ផងហ្នុង? តែ​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​នៅ​តែ​ចង់​ដឹង​ថា តើ​មនុស្ស​នៅ​ខាង​ក្រៅ​មាន​ចរិត​លក្ខណៈ​យ៉ាង​ម៉េច​ដែរ។ ដូច្នេះ​ហើយ​ការ​អាន​ធ្វើឲ្យ​ខ្ញុំ​ស្គាល់​មិត្ត​ច្រើនណាស់ ស្គាល់​មិត្ត​ដែល​ខ្ញុំ​ប៉ះមិន​បាន បាន​ត្រឹម​ស្រម៉ៃ ហើយ​នឹង​ប៉ះ​រាវ​រក​ពួក​គេ​ក្នុង​ក្តី​ស្រម៉ៃ។ ខ្ញុំ​ស្អប់​ដួង​ច័ន្ទណាស់! ព្រោះ​ហេតុ​អ្វី ដឹងទេ? ព្រោះ​ខ្ញុំ​នឹង​ដួង​ច័ន្ទ​គឺ​ឯកោរ​ដូចគ្នា។ ខ្ញុំ​ស្អប់​ខ្លួន​ឯង អ៊ីចឹង​ខ្ញុំ​ក៏​ស្អប់​ដួង​ច័ន្ទ​ដែរ ព្រោះ​ដួង​ច័ន្ទ ទោះ​បី​មាន​ដួង​តារា​រះ​រាប់​រយ​ពាន់​អម​យ៉ាង​ណា​ក៏​ដោយ ក៏​គ្មាន​ដួង​ច័ន្ទ​ ១​ផ្សេង​ទៀត​មក​ជា​គ្នា​ដែរ។ គ្រប់​ដួងតារា​មាន​គ្នា​ច្រើន​សន្ធឹកសន្ធាប់់ ទោះ​ខ្ញុំ​ចង់​ក្លាយ​ជា​ដួង​តារា​ក៏​មិន​បាន​ដែរ ព្រោះ​ខ្ញុំ​ជា​ដួង​ច័ន្ទ។ ខ្ញុំ​ខំ​សម្លឹង​ មើល​ដួង​តារា​ទាំង​ចិត្ត​ច្រនែន​នឹង​ពួក​គេ​ជា​អនេក​ពន់​ពេក​ណាស់។ អ្នក​មាន​ដែល​សម្គាល់មើល​ទេ ថា​នៅរាត្រី​ណា​ដែល​មាន​ដួងខែ​ គេ​កម្រ​បាន​ឃើញ​ដួង​តារា​ណាស់ តែ​ដួង​តារា​រះ​បញ្ចេញ​ពន្លឺ​យ៉ាង​តូច​ច្រឡឹង​ក្នុង​ភព​អន្ធការ លេចបាត់​ៗ​​នូវ​ពន្លឺ​ព្រិច​ៗ គួរ​ឲ្យក្នាញ់​ជា​ពន់​ពេក។ គេ​តែង​តែ​បួង​សួង​នៅ​ពេល​មាន​ផ្កាយ​ធ្លាក់ពី​លើ​មេឃ​មក ដែល​គេ​ហៅ​ថា​ទេព​ស្យុត​នោះឯង។ គិត​ទៅ​ផ្កាយ​ពិត​ជា​មាន​ប្រយោជន៍​ណាស់។ នៅ​រាល់​យប់​ដែល​មាន​ផ្កាយ​ ខ្ញុំ​តែង​តែ​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ​ សម្លឹង​មើល​ពួកគេ​ជជែក​គ្នា​លេង ប្រាប់​ពី​អ្វី​ដែល​ខ្ញុំ​ធ្វើ​ថ្ងៃ​នេះ និង​ប្រាប់​ពី​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​តែ​ធ្វើ​មិន​បាន។ មាន​ថ្ងៃ​មួយ​នោះ អ៊ុំស្រី​ដែល​ជា​អ្នក​មើល​ថែ​ខ្ញុំ​នោះ បាន​ឃុំ​ខ្ញុំ​ពេញ​មួ​យថ្ងៃ​នៅ​ក្នុង​ផ្ទះ​បាយ ដោយ​សារ​តែ​ខ្ញុំ​រឹង​ចចេស​មិន​ព្រម​លេប​ថ្នាំ។ ខ្ញុំ​នៅ​ក្នុង​នោះ រហូត​ដល់​បាយ​ល្ងាច​ទើប​គាត់​ព្រម​បើ​កទ្វារឲ្យ​ខ្ញុំ​ចេញ​មក​វិញ។ នៅ​យប់​នោះ ខ្ញុំ​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ​ដូច​សព្វ​មួយ​ដង រួច​ខ្ញុំ​ប្រាប់​ហ្វូង​ផ្កាយព្រិច​ៗ ទាំង​នោះពី​ភាព​លំបាក​ និង​ការ​ឈឺចាប់​របស់​ខ្ញុំ។ ខ្ញុំ​បាន​ទាំង​បង្ហាញ​ដៃ​ដែល​មាន​របួស​ដោយ​សារ​អ៊ុំ​ស្រី​នោះ ចាប់​ច្របាច់​ដៃ​ខ្ញុំ​រហូត​មុត​ក្រចក​របស់​គាត់​ចេញ​ឈាម។ យ៉ាង​ណា​ក៏​គាត់​មិន​ដែល​ធ្វើ​បាប​រូបកាយ​ខ្ញុំ​ខ្លាំង​ពេក​ដែរ ព្រោះ​គាត់​មិន​ចង់​បាត់​បង់​ការ​ងារ​គាត់​នោះទេ។ ខ្ញុំ​មិន​ចូលចិត្តអ៊ុំ​ស្រី​ម្នាក់​នោះទេ ប៉ុន្តែ​ទោះ​ខ្ញុំ​ចង់​ឲ្យ​ប៉ា​ដូរ​គាត់​ចេញ ក៏​ប៉ា​មិនស្តាប់​ខ្ញុំ​ដែរ គាត់​មាន​តែ​បន្ទោស​ថែម​ថា ខ្ញុំ​មិន​ចេះ​ស្តាប់​បង្គាប់។ គិត​ដល់​រឿង​នេះ​ខ្ញុំ​តូច​ចិត្តណាស់។

ខ្ញុំ​ និង ទីណូ

សូមរង់ចាំអានភាគបន្ត….

Advertisements

6 Replies to “ស្លាប់ (ភាគ ១)”

    1. ហិហិ មិនមែនជារឿងពិតរបស់ខ្ញុំទេ តែវាជាអារម្មណ៍ពិតរបស់ខ្ញុំ!

      Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s