ដានស្នេហ៍ចុងក្រោយ

ខ្ញុំចង់ស្លាប់! គំនិតខ្ញុំខុសគេ! តែប្រហែលខ្ញុំមិនស្លាប់ភ្លាមៗនោះទេមើលទៅ។ តែអ្វីដែលខ្ញុំគិតនោះមិនបានដូចដែលខ្ញុំប៉ងនោះទេ ទីបញ្ចប់ជីវិតរបស់ខ្ញុំ ត្រូវបញ្ចប់ត្រឹមតែអាយុ ១៥ឆ្នាំតែប៉ុណ្ណោះ។ ខ្ញុំបានមើលឃើញម្តាយរបស់ខ្ញុំយំ ឃើញគាត់បានបញ្ចុះរូបកាយទាំងមូលដែលនៅស្ងៀមធ្មឹងទៅក្នុងទឹកដ៏ត្រជាក់នារដូវរងារ។ ខ្ញុំបានស្លាប់ទៅដោយអស់ចិត្ត ដោយញញឹម ហើយដោយគ្មានស្តាយក្រោយទាល់តែសោះ។ ខ្ញុំបានធ្វើរឿងជាច្រើនសម្រាប់គ្រួសាររបស់ខ្ញុំ សម្រាប់អ្នកដែលខ្ញុំស្រឡាញ់ជាទីបំផុត។ មែនហើយ! ខ្ញុំបានចំនាយពេលវេលាគ្រប់គ្រាន់សម្រាប់ការរស់នៅដ៏ ខ្លីនេះរួចហើយ។ មានរឿងមួយចំនួនដែលគួរឲ្យចង់សើចបន្ទាប់ពីខ្ញុំលាចាកលោកនេះទៅ ហើយក៏មានរឿងខ្លះធ្វើឲ្យខ្ញុំទប់ទឹកភ្នែកមិនបាន។ អ្នកចង់ដឹងពីអារម្មណ៍របស់អ្នកដែលស្លាប់ទៅហើយមែនទេ? នេះជារឿងមួយរបស់ខ្ញុំ!

តាំងពីក្មេងរហូតដល់ខ្ញុំ អាយុ ១៣ឆ្នាំ ខ្ញុំជាក្មេងម្នាក់ដែលរស់ក្នុងក្រុមគ្រួសារដែលមានក្តីសុខជាទីបំផុត។ ខ្ញុំមានឳពុកដ៏ល្អម្នាក់ដែលបានលាចាកលោកទៅនៅ ពេលដែលខ្ញុំមានអាយុ ៦ឆ្នាំ។ ខ្ញុំចាំគ្រប់រូបភាពដែលគាត់បានគូរ និងផាត់ពណ៌នៅក្នុងជីវិតខ្ញុំ ជារូបដែលស្រស់ស្អាត និងមានសោភ័ណភាពជាទីបំផុត។ គាត់បានចាកចេញពីខ្ញុំទៅ ទាំងយំ ហើយគាត់បានអង្អែលក្បាលខ្ញុំ ដោយមានកំណកទុក្ខព្រួយដែលរលាយជាដុំទឹកហូរឥតដាច់ពីកែវភ្នែករបស់គាត់។ ខ្ញុំមិនដឹងថាហេតុអ្វីបានជាគាត់យំនោះទេ តែក្រោយមកខ្ញុំបានដឹងថាគាត់បានស្លាប់ចោលខ្ញុំហើយ។ នៅពេលនោះខ្ញុំបានស្គាល់អត្ថន័យនៃពាក្យថា “ស្លាប់”។ ការស្លាប់សម្រាប់ខ្ញុំពេលនោះ គឺមនុស្សម្នាក់នឹងចាកចេញពីយើងទៅ ហើយឥតមានថ្ងៃត្រលប់មកវិញឡើយ ព្រោះម្តាយខ្ញុំប្រាប់ខ្ញុំថា មិនបាច់ចាំពុកមកវិញទេ ព្រោះគាត់បានទៅហើយ គឺទៅរហូត។ នៅពេលឮពាក្យនេះ ខ្ញុំក៏យំ ព្រោះខ្ញុំមិនចង់ឲ្យពុកចាកចេញ ពីខ្ញុំទេ។

ដល់ពេលដែលខ្ញុំមានអាយុ ១០ឆ្នាំ ទើបខ្ញុំយល់ពីទឹកចិត្តរបស់ពុកខ្ញុំ យល់ពីទឹកភ្នែកចុងក្រោយរបស់គាត់។ ខ្ញុំរស់នៅមិនបានយូរទេ ហើយខ្ញុំទៅជួបពុករបស់ខ្ញុំនៅកាលវេលាដ៏ឆាប់មួយមិនខាន។ ខ្ញុំមានជម្ងឺដូចពុករបស់ខ្ញុំអ៊ីចឹង។ តែក្រោយមកគ្រប់យ៉ាងក៏ល្អប្រសើរឡើងវិញ ដោយសារខ្ញុំគ្មានជម្ងឺនោះទៀតទេ។ ខ្ញុំបានបំភ្លេចជម្ងឺនោះឈឹងតែម្តង ដោយសារតែម្តាយរបស់ខ្ញុំ។ ខ្ញុំបានធ្វើគ្រប់យ៉ាង ដើម្បីឲ្យប៉ុន្មានដំណក់នៃជីវិតរបស់ខ្ញុំ អាចធ្វើឲ្យម្តាយរបស់ខ្ញុំរីករាយបាន។ គាត់ស្គមខ្លាំងណាស់ តាំងពីពុករបស់ខ្ញុំឃ្លាតទៅ ហើយក៏ដឹងថាខ្ញុំនឹងមានលទ្ធផលដូចគ្នា។ ស៊ូ ស៊ូ ស៊ូ ព្រោះខ្ញុំមិនចុះចាញ់ទេ។ ខ្ញុំបានប្រាប់ម្តាយខ្ញុំពីក្តីប្រាថ្នាដ៏រីករាយរបស់ខ្ញុំនៅគ្រាចុងក្រោយ ក្រោយពេលដែលខ្ញុំចាកចេញពីគាត់ទៅ។ ពេលនេះខ្ញុំបានដឹងថា គាត់បានធ្វើតាមដែលខ្ញុំប្រាប់គាត់ឥតមានឲ្យចន្លោះបំណងរបស់ខ្ញុំឡើយ។ នេះហើយទឹកចិត្តម្តាយគ្រប់រូបចំពោះបុត្រធីតា។ ខ្ញុំចង់ប្រាប់ម្តាយខ្ញុំថា ខ្ញុំស្រឡាញ់គាត់ណាស់ ហើយក៏ គ្មានអ្វីអាចធ្វើឲ្យខ្ញុំភ្លេចគាត់ ហើយក៏គ្មានអ្វីដែលអាចលុបនូវក្តីស្រលាញ់មួយនេះ ចេញពីក្រាំងនៃផែនដីបានដែរ។

ខ្ញុំចាំបានថា ខ្ញុំធ្លាប់នាំម៉ាក់ទៅលេងនៅកោះឬស្សីនៅក្រុងព្រះសីហនុ កូនទូកតូចរបស់យើងបានរសាត់អណ្តែតនៅលើផ្ទៃក្រណាត់ពណ៌ខៀវ ដែលកំរើកឡើងចុះតិចៗ ហើយមានសភាពស្ងប់នៅឯនាយជើងមេឃឯណោះ។ ម្តាយខ្ញុំប្រាប់ថា គាត់បានជួបពុកនៅទីនោះ ខ្ញុំមានអារម្មណ៍រំភើបដែលបានជាន់ទឹកដីស្នេហា ទឹកដីកំណើតនៃចិត្តរបស់ខ្ញុំជាមួយភាពស្រស់ត្រកាលនៃសាគរក្រុងកម្ពុជា។ ដំណក់ទឹកភ្លៀងស្រិចៗ ដ៏តូចៗ អមដំណើរយើងរហូតដល់ទីកោះនោះ។ ខ្ញុំចាំបាននូវសម្បកខ្យងតូចធំ ដែលមានរាងផ្សេងៗ គួរឲ្យប្រតិព័ទ្ធក្រៃលែង។

នៅចាំបានគ្រាមួយដែលខ្ញុំ និងម៉ាក់បានទៅលើកំពូលក្រុងអង្គរ មើលទៅទឹកដីដ៏ធំធេងឯនាយ។ ខ្ញុំអង្គុយកើយស្មាម្តាយខ្ញុំ នៅមាត់ទ្វារដែលមានកំពស់ចោតក្រៃលែង។ ខ្ញុំប្រាប់ម្តាយខ្ញុំថា បើអាចរើសបាន ខ្ញុំសុំឲ្យបានកើតជាកូនខ្មែរ មកទាំថែអង្គរនេះដូចកូនខ្មែរទាំងឡាយដែរ។ ខ្ញុំសុំឲ្យបានកើតជាកូនម៉ែម្តងទៀត មករស់ក្រោមទ្រូងដ៏កក់ក្តៅរបស់ម៉ែ ព្រោះមានតែផែនទ្រូងម៉ែទេ ដែលជាទីសុខុមនិងមានសុវត្ថិភាពជាទីបំផុតសម្រាប់កូនទាំងឡាយ។ ប្រហែលខ្ញុំសេចក្តីស្លាប់ទេដឹង ដែលបង្រៀនខ្ញុំឲ្យចេះនិយាយពាក្យទាំងនេះបាន។ ហើយដោយសារសេចក្តីស្លាប់នេះហើយ ដែលធ្វើឲ្យខ្ញុំដឹងថា អ្នកដែលនៅជុំវិញខ្លួនខ្ញុំមានតម្លៃប៉ុណ្ណា។ ប្រាប់ចុះខ្ញុំអត់ខ្លាចក្តី ស្លាប់ទេ ព្រោះមនុស្សគ្រប់គ្នាគ្មានអ្នកណាដែលអាចរួចផុតពីវាបានឡើយ។ មែនទេ?

មានមនុស្សម្នាក់ដែល បានបោះទុនក្តីស្នេហារបស់គេមកឲ្យខ្ញុំ តែសុំទោស ដែលខ្ញុំធ្វើមិនដឹងមិនឮ។ ខ្ញុំបានប្រាប់គេថាគេជាមនុស្សដែលល្អបំផុត តាំងពីខ្ញុំបានរាប់អានជាមួយមិត្តភក្តិមក។ គេមិនដឹងថា ខ្ញុំមានរយៈពេលខ្លីប៉ុនមេដៃដូចនេះទេ។ គេបាននាំខ្ញុំទៅមើលថ្ងៃលិច នៅមាត់សមុទ្រ។ ដឹងទេ ថាថ្ងៃលិចនៅមាត់សមុទ្រស្រស់ស្អាតប៉ុណ្ណា? គឺស្រស់ស្អាតណាស់! ដុំភ្លើងដ៏ធំមួយនេះ បានលិចចុះទៅក្នុងសមុទ្រ ពន្លឺដ៏ក្រហមច្រាលបានជះពេញផ្ទៃសមុទ្រ គេអាចនឹងមានឳកាសបានឃើញទូកតូចៗ រសាត់យ៉ាងលឿនកាត់ដុំភ្លើងមួយដុំនោះ ហើយក៏មានទូកមួយនោះធ្វើដំណើរយ៉ាងលឿនសំដៅទៅកាន់ដួងពណ៌ក្រហមនោះដែរ។ មានរឿងមួយទៀត! យើងទាំងពីរបានរង់ចាំយ៉ាងយូរដើម្បីមើលព្រះអាទិត្រលិច ដែលមានរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។ ព្រះអាទិត្រលិចបានប្រាប់ខ្ញុំថា មិនថាវាលិចរយៈពេលខ្លីប៉ុណ្ណានោះទេ តែវាបានធ្វើឲ្យយើងមានសេចក្តីសុខជាទីបំផុត។ ខ្ញុំនឹងធ្វើជាព្រះអាទិត្រសម្រាប់គ្រប់គ្នា មិនថាខ្ញុំនឹងលិចទៅយ៉ាងលឿនដូចព្រះ អាទិត្រក៏ដោយ ក៏ខ្ញុំនៅតែអាចផ្តល់នូវក្តីសុខដល់គ្រប់គ្នាបាន។ ហិហិ! ខ្ញុំមិនអាចនិយាយប្រាប់នាងបានទេ ថាខ្ញុំក៏ស្រលាញ់នាងដែរ ខ្ញុំមិនចង់ផ្តល់ក្តីសង្ឃឹមដល់នាងទេ ហើយក៏មិនចង់ឲ្យពាក្យថា “ស្រឡាញ់” ធ្វើឲ្យនាងរង់ចាំថ្ងៃស្លាប់របស់ខ្ញុំមកដល់ដែរ។

ខ្ញុំបានចំនាយពេលដ៏ខ្លីនេះ នៅជាមួយម្តាយរបស់ខ្ញុំ នៅជាមួយនាង ហើយក៏នៅជាមួយមនុស្សទូទាំងពិភពលោករបស់ខ្ញុំផងដែរ។ សម្លេងព្យាណូរបស់ខ្ញុំ តែងតែប្រគុំកំដរក្មេងកំព្រានៅមណ្ឌល ហើយក៏នឹងកំដរលោកយាយលោកតានៅឯចំការតារបស់ខ្ញុំដែរ។ វានឹងកំដរមិត្តរបស់ខ្ញុំនៅថ្ងៃកំណើតរបស់មិត្តខ្ញុំ ហើយបទចុងក្រោយដែលតែងមិនទាន់ចប់របស់ខ្ញុំ នឹងកប់ទៅជាមួយខ្ញុំដែរមិនខាន។ គ្រូភ្លេងរបស់ខ្ញុំប្រាប់ខ្ញុំថា ព្យាណូ គឺប្រៀបបីដូចជាទឹកដូច្នោះដែរ។ ក្នុងខណៈដែលឧបករណ៍ផ្សេងទៀត កំពុងតែរវល់និងមមាញឹក ហើយក៏ពោរពេញទៅដោយភាពរញេរញៃនោះ ព្យាណូជាឧបករណ៍ដែលស្ងប់ស្ងាត់ សុភាពហើយ មានភាពនឹង ក្នុងចំនោមសភាពរញេរញៃទាំងនោះបាន។ គាត់ប្រាប់ថា ខ្ញុំមានចរិតដូចព្យាណូអញ្ចឹង ព្រោះទោះបីគ្រប់យ៉ាងនៅជុំវិញខ្ញុំកំពុងក្រឡកក្រឡេងប៉ុណ្ណាក៏ដោយ ក៏ខ្ញុំនៅតែរក្សាភាពស្ងប់សុខបាន ហើយថែមទាំងអាចផ្តល់នូវភាពសុខសាន្តដល់អ្នកដែលនៅជុំវិញបានផងដែរ។ ខ្ញុំនឹងព្យាយាមធ្វើឲ្យដូចសម្តីលោកគ្រូសរសើរទៅចុះ។

ថ្ងៃ ២៥ ខែ ធ្នូ គម្រប់ខួបអាយុ ១៥ឆ្នាំរបស់ខ្ញុំបានមកដល់។ ខ្លួនខ្ញុំកំពុងស្ថិតនៅលើគ្រែពូកសំលីដ៏ទន់ល្មើយ។ ក្លិនផ្កាក្រវ៉ាន់បានដិតជាប់នៅច្រមុះរបស់ខ្ញុំ។ ខ្ញុំបានប្រាប់ម្តាយខ្ញុំថា ខ្ញុំចូលចិត្តផ្កានេះណាស់ បានជាគាត់យកវាមកក្រាលលើពូករបស់ខ្ញុំ។ នៅក្បែរខ្ញុំគឺម្តាយរបស់ខ្ញុំ តា អុំប្រុសអុំស្រី និង នាងដែលជាទីស្រឡាញ់របស់ខ្ញុំ។ ខ្ញុំស្លៀកពាក់យ៉ាងស្អាត ដោយមានចិញ្ចៀនពណ៌ស្វាយដែលឪពុកខ្ញុំបន្សល់ឲ្យពាក់នៅនឹងម្រាមដៃរបស់ខ្ញុំ។ ខ្ញុំអាចលឺសម្លេងខ្យល់សមុទ្រ នឹងឃើញព្រះអាទិត្ររៀបអស្តង្គតនៅឯលិច។ ជីតារបស់ខ្ញុំញញឹមស្ងួតនៅមាត់បង្អួចក្បែរគ្រែរបស់ខ្ញុំ។ ម្តាយរបស់ខ្ញុំ ញញឹមទាំងទឹកភ្នែក។ គាត់ញញឹមដោយសារខ្ញុំនឹងបានរួចទុក្ខទោសពីជម្ងឺតពូជដ៏កំណាចមួយនេះ។ គាត់សើចដោយសារ ខ្ញុំបានរីករាយគ្រប់គ្រាន់នៅពេលវេលាចុងក្រោយនេះ។ យើងមិនចាំបាច់ទាល់តែមានអាយុវែងទើបអាចរីករាយបាននោះទេ។ មែនទេ?

ក្រោយមកទៀត ខ្ញុំបានឃើញខ្លួនខ្ញុំកំពុងអណ្តែតត្រសែតនៅលើផ្ទៃទឹកត្រជាក់ដ៏ថ្លាយង់ ក្រោមផ្ទៃមេឃពណ៌ខៀវខ្ចី នាពេលព្រលឹមស្រាងៗ។ ទឹកបឹងនេះហើយ ដែលទីសម្ងាត់ដែលខ្ញុំនឹងពុកធ្លាប់មកស្ទូចត្រីលេងកាលគាត់នៅរស់ ជាទីដែលគ្មានអ្នកណាដែលស្គាល់សោះឡើយ។ ខ្ញុំនឹងនៅទីនេះហើយ នៅជាមួយបទចម្រៀងនឹងធម្មជាតិរដូវផ្ការីកនៃឧទ្យានសម្ងាត់នេះ។ ដើមឈើធំមួយនៅប្រៀបមាត់បឹងនៅតែផ្តល់ម្លប់ដល់ដែលចង់បានភាពស្ងប់សុខដដែល។

រឿងដែលកំប្លែងនោះគឺ បទចំរៀងចុងក្រោយដែលខ្ញុំបានតែង ជាបទដែលខ្ញុំតែងឡើង គ្រាន់តែសម្រាប់ជាទីកម្សាន្តអារម្មណ៍ខ្លួនឯងផ្ទាល់ប៉ុណ្ណោះ បែរជាមានមនុស្សស្តាប់ ហើយនឹងច្រៀងតាម។ ម្ចាស់ទៅបាត់ហើយ តែអារម្មណ៍នឹងក្តីស្រឡាញ់របស់អ្នកនិពន្ធនឹងនៅដិតជាប់ជាមួយមនុស្សដែលបានឮវា។ ម៉េចក៏ទាល់តែខ្ញុំស្លាប់ទើបមានអ្នកចាប់អារម្មណ៍នឹងបទចំរៀងនេះទៅវិញ? ខ្ញុំធ្លាប់ឃើញមនុស្សជាច្រើននាក់ដែលបានស្លាប់ទៅ ហើយស្នាដៃ និងការចងចាំរបស់គេត្រូវបានមនុស្សយកមករំលឹក យកមកសរសើរ ដែលកាលដែលគេនៅរស់គ្មានអ្នកណាយកចិត្តទុកដាក់សូម្បី បន្តិចសោះ។ តើមានប្រយោជន៍អ្វីបើអ្នកនោះស្លាប់បាត់ទៅហើយនោះ? ការចងចាំទាំងនោះ នឹងរលាយបាត់ទៅយ៉ាងឆាប់ជាមួយអ្នកនោះ។ រីឯ Keyboard ដែលពុកខ្ញុំទិញក្នុងតម្លៃតែ ២០០ដុល្លារនោះ បែរជាមានគេចាប់អារម្មណ៍ទិញក្នុងតម្លៃ ៥០០ដុល្លា។ នេះជារឿងដែលកើតឡើងចំពោះមនុស្សដែលល្បី ក្រោយពីពួកគេលាចាកលោកនេះទៅ។

ខ្ញុំសង្ឃឹមថា ខ្ញុំអាចនឹងកើតទៅជាឥន្ធនូ ដែលមានពន្លឺដ៏ស្រស់ស្អាត។ បើខ្ញុំអាចក្លាយជាឥន្ធនូមែន ខ្ញុំនឹងបញ្ចេញពន្លឺទៅលើម្តាយជាទីស្រលាញ់របស់ខ្ញុំ។ ខ្ញុំសង្ឃឹមថាគាត់នឹងសប្បាយចិត្ត នៅពេលឃើញឥន្ធនូ។

មែនហើយ! ដល់ពេលដែលខ្ញុំត្រូវទៅហើយ លាហើយអ្នកម្តាយជាទីស្រឡាញ់របស់កូន កូនអាចទៅបានដោយក្តីសុខបានហើយ ព្រោះខ្ញុំបានសម្រេចគោលបំណងរបស់ខ្ញុំ ដែលព្យាយាមឲ្យអ្នកម្តាយយល់ថា ការស្លាប់របស់កូនមិនបានបន្សល់នូវការឈឺចាប់ ការស្តាយក្រោយនោះឡើយ។ លាហើយ នារីដែលខ្ញុំបានស្រឡាញ់! នេះហើយរឿងរ៉ាវនៃការស្លាប់របស់ខ្ញុំ។

ដោយ ឌីយ៉ា

ថ្ងៃ ០១ ខែមេសា ឆ្នាំ ២០១១

ម៉ោង ១១៖៣០នាទីយប់

Advertisements

19 Replies to “ដានស្នេហ៍ចុងក្រោយ”

    1. អរគុណ​ច្រើន​ដែល​បាន​សរសើរ​បង​កុក​ស! ប៉ុន្មែ​សំនេរ​ខ្ញុំ​នេះ អត់​មាន​សន្ទនា​ទេ ហើយ​សរសេរ​បែប​កាត់ៗ សង្ឃឹម​ថា​បង​មើល​យល់!

      Like

    1. បាទ! អរគុណពូដែលបានឆ្លៀតពេលចូលអានអត្ថបទរបស់ក្មួយ។ 🙂

      Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s