វិន័យការងារ​របស់​អ្នក​រាជ​ការ

ប្រការ៥០៖

អ្នករាជការគ្រប់រូបត្រូវ៖

-គោរពអនុវត្តតាមច្បាប់ បទបញ្ជាផ្ទៃក្នុង ការណែនាំ និងការចាត់ចែងរបស់ថ្នាក់ដឹកនាំរបស់ខ្លួន

-អនុវត្តការងារស្របតាមការពិពណ៌នា តួនាទីភារកិច្ចក្នុងមុខតំណែងរបស់ខ្លួន

-ទទួលខុសត្រូវអំពីកិច្ចការ អំពើរបស់ខ្លួនដែលធ្វើអោយប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងកិតិ្តយស

របស់ស្ថាប័ន។

ប្រការ៥១៖

អ្នករាជការទាំងឡាយណា ដែលរំលោភច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការនៃក្រុមនីតិប្បញ្ញត្តិ និង​បទបញ្ជាផ្ទៃក្នុង ត្រូវទទួលទណ្ឌកម្មខាងវិន័យ។ ក្រុមប្រឹក្សាវិន័យ ត្រូវបង្កើតឡើងស្របតាមមាត្រា៥៦ នៃច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការនៃក្រុមនីតិប្បញ្ញត្តិ។

ប្រការ៥២៖

មិនត្រូវបានពិនិត្យអោយឡើងថ្នាក់ឡើយ ទោះបីជាមានឈ្មោះក្នុងបញ្ជីតម្លើងថ្នាក់ហើយក្តី ចំពោះ៖

-អ្នករាជការណាដែលឈប់ឥតច្បាប់អនុញ្ញាតចំនួន ១០ពេល ក្នុងមួយឆ្នាំ

-អ្នករាជការណាដែលឈប់ចាប់ពី ៦០ពេលឡើងទៅ ក្នុងមួយឆ្នាំ គិតទាំងការឈប់មានច្បាប់ និងគ្មានច្បាប់អនុញ្ញាត។

ការឈប់នេះ មិនរាប់បញ្ចូលការឈប់ប្រចាំឆ្នាំ លំហែមាតុភាព និងឈប់សម្រាកថ្ងៃបុណ្យ ដែលកំណត់ដោយរដ្ឋាភិបាលទេ។

ប្រការ៥៣៖

អ្នករាជការដែលឈប់ឥតច្បាប់ចំនួន ១៥ថ្ងៃជាប់គ្នា គិតតែថ្ងៃធ្វើការ នឹងត្រូវបញ្ឈប់ពីការងារ លើកលែងតែអ្នករាជការនោះបានបង្ហាញពីមូលហេតុត្រឹមត្រូវ ដែលអាចជឿទុកចិត្តបានពីក្រុមប្រឹក្សា-វិន័យ។

ប្រការ៥៤៖

អ្នករាជការដែលមកដល់ការិយាល័យក្រោយម៉ោងរដ្ឋបាលកំណត់ ឬចេញពីការិយាល័យមុន ម៉ោងរដ្ឋបាលកំណត់ ត្រូវរាប់ថាមកយឺត ឬចេញមុនម៉ោង។

ប្រធានការិយាល័យ ត្រូវតាមដាន កត់សំគាល់ និងទទួលខុសត្រូវអំពីករណីនេះចំពោះថ្នាក់-ដឹកនាំ និងអ្នកក្រោមឱវាទទាំងអស់។

ប្រការ៥៥៖

អ្នករាជការដែលមកយឺតចំនួន ៣ដង ឬចេញមុនម៉ោងធ្វើការចំនួន ៣ដង ដោយពុំមានដំណឹង ក្នុងមួយខែ ឬឈប់ឥតច្បាប់ចំនួន ១ពេល ត្រូវទទួលការអប់រំតាមឋានានុក្រមជាលើកទី១។

បើសិនជាអ្នករាជការនោះនៅតែប្រព្រឹត្តខុសដដែលៗទៀត នឹងត្រូវទទួលអប់រំតាមឋានានុក្រម ជាលើកទី២ ដោយអោយសាមីខ្លួនធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរថាឈប់ធ្វើខុសទៀតហើយ។ កំណត់ហេតុនៃការអប់រំ និងកិច្ចសន្យានេះ ត្រូវបញ្ជូនទៅនាយកដ្ឋានធនធានមនុស្ស។

ប្រការ៥៦៖

ក្រោយពីអប់រំ ២ដងហើយ បើអ្នករាជការនោះនៅតែមិនរាងចាលទៀត ត្រូវបញ្ជូនករណីនេះ ទៅលើតាមឋានានុក្រម ដើម្បីអប់រំឡើងវិញ មុននឹងបញ្ជូនទៅថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន។

ប្រការ៥៧៖

          អគ្គលេខាធិការ អាចបញ្ជូនសំណុំរឿងនេះទៅក្រុមប្រឹក្សាវិន័យ ដើម្បីពិនិត្យ និងផ្តល់យោបល់។

ប្រការ៥៨៖

ពេលចេញ-ចូល និងពេលបំពេញការងារប្រចាំថ្ងៃ អ្នករាជការទាំងអស់ត្រូវស្លៀកពាក់សមរម្យ និងត្រូវពាក់ប័ណ្ណសំគាល់ខ្លួនជានិច្ច ហើយត្រូវគោរពតាមបទបញ្ជាផ្ទៃក្នុងជាធរមាន។

ប្រការ៥៩៖

ក្នុងម៉ោងធ្វើការ អ្នករាជការទាំងអស់មិនត្រូវដើររហេតរហូត និយាយឡូឡា ឬធ្វើអ្វីដែលនាំ អោយរំខាន ឬប៉ះពាល់ដល់ការងារអ្នកដទៃឡើយ។ បើមានការចាំបាច់ត្រូវចេញពីកន្លែងធ្វើការ អ្នក-រាជការត្រូវផ្តល់ព័ត៌មាន ឬមានការអនុញ្ញាតពីអ្នកគ្រប់គ្រង។

ប្រការ៦០៖

ករណីមានការចាំបាច់ត្រូវបំពេញការងារក្រៅម៉ោងរដ្ឋបាល ឬនៅថ្ងៃឈប់សម្រាក អ្នករាជការ ត្រូវមានលិខិតបង្គាប់ការ។

ក្នុងករណីគ្មានលិខិតបង្គាប់ការ អ្នករាជការដែលមានការចាំបាច់បន្ទាន់ត្រូវចូលមកធ្វើការក្នុង បរិវេណព្រឹទ្ធសភា ត្រូវបង្ហាញលិខិតសំគាល់ខ្លួនអោយអ្នកយាម ហើយត្រូវកត់ឈ្មោះពេលម៉ោងចូល-ចេញ និងការងារដែលត្រូវបំពេញ ព្រមទាំងចុះហត្ថលេខាទទួលខុសត្រូវពេលចេញទៅវិញ។

ប្រការ៦១៖

ត្រូវហាមជាដាច់ខាតដល់អ្នករាជការនូវប្រការដូចខាងក្រោម ៖

១- យកម៉ោងរដ្ឋបាល ឬសម្ភារ ទ្រព្យសម្បត្តិរបស់រដ្ឋ ទៅប្រកបរបរផ្ទាល់ខ្លួនផ្សេងៗ

២- យកឥទ្ធិពល និងអំណាចនៅក្នុងមុខងាររបស់ខ្លួនទៅប្រើ ដើម្បីទាញយកផលប្រយោជន៍

អ្វីមួយ ឬដើម្បីសំឡុតគំរាមកំហែងបំពានសិទ្ធិរបស់អ្នកដទៃ

៣- ប្រកបមុខរបរណាដែលនាំអោយប៉ះពាល់ដល់កិតិ្តយស និងសេចក្តីថ្លៃថ្នូរបស់អ្នករាជការ

៤- លបលួចមើល ឬរើកកាយឯកសារ ឬទៅឈរមើលអ្នកវាយកុំព្យូទ័រ ឬប្រើប្រាស់សម្ភារក្នុង

ការិយាល័យអ្នកដទៃ

៥- ចូលក្នុងកន្លែងភេសជ្ជៈ ឬកន្លែងរៀបចំអាហារ

៦- លេងល្បែងស៊ីសងក្នុងអង្គភាព និងបរិវេណស្ថាប័ន ល្បែង​(Game) និងរឿងអាសអាភាស

នៅក្នុងកុំព្យូទ័រ

៧-សេពសុរា គ្រឿងញៀន គ្រឿងស្រវឹង ឈ្លោះប្រកែក ឬវាយតប់គ្នាក្នុងអង្គភាព និងបរិវេណ ស្ថាប័ន

៨- និយាយបំផ្លើសព័ត៌មានខុសពីការពិត ដែលនាំអោយប៉ះពាល់កិតិ្តយសរបស់បុគ្គល ឬ ស្ថាប័ន

៩- ប្រើទូរស័ព្ទលើតុនៅកន្លែងធ្វើការដោយគ្មានការអនុញ្ញាតចំពោះការងារក្រៅផ្លូវការ

១០- ប្រើប្រាស់ប្រព័ន្ធការងាររបស់ស្ថាប័ន ដើម្បីផ្សព្វផ្សាយព័ត៌មាន ដែលបង្កអោយមានការ ប្រេះឆា និងផ្សព្វផ្សាយរូបភាពមិនគប្បី ឬអាសអាភាសនៅក្នុងអង្គភាព និងស្ថាប័ន

១១- ផ្សព្វផ្សាយរាល់ខ្លឹមសារឯកសារនានា ឬធ្វើអោយធ្លាយព័ត៌មានរបស់ស្ថាប័នចេញទៅ ក្រៅ ដោយគ្មានការអនុញ្ញាតពីប្រធានអង្គភាព។

១២- ប្រកបមុខរបរបន្ថែមត្រួតលើមុខងារខ្លួនជាអ្នករាជការ ក្នុងករណីច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តី-រាជការនៃក្រុមនីតិប្បញ្ញត្តិ មិនអនុញ្ញាត។

១៣- បើកបរខុសទិសចរាចរ ហួសល្បឿនកំណត់ (១០គ.ម/ម៉ោង) ប្រើស៊ីផ្លេ និងចតយាន ជំនិះ ឥតសណ្តាប់ធ្នាប់ខុសកន្លែងកំណត់

១៤- ប្រព្រឹត្តអំពើមិនគប្បីដទៃទៀត រួមទាំងការបំពានខាងផ្លូវភេទនៅទីកន្លែងធ្វើការ។

អំពើបំពានលើបទប្បញ្ញត្តិនៃប្រការនេះ អាចបណ្តាលអោយអ្នករាជការទទួលទណ្ឌកម្មខាង​វិន័យណាមួយដែលមានចែងក្នុងប្រការ៦២ និង៦៣ នៃបទបញ្ជាផ្ទៃក្នុងនេះ ដោយមិនទាន់គិតដល់ ការចោទប្រកាន់ជាបទអាជ្ញា ដែលអាចកើតមានឡើងទៀតផង។

ប្រការ៦២៖

ទណ្ឌកម្មខាងវិន័យមានដូចតទៅ ៖

១-ទណ្ឌកម្មថ្នាក់ទី១

ក- ស្តីបន្ទោស

ខ- ស្តីបន្ទោសដោយមានចុះចំណាំក្នុងសំណុំលិខិតផ្ទាល់ខ្លួន

គ- ផ្លាស់ដោយបង្ខំតាមវិធានការខាងវិន័យ។

២-ទណ្ឌកម្មថ្នាក់ទី២

ក- លុបឈ្មោះចេញពីបញ្ជីតម្លើងថ្នាក់ បើសិនជាមានចុះឈ្មោះហើយ ឬមិនតម្លើងថ្នាក់

ក្នុងថេរវេលាមួយមានកំណត់លើសពី ២ឆ្នាំ

ខ- ដាក់អោយនៅទំនេរគ្មានបៀវត្សមិនអោយលើសពី ១ឆ្នាំ

គ- បន្ថយឋានន្តរសក្តិ ឬថ្នាក់ ១ថ្នាក់ ឬច្រើនថ្នាក់

ឃ- ដាក់អោយចូលនិវត្តន៍មុនកំណត់ ឬបញ្ឈប់ពីការងារដោយបង្ខំ

ង- បណ្តេញចេញពីមុខតំណែងអ្នករាជការ។

ប្រការ៦៣៖

នីតិវិធីនៃការអនុវត្តន៍ទណ្ឌកម្មខាងវិន័យនេះ ត្រូវគោរពអនុវត្តតាមមាត្រា៤៨ ដល់មាត្រា៦១ នៃច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការនៃក្រុមនីតិប្បញ្ញត្តិ។

ប្រភពអត្ថបទ៖ ចុចទីនេះ

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s