ទិន្នន័យ (ត)

៣.១ ដើម្បីយល់ដឹងបានច្រើនអំពីបញ្ហា

ទិន្នន័យអាចប្រើប្រាស់ដើម្បីស្វែងរកអ្វីដែលកើតឡើងញឹកញាប់ឬកើតឡើងជាប្រចាំ នៅក្នុងចង្កោមនៃ ព្រឹត្តិការណ៍ឬស្ថានភាពទាំងឡាយ ព្រមទាំងអាចកំណត់បញ្ហាដែលកើតមាននៅពេលណា ដូចជាក្នុងឧទាហរណ៍របស់ យើងខាងលើអំពីប្រភេទផ្សេងៗរបស់ផ្ទះ ដែលប្រជាជនរស់នៅក្នុងផ្ទះទាំងនោះ យើងបានដឹងថា មាន១០០០គ្រួសារ ដែលក្នុងនោះមានគ្រួសារមួយចំនួនមានផ្ទះជ្រកកោន ប៉ុន្តែទិន្នន័យនោះបង្ហាញថា មាន១០០គ្រួសារទៀត គ្មានផ្ទះ ជ្រកកោន និងត្រូវការជំនួយ។ យើងក៏បានយល់ដឹងផងដែរថា ប្រជាជនខ្លះ មានផ្ទះល្អជាងអ្នកខ្លះទៀត ហើយផ្ទះខ្លះថ្មី ផ្ទះខ្លះទៀតចាស់។

៣.២ ដើម្បីយល់អំពីហេតុផលនៃបញ្ហាដែលអាចមាន

ហេតុការណ៍និងតួលេខជាក់លាក់នានា អាចជួយផ្តល់នូវការយល់ដឹងកាន់តែល្អប្រសើរ អំពីស្ថានភាព ឬ ចង្កោម នៃព្រឹត្តិការណ៍ណាមួយដែលបានលើកមកសិក្សា។ ហេតុការណ៍និងតួលេខទាំងនោះ អាចជួយយើងឱ្យអាចតាមដាន រកឃើញមូលហេតុ ឬកត្តាអ្វីខ្លះ ដែលមានឥទ្ធិពលទៅលើបញ្ហាទាំងនេះ។ កិច្ចការទាំងនេះមានសារៈសំខាន់ណាស់ ពីព្រោះថាជារឿយៗ បញ្ហាកើតឡើងតែងតែបណ្តាលមកពីមូលហេតុជាច្រើន ហើយប្រសិនបើយើងចង់ធ្វើអ្វីមួយ ដើម្បីដោះស្រាយ យើងត្រូវតែដឹងនិងយល់បានច្បាស់អំពីមូលហេតុទាំងនោះ។

ឧទាហរណ៍

មានភូមិមួយកំពុងជួបបញ្ហាមរណៈភាពកុមារមានអាត្រាខ្ពស់។ ការត្រួតពិនិត្យមើលទិន្នន័យ ប្រហែលជា អាចជួយ កំណត់មូលហេតុនៃបញ្ហានេះបាន។

សំណួរទី១ៈ តើហេតុអ្វីបានជាកុមារទាំងនោះស្លាប់ ហើយពួកគេជានរណា?

ទិន្នន័យស្តីពីការស្លាប់របស់កុមារ ដូចជាចំនួនស្លាប់? ពួកគេជានរណា? ពួកគេមកពីណា? ភេទអ្វី? រោគសញ្ញា អ្វី? ស្លាប់នៅពេលណា? (នៅរដូវកាលណាមួយនៃឆ្នាំ) ទទួលការព្យាបាលនៅទីណា? (មណ្ឌលសុខភាពឬនៅផ្ទះ) មូលហេតុនៃការស្លាប់ (ប្រសិនបើបានកំណត់រួចហើយ) …ជាដើម និងអាចជួយឱ្យយើងកំណត់អំពីការស្លាប់របស់កុមារ ក្នុងក្រុម អាយុ០-៥ឆ្នាំ។

ឧ.ទិន្និន័យនៃកុមារ៥០នាក់ បានស្លាប់កាលពីឆ្នាំកន្លងទៅ មានដូចជាៈ

– ៥នាក់ មានអាយុតិចជាង១ឆ្នាំ

– ២០នាក់ មានអាយុចន្លោះ១-២ឆ្នាំ

– ១៥នាក់ មានអាយុចន្លោះ២-៣ឆ្នាំ

– ៥នាក់ មានអាយុចន្លោះ៣-៤ឆ្នាំ

– ៥នាក់ មានអាយុចន្លោះ៤-៥ឆ្នាំ

កុមារពាក់កណ្តាលជាភេទស្រី ពាក់កណ្តាលទៀត ជាភេទប្រុស។

ពាក់កណ្តាលនៃកុមារក្នុងក្រុមអាយុនេះ បានព្យាបាលនៅមណ្ឌលសុខភាព និងពាក់កណ្តាលទៀតព្យាបាលនៅផ្ទះ។

កុមារ៥០នាក់នោះ រស់នៅក្នុងផ្នែកមួយនៃភូមិ។

កុមារពាក់កណ្តាល បានទទួលវ៉ាក់សាំង ហើយពាក់កណ្តាលទៀត មិនបានទទួលវ៉ាក់សាំង។

កុមារ ៣៥នាក់ ស្គមណាស់ ហើយជ្រុះសក់នៅមុនពេលស្លាប់ ភាគច្រើននៃកុមារទាំងនោះ ស្ថិតក្នុងចន្លោះ អាយុពី ១ឆ្នាំ-៣ឆ្នាំ។

កុមារ ៣០នាក់ ស្លាប់នៅរដូវប្រាំង។

ព័ត៌មាន ស្តីពីភូមិនេះៈ

គ្រួសារ ចំនួន១៥០ នៅក្នុងភូមិនេះ រស់នៅក្រោមបន្ទាត់ភាពក្រីក្រ។

ភូមិនេះស្ថិតនៅដាច់ស្រយាល។

មានគ្រួសារសរុបចំនួន៥០០ រស់នៅក្នុងភូមិនេះ ហើយដាំដំណាំកសិកម្ម ដើម្បីទ្រទ្រង់ជីវភាព។

– ២០០គ្រួសារ ផលិតស្បៀងលើសដើម្បីលក់នៅទីផ្សារនៅភូមិក្បែរនោះ និងមានចំណូលប្រចាំខែ៦០ដុល្លារ។

– ១០០គ្រួសារ ផលិតស្បៀងបានត្រឹមតែហូបក្នុងគ្រួសារ និងមានចំណូលប្រចាំខែ៤០ដុល្លារ។

– ២០០គ្រួសារ ជួបប្រទះបញ្ហាស្បៀងផ្គត់ផ្គង់ក្នុងគ្រួសារ និងមានចំណូលប្រចាំខែ២០ដុល្លារ។

មានផ្លូវតែមួយប៉ុណ្ណោះកាត់កណ្តាលភូមិនេះ ហើយជាញឹកញយក្នុង១ឆ្នាំៗផ្លូវនេះត្រូវបានកាត់ផ្តាច់ដោយសារភ្លៀង ខ្លាំង។

មានស្ទឹងមួយហូរកាត់ផ្នែកម្ខាងនៃភូមិ។

មានអណ្តូងទឹក៦ នៅក្នុងភូមិ ប៉ុន្តែមានអណ្តូងពីរ មានជាតិពុលអាសេនិច។

មានគ្រួសារ ចំនួន៣០០ ដែលរស់នៅឆ្ងាយ១០០ម៉ែត្រ ពីប្រភពទឹកដែលអាចហូបនិងប្រើប្រាស់បាន។

គោ សរុបមានចំនួន៥០ក្បាល។

មានមណ្ឌលសុខភាពចំនួន២ វេជ្ជបណ្ឌិត ២នាក់ គិលានុបថយិការ ២នាក់ ឆ្មបពេទ្យ ២នាក់។

ការពិនិត្យទិន្នន័យដែលបានផ្តល់ អាចជួយឱ្យកំណត់មូលហេតុដែលបណ្តាលឱ្យកុមារជាច្រើននាក់ស្លាប់។ ការស្លាប់នេះ ហាក់ដូចជាមិនចំពោះភេទណាមួយឡើយ ហើយក៏មិនទាក់ទងចំពោះការបញ្ជូនឬមិនបញ្ជូនមកមណ្ឌលសុខភាពឡើយ (តែទោះជាយ៉ាងណា យើងក៏គ្មានយោបល់ថាមណ្ឌលសុខភាពនោះយ៉ាងដូចម្តេចឡើយ ហើយមានទិដ្ឋភាពអ្វីខ្លះទៀត ដែលត្រូវស្វែងយល់បន្ថែម)។ ភាគច្រើនកុមារស្លាប់ក្នុងចន្លោះអាយុ១-៣ឆ្នាំ។ ភាគច្រើននៃកុមារដែលស្លាប់ គឺមកពី ផ្នែកដែលក្រីក្របំផុតរបស់ភូមិ ហើយមាន៣៥នាក់ ដែលមើលទៅហាក់ដូចជាជួបប្រទះបញ្ហាធ្ងន់ធ្ងរ បណ្តាលមកពី កង្វះអាហារូបត្ថម្ភអ្វីមួយ។ វាហាក់ដូចជាបង្ហាញច្បាស់ថា មូលហេតុដែលនាំឱ្យកុមារស្លាប់ គឺកង្វះអាហារូបត្ថម្ភ។ ប្រការសំខាន់ពេលនេះ គឺការប្រើប្រាស់ទិន្នន័យ ដើម្បីពិនិត្យមើលកាន់តែស៊ីជម្រៅ តើអ្វីដែលជាមូលហេតុបណ្តាលឱ្យ មានកង្វះអាហារូបត្ថម្ភ។

សំណួរទី២ៈ ហេតុអ្វីបានជាមានកុមារជាច្រើន រងគ្រោះថ្នាក់ពីកង្វះអាហារូបត្ថម្ភ?

ភាគច្រើននៃកុមារទាំងនោះ ស្ថិតក្នុងគ្រួសារដែលជួបការលំបាកផ្នែកដាំដុះ ដោយពុំអាចផ្គត់ផ្គង់គ្រួសារខ្លួនឯងបាន គ្រប់គ្រាន់ ហើយគ្រួសារនោះមានចំណូលទាបខ្លាំងពេក ដែលពុំអាចមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ទិញស្បៀង បន្ថែមបាន។

សំណួរទី៣ៈ ហេតុអ្វី២០០គ្រួសារនោះ ជួបការលំបាកក្នុងការដាំដុះឱ្យបានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់គ្រួសារខ្លួនបាន?

សំណួរនេះ ប្រហែលជាត្រូវការពិនិត្យទិន្នន័យកាន់តែស៊ីជម្រៅ ដូចជាតើទំហំគ្រួសារក្នុងភូមិនេះធំឬតូច (សមាជិក គ្រួសារច្រើនឬតិច) តើប្រភេទដំណាំអ្វីដែលពួកគាត់ដាំដុះ បើប្រៀបធៀបគ្រួសារផ្សេងទៀត តើពួកគាត់មានលទ្ធភាព ទទួលបានទឹកស្រោចស្រពប៉ុន្មានដែរ តើគាត់ដាំដុះលើដីដូចម្តេច តើជាប្រភេទដីបែបណា តើគាត់ប្រើបច្ចេកទេស ដាំដុះអ្វីខ្លះ? តើគាត់ មានលទ្ធភាពរកបានប្រភពធនធានធម្មជាតិអ្វីផ្សេងទៀត? តើគាត់ដឹកជញ្ជូនដូចម្តេច? តើគាត់ មានមុខរបរផ្សេងទៀត ដែរឬទេ?

នៅក្នុងឧទាហរណ៍នេះ មិនមានបញ្ចូលទិន្នន័យចាំបាច់ទាំងអស់ឡើយ។ ក្នុងករណីនេះ គ្រួសារទាំងអស់មានទំហំប្រហាក់ ប្រហែលគ្នា គឺ ៥នាក់/គ្រួសារ។ ការពិនិត្យទិន្នន័យបន្តទៀត បង្ហាញថា ២០០គ្រួសារដែលជួបប្រទះបញ្ហា ក៏ពុំមាន លទ្ធភាពរកបានទឹកស្អាតសម្រាប់បរិភោគ ទឹកប្រើប្រាស់ ហើយផ្លូវនៅតំបន់នោះ ភាគច្រើនមានស្ថានភាពមិនល្អ ពិបាក ធ្វើដំណើរ ហើយពួកគាត់ខ្វះថវិកា និងមិនមានលទ្ធភាពដឹកជញ្ជូនផលដំណាំដែលពួកគាត់ត្រូវការយកទៅកាន់ទីផ្សារ។ គួបផ្សំនឹងកត្តាធម្មជាតិ ដែលពួកគាត់រស់នៅនិងដាំដំណាំនៅលើប្រភេទដីដែលទទួលរងនូវទឹកជំនន់ បំផ្លាញផលដំណាំ ជារឿយៗ។ ទាំងនេះ គឺជាបញ្ហាដែលបង្កការលំបាកចំពោះពួកគាត់ក្នុងការដាំដំណាំ ឱ្យបានស្បៀងគ្រប់គ្រាន់សម្រាប់ ចិញ្ចឹមគ្រួសារគាត់ផ្ទាល់។

សូមកត់សំគាល់ថា ប្រការសំខាន់បំផុត គឺត្រូវពិនិត្យមើលស្ថានភាពពីគ្រប់ជ្រុងនៃបញ្ហា ពីការសិក្សាផ្សេងៗ និងពីប្រភពនិងប្រភេទនៃទិន្នន័យទាំងឡាយ ដើម្បីយល់ឱ្យបានច្បាស់អំពីបញ្ហានិងមូលហេតុរបស់វា។

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s