ពិធី​តម​អាហារ (បួស​ពេល​ថ្ងៃ) នៃ​សាសនា​អ៊ីស្លាម

ការ​តម​អាហារ ឬ​ហៅ​ថា បួស ពេល​ថ្ងៃ តាម​ជំនឿ​សាសនា​អ៊ីស្លាម សម្រាប់​រយៈ​ពេល ៣០ ថ្ងៃ បាន​ផ្ដើម​នៅ​ថ្ងៃ​ចន្ទ​ទី​១ សីហា។

តើ​ការ​សាង​ផ្នួស​ក្នុង​សាសនា​អ៊ីស្លាម មាន​ន័យ​ដូច​ម្តេច​ខ្លះ ហើយ​គេ​បដិបត្តិ​របៀប​ណា?

សាសនិក​អ៊ីស្លាម ឬ​ហៅ​ថា មូស្លីម បួស​ពេញ​មួយ​ខែ ៣០ ថ្ងៃ ព្រោះ​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់​ព្រះ​អាទិទេព ជា​ម្ចាស់​ជីវិត​សត្វ​លោក​គ្រប់​ភព​គ្រប់​ឋាន ហៅ​ថា អល់ឡោះ ដែល​ប្រែ​ថា អាទិទេព​កំពូល​លើ​ទេវ​ទាំងឡាយ។

អ្នក​កាន់​សាសនា​អ៊ីស្លាម​ទាំង​អស់​ចាត់​ទុក​ធម៌អាថ៌ ចែង​ក្នុង​ព្រះ​គម្ពីរ អាល់កួរ៍អាន (Al-Qur’an) ជា​ជំពូក ជា​វគ្គ ជា​ខណ្ឌ និង​ជា​កថាភាគ គឺ​ជា​បទ​បញ្ជា​ផ្ទាល់​ពី​ព្រះ​អាទិទេព ដែល​បញ្ជូន​ចុះ​មក​បង្ហាញ​ដល់​បរម​គ្រូ មូហាំម៉ាត់ ក្នុង​ខែ​រ៉ម៉ាឌន​នេះ។

ពុទ្ធ​សាសន​បណ្ឌិត ចាត់​ទុក សិក្ខាបទ ជា​បទ​បញ្ញត្តិ ឬ​ក្រឹត្យ​ក្រម​វិន័យ ចេញ​ពី​ពុទ្ធោវាទ នៃ​ព្រះ​សព្វញ្ញុពុទ្ធ ព្រះ​សម្មាសម្ពុទ្ធ។

តំណម​ចំណី​អាហារ ឬ​ចូល​សាង​ផ្នួស​ក្នុង​ខែ​រ៉ម៉ាឌន គឺ​ជា​គោល​គ្រឹះ​ទី​៤ នៃ​ជំនឿ​អ៊ីស្លាម ក្នុង​គោល​គ្រឹះ​ទាំង ៥ ដែល​មូស្លីម​មាន​កាតព្វកិច្ច ភ្ជាប់​លក្ខខណ្ឌ​នេះ​នឹង​ខ្លួន​ជា​ដាច់ខាត ដើម្បី​ប្រកាន់​ជាប់​នឹង​ខ្លួន​ឲ្យ​បាន​ខ្ជាប់​ខ្ជួន ឥត​ធ្វេស​ប្រហែស​ព្រងើយ​កន្តើយ​បាន​ឡើយ។

សាសនិក​អ៊ីស្លាម​សឹង​តែ​ទូទៅ​ទន្ទិញ​ចាំ​មាត់​នូវ​កថា​បទ ១៨៤ ជំពូក​ទី​២ ឈ្មោះ​ថា អាល់ បាការ៉ោះ (Al-Baqarah) ដែល​មាន​ន័យ​ខ្លឹមសារ​ថា ៖ (សំឡេង​ធម៌) «ឱ! ពពួក​អ្នក​ជឿ​ព្រះ​តំណម​ត្រូវ​កំណត់​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ក្នុង​ពេល​នេះ ដូច​ដែល​បាន​កំណត់​ដល់​ជន​ទាំង​ឡាយ​ក្នុង​សម័យ​កាល​មុនៗ ដែរ ដើម្បី​ឲ្យ​អ្នក​ទាំង​អស់​គ្នា ក្លាយ​ជា​មនុស្ស​ល្អ​បរិសុទ្ធ​ត្រឹមត្រូវ»។

ក្រៅ​ពី​ប្រតិបត្តិ​តាម​បញ្ជា​របស់​ព្រះ​អាទិទេព​ជា​ម្ចាស់ ឬ​ព្រះ​អល់ឡោះ មិន​ទទួលទាន​ចំណី​អាហារ ទឹក មិន​ប៉ះពាល់​ផ្លូវ​ភេទ​ជា​មួយ​ភរិយា ឬ​ស្វាមី​របស់​ខ្លួន ចាប់​ពី​ពេល​ថ្ងៃ​រះ រហូត​ដល់​ថ្ងៃ​លិច​នោះ អ៊ីស្លាមិកជន តាំង​ខ្លួន​ក្នុង​បួស​ជា​មនុស្ស​មាន​អំណត់​អត់ធន់​ខន្តី​អនុគ្រោះ អធ្យាស្រ័យ​មិន​ប្រកាន់​គ្នា មិន​ឆេវឆាវ​ក្រេវក្រោធ មិន​និយាយ​លែបខាយ​ពាក្យ​សម្ដី មិន​ប្រើ​ខ្សែ​ភ្នែក​មើល​ស្រីៗ ឬ​ប្រុសៗ មិន​និយាយ​ដើម​គេ​ជា​ដើម។ល។

ក្នុង​ពេល​យប់ គេ​អាច​ទទួលទាន​បាន​ពេញ​មួយ​យប់ ប៉ុន្តែ អ្នក​កាន់​ជំនឿ​នេះ​ភាគ​ច្រើន​ស្វែង​ព្យាយាម​ថ្វាយ​បង្គំ​ទៅ​ព្រះ​ជា​ម្ចាស់​នៅ​តាម​ព្រះវិហារ ហើយ​និង​ដើរ​សួរ​សុខ​ទុក្ខ​បង​ប្អូន​សាច់​ញាតិ​តាម​ភូមិ​ស្រុក​ទៅ​វិញ​ទៅ​មក ដែល​តាម​ប្រពៃណី អ្នក​កាន់​សាសនា​អ៊ីស្លាម ធ្វើ​ម្ហូប​នំ​ចំណី ចែកចាយ​គ្នា​ទៅ​វិញ​ទៅ​មក។

គេ​ប្រឹង​ថ្វាយ​បង្គំ​ឲ្យ​បាន​ច្រើន នៅ​ពេល​យប់​ហៅ​ថា តារ៉ាវេះ (taraveeh) ដើម្បី​បួងសួង​សុំ​ទៅ​ព្រះ​អាទិទេព​ជា​ម្ចាស់ ឲ្យ​ប្រោស​ប្រទាន​ទោស​កំហុស​ទាំង​ឡាយ ដែល​មនុស្ស​លោក​បាន​ប្រព្រឹត្ត​ពេល​កន្លង​មក ពេល​បច្ចុប្បន្ន និង​ពេល​អនាគត ដោយ​ចេតនា​ដឹង​ខ្លួន​ក្ដី ដោយ​អចេតនា​មិន​ដឹង​ខ្លួន​ក្ដី ព្រោះថា តាម​ជំនឿ​ព្រះ​អាទិទេព បាន​ចំហ​ឋាន​សួគ៌​ទាំង ៧ ជាន់ ទទួល​យក​សេចក្ដី​ប្រណម​បួងសួង​សុំ​ពី​មនុស្ស​សត្វ​លោក​ទាំង​អស់​ទៅ​ព្រះ​អង្គ ហើយ​ភ្លើង​ឋាននរក​ទាំង​ប៉ុន្មាន​ជាន់ ក៏​រលត់​ដែរ ក្នុង​ខែ​បួស​នេះ។

ក្នុង​ខែ​បួស មូស្លីម រំពឹង​រង់ចាំ​ថ្វាយ​បង្គំ​ក្នុង​យប់​មួយ ដែល​ជា​យប់​ដ៏​វិសេសវិសាល​បំផុត ស្មើ​នឹង​ថ្វាយបង្គំ​ជាង ៨០ ឆ្នាំ ហៅ​ថា ឡៃឡាទឹលក៏ទៀរ៍ (Lailat-ul-Qadr) ដែល​មាន​ន័យ​ថា យប់​មហិទ្ធិឫទ្ធិ ព្រោះថា ក្នុង​កថា​បទ ១៨៧ ជំពូក​ទី​២ នៃ​ព្រះ​គម្ពីរ អាល់កួរ៍អាន (Al-Qur’an) ព្រះ​អាទិទេព​រំឭក​ថា ៖ (សំឡេង​ធម៌) «យើង​ឆ្លើយ​តប​ចំពោះ​ការ​ថ្វាយបង្គំ​សុំ​ពី​អ្នក ដែល​ក្រាប​ថ្វាយបង្គំ​មក​កាន់​យើង។ ដូច្នេះ គេ​គប្បី​ស្ដាប់​យើង​ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​ជឿ​ជាក់​លើ​យើង ដើម្បី​ឲ្យ​គេ​ដើរ​តាម​ផ្លូវ​ត្រូវ»។

ក្នុង​ខែ រ៉ម៉ាឌន នេះ សាសនិក​អ៊ីស្លាម ព្យាយាម​ធ្វើ​តម្រាប់​តាម​ព្រះ​បរម​គ្រូ ព្យាការី មូហាំម៉ាត់ ដោយ​បរិច្ចាគ​ទាន​ឲ្យ​បាន​ច្រើន​បំផុត ហៅ​ថា សាដាកោះ (sadaqah) បើ​មាន​លទ្ធភាព​អាច​ធ្វើ​ទៅ​បាន ព្រោះ​តាម​ជំនឿ​ទាន​តូច​មួយ​ថា ទោះ​ជា​ក្នុង​ទ្រង់ទ្រាយ​ជា​លុយ​កាក់​ក្ដី ជា​ស្បៀង​អាហារ​ក្ដី ដែល​បរិច្ចាគ​ដល់​ជន​ទី​ទាល់​ក្រ ក្មេង​កំព្រា ឬ​អ្នក​ដំណើរ​ឆ្ងាយ នឹង​បាន​បុណ្យ​បាន​រង្វាន់​គុណ​នឹង ៧០ ដង ឬ ៧០០ ដង ទៅ​ជាតិ​ក្រោយ។

បន្ទាប់​មក មនុស្ស​លោក​ដែល​រក​បាន​ចំណូល ត្រូវ​បង់​ពន្ធ​សាសនា ហៅ​ថា ហ្សាកាត់ (zakat) តាម​ការ​កំណត់ បើ​មិន​ដូច្នេះ​ទេ ព្រះ​អាទិទេព ចាត់​ទុក​ទ្រព្យ​សម្បត្តិ​ទាំង​អស់​នោះ ជា​ទ្រព្យ​ចង្រៃ ពោរពេញ​ដោយ​បាបកម្ម៕

អត្ថបទពី៖ Radio Free Asia

Advertisements

One Reply to “ពិធី​តម​អាហារ (បួស​ពេល​ថ្ងៃ) នៃ​សាសនា​អ៊ីស្លាម”

  1. អរគុណណាស់ឌីយ៉ា​ដែលលើកយកអត្ថបទនេះមកផ្សាយ នេះជាលើកទីមួយហើយសម្រាប់បងដែលអានអត្ថបទ ទាក់ទង​ទៅនឹងសាសនាឥស្លាម ។ គ្រប់សាសនាសុទ្ធតែមានគោលដៅរួមគ្នាតែមួយគឺ​ធ្វើឲ្យមនុស្សដើរ​ទៅកាន់ផ្លូ​វ​ត្រូវ​​ប្រព្រឹត្តតែអំពើល្អជាដើម ។ តែមនុស្សដែលកាន់សាសនាផ្សេងគ្នាភាគច្រើនមិនបានស្វែងយល់ពីគ្នាទៅវិញ​ទៅ​មកទើបបង្កឲ្យមានសង្គ្រាម និង ការរើសអើងក្នុងសង្គម ។​

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s