ម៉ែ​ឳ​ឯង​យ៉ាប់​ណាស់!

ថ្វី​ត្បិត​តែ​ខ្ញុំ​ជា​គ្រិស្ត​បរិស័ទ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​ស្រឡាញ់​អត្ថបទ​កំណាព្យ​មួយនេះណាស់! សង្ឃឹមអ្នក​អានហើយ អាច​យល់​បាន​នូវ​អ្វី​ដែល​លោក​បណ្ឌិត អ៊ូចុង បាន​និពន្ធ​ឡើងមកនេះ។ សួរ​ខ្លនឯង​ទៅមើល ថា​តើ​ដែល​និយាយ​ពាក្យ​សម្តី​ដូច​ចំណង​ជើងនេះទេ តាំងពី​ក្មេងមក? បើ​មិន​ដែល​និយាយ តើ​ដែល​គិត​ដែរទេ? បើ​មិន​ដែល​គិត តើ​ដែល​ធ្វើ​សកម្ម​ភាព​ដែល​បង្ហាញ​ថា​អ្នក​មិន​ពេញ​ចិត្ត​ជាមួយ​អ្នក​មាន​គុណ​ទាំងពីរ​ដែរឬទេ? អាន​ហើយ​នឹង​ថា​ អ្នក​ជា​មនុស្ស​បែប​ណា​មិន​ខានទេ!!!!

ច្បាប់​គោរព​មាតា​បិតា

ភូមិ​ធម៌​ភូមិ​សុខ

ភូមិ​បុណ្យ​ទៅ​មុខ

កូន​រក​មិនត្រូវ

មិន​ស្តាប់​វាចា

ទេសនា​ម៉ែ​ឳ

តែង​ចង្អុល​ផ្លូវ

ប្រាប់​កូន​ប្រុស​ស្រី។

តែកូន​មិន​ដឹង

ច្រើន​ណាស់​តែ​ខឹង

នឹង​ម៉ែឳ​ស្តី

តាម​ពិត​គួរ​ស្តាប់

សូរ​ស័ព្ទ​សម្តី

លោក​ហើយ​គប្បី

គោរព​បូជា។

ដូច​ស្តាប់​ព្រះ​សង្ឃ

លំអុត​អោន​អង្គ

បង្គំ​វន្ទា

ព្រះ​ពុទ្ធ​ដាក់​ក្បួន

ប្រឆួន​នាមា

ឈ្មោះ​ជា​បុព្វា

ចារ្យ​(គ្រូ​ខាង​ដើម)។

សម្រាប់​ទូន្មាន

កូន​ចៅ​គ្រប់​ប្រាណ

ឲ្យ​បាន​យ៉ាង​ឆ្នើម

កុំ​ឲ្យ​ដើរ​លេង​

ជា​ល្បែង​គេ​ខ្ពើម

កុំ​ឲ្យ​រងើម​

សប្បាយ​ជ្រុល​ពេក។

ពេល​យប់​ព្រលប់​

មើល​ការ​ឲ្យ​គ្រប់

ទុក​ដាក់​ហើយ​ដេក

ហើយ​ភ្ញាក់​ពី​យប់

ប្រារព្ធ​ពន់​រែក

កុំ​ឲ្យ​ទាស់​ភ្នែក

អ្នកផង​ទាំង​ឡាយ។

មើល​គេ​អ្នក​មាន​

គេ​មិន​អត់​ឃ្លាន

មាន​កាស​ប្រាក់​ចាយ

ព្រោះ​គេ​បាន​ស្តាប់

នូវ​ច្បាប់​ឳ​ពុក​ម្តាយ

ទើប​បាន​សប្បាយ​

នា​លោក​នេះ​ហោង។

នេះ​ធម៌​ទេសនា

របស់​មាតា

និង​បិតា​ផង

បើ​កូន​ណា​ស្តាប់

នូវ​ច្បាប់​គន្លង

កូន​នោះ​លែង​ឆ្គង

ចាស់​ផង​ស្ងួន​ភ្ងា។

ព្រះ​ពុទ្ធ​ដាក់​ឈ្មោះ

បាលី​ពិរោះ

បុព្វ​ទេវា

(ទេវតា​ខាង​ដើម)

អ្នក​ផ្តើម​រក្សា

បុត្រី​បុត្រា

ហៅ​ទេវតា​ផ្ទះ។

គឺ​ឳ​ពុក​ម្តាយ

ជា​អ្នក​ម្ចាស់​សុខ

កូន​មិន​សំពះ

ម៉ែឳ​ទូន្មាន

ឈ្លាន​ពាន​ចង់​ឈ្នះ

សត្រូវ​នឹង​ព្រះ

កន្លោង​អត្មា។

ប្រទូស្ត​រាយ

នឹង​ឳ​ពុក​ម្តាយ

ស្រែក​ហៅ​ទេវតា

អំពី​ខាង​ក្រៅ

ដឹង​នៅ​ឯណា

ឈ្លោះ​នឹង​ទេវតា

គឺ​ម៉ែ​ឳ​ឯង។

តែង​តែ​លំបាក

ក្រី​ក្រ​តោក​យ៉ាក

ជាតិ​នេះ​ឃើញ​ស្តែង

ហើយ​នៅ​រង​ទុក្ខ

ខាង​មុខ​ពុំ​លែង

លុះ​ភ័យ​ទើប​ស្វែង

រក​ហោរ​គ្រូ​ទាយ។

ហោរ​បូ​កលេខ​ជា

តាម​ក្បួន​ឃើញ​ថា

ខុស​គ្រូ​ខាង​ម្តាយ

ឬ​ខាង​ឳ​ពុក

កុំ​ទុក​យូរ​ឆ្ងាយ

ត្រូវ​លាង​លោម​ថ្វាយ

គ្រូ​ពីរ​ទើប​ជា។

ហោរ​ទាយ​ត្រូវ​ណាស់

កូន​ស្តាប់​មិន​ច្បាស់

​បែរ​ទៅ​វន្ទា

ហៅ​តា​អាចារ្យ

ទេព្រ​ក្ស​ល្បាក់​សា

ម៉ែ​ឳ​អត្មា

មិន​ថ្វាយ​បង្គំ។

មិន​លន់​តួ​ទោស

អំពី​កំហុស

ជូន​ចំនី​នំ

ធ្វើ​សម្ល​បាយ

មក​ថ្វាយ​បង្គំ

ខមា​លាសុំ

ឲ្យ​អត់​ទោសពៃរ៍។

ដូច្នេះ​មិន​ធ្វើ

យក​ចេក​ទៅ​ផ្ញើ

គល់​ឈើ​ក្នុង​ព្រៃ

ដុំ​ថ្ម​អ្នក​តា

វន្ទា​សព្វ​ថ្ងៃ

ធូប​បី​សរសៃ

និយាយ​សុំ​សុខ។

ម៉ែ​ឳ​មិន​ឲ្យ

ព្រោះ​ជឿ​ចិត្ត​ធ្លោយ

ចោល​គុណ​នៅ​មុខ

ច្រើន​ជឿ​បែបនេះ

ដូច្នេះ​គ្រប់​ស្រុក

ត្រង់​ម្តាយ​ឳពុក

បោះ​ចោល​ទទេ។

ម្យ៉ាង​ទៀត​ធ្វើ​បុណ្យ

ច្រើន​តែ​ចោល​គុណ

គ្មាន​គិត​រិះ​រេ

បោល​ទៅ​តែ​វត្ត

ម្តាយ​អត់​ទទេ

ព្រោះ​ជឿ​តាម​គេ

រក​បុណ្យ​ខាង​ក្រៅ។

ដើម​បុណ្យ​លើ​ផ្ទះ

ខ្លួន​កើត​ទាន់​ព្រះ

កន្លោង​គង់​នៅ

បាន​ត្រី​ត្រកាល

កាត់​ក្បាល​ឲ្យ​ឳ

កណ្តាល​នាំ​ទៅ

យក​បុណ្យ​ឯ​វត្ត។

កណ្តាល​សុទ្ធ​ឆ្ងាញ់

សាច់​ពោះ​ពង​ខ្លាញ់

ធ្មេញ​លោក​ចុក​មាត់

ម៉ែឳ​ជរា

ទន្តា​បាក់​ម៉ត់

ទុក​ក្បាល​ឲ្យ​គាត់

ក្បាល​សុទ្ធ​តែ​ឆ្អឹង។

នេះ​ហៅ​បុណ្យ​ខុស

ទាំង​ស្រី​ទាំង​ប្រុស

ខ្ញុំ​ប្រាប់​កុំ​ខឹង

ម៉ែ​ឳ​នៅ​រស់​

ចូរ​អស់​លោក​ប្រឹង

ធ្មេញ​គាត់​នៅ​រឹង

បាន​ឆ្ងាញ់​ពិសារ។

ខ្លះ​ជឿ​បុណ្យ​ខ្លាំង

យួរ​ម្ហូប​ទាំង​ឆ្នាំង

យក​ទៅ​វត្ត​វ៉ា

ម៉ែ​ឳ​អត់​ឃ្លាន​

ចង់​បាន​ណាស់​ណា

ភ្លយ​សួរកូន​ថា

មាន​សល់​ឬទេ។

ព្រឹក​ឡើង​ឃ្លាន​បាយ

ញ័រ​ពោះ​ញើស​ខ្ចាយ​

ឃើញ​សម្ល​គេ

កូន​ឆ្លើយ​វឹង​ថ្កាន

មិន​បាន​សល់​ទេ

ខ្ញុំ​ស្ល​គ្រាន់​តែ​

ទៅ​វត្ត​ទេឳ។

ឳ​ពុក​សួរ​ថា

បើ​ដួស​កាល​ណា

ចែក​ឳ​ខ្លះទៅ

កូន​ខ្លះ​ឆ្លើយ​ប្រាប់​

ថា​បាប​ណាស់​ឳ

គេ​ថា​មិន​ត្រូវ​

ឳ​ស៊ី​មុន​លោក។

ម៉ែ​ឳ​ចាស់ៗ

ព្រឹក​ឡើង​ឃ្លាន​ណាស់

គួរ​ឲ្យ​វិយោគ

ឳ​ទារ​ពិសា

កូន​ថា​មុន​លោក

ពុំ​បាន​បរិភោគ

គេ​ឲ្យ​បាប​ផង។

នេះ​បុណ្យ​ផ្កាប់​មុខ

ឬ​បុណ្យ​ចោល​ស្រុក

ព្រោះ​ដើរ​ផ្លូវ​ឆ្គង

បុណ្យ​មិន​ត្រកាល

វិសាល​ឡើយ​ហោង

ព្រោះ​ដើរ​កន្លង

ឲ្យ​ម៉ែឳ​អត់។

ពួក​ជន​ឈ្លាន​ពាន

មិន​ចេះ​ធ្វើ​ទាន

ច្រើន​ធ្វើ​ទាន​ក្បត់

សទ្ធា​មិន​ជ្រៅ

ជ្រុល​ទៅ​តែ​វត្ត

អោយ​ព្រះ​ដើម​អត់

ស្រេក​ឃ្លាន​ពេក​​ក្រៃ។

នេះឯង​ខុស​ណាស់

មក​ពី​មិន​ច្បាស់

ច្បាប់​ធម៌​វិន័យ

បាន​ជា​ប្រព្រិត្ត

គំនិត​ព្រៃ​ផ្សៃ

បន្ថោក​តម្លៃ

នៃ​អ្ន​កមានគុណ។

យល់​ខុស​ស្រឡះ

ព្រោះ​មិន​ស្គាល់​ព្រះ

មិន​ច្បាស់​ដើម​គុណ

អ្នក​ប្រាជ្ញ​បុរាណ

ថា​បាន​ធ្វើ​បុណ្យ

ត្រូវ​ថ្វាយ​ព្រះ​មុន

សឹម​ថ្វាយ​ព្រះ​សង្ឃ។

រៀប​ចង្ហាន់​ព្រះ​

បូ​ជា​សំពះ

មើល​ព្រះ​ឲ្យ​ត្រង់

ប្រាជ្ញ​ប្រាប់​ជា​បែប

សង្ខេប​តម្រង់

វេរភត្ត​ថ្វាយ​សង្ឃ

ត្រូវ​ថ្វាយ​ព្រះ​មុន។

គឺ​ជា​ភោជនា

មាតា​បិតា

បូជា​តប​គុណ

សឹម​ថ្វាយ​ព្រះ​សង្ឃ

ទ្រ​ទ្រង់​សីល​បុណ្យ

ព្រោះ​ម្តាយ​មាន​គុណ

រក​អ្វី​ស្មើ​គ្មាន។

ត្រូវ​ធ្វើ​បុណ្យ​ខ្នើត

ម៉ែឳ​ស៊ីកើត

កំពុង​ស្រេក​ឃ្លាន

ម៉ែ​ឳ​នៅ​រស់

កូន​ត្រូវ​ធ្វើ​ទាន

បំបាត់​ក្តី​ឃ្លាន

ហៅ​ធ្វើ​បុណ្យ​ខ្នើត។

ហៅ​បុណ្យ​ខែ​ភ្លឺ​

កុំ​ចាំ​គាត់​ឈឺ

បរិភោគ​លែង​កើត

ជូន​គាត់​កាល​ជា

ហៅ​ថា​បុណ្យ​ខ្នើត

គាត់​បរិភោគ​កើត

បាន​ជាង​រនោច។

លុះ​បាត់​ជីវិត

បុណ្យ​ខែ​ងងឹត

ដូច​ថ្ងៃ​១០រោច

កូន​ចៅ​ទាំង​ឡាយ

យក​បាយ​ឲ្យ​ខ្មោច

ម៉ែឥត​ប្រយោជន៍​

ខ្មោច​ណា​ចេះ​ស៊ី។

កត្តិក​មាសា

ចេញ​ខ្យល់​រងា

ត្រជាក់​ពេញទី

មិន​គិត​រក​ភួយ

បាន ១ ឬ ២

ទាំង​មិន​សាមគ្គី

រក​ពូក​ជូន​គាត់។

ត្រូវ​រក​របស់

ជា​ស្នប​ទាន​រស់

ដណ្តប់​ជូន​គាត់

កុំ​ចាំ​ដាច់​ខ្យល់​

ទើប​ខ្វល់​គ្រប់​មាត់

រក​ស្នប​រុំ​គាត់

ដណ្តប់​ឲ្យ​អុស។

អោយ​ភ្លើង​ត្រេក​អរ

ទទួល​អំណរ

មិន​ដឹង​ត្រូវ​ខុស

ម្តេច​មិន​ខ្វល់​ខ្វាយ​

ជូន​ម្តាយ​កាល​រស់

ម្តេច​ចាំ​ខ្យល់​អស់

ទើប​ធ្វើ​ឧឡារ។

កាល​គាត់​នៅ​រស់

ព្រឹក​ល្ងាច​ក្តួល​ក្តៅ

ស្រេក​ឃ្លាន​អស្ចារ្យ

មិន​គិត​ជូន​គាត់

អោយ​អត់​អាហារ

អោយ​តែ​ធ្វើការ

ចាំ​ផ្ទះ​ឲ្យគេ។

ចំណី​ត្រី​សាច់

ចង់​ស្ទើរ​ប្រកាច់

អត់​ជូន​គាត់​ទេ

ដល់​ឈឺ​ផ្តេក​ៗ

ម្ហេតៗ​ទើប​រេ

ដេក​ជុះ​ទើប​គេ

ជូន​នំ​ចំណី។

ទាំងជិត​ទាំង​ឆ្ងាយ

មូល​មក​សួរ​ម្តាយ

ទាំង​ប្រុស​ទាំង​ស្រី

ទុរេន​នំប៉័ង

សម្រាំង​ថ្មីៗ

ម្តាយ​ឈឺ​លែង​ស្តី

រឹង​ថ្គាម​ស្ងួត​ក។

កូន​ហៅ​អីម៉ែ!

ម៉ែ​ស្គាល់​ខ្ញុំ​ទេ?

បាន​ចំណី​ល្អ

ម្តាយ​ពោល​ខ្សាវ​ៗ

គ្រាវ​ៗ​ឆ្លើយ​ថា

ថា​អី​ឯង​មក៍

ម៉ែ​អរ​ណាស់​ណា។

កាល​ម៉ែ​មិន​ឈឺ

មិន​មាន​ជម្ងឺ

នោះ​កូន​រាល់​គ្នា

មិន​អាណិត​ម៉ែ

លុះ​ម៉ែជរា

ទើប​កូន​រាល់​គ្នា

មក​រុញ​បញ្ចូល។

ឳ​ម៉ែ​ស្លាប់​បាត់

ទើប​កូន​ច្រវ៉ាត់

ប្រាប់​ញាតិ​ត្រកូល

ឃោសនា​ធន​ធាន

ព្រៀន​លាន​ឲ្យ​ចូល

មក​ជុំ​ប្រមូល

ធ្វើ​បុណ្យ​ឲ្យ​ខ្មោច។

ខែ​ផល្គុន​ចេត្រ

ថ្ងៃ​ក្តៅក្រឡែត

ឆ្ងាយ​ទឹក​ហិន​ហោច

ម៉ែឳ​ចាស់ៗ​

ក្តៅ​ណាស់​អណោច

មិន​រែក​ទឹក​ស្រោច

ឳ​ពុក​ម្តាយ​សោះ។

មិន​មាន​ថ្នម​ថ្នាក់

មិន​ដងទឹក​ដាក់

ពាង​ដោយ​សង្គ្រោះ

ដល់​ពេល​គាត់​ស្លាប់

នោះ​ស្រាប់​តែ​ស្មោះ

អប់​ទឹក​ក្អម​នោះ

ហៅ​លើក​ចង្អាស។

ម៉ែ​ឳ​រស់​នៅ​

មិន​នាំ​គ្នា​ទៅ

ធ្វើ​ការ​ប្រវាស់

ដាក់​វេន​ក្រោយ​មុន

តប​គុណ​គាត់​ចាស់

ស្លាប់​ហើយ​ធ្វើ​ណាស់

ដណ្តើ​មគ្នា​ដុស។

ដូច​ស្រោច​គល់​ឈើ

ងាក​ងីក​ងីងើ

មិន​ដឹង​ត្រូវ​ខុស

ទើ​បកូន​វន្ទា

ស្មាលា​ទោស​ខុស

ម៉ែឳ​នៅ​រស់

មិន​ដែល​វន្ទា។

កាល​មាន​ជីវិត​

នោះ​កូន​គ្មាន​គិត

ម្តេ​ចទៅ​រេរា

ម្តាយ​ឳ​ពុក​ទូន្មាន

កូន​គ្មាន​បូជា

បំពេញ​សទ្ធា

ឲ្យ​ម្តាយ​ស្មាទាន។

ស្តាប់​ធម៌​ទេសនា

អោយ​ម្តាយ​ជ្រះ​ថ្លា

រក​សួគ៌​និពាន្ត

ប្រើ​ម្តាយ​ធ្វើ​ឆ្មាំ

នៅ​ចាំ​ចង្ក្រាន

អោយ​ទៅ​ស្មាទាន

អោយ​ឆាប់​មក​វិញ។

មើល​កូន​យក​ចៅ

ខែ​នេះ​កូន​ទៅ

ដក​ស្ទូង​ស្រែ​មិញ

ម្តាយ​ទៅ​រូត​រះ

មក​ផ្ទះ​ចំណេញ

ម្តាយ​ប្រាប់​ទៅ​វិញ

អញ​ស្តាប់​លោក​ទេសន៍។

កូន​ថា​ស្ទូង​ហើយ

ស្តាប់​ចុះ​ម៉ែ​អើយ!

ខែ​នេះ​កុំ​ធ្វេស

កណ្តាប់​ក្រៀម​ហែង

ម៉ែ​ឯង​ប្រហែស

ដើរ​ស្តាប់​លោក​ទេសន៍

សំណាប​ចុក​ថ្នាល។

១ ខែ​ ៤សីល

គេ​ថា​ម្តាយ​ខ្ចិល

ពួក​កូន​ត្រកាល

ទុក​ម្តាយ​គ្រាន់​ប្រើ

បម្រើ​ធ្ងន់​ស្រាល

ម្តាយ​ខូច​ខួរ​ក្បាល

លែង​ស្គាល់​ពុទ្ធ​ដីការ។

ស្លាប់​ទៅ​ជា​ឧស​

គេ​ដុត​ឆេះ​សុស

ហើយ​គេ​នាំ​គ្នា

រើ​សធាតុ​ដាក់​ថោ

ភ្នែក​ស្លោ​អនិច្ចា

ហៅ​ញាតិ​កា

ហែរ​ធាតុ​ទៅ​វត្ត។

អោយ​ទៅ​ស្តាប់​ធម៌

អោយ​ធាតុ​ត្រេក​អរ

ព្រោះ​លែង​ប្រើ​គាត់

កាលគាត់​នៅ​រស់​

មិន​ឲ្យ​ទៅ​វត្ត

ដុត​ឆេះ​ខ្លោចម៉ត់​

ទើប​ឲ្យ​ទៅ​ថ្កាន។

ហេតុ​នេះ​អ្នក​អើយ!

កុំ​ធ្វើ​ព្រងើយ

ប្រុស​ស្រី​គ្រប់​ប្រាណ

បម្រើ​មាតា

បិតា​កុំ​ថ្កាន

ទើប​សុខ​ក្សេម​ក្សាន្ត

បាន​អាយុ​វែង។

កុំគប្បី​ធ្វេស

កុំ​ឈ្លោះ​ចចេស

នឹង​ម៉ែឳ​ឯង

ជាតិ​នេះ​ជាតិ​ក្រោយ

ទុក្ខ​សោយ​មិន​លែង

ព្រះ​ពុទ្ធ​សម្តែង​

ច្បាស់​ឥតសង្ស័យ។

អវចី​នរក

ទំរាំ​រួច​ទុក្ខ

យូរ​យារ​ពេក​ក្រៃ

អាយុ១កប្ប

គ្មាន​រាប់​ខែ​ថ្ងៃ

បើ​មាន​និស្ស័យ

ទើប​រួច​មក​បាន។

មក​កើត​ជា​ប្រេត

រួច​ទើប​អណ្តែត

កើត​ជាតិ​តិរិ​ច្ឆាន

លុះ​អស់​វេរា

ទើប​ជា​មនុស្ស​បាន

ខ្វិន​ខ្វាក់​ក៏​មាន

គ​ថ្លង់​ឃ្លង់​ស្រែង។

ជា​ឆ្កួត​ច្រើន​ជាតិ

ព្រោះ​ទោស​ប្រមាថ

ឳ​ពុក​ម្តាយ​ឯង

មាក់​ងាយ​ដល់​ព្រះ

ក្នុង​ផ្ទះ​ឥត​ក្រែង

ទើប​បាន​ចំបែង

រង​ទុក្ខ​ដូច្នេះ។

ថ្លែង​ច្បាប់ប៉ុណ្ណេះ

សូមបញ្ឈប់​ស្លេះ

សង្ខេប​វាចា

ថ្លែងមក​ប៉ុន្មាន

សូម​បាន​ផល្លា

ដូចក្តី​ប្រាថ្នា

ដល់​និពាន្ត​ហោង។

អវសាន្ត

Advertisements

4 Replies to “ម៉ែ​ឳ​ឯង​យ៉ាប់​ណាស់!”

  1. មានកន្លែងខ្លះដែលខ្ញុំមិនទាន់បានធ្វើ ខ្ញុំដូចជារអៀសខ្លួនណាស់បន្ទាប់ពីអានហើយ

    Like

  2. ម្តាយ៖ ឆ្ងល់​វា បាន​លុយ វា​យក​ទៅ​ណា​ចាយ​អស់?
    អាពៅ៖ ខ្ញុំឆ្ងល់​ដែរ ហេតុ​អី​ខ្ញុំ​ចូល​ចិត្ត​ទិញ​អី​ឲ្យ​ម៉ាក់​ញ៉ាំ​ជា​ជាងសន្សំទុក ^^

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s