និរន្តរភាព​បរិស្ថាន និង​សង្គម

​​ន្ទឹមនឹងការ​​ផ្តោតសំខាន់ទៅលើ ​និរន្តរភាពនៃការទទួលបានប្រាក់ចំណេញច្រើន ធនាគារអេស៊ីលីដាក៏គោរពផងដែរចំពោះបរិស្ថាន និងសហគមន៍ដែលយើងរស់នៅ ដោយផ្តល់របាយការណ៍អនុវត្តតាមទស្សនៈគ្រឹះសំខាន់ទាំងបី (មនុស្ស ផែនដី និងប្រាក់ចំណេញ) ហើយធ្វើការកំណត់នូវសូចនាករមួយសម្រាប់ជារង្វាស់ និងរាយការណ៍អំពីសកម្មភាព និងផលប៉ះពាល់ទៅលើសង្គម និងបរិស្ថាន ព្រមទាំងដើម្បីអនុវត្តនូវរចនាសម្ព័ន្ធរបាយការណ៍ ដោយផ្អែកជាចម្បងទៅលើការណែនាំក្នុងគំនិតផ្តួចផ្តើមរបាយការណ៍ ពិភពលោក (GRI) 

សមាសធាតុ​សំខាន់ៗ​នៃ​បេសកកម្ម​របស់​ធនាគារ​អេស៊ីលីដា ទាក់ទង​នឹង​និរន្តរភាព​បរិស្ថាន និង​សង្គម

  1. ផ្តល់​ជា​ក្របខណ្ឌ​សំខាន់​នៅ​ក្នុង​គោលការណ៍​ណែនាំ ដែល​ក្នុង​នោះ​ធនាគារ​អេស៊ីលីដា អាច​អនុវត្ត​តាម​វិធី​មួយ ដែល​យើង​អាច​គ្រប់គ្រង​រាល់​ប្រតិបត្តិការ​ដែល​មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន សង្គម និង​សហគមន៍ ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ។
  2. បន្ត​ការ​បំពាក់​ប្រព័ន្ធ​ប្រើប្រាស់​ថាមពល​ប្រកប​ ដោយ​ប្រសិទ្ធភាព​ក្នុង​អគារ​ ហើយ​គ្រប់គ្រង​ការប្រើប្រាស់​ថាមពល​ឲ្យ​បាន​ហ្មត់ចត់ នៅគ្រប់​ទី​កន្លែង​ដែល​យើង​មាន​ប្រតិបត្តិការ ។
  3. អនុលោម​ទៅ​តាម​ច្បាប់​សង្គម​ដែល​យើង​រស់​នៅ និង​ធ្វើ​ការ​យ៉ាង​សកម្ម ដើម្បី​ផ្សព្វផ្សាយ​នូវ​វប្បធម៌​ដ៏​ស្និទ្ធ​ស្នាល ដែល​មិន​មែន​តែ​ចំពោះ​ភាគទុនិក កម្មករ​​និយោជិត អតិថិជន និង​ដៃ​គូអាជីវកម្ម​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​គោរព​ចំពោះ​ឯកត្តបុគ្គល​នៅ​ក្នុង​សហគមន៍​របស់​យើង​ទៀត​ផង ។
  4. ​ទទួល​ស្គាល់​ថា ការគាំទ្រ​ចំពោះ​សហគមន៍​​មិន​មែន​គ្រាន់​តែ​ជាសីលធម៌​ល្អ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​ការ​ដែល​ធ្វើ​ឲ្យ​អាជីវកម្ម​មាន​លក្ខណៈ​ល្អ​ប្រសើរ​ផង​ដែរ ពោល​គឺ​មាន​ភាព​រឹង​មាំ និង​ភាពរុងរឿង គឺ​ត្រូវ​បំពេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។

បរិស្ថាន

ធនាគារ អេស៊ីលីដា បាន​ព្រម​ព្រៀង​យ៉ាង​ពេញ​លេញ​ទៅ​នឹង​សន្ធិសញ្ញា​អន្តរជាតិ ដែល​ធ្វើ​ការ​ហាម​ឃាត់​លើ​ការ​ផ្តល់​ឥណទាន ឬ​គាំទ្រ​ចំពោះ​សកម្មភាព​ផ្សេងៗ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​បរិស្ថាន ទាំង​សកម្មភាព​ដែល​ប្រាស​ចាក​ពី​សីលធម៌ និង​ការ​ដែល​ធ្វើ​ឲ្យ​អន្តរាយ​ចំពោះ​សិទ្ធិ​មនុស្ស ។ ដោយ​ឡែក ធនាគារ​បាន​ដាក់​នូវ​គោលនយោបាយ​មួយ​ចំនួន ដែល​មិន​អនុញ្ញាត​ចំពោះ​សកម្មភាព​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​បង្ខិត​បង្ខំ ឬ​ការ​រំលោភ​បំពាន​លើ​កំលាំង​ពលកម្ម​កុមារ ការ​ធ្វើ​ពាណិជ្ជកម្ម​ខាង​សព្វាវុធ និង​រំសេវ ល្បែង​ស៊ី​សង បន​ល្បែង ផ្ទះ​បន ការ​ជួញ​ដូរ​សត្វ​ព្រៃ ឬ​ផលិតផល​សត្វ​ព្រៃ ដែល​ច្បាប់​បាន​បញ្ញត្តិ ព្រម​ទាំង​ការ​ផលិត ឬ​ធ្វើ​ពាណិជ្ជកម្ម​លើ​វត្ថុ​ធាតុ​ដើម​ដែល​មាន​ជាតិ​វិទ្យុ​សកម្ម ឬ​ជាតិ​គីមី​ដែល​មាន​គ្រោះ​ថ្នាក់​ក្នុង​កម្រិត​បរិមាណ​មួយ​ខ្ពស់ ។

ធនាគារ​អេស៊ីលីដា បាន​តែងតាំង​មន្រ្តី​ទទួល​បន្ទុក​ផ្នែក​បរិស្ថាន​ចំនួន ២​រូប ដែល​ទទួល​ខុស​ត្រូវ​ទាំងស្រុង​លើ​ការងារ​ហ្វឹកហ្វឺន និង​វគ្គ​បំពាក់​បំប៉ន ដើម្បី​សម្រប​សម្រួល​សកម្មភាព​បរិស្ថាន និង​សម្រាប់​ត្រួត​ពិនិត្យ​លើ​ប្រតិបត្តិការ​ធនាគារ​អេស៊ីលីដា ។

សូចនាករ​លើ​ការអនុវត្ត​ផ្នែក​បរិស្ថាន

ក្នុង​គោលបំណង​បង្កើត​ខ្សែ​មូលដ្ឋាន​សម្រាប់​ធ្វើ​ការ​វាស់​ វែង កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​កាត់​បន្ថយ​ការ​ប៉ះ​ពាល់​បរិស្ថាន នៅ​ក្នុង​ឆ្នាំ​២០០៥ យើង​បាន​បង្កើត​ប្រព័ន្ធ​ឃ្លាំ​មើល ចំពោះ​ការ​ប្រើ​ប្រាស់​ធនធាន ។ លទ្ធផល​ត្រូវ​បាន​បង្ហាញ​ជា​ចំណុច​ចម្បង​តាម​លំដាប់​លំដោយ​ដូច​ខាង​ក្រោម ដើម្បី​ប្រើប្រាស់​ជា​គំរូ​សម្រាប់​ការអនុវត្ត​នា​ពេល​អនាគត ។

ការ​ប្រើ​ប្រាស់​ក្រដាស

នៅ​ក្នុង​ឆ្នាំ​២០០៨ ការ​ប្រើប្រាស់​ក្រដាស​បាន​កាត់​បន្ថយ ០,៥២% និង​កាក​សំណល់​ក្រដាស​បាន​កាត់​បន្ថយ ១១,១១% សម្រាប់​កម្មករ​និយោជិត​ម្នាក់ៗ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ២០០៧ ។ លទ្ធផល​នេះ​ដោយ​សារ​តែយើង​ជំរុញ​ការ​ប្រើប្រាស់ទិន្នន័យ​ស្តុក ដោយ​ប្រព័ន្ធ​អេឡិចត្រូនិក​បញ្ជូន​ព័ត៌មាន​តាម​អ៊ីម៉ែល និង​ប្រព័ន្ធ​អ៊ិនត្រាណែត​ខាង​ក្នុង ។ លើស​ពី​នេះ​ទៀត គ្រប់​កម្មករ​និយោជិត បានហ្វឹកហ្វឺន​ឲ្យ​ចេះ​បោះពុម្ព​ក្រដាស​ទាំង​សង​ខាង និង​ប្រើ​ក្រដាស​ដែល​បាន​ប្រើប្រាស់​ម្ខាង​រួច​ហើយ​ឡើង​វិញ ។

២០០៨

២០០៧

២០០៦

២០០៥

សម្ភារៈ
ក្រដាស ប្រើ​គិត​ជា​គីឡូក្រាម/FTE

២៣,១៨

២៣,៣០

២៥,៤៤

៣៨,៩២

កាកសំណល់
កាកសំណល់​ក្រដាស គិតជា​គីឡូក្រាម/FTE

២,៣២

២,៦១

២,៣២

៣,១៨

ការ​ប្រើប្រាស់​ថាមពល

ការ​ប្រើ​ប្រាស់​ថាមពល​សម្រាប់​បុគ្គលិក​ម្នាក់ៗ បាន​កើន​ឡើង ២៧,៣៣% នៅ​ក្នុង​ឆ្នាំ២០០៨ ដោយ​សារ​តែមាន​ការ​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិជ្ជា​កើន​ឡើង និង​ចំនួន​ការិយាល័យ​ថ្មីៗ​ជា​ច្រើន​បាន​តភ្ជាប់​ចរន្ត​អគ្គិសនី ដោយ​ជំនួស​ឲ្យ​ការ​ប្រើប្រាស់​ម៉ាស៊ីន​ភ្លើង ។ ​ការប្រើ​ប្រាស់​សាំង​សម្រាប់​បុគ្គលិក​ម្នាក់ៗ បាន​កាត់​បន្ថយ ១៧,១០% បើ​ធៀប​នឹង​​ឆ្នាំ២០០៧ ដោយ​សារ​តែ​មាន​ការិយាល័យ​ថ្មីៗ​មួយ​ចំនួន​បាន​បង្កើត​ឡើង​នៅជិតនឹង​អតិថិជន ​របស់​យើង ដែល​រស់​នៅ​តាម​តំបន់​ជនបទ​នានា ដើម្បី​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​ទៅ​ជួប​ជា​មួយ​ពួក​គាត់ ។ ការ​ប្រើប្រាស់​ប្រេង​ម៉ាស៊ូត​កើន​ឡើង ៣៨,៨០% ដោយ​សារ​តែ​ការគិត​ពី​សុវត្ថិភាព និង​សន្តិសុខ​ក្នុងការ​ធ្វើ​ដំណើរ​របស់​បុគ្គលិក ធនាគារ​កំពុង​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​ដោយ​ទោចក្រ​យានយន្ត ជំនួស​ឲ្យ​រថយន្ត​ដែល​ប្រើប្រាស់​ប្រេង​ម៉ាស៊ូត​វិញ ។ ចំណែក​ឯការ​ប្រើប្រាស់​ប្រេង​ម៉ាស៊ីន និង​ឧស្ម័ន ក៏​បាន​កាត់​បន្ថយ​ផង​ដែរ​នៅ​ឆ្នាំ២០០៨​នេះ គឺ ៧,៨៤% និង ៣៥,៥៦% បើ​ប្រៀប​ធៀប​នឹង​​​​​​​​​​​​​​​​​​​​​​​ឆ្នាំ២០០៧ ។

២០០៨

២០០៧

២០០៦

២០០៥

ថាមពល
ចរន្ត​អគ្គិសនី ប្រើ​គិត​ជា​គីឡូវ៉ាត់​ម៉ោង/FTE

៩៤៣,៩២

៧៤១,៣៤

៥១០,៤៤

៥៣៥,៨៣

សាំង ប្រើ​គិត​ជា​លីត្រ/FTE

៦៤,៩២

៧៨,៣១

៩៦,៣៦

១១១,៥៦

ម៉ាស៊ូត ប្រើ​គិត​ជា​លីត្រ/FTE

៦១,០៧

៤៤,០០

៤៥,៦៦

៤០,៤៣

ប្រេង​ម៉ាស៊ីន ប្រើ​គិត​ជា​លីត្រ/FTE

២,៩៤

៣,១៩

៤,០៣

៤,៥៤

ឧស្ម័ន ប្រើ​គិត​ជា​គីឡូក្រាម/FTE

០,២៩

០,៤៥

០,៥៣

០,៧៨

ការ​បញ្ចេញ​ចោល​ នូវ​ឧស្ម័ន​កាបូនិក (គិត​ជា​ពាន់​គីឡូក្រាម)
ចរន្ត​អគ្គិសនី

២.៧៦៨

១.៦០៥

៧៩៣

៦៨៨

សាំង

៨២៤

៧៣៤

៦៤៨

៦២១

ម៉ាស៊ូត

៨៩៤

៤៧៦

៣៥៤

២៥៩

សមមូល​ ឧស្ម័ន​កាបូនិក​ត្រូវ​បាន​​គណនា​យោង​តាម​គោល​ការណ៍​របស់ Greenhouse Gas Protocol

ការ​ប្រើ​ប្រាស់​ទឹក

ការ​ប្រើ​ប្រាស់​ទឹក​បាន​កាត់​បន្ថយ ៤,៣៣% ក្នុង​ឆ្នាំ២០០៨ បើ​ប្រៀបធៀប​ពី​ឆ្នាំ២០០៧ ពីព្រោះ​ការ​ប្រើប្រាស់​ទឹក​បាន​គេ​ត្រួត​ពិនិត្យ​ ហើយ​មធ្យោបាយ​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ទឹក​ស្អាត​កំពុង​ អនុវត្ត ដោយ​រៀប​ចំ​ឲ្យ​មាន​ការ​ស្តុក​ទឹក និង​បន្សុទ្ធ​ទឹក​ភ្លៀង ជា​ពិសេស​នៅ​ក្នុង​រដូវ​ខ្យល់​មូសុង ដើម្បី​កាត់​បន្ថយ​នូវ​កង្វះ​ខាត​ទឹក​ពី​ប្រភព​ចម្បងៗ ដែល​សំដៅ​លើ ស្ទឹង អាង​ទឹក និង​អណ្តូង​ទឹក ។ នៅ​ការិយាល័យ​កណ្តាល​ យើង​បាន​បំពាក់​អាង​ស្តុក​ទឹក​ក្រោម​ដី​ដ៏​ធំ​មួយ និង​ធុងទឹក​សម្លាប់​មេរោគ ដើម្បី​ផ្គត់ផ្គង់​ទឹក​ដល់​អគារ​ទាំង​មូល និង​ចំណតរថយន្ត ។

២០០៨

២០០៧

២០០៦

២០០៥

ទឹក
ទឹក ប្រើ​គិត​ជា​ម៉ែត្រ​គូប/FTE

២២,៩៨

២៤,០២

២៦,៦២

៣០,២៩

ការ​ធ្វើ​ដំណើរ

នៅ​ក្នុង​ឆ្នាំ២០០៨ ចម្ងាយ​ផ្លូវ​សរុប​ក្នុង​ការធ្វើ​ដំណើរ​ដោយ​រថយន្ត កើន​ឡើង ៧,៤៣% និង​ដោយ​ទោចក្រយានយន្ត បាន​ថយ​ចុះ ១៩,៨២% ។ លទ្ធផល​នេះ គឺ​ដោយសារ​មាន​ការិយាល័យ​សាខា​ជា​ច្រើន​បាន​បើក​នៅ​តាម​ជនបទ ធ្វើ​ឲ្យ​មាន​តម្រូវការ​ធ្វើ​ដំណើរ​ច្រើន​​ពី​ការិយាល័យ​មួយ​ទៅ​ការិយាល័យ​ មួយ និង​ដើម្បី​រក្សាសុវត្ថិភាព​និង​សន្តិសុខ​ក្នុង​ការ​ធ្វើ​ដំណើរ ធនាគារ​កំពុង​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​ដោយ​ទោចក្រយានយន្ត ជំនួស​ឲ្យ​រថយន្ត​វិញ ។

២០០៨

២០០៧

២០០៦

២០០៥

ការ​ធ្វើ​ដំណើរ
ដោយ​រថយន្ត គិតជា​គីឡូម៉ែត្រ/FTE

៣៦២,៥៥

៣៣៧,៤៦

៣៣៥,០២

ដោយ​ទោចក្រយានយន្ត គិតជា​គីឡូម៉ែត្រ/FTE

២.៧៨៩,៧៣

៣.៤៧៩,២១

៤.៣៣៦,២៣

និរន្តរភាព​សង្គម

វប្បធម៌​ការងារ​រួម​របស់​ធនាគារ អេស៊ីលីដា ត្រូវ​បាន​បង្កើត​ឡើង​ដោយ​គោរព​តាម​សង្គម ដែល​ធនាគារ​ធ្វើ​ប្រតិបត្តិការ រួម​ទាំង​ទស្សន​វិស័យ​លើ​អ្នក​ចូល​រួម​ជា​មួយ​យើង​ទាំង​អស់ ដែល​ក្នុង​នោះ​មិន​មែន​ផ្តោត​តែ​ទៅ​លើ​ភាគទុនិក បុគ្គលិក អតិថិជន និង​ដៃ​គូ​អាជីវកម្ម​នោះ​ទេ តែ​ជា​សហគមន៍​ទាំង​មូល​តែ​ម្តង ។ បន្ថែម​ពី​លើ​កម្មវិធី​បរិស្ថាន​ដូច​ដែល​បាន​បង្ហាញ​ខាង​លើ ធនាគារ​បាន​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​មួយ គឺ​ការ​ផ្តល់​ឱកាស​ស្មើៗ​គ្នា​ចំពោះ​សាធារណជន​ទូទៅ អតិថិជន និង​បុគ្គលិក ។ ចំណុច​ទាំង​អស់​ខាង​លើ​នេះ ធនាគារ​អេស៊ីលីដា​បាន​អនុវត្ត​ដោយ​ចាប់​ផ្តើម​ចេញ​ពី​ចំណុច​សូន្យ​នៃ​ភាព​ ពុក​រលួយ ទាំង​ខាង​ក្នុង និង​ខាង​ក្រៅ និង​ការ​ប្រព្រឹត្ត​បំពានទាំង​ឡាយ ។

ខាង​ក្រោម​នេះ គឺ​ជា​គោលការណ៍​សំខាន់ៗ​នៅ​ក្នុង​គោលនយោបាយ​ទទួល​ខុស​ត្រូវ​ក្នុង​សង្គម​រួម ​របស់​ធនាគារ​អេស៊ីលីដា ៖

បុគ្គលិក

  • ធនាគារ​អេស៊ីលីដា គឺ​ជា​កន្លែង​ដែល​ផ្តល់​ឱកាស​ស្មើ​គ្នា​ចំពោះ​កម្មករ​និយោជិត​ទាំង​អស់ ។ លើក​លែង​តែ​ការងារ​ទាំង​ឡាយ​ដែល​មាន​ហានិភ័យ​ផ្លូវ​កាយ​ខ្ពស់ (ដូច​ជា អ្នក​យាម និង​អ្នក​បញ្ជូន​សារ) ការ​តែង​តាំង​រាល់​មុខ​តំណែង នៅ​គ្រប់​លំដាប់​ទាំង​អស់ គឺ​ផ្អែក​ទាំង​ស្រុង​លើ​គុណវុឌ្ឍិ​ដោយ​មិន​រើស​អើង​ចំពោះ​ភេទ ឬ​កាយ​ពិការភាព​ឡើយ ។
  • ធនាគារ​អេស៊ីលីដា មាន​បំណង​ក្លាយ​ជា​និយោជក ដែល​មាន​ការអភិវឌ្ឍ​បំផុត​នៅ​កម្ពុជា ក្នុង​ការ​ឧបត្ថម្ភ​លើ​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ ប្រាក់​សោធន​និវត្តន៍ និង​អត្ថប្រយោជន៍​ដទៃ​ទៀត​ដូច​ជា​ឥណទាន​សម្រាប់​ការ​ប្រើប្រាស់​ផ្ទាល់​ ខ្លួន ឥណទាន​គេហដ្ឋាន និង​លទ្ធភាព​ដែល​កម្មករ​និយោជិត​ឆ្លង​ផុត​ការ​សាក​ល្បង​ការងារ អាច​ធ្វើ​ជា​ម្ចាស់​ភាគហ៊ុន ហើយ​ដែល​នេះ​គឺ​ជា​ចំណុច​ឈាន​មុខ​គេ​នៅ​ប្រទេស​កម្ពុជា ។ ធនាគារ​អេស៊ីលីដា ផ្តល់​ការ​ហ្វឹកហ្វឺន​ជូន​ទាំង​បុគ្គលិក​ដែល​ទើប​ចូល​បម្រើ​ការងារ​ថ្មី និង​បុគ្គលិក​ដែល​មាន​បទពិសោធន៍​ស្រាប់ ព្រម​ទាំង​លើក​ទឹក​ចិត្ត​បុគ្គលិក​ដែល​មាន​បំណង​អភិវឌ្ឍ​ខ្លួន​គេ​បន្ថែម​ ទៀត​ឲ្យ​ទៅ​សិក្សា​នៅ​ខាង​ក្រៅ ។
  • គណៈកម្មាធិការ​ជាន់​ខ្ពស់​មួយ​ដឹក​នាំ​ដោយ​លោក​ ប្រធាន​ក្រុមប្រឹក្សាភិបាល មាន​តួនាទី​ទទួល​ខុស​ត្រូវ​យ៉ាង​សំខាន់​ក្នុង​ការ​កំណត់ និង​ត្រួត​ពិនិត្យ​អំពី​បទដ្ឋាន​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​របស់​ធនាគារ និង​ការ​គោរព​សិទ្ធិ​មនុស្ស ។
  • ដោយ​បាន​ធ្វើ​ការ​ពិភាក្សា​ជា​មួយ​បុគ្គលិក ធនាគារ​អេស៊ីលីដា​បាន​រៀប​ចំ​នូវ​គោលនយោបាយ​សង្គម​នានា ដែល​គ្រប​ដណ្តប់​លើ ៖ ១. ក្រមសីលធម៌ ២. ការ​គ្រប់គ្រង​ធនធាន​មនុស្ស ៣. សុខភាព និង សុវត្ថិភាព ៤. ទំនាក់​ទំនង​ខាង​ក្រៅ ៥. សេរីភាព​បង្កើត​សមាគម និង​សិទ្ធិ​ក្នុង​ការ​ចរចា​ជា​រួម ។ ឥឡូវ​អ្វី​ទាំង​អស់​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ក្នុង​ប្រព័ន្ធ Lotus Notes ហើយ​បុគ្គលិក​ម្នាក់ៗ​អាច​ទទួល​នូវ​អ្វី​ដែល​ជា​ការ​កែប្រែ​ថ្មី ទាន់​សម័យ​ដោយ​សេរី (ថែម​ទាំង​មិន​ចាំ​បាច់​ប្រើ​ក្រដាសផង) ។
  • បុគ្គលិក​ទាំង​អស់​មាន​ប្រតិភូ​បុគ្គលិក ដែល​ពួក​គេ​ធ្វើ​ការ​ជ្រើស​រើស​ដោយ​ផ្ទាល់​ក្រៅ​ពី​ថ្នាក់​ដឹក​នាំ និង គោលការណ៍​កីឡា​សម្រាប់​បុគ្គលិក ដើម្បី​លើក​កម្ពស់​សុខភាព និង​បង្កើន​នូវ​ចំណង​មិត្តភាព ។ នៅ​ការិយាល័យ​កណ្តាល ធនាគារ​មាន​គ្លីនិក​មួយ​ដែល​មាន​លោក​វេជ្ជបណ្ឌិត​ម្នាក់ និង​គិលានុបដ្ឋាយិកា​ម្នាក់មើល​ការ​ខុស​ត្រូវ​ពេញ​ម៉ោង ហើយ​ការអនុវត្ត​ការងារ​ប្រកប​ដោយ​សុវត្ថិភាព​លើ​បញ្ហា​សុខភាព គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ហ្វឹកហ្វឺន ដែល​ផ្តល់​ជូន​គ្រប់​កម្មករ​និយោជិត ក្រោម​ការ​ត្រួតពិនិត្យ​របស់​លោក​វេជ្ជបណ្ឌិត ។ គោលការណ៍​សុខភាព និង​សុវត្ថិភាព ដែល​ស្ថិត​ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​នាយក​ប្រតិបត្តិ​​ធនធាន​មនុស្ស​ បាន​ដាក់​ឲ្យ​អនុវត្ត ដែល​ក្នុង​នោះ​ក៏​រួម​មាន គោលការណ៍​សម្រាប់​ជួយ​គាំទ្រ​ដល់​បុគ្គលិក និង​ក្រុម​គ្រួសារ​របស់​គេ ដែល​មាន​ជំងឺអេដស៍ ។

២០០៨

២០០៧

២០០៦

២០០៥

ការ​បម្រើ​ការងារ
ចំនួន​បុគ្គលិក

៦.១២៨

៤.៤០១

៣.០២៨

២.៤៨៤

ប្រុស

៤.២២៨

៣.១៦៤

២.២៦៥

១.៩១៨

ស្រី

១.៩០០

១.២៣៧

៧៦៣

៥៦៦

ចំនួន​បុគ្គលិក​បម្រើ​ការងារ/FTE

៥.៣៣១

៣.៩៣៧

២.៨២៥

២.៣៣៥

ការ​បណ្តុះ​បណ្តាល និង​ការ​អប់រំ
ការ​បណ្តុះ​បណ្តាល (កម្មវិធី​បំពាក់​បំប៉ន និង​អភិវឌ្ឍ​វិជ្ជាជីវៈ)

១.៤២៨

១.១៧៨

៩៥០

៤.០៨៤

ការ​បណ្តុះ​បណ្តាល​បុគ្គលិក​ចូល​ ថ្មី (កម្មវិធី​ដំបូង)

១.៩០១

១.៧១៤

៦៨៦

៥៦២

ការ​បណ្តុះ​បណ្តាល​​និស្សិត​នៅ​ ក្នុង​ស្រុក

៦៩៥

៦៥៤

៦៣៨

២៨២

ការ​បណ្តុះ​បណ្តាល​និស្សិត​នៅ​ក្រៅ ​ប្រទេស

១២

សហគមន៍

ធនាគារ​អេស៊ីលីដា ទទួល​ស្គាល់​ថា យើង​កំពុង​តែ​ចូល​រួម​បំពេញ​នូវ​តួនាទី​ជា​ប្រជាពលរដ្ឋ​ដ៏​ល្អ​ក្នុង​សហគមន៍ ដែល​ជា​បច្ច័យ​មួយ​សម្រាប់​ផលប្រយោជន៍ និង​ភាព​រុងរឿង​របស់​យើង​រវាង​គ្នា​និង​គ្នា ។ គំនិត​សំខាន់ៗ​ដែល​យើង​កំពុង​អនុវត្ត​គឺ ៖

  • អភិវឌ្ឍ និង​ផ្តល់​ជូន​នូវ​ផលិតផល​និង​សេវាកម្ម ឲ្យ​បាន​សមស្រប​ប្រកប​ដោយ​ការ​ប្រុង​ប្រយ័ត្ន ដែល​ត្រូវ​បាន​យើង​សម្រិត​សម្រាំង និង​អភិវឌ្ឍ​វា ដើម្បី​ឲ្យ​សមស្រប​ទៅ​នឹង​តម្រូវ​ការ ពិសេស​ក្នុង​សង្គម​កម្ពុជា​យើង ។ ក្នុង​ឆ្នាំ២០០៦ ធនាគារ​អេស៊ីលីដា បាន​បង្កើត​នូវ​សេវា​ឥណទាន​គេហដ្ឋាន ដែល​មាន​អត្រា​ការ​ប្រាក់​ថេរ​រយៈពេល​ ១០ឆ្នាំ សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់​រូប ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​ទ្រព្យ​សម្បត្តិ​តិច​តួច និង​ចង់​បាន​លំនៅដ្ឋាន​ផ្ទាល់​ខ្លួន ។
  • ពង្រីក​លើ​បណ្តាញ​ទំនាក់ទំនង ផ្តល់​សេវាកម្ម​ធនាគារ​ដល់​សហគមន៍​ថ្មីៗ ដែល​មាន​ទី​តាំង​នៅ​កន្លែង​ផ្សេងៗ ដោយ​ពង្រីក​បណ្តាញ​ប្រតិបត្តិការ​នៅ​តាម​បណ្តា​ខេត្ត-ក្រុង និង​ពង្រីក​សេវាកម្ម​ធនាគារ​តាមរយៈ​ប្រព័ន្ធ On-Line ដើម្បី​ប្រមូល​នូវ​ប្រាក់​សន្សំ​ឲ្យ​បាន​ច្រើន ។ ការពង្រីក​បណ្តាញ​ប្រតិបត្តិការ អេធីអឹម នៅ​គ្រប់​បណ្តា​ខេត្ត-ក្រុង​ក្នុង​ឆ្នាំ២០០៨ បាន​បង្ក​នូវ​ភាពងាយស្រួល​ដល់​អតិថិជន អាច​ធ្វើ​ប្រតិបត្តិការ​បាន ២៤ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​៧ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ។
  • ចាប់​ពី​ថ្ងៃ​ទី១២ មករា ដល់ ២០ កុម្ភៈ ឆ្នាំ២០០៩ យើង​បាន​ធ្វើ​ការសិក្សា​ស្រាវជ្រាវ​កម្រិត​ជីវភាព​រស់​នៅ​របស់​អតិថិជន​ដែល​ ប្រើប្រាស់​សេវា​​ឥណទាន​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​ខ្នាត​មធ្យម ដើម្បី​ធ្វើ​ការ​វាស់​ស្ទង់​ពី​ផលប៉ះពាល់​នៃ​សេវាកម្ម​ឥណទាន​របស់​ធនាគារ​ អេស៊ីលីដា ។ ការសិក្សា​ស្រាវជ្រាវ​នេះ​ធ្វើ​ឡើង​ចំពោះ​អតិថិជន​ចំនួន ២.៥០០នាក់ ជ្រើសរើស​ដោយ​ចៃដន្យ​ចេញ​ពី​អតិថិជន​ខ្នាត​តូច​បំផុត​ចំនួន ៦៤,១% អតិថិជន​ខ្នាត​តូច​ចំនួន ២៧,៤% និង​អតិថិជន​ខ្នាត​មធ្យម​ចំនួន ៨,៥% សមាមាត្រ​ទៅ​នឹង​អតិថិជន​ឥណទាន​សរុប ។ លទ្ធផល​នៃ​ការសិក្សា​​ស្រាវជ្រាវ​បង្ហាញ​ថា ប្រហែល​៨៧,៤% នៃ​អតិថិជន​ប្រកប​មុខរបរ​លើ​គ្រប់​វិស័យ មាន​កម្រិត​ជីវភាព​ល្អ​ប្រសើរ​ឡើង ដោយ​ទទួល​បាន​ឥណទាន​ពី​​ធនាគារ​អេស៊ីលីដា ហើយ ៨,៩% មិន​មាន​ការប្រែប្រួល​គួរ​ឲ្យ​កត់​សម្គាល់​ទេ និង ៣,៧% មាន​ភាព​អន់​ខ្សោយ​ជាង​មុន ។

២០០៨

២០០៧

២០០៦

២០០៥

កម្រិត​ជីវភាព
កើនឡើង

៨៧,៤%

៨៩,២%

៩៣,៣%

៩០,០%

នៅថេរ

៨,៩%

៧,៤%

៦,២%

៧,៥%-៩,៥%

ធ្លាក់ចុះ

៣,៧%

៣,៤%

០,៥%

១,១%-២,៣%

  • លទ្ធផល​ខាង​លើ​នេះ​ បង្ហាញ​ពី​កម្រិត​ជីវភាព​របស់​អតិថិជន​មាន​ការ​ធ្លាក់​ចុះ​កើន​ឡើង បើ​ប្រៀប​ធៀប​ពី​ឆ្នាំ​២០០៧ ។ អ្នក​វិភាគ​បាន​បញ្ជាក់​ថា ស្ថានភាព​សេដ្ឋកិច្ច​ពុំ​សូវ​អំណោយផល ជា​មួយ​នឹង​ការ​កើន​ឡើង​នូវ​អតិផរណា​ខ្លាំង​ក្នុង​ឆ្នាំ​២០០៨​នេះ និង​តាម​ការ​វាយតម្លៃ​ពី​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប គឺ​ធ្លាក់​ចុះ​ប្រហែល ៣,១% ។ ទាំង​នេះ​ជា​មូលហេតុ​ដែល​ធនាគារ​យើង​យក​ចិត្ត​ទុកដាក់ ហើយ​នៅ​ក្នុង​ឆ្នាំ​២០០៩ យើង​នឹង​ខិតខំ​ប្រឹងប្រែង​ស្វែងរក​ព័ត៌មាន​ជាក់លាក់​បន្ថែម​ទៀត ដើម្បី​ដោះស្រាយ​បញ្ហា​សំខាន់​នេះ ។
  • ក្នុង​អំឡុង​ឆ្នាំ២០០៨ ធនាគារ​អេស៊ីលីដា បាន​ជំរុញ​ការផ្តល់​ឥណទាន​ខ្នាត​តូច​បំផុត​របស់​ខ្លួន ដែល​កើន​ឡើង​បាន​ចំនួន ៧.៧៨៤ (៥,៥%) លើស​ពី​ឆ្នាំ​មុន ។

២០០៨

២០០៧

២០០៦

២០០៥

ចំនួន​សរុប​ឥណទាន​ជំនួញ​ខ្នាត​តូច​ បំផុត

១៤៦.៥៤៥

១៣៨.៨៦១

១២៦.២៨៩

ទំហំ​ជា​មធ្យម​នៃ​ឥណទាន​ជំនួញ​ខ្នាត​ តូច​បំផុត (គិត​ជា​ដុល្លារ​អាមេរិក)

៣៨៩

៤៩៤

៤០០

  • វិធានការ​យ៉ាង​តឹង​រឹង ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​គោលការណ៍ ដើម្បី​ហាម​ឃាត់​ដល់​ការ​លក់​លើស​សមត្ថភាព ឬ​ជំរុញ​ឲ្យ​គាត់​ជាវ​ផលិតផល ឬ​សេវាកម្ម​ដែល​មិន​សមស្រប ។ តាម​គោលការណ៍ ធនាគារ​អេស៊ីលីដា​មិន​តម្រូវ​ជា​ចាំ​បាច់​ដាច់​ខាត អំពី​តម្រូវការ​ប្រើ​ប្រាស់​សេវា​ប្រាក់​បញ្ញើ-សន្សំ​ចំពោះ​អតិថិជន​ឡើយ ។
  • តម្លាភាព និង​ភាពជឿជាក់​ក្នុង​ការ​ផ្សព្វផ្សាយ គឺ​បាន​ប្រតិបត្តិ​យ៉ាង​តឹងរឹង​នៅ​ពេល​ធ្វើ​ការ​ផ្សព្វផ្សាយ និង​លក់​ផលិតផល​និង​សេវាកម្ម​របស់​ធនាគារ ហើយ​ព័ត៌មាន​ពេញ​លេញ និង​លម្អិត បាន​ផ្តល់​ឲ្យ​អតិថិជន​តាមរយៈ​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ វេបសាយ និង​សម្ភារៈ​ផ្សព្វផ្សាយ​ដទៃ​ទៀត ។
  • ធនាគារ​អេស៊ីលីដា អនុវត្ត​ស្មើភាព​គ្នា​ក្នុង​ការ​ផ្តល់​ប្រាក់​កម្ចី ដោយ​មិន​ប្រកាន់​ភេទ ឬ​ពូជសាសន៍ ៖ អតិថិជន​ខ្ចី​ប្រាក់ចំនួន ៥៩% ជា​ស្រ្តី ។
  • ការ​រក្សា​អាថ៌កំបាំង​សម្រាប់​អតិថិជន គឺ​ត្រូវ​បាន​បណ្តុះ​ជា​គំនិត​សម្រាប់​បុគ្គលិក​ទាំង​អស់​នៅ​ពេល​ធ្វើ​ការ​ ហ្វឹកហ្វឺន ហើយ​រាល់​ការ​បំពាន​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​កំហុស​ធ្ងន់ ។
  • ដោយ​យល់​ពី​ការ​លំបាក​នៃ​ពិការភាព​នៅ​ក្នុង​ប្រទេស​ កម្ពុជា ធនាគារ​អេស៊ីលីដា​កំពុង​តែ​គិត​គូរ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ សាងសង់​ការិយាល័យ​ថ្មី ឬ​ជួសជុល​កែលម្អ​ការិយាល័យ​ចាស់ ដើម្បី​រៀប​ចំ​ឲ្យ​មាន​ភាពងាយស្រួល​ជូន​ពួក​គាត់​ជា​ពិសេស ។
  • ក្នុង​នាម​ជា​ស្ថាប័ន​ពាណិជ្ជកម្ម ធនាគារ​អេស៊ីលីដា​ពុំ​បាន​ទទួល​ជំនួយ​ឧបត្ថម្ភ​អ្វី​ឡើយ តែ​នៅ​ពេល​ខ្លះ និង​តាម​ទីកន្លែង​មួយ​ចំនួន ធនាគារ​ក៏​បាន​ទទួល​នូវ​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​ផ្តល់​សេវាកម្ម​មិន​មែន​ពាណិជ្ជកម្ម ដូច​ជា​សិក្ខាសាលា​សម្រាប់​សិក្ខាកាម​នៅ​ខាង​ក្រៅ​ជា​ដើម ។
  • ធនាគារ​អេស៊ីលីដា ពុំ​មាន​ចំណង​ទាក់ទង​នៅ​នឹង​គណបក្សនយោបាយ ឬ​សាសនា​ណា​មួយ​ឡើយ ប៉ុន្តែ​ធ្វើ​ការ​ស្វែងរក​នូវ​សហប្រតិបត្តិការ និង​អនុវត្ត​ការងារ​ប្រកប​ដោយ​ភាព​ចុះ​សម្រុង​ជា​មួយ​រដ្ឋាភិបាល​ដែល​បាន​ ជាប់​ឆ្នោត ។ ធនាគារ​ចូល​រួម​យ៉ាង​ទៀង​ទាត់​ក្នុង​កិច្ច​ប្រជុំ​ជា​មួយ​មន្ត្រី​ជាន់​ ខ្ពស់ តាម​រយៈ​សមាគម​ឧស្សាហកម្ម វេទិកា​ពាណិជ្ជកម្ម សភាពាណិជ្ជកម្ម និង​សកម្មភាព​ជា​ក្រុម​ផ្សេងៗ​ទៀត ។ ការ​ជួប​ប្រជុំ​ក្នុង​លក្ខខណ្ឌ​ជា​ឯកត្តបុគ្គល​ជា​មួយ​មន្ត្រី​នានា ត្រូវ​បាន​ធ្វើ​ឡើង​ប្រកប​ដោយ​តម្លាភាព ហើយ​បញ្ហា​សំខាន់​ផ្សេងៗ​ត្រូវ​បាន​រៀប​ចំ​ជា​កំណត់​ហេតុ​ទុក ។ អេស៊ីលីដា​មាន​បញ្ញត្តិ​យ៉ាង​តឹងរឹង​សម្រាប់​គ្រប់គ្រង​លើ “ការ​កំសាន្ត​មិន​សមស្រប (Undue Entertainment)” និង​សកម្មភាព​ផ្សេងៗ​ទៀត​ដែល​អាច​បើក​ចំហរ​ចំពោះ​រាល់​ចម្ងល់​លើ​មូលដ្ឋាន​ នៃ​សុចរិតភាព ក្នុង​នោះ​រួម​មាន​បញ្ញត្តិ​លើ​សេវាកម្ម​ធនាគារ​ក្នុង​អត្រា​មិន​មែន​ ពាណិជ្ជកម្ម (គោលការណ៍​ផ្តល់​ប្រាក់​កម្ចី) ។
  • ដើម្បី​ចូល​រួម​អភិវឌ្ឍ​មីក្រូ​ហិរញ្ញវត្ថុ ធនាគារ​អេស៊ីលីដា​បាន​អនុញ្ញាត​ឲ្យ​និស្សិត​ក្នុង​ស្រុក​ចំនួន ៦៩៥​នាក់ និង​និស្សិត​បរទេស​ចំនួន ៣​នាក់ មក​ពី​​ប្រទេស​ជប៉ុន ឥណ្ឌា និង​អង់គ្លេស ចុះ​មក​ធ្វើ​កម្មសិក្សា ។
ចំណាំ ៖ FTE (Full Time Equivalent): ចំនួន​មធ្យម​នៃ​កម្មករ​និយោជិត បម្រើ​ការ​ពេញ​ម៉ោង​ក្នុង​មួយ​ឆ្នាំ ។
Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s