រឿងទំនៀមប់ពិធីបំបួសនាគ

 
តាមពិតទៅពិធីបំបួសនាគមិនមែនជារឿងថ្មីរបស់ប្រជាពលរដ្ឋខ្មែរនោះទេ ពិធីនេះបានកើតមានតាំងតែពីបរម បុរាណមកម៉្លេះ រហូតមកដល់បច្ចុប្បន្ននៅតែជាទំនៀមទំលាប់របស់ប្រជាពលរដ្ឋខ្មែរដដែល ព្រោះវាជាស្ពាន សីលធម៌ចម្លងមនុស្សទៅកាន់ភាពរុងរឿងនៃជីវិត វៀរចាកអំពើបាបទាំងឡាយ កើតមានតែភាពស្ងប់ស្ងាត់ មិនលោភលន់មានចំណេះដឹងខ្ពង់ខ្ពស់ ជួយបំភ្លឺភាពត្រឹមត្រូវ ដល់មនុស្សជំនាន់ក្រោយជាបន្តបន្ទាប់។ ពិធីបំបួស នាគបានរលំរលាយក្នុងរបបខ្មែរ ក្រហមកាន់កាប់អំណាចនាឆ្នាំ១៩៧៥-១៩៧៩ ក្រោយថ្ងៃរំដោះប្រជាពលរដ្ឋ មានសេរីភាព សង្គមត្រូវបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ ស្ថាប័នផ្សេងៗ ពិធីបំបួសនាគបានចាប់ ផ្តើមកំរើកឡើងវិញ ប៉ុន្តែបច្ចុប្បន្ននេះសំបូរតែនៅតាមតំបន់ជនបទប៉ុណ្ណោះ យូរៗម្តងកើតមាននៅទីក្រុងភ្នំពេញ។ ថ្មីៗនេះនៅទីក្រុង ភ្នំពេញ ពិធីបំបួសនាគបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែកូនប្រុសរបស់ត្រកូលអភិជន តិចតួចបានសំរេចសាងផ្នួសនៅជាមួយព្រះធម៌រយៈពេលខ្លីជាគំរូមួយ ខណៈដែលកូនប្រុសត្រកូលអភិជនជាច្រើន ទៀតមិនបានធ្វើបែបនេះ។ គួររំលឹកថា នៅក្នុងពិធីបំបួសនាគត្រូវរៀបចំទៅតាម លំដាប់ប្រពៃណី មានពិធីកោរសក់ ពិធីជូនត្រ័យចំពោះលោកអ្នកមានគុណ ពិធីក្រុងពាលី ពិធីបង្វិលពពិល ពិធីធ្វើធ្មេញនាគ ពិធីកួចចំណងដៃ នាគ ពិធីលាបប្រេងម្សៅ ពិធីចំរើនព្រះបរិត្តនាគ ពិធីហែនាគ៣ជុំព្រះវិហារ ពិធីចូលព្រះវិហារ ពិធីនាគវន្ទា ចំពោះ ព្រះពុទ្ធរូប ពិធីនាគវន្ទាព្រះឧបជ្ឈាយ៍ ពិធីសុំនិស្ស័យបំបួសនាគ ព្រះឧបជ្ឈាយ៍ ព្រះសង្ឃហត្ថាបាស ចំរើនពុទ្ធជ័យ មង្គល ពិធីពហុទេវា សាមណេរវន្ទាលាញោមប្រុស-ស្រី លោកតា លោកយាយ ដើម្បីសាងផ្នួសពិធីកប់សក់ដើម្បី សុំសេចក្តីសុខ ។ ពិធីបំបួសនាគនេះជាពិធីមួយធំ ដែលមានទម្លាប់ធ្វើតាំងពីបុរាណកាលមកហើយដែលចូលជ្រួត ជ្រាបទៅក្នុងចិត្ត នៃប្រជាជនខ្មែរគ្រប់រូប ព្រោះព្រះពុទ្ធសាសនាខ្មែរបានចាត់ទុកជាសាសនាតែមួយរបស់ជាតិ។ ឯការបំបួសកនូចៅក៏ជាកិច្ចទំនុកបំរុង ព្រះពុទ្ធសាសនាមួយដែរ។ ម៉្យាងទៀតព្រះពុទ្ធសាសនាជាប្រភពនៃការ បណ្តុះបណ្តាលនិស្ស័យអក្សរសាស្ត្រ និង តម្រិះវិជ្ជាផ្សេងៗមានជំនាញសំណង់ និងការរចនាផ្សេងៗជាដើម ។ មនុស្សដែលបានបួសក្នុងព្រះពុទ្ធ សាសនាមានតម្លៃខ្ពស់ជាងមនុស្ស ដែលពុំបានបួស ព្រោះអ្នកស្រុកតែងយល់ថា អ្នកបួសជាមនុស្សស្គាល់ បាបបុណ្យ គុណទោសច្បាស់លាស់ ហើយខ្មែរយើងតែងមានជំនឿម៉្យាងទៀតថា “បួសនេន សងគុណម្តាយ បួសភិក្ខុ សងគុណឪពុក”។ ជំនឿទាំងនេះបានជ្រាបជ្រៅទៅក្នុងសន្តានចិត្តប្រជាជនខ្មែរ ទូទាំងប្រទេស រហូតដល់ពេលរៀបចំទុកដាក់កូនចៅឱ្យមានប្តី-ប្រពន្ធ ក៏គេនិយមប្រកាន់រើសរកតែបុរសណា ដែលបាន បួសរៀនផងដែរ។
 
អ្នកស្រុកស្រែចំការនៅប្រកាន់ទំនៀមទម្លាប់ខាងលើនេះជាប់រហូតដល់សព្វថ្ងៃ ប៉ុន្តែមិនសូវជាតឹងរ៉ឹង ដូចកាលពីដើមទេ ព្រោះឥលូវនេះមានសាលារៀនរដ្ឋការច្រើន ហើយដែលសំរាប់បណ្តុះ និស្ស័យ និងតម្រិះវិជ្ជាផ្សេងៗ ដោយគេយល់ថា “អ្នកបួសជាមនុស្សប្រសើរ”យ៉ាងនេះហើយទើបគេហៅ បព្វជ្ជា បេក្ខៈ និងឧបសម្បទាបេក្ខៈថា“នាគ”។ “បំបួសនាគ” គឺបំបួសមនុស្សប្រសើរ។ ដំរីមានភ្លុកដែលធំល្អជាងគេ និងពស់ ដែលធំវិសេសជាងគេ ក៏ហៅថា “នាគ” ដែរព្រោះពាក្យថា “នាគ”នេះមានន័យថា “ប្រសើរ” ។ ប៉ុន្តែ ទំនៀមបំបួសនាគនេះមានរឿងព្រេងពីបុរាណមួយនិទានថា កាលដែលព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅក្នុងវត្តជេតពន់ នាគរាជមួយមានមហិទ្ធីរិទ្ធិមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនាចង់បួសជាភិក្ខុ ក៏កាឡាខ្លួនជាមាណពចូលទៅថ្វាយ បង្គំព្រះមហាតិស្សត្ថេរ ហើយទូលថា “ខ្ញុំព្រះករុណាសូមបួសជាព្រះមហាថេរផង” ។ ព្រះមហាតិស្សត្ថេរ ក៏បំបួស ស្តេចនាគកាឡានោះជាភិក្ខុទៅ។ ថ្ងៃមួយនៅពេលដែលភិក្ខុស្តេចនាគនោះសិងពេល ថ្ងៃយ៉ាងស្កប់ស្កល់ខ្លួនលោក ក៏ក្លាយជានាគឆ្វាយរង្វេលពេនពេញបន្ទប់។ ស្បង់ចីវរខ្ចាត់ខ្ចាយអស់រលីងអំពីកាយ ។ ពេលនោះសាមណេរមួយ អង្គផ្ចង់ចង្ហាន់រួចចូលទៅនិមន្តឆាន់ លុះបើកទ្វារទៅស្រាប់តែឃើញពស់ពេនពេញបន្ទប់ ភ័យរន្ធត់ស្ទុះរត់ស្រែក ឆោឡោផ្អើលពេញទាំងវត្ត ។ លុះជ្រាបទៅដល់ព្រះដ៏មានបុណ្យ ទើបព្រះអង្គទ្រង់ព្រះប្រញប្តថា “ចាប់ពីថ្ងៃនេះ ទៅ ភិក្ខុឯក្រោយកុំបីបំបួសសត្វតិរច្ឆាននូវខ្មោច បិសាច រាជភូត យក្សាឡើយ”។ អាស្រ័យដំណើរដែលព្រះអង្គ ទ្រង់ប្រញប្តដូច្នេះ ទើបភិក្ខុនាគក្រាបទូលព្រះដ៏មានបុណ្យថា “ខ្ញុំព្រះអង្គនេះមានចិត្តស្មោះចំពោះសាសនាព្រះអង្គ ពិតណាស់ ឥតមានក្លែងបន្លំទេ បើខ្ញុំព្រះអង្គមានភេទជា សត្វ មិនអាចបួសក្នុងសំណាក់ព្រះអង្គបាន ដូច្នេះខ្ញុំ ព្រះអង្គសូមពរឱ្យមានព្រះប្រញប្តថា បើភិក្ខុនឹងបំបួសកុលបុត្រ សូមឱ្យហៅអ្នកសុំផ្នួសនោះថា “នាគ” ដូច្នេះតទៅ ដើម្បីឱ្យគេនឹកឃើញដល់ឈ្មោះខ្ញុំព្រះអង្គ ដែលជាអ្នកស្មោះចំពោះសាសនាព្រះអង្គ តែពុំមាននិស្ស័យនឹងបានបួស ជាភិក្ខុដូចមនុស្សផងទាំងពួង។ ព្រះពុទ្ធអង្គ ទើបបញ្ញត្តិពាក្យឱ្យហៅបព្វជ្ជាបេក្ខៈនិងឧបសម្បទាបេក្ខៈថា“នាគ” តាមសំណូមពរដែលស្តេចនាគសុំ ។ អាស្រ័យរឿងនេះឯង ទើបមានឈ្មោះ ហៅថា “នាគ-នាគ”រហូតមក ។
ដកស្រង់ចេញពីសៀវភៅប្រពៃណី ទំនៀមទំលាប់ខ្មែរ
Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s