ប្រវត្តិការចោះត្រចៀកកូនស្រី

 
                តាមទំនៀមពីបុរាណកាលមកក្មេងស្រីៗសុទ្ធតែចោះត្រចៀកគ្រប់ៗគ្នាទាំងអស់។ រហូតមកដល់សម័យ បច្ចុប្បន្ននេះ ក៏នៅតែធ្វើចំពោះត្រចៀកដែរ គឺគេចោះត្រចៀកទុកសំរាប់ពាក់គ្រឿងអលង្កាផ្សេងៗ មាន កាវ កបិត ទំហូ ជាដើម ។ ឯក្មេងប្រុសៗមិនមានចោះត្រចៀកទេ ។ រឿងនេះខ្ញុំបានដឹងពីសំណាក់ដូនចាស់ម្នាក់ ឈ្មោះ មាស នៅភូមិពោធិដូតអស់ គាត់បានស្លាប់ប្រហែល ១៨ឆ្នាំហើយ ។ ដើមឡើយខ្ញុំសួរគាត់ថា “យាយ ! ហេតុដូចមេចក៏ប្រហោងត្រចៀកយាយធំម្លេះ? តើយាយពាក់កាវ ប៉ុន្មានទៅ? ” យាយមាសឆ្លើយតបវិញថា “ចៅឯងមិនទាន់ដឹងទេ ចាស់ៗជំនាន់យាយ គេមិនសូវពាក់កាវទេ គឺគេពាក់តែត្រសាល់ ឯត្រសាល់នោះ បើអ្នក មានទ្រព្យសម្បត្តិច្រើនគេធ្វើដោយមាសប្រាក់ ឬភ្លុក។ ឯអក្នក្រសម្បត្តិទ្រព្យគេធ្វើដោយឈើពាក់សោះតែទំនេរ ត្រចៀកណា៎ចៅ!។ អាស្រ័យការពាក់ ត្រសាល់នេះ ទើបបានជាត្រចៀកយាយយារធ្លាក់ចុះ ហើយមានប្រហោងធំ ដូច្នេះឯង។ ត្រសាល់នេះរាងប៉ុនមេដៃ មានសណ្ឋានប្រហែលនិងត្រសាល់អំបោះសព្វថ្ងៃនេះដែរ តែល្អជាង ព្រោះ មានឆ្លាក់ក្បូរក្បាច់នៅត្រង់កញ្ចាំង (មុខ) ។ ព្រោះហេតុតែមានរាងរៅដូចគ្នានិងត្រសាល់អំបោះ ទើបគេហៅ វាថា “ត្រសាល់” ដែរ។ តែក្មេងស្រីៗជំនាន់ដើម គេពាក់គ្រឿងអលង្កាម៉្យាងហៅថា “កន្ទួត” ។ កន្ទួតមាន កញ្ចាំងដូចជា “កាវទងត្រង់” សព្វថ្ងៃនេះដែរ តែឥតមានត្បូងទេ។ នៅត្រង់កន្លែងដាក់ត្បូង គេធ្វើរាងដូចផ្លែកន្ទួត ហើយធ្វើក្រវិលមូលមួយសំរាប់ដោតក្នុងរន្ធត្រចៀកចោះ ។ កន្ទួតនោះគេធ្វើដោយមាស ឬទង់ហ៊្វា ។ ទំនៀម ចោះត្រចៀកនេះ មានរឿងព្រេងមួយដំណាលថា ៖ កាលពីកន្លងទៅយូរយារណាស់មកហើយ មានកុដុម្ពីក៏ម្នាក់ ជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ មានខ្ញុំកំដរស្រីប្រុសជាច្រើន មានមាសប្រាក់កែវកងពិទូរ្យសូរ្យកាន សព្វបែប យ៉ាង ។ កុដុម្ពីក៏នោះក៏មានចិត្តក្បត់ និងភរិយារបស់ខ្លួន ហើយទៅសហាយស្មន់និងខ្ញុំបំរើស្រីម្នាក់។
 
លុះយូរទៅ ប្រពន្ធដើមដឹងរឿង តែមិនដឹងធ្វើម៉េចនិងធ្វើបាបខ្ញុំបំរើស្រីនោះបាន។ ថ្ងៃមួយកុដុម្ពីក៏ មានដំណើរទៅស្រុកក្រៅ ពេញមួយថ្ងៃ ប្រពន្ធដើមបានឱកាសក៏នាំទាសីដទៃទៀតរបស់ខ្លួន ទៅចាប់នាងស្រីជាសហាយរបស់ប្តីនោះ មកធ្វើបាប វាយដំច្រំធាក់ និងជេរបញ្ចោរច្រាសឆ្អេះយ៉ាងអស្ចារ្យ រួចយកដែកគោលមកបោះត្រង់ចុងស្លឹកត្រចៀក ទាំងពីររបស់នាងនោះ ហើយទុកចោលនៅលើផ្ទះនោះទៅ ។ លុះវេលាល្ងាច កុដុម្ពីក៏ ត្រលប់មកពីស្រុកក្រៅវិញ ឃើញដូច្នេះក៏សួរទៅនាងសហាយនោះថា “យ៉ាងម៉េច! បានជាគេយកដែកគោលបោះស្លឹកត្រចៀកដូច្នេះ?” ។ នាងក៏ឆ្លើយប្រាប់តាមដំណើរសព្វគ្រប់ ។ ប្តីក៏ដកដែក គោលចេញរកថ្នាំលាបស្រួលបួលហើយ ឱ្យទៅនៅផ្ទះមួយ ឆ្ងាយពីគ្នា ។ ចាប់តាំងពីថ្ងៃនោះមក នាងសហាយនោះមានសេចក្តីអៀនខ្មាស់គេជាច្រើន ព្រោះត្រចៀកខ្លួនមាន ស្នាមប្រហោង។ នាងចេះតែនិយាយនិងប្តីថា ឱ្យជួយធ្វើយ៉ាងណាដើម្បីឱ្យបាត់ស្នាមប្រហោងត្រចៀកនាង។ កុដុម្ពីក៏ធានារាប់រងថា នឹងរកមធ្យោបាយធ្វើឱ្យបាត់ស្នាម ហើយឱ្យបានល្អទៀតផង ។ នៅយប់មួយ កុដុម្ពី ក៏ដេកសញ្ជឹងគិតឃើញថា បើអញយកមាសទៅឱ្យជាងរចនាធ្វើជារបស់អ្វីមួយមានរបៀបដូចដែកគោល ហើយ យកមកឱ្យនាងពាក់បិទត្រង់រន្ធស្នាមនោះ ប្រហែលនិងបនាល្អ ។ លុះគិតហើយ ទើបកុដុម្ពីក៏ចាត់ឱ្យជាងធ្វើបានដូច បំណង ដោយបង្គាប់ឱ្យធ្វើមានកញ្ចាំងដាំត្បូងពេជ្រ រំលេចដោយក្បាច់រចនាផ្សេងៗ យ៉ាងល្អវិចិត្រគួរឱ្យចង់បាន ។ នាងសហាយក្រោយដែលបានពាក់ដែកគោលមាសដាំត្បូងពេជ្រ ក៏ឃើញមាន លម្អប្លែក នាំឱ្យនាងមានចិត្តរីករាយ យ៉ាងក្រៃលែង ។ លុះថ្ងៃក្រោយមក នាងប្រពន្ធដើមបានឃើញត្រចៀកនាងសហាយដែលខ្លួនបោះដែកគោលនោះ មានពន្លឺភ្លឺផ្លេកៗគួរឱ្យស្រលាញ់ក៏សួរនាងនោះថា “នាងបានអ្វីមកពាក់នៅត្រចៀកនោះក៏ល្អម្លេះ?”។ នាងសហាយ ឆ្លើយថា “ខ្ញុំពាក់ដែកគោលដាំត្បូងពេជ្រ ជំនួសដែកគោលដែលអ្នកបានបោះកាលពីថ្ងៃមុននោះ” ។ នាងប្រពន្ធ ដើមបានដឹងហើយ ក៏រកមធ្យោបាយចោះត្រចៀកខ្លួន ហើយឱ្យជាងធ្វើដែកគោលដាំត្បូងពេជ្រពាក់ ដូចនាងប្រពន្ធ ចុងដែរ ។
 
ចាប់តាំងពីសម័យនោះមក ស្រីៗឯទៀតក៏នាំគ្នាចោះត្រចៀកកូនស្រី តាំងពីនៅក្មេងតូចៗទុកសំរាប់ ពាក់គ្រឿងអលង្កាផ្សេងៗ ជាប់រហូតមកដល់សព្វថ្ងៃនេះ ។
Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s