រឿង អ្នកតា ពុំ-សែន

នៅភូមិសូសែន សង្កាត់សូសែន ស្រុកព្រៃឈរ កំពង់ចាម មានអ្នកតាមួយគេហៅថាអ្នកតា “ពុំ-សែន” មាន រឿងរ៉ាវទាក់ទងនឹងអ្នកតានោះដូចតទៅៈ ប្រមាណជាក្នុង ព .ស ២៣៨៤ មានយាយតា២នាក់ប្តីប្រពន្ធឈ្មោះ “តាពុំ យាយសែន ” គាត់នៅស្រុកសំរោង ខែត្រជាមួយគ្នា ទាំងពីរនាក់បបួលគ្នាទៅរកភូមិថ្មីមួយនៅភូមិគុកគុហា (បើហៅ តាមអ្នកស្រុកថា ភូមិបន្ទាយ) គាត់បានបោះគោលជាចារឹកវាតទីភូមិប្រមាណជាពីរហិកតា៤ជ្រុងស្មើ ហើយបានសង់ផ្ទះ មួយខ្នងតូច ដោយគ្រឿង ឈើប្រក់ស្លឹក មានលើកដីចាក់ព័ទ្ធជុំវិញជាទំនប់ទឹក ដាំដំណាំផ្សេងៗមានចេក ខ្នុរ ជាដើម ។
 
នៅខាងកើតភូមិ គាត់ចម្ងាយប្រមាណ២០០ម. មានដើមពោធិ៍១ដើម ដុះនៅលើដីទួលមួយខ្ពស់ ដែលមានព្រៃដុះព័ទ្ធ ជុំវិញ នៅពេលយប់គេតែងឃើញមានភ្លើងហោះចេញពីដើមពោធិ៍នោះជានិច្ចរាល់ថ្ងៃ ។ យាយសែនមានសេចក្តីសង្ស័យ ទើបប្រើតាពុំ ជាប្តីឱ្យទៅមើលត្រង់ដើមពោធិ៍នោះ បានប្រទះឃើញរូបចម្លាក់មួយ សាងដោយថ្ម សណ្ឋានជាមនុស្ស ឈរផ្អែកនឹងគល់ពោធិ៍ គាត់ពិនិត្យសព្វគ្រប់ទៅឃើញដូចជាព្រះពុទ្ធរូប ហើយមានពណ៌សប្រផេះ ដូចជាថ្មថ្លើមអណ្តើក ទំហំ ៤ដ.ម កំពស់ប្រមាណ១ម៉ែត្រកន្លះ ឥតមានឆ្លាក់ក្បាច់អ្វីទេ ។ តាពុំបានឃើញដូច្នោះ ក៏ដើរនិយាយប្រាប់អ្នកផង គ្រប់គ្នាឱ្យជួយពិចារណាមើល តើជារូបអ្វី? នរណាយកមកចោលនៅក្រោមដើមពោធិ៍នេះ ? ឬក៏អ្នកណាសាងទុកពី កាលណា? កាលអ្នកស្រុកភូមិបានដឹងគ្រប់គ្នាហើយ មានសេចក្តីសង្ស័យគ្រប់គ្នា ក៏បបួលគ្នាធ្វើបុណ្យអស់ ១យប់១ថ្ងៃ ដោយនិមន្តព្រះសង្ឃចម្រើនព្រះបវិត្ត ទេសនាឆាន់បង្ហើយកិច្ច ។ ចប់ពិធីបុណ្យគេនាំគ្នាយកអំបោះចងរូបនោះ ហើយ អន្ទងលើកឡើង ដុសខាត់ទៅ ឃើញរូបភាពជាស្រី មានផ្នួងសក់ចំកណ្តាលសិរសាខាងលើ នៅលើថ្ងាសមានជរទ្រជើង សក់លែងខ្លួនទទេត្រឹមចង្កេះ ឯសំពត់ស្លៀកសំឡុយ ដៃទាំងសងខាងដាក់ផ្អោបនឹងដង ខ្លួនពីត្រឹមកែងដៃបត់មកខាង មុខ ហើយដៃស្តាំក្តាប់ផ្កាប់មុខចុះក្រោម ដៃឆ្វេងក្តាប់ផ្ងារឡើងលើ (ឥឡូវនេះគេវាយ រូបនោះបំបាក់ក យកក្បាលទៅ ចោលឯណាបាត់ទៅហើយ ពិនិត្យមើលទៅមិនដឹងរូបបែបណាឡើយ) ហើយរូបនោះ តាំងតែពីគេវាយបំបាក់ក យក ក្បាលចោលបាត់ទៅនោះ អ្នកស្រុកភូមិជិតខាងចេះតែពុំសូវបានសុខសប្បាយ បន្តិចឈឺមនុស្ស បន្តិចឈឺសត្វពាហនៈ អ្នកស្រុកភិតភ័យជាខ្លាំង អ្នកខ្លះនឹកស្មានថា រូបនោះធ្វើឱ្យឈឺ ក៏យកស្លាធម៌១គូ បាយសក្រហម បង្អែមពីរបីមុខ យកទៅថ្វាយរូបភាពនោះ ហើយអុជទៀនធូបនិយាយបន់ស្រន់ថាសុំឱ្យកូនចៅ បានជាសះស្បើយ គោក្របីក៏ឱ្យបានជា សះស្បើយទៅ នឹងធ្វើរោងប្រក់ក្បឿងថ្វាយ ហើយលើករូបនេះដាក់លើរោងឱ្យផុតពីដី។
 
កាលបន់ស្រន់រួចត្រឡប់មក ផ្ទះវិញ ជម្ងឺទាំងប៉ុន្មានក៏បានស្រាកស្រាន្តដូចប្រាថ្នា រួចក៏ទៅធ្វើរោងតាមបំណន់ដែលខ្លួនបានបន់នោះ មានរៀបស្លាធម៌ ១គូ ទឹកអប់១គូ ផ្កា១គូ ទៀន៥ ធូប៥ ៘ និយាយពីយាយសែន ប្រពន្ធតាពុំ ដល់មានទីលំនៅក្បែរខ្ទមរូបនោះ យាយសែនមានជម្ងឺហើមអស់ទាំងខ្លូន ចំនួនជាង១ឆ្នាំមកហើយ រកគ្រូមើលពុំជាសោះ បានឮអ្នកស្រុកជិតខាងនាំគ្នា ឈូឆរមកបន់ស្រន់ គោរពបូជារូបនោះ យ៉ាងគគ្រឹកគគ្រេងដូច្នោះ គាត់ក៏ប្រើប្តីគាត់ឱ្យទៅសុំទឹកអប់ពីរូបនោះមកល្បង មើល ។ លុះប្តីយកទឹកអប់បានមកហើយ គាត់ក៏សួរប្តីថា ទឹកអប់នេះនឹងធ្វើដូចម្តេចខ្លះ ប្តីប្រាប់ថាលោកតាឱ្យផឹកផងឱ្យ លាបខ្លួនប្រាណផង ។ ចាប់តាំងពីថ្ងៃដែលគាត់បានព្យាបាលរោគដោយទឹកអប់នោះមក រោគក៏កាន់តែស្រាកស្រាន្តបាន ស្រួលបន្តិចម្តងៗ ត្រឹមតែ៨ថ្ងៃប៉ុណ្ណោះក៏បានជាសះស្បើយ ហើយឱ្យប្តីនាំគាត់ទៅខ្ទមអ្នកតា ទៅដល់ហើយគាត់ថ្វាយ បង្គំរូបនោះ ក៏ស្រាប់តែគាត់ក្រញែងខ្លួនដូចជារូបអារក្សដែលខ្មោចកំពុងចូល ស្រែកច្រៀងជាបទភ្លេងទសបារមី នាំតាដើរ ប្រទក្សិណរូបនោះ រួចនិយាយថា ៖ អ្នកឯងមិនស្គាល់យាយទេឬ ? ប្តីឆ្លើយថា ៖ មិនស្គាល់លោកយាយទេ ចុះលោកយាយឈ្មោះអ្វីទៅ ? ហេតុម្តេចបានជាមកនៅក្រោមដើមពោធិ៍នេះ? តើអ្នកណាយករូបមកទុកដូច្នេះ? យាយសែនខ្មោចចូលក៏ប្រាប់វិញថា ៖“យើងនេះឈ្មោះទេពធីតារក្សាមនុស្សលោក ដែលថាអ្នកណាយកមកនៅក្រោម ដើមពោធិ៍នេះ យើងឥតដឹងទេ ព្រោះយើងតែងតែចុះមកជួយស្រោចស្រង់មនុស្សលោកជានិច្ច មិនមែនស្ថិតនៅក្រោម ដើមពោធិ៍នេះទេ ឥឡូវដែលយើងមកចួលរូបយាយសែននេះ ក៏ដើម្បីជួយស្រោចស្រង់សង្គ្រោះមនុស្សក្នុងស្រុកនេះឱ្យ បានសុខសប្បាយទាំងអស់គ្នា បើអ្នកឯងចង់បានឱ្យភូមិនេះថ្កុំថ្កើងរុងរឿង នោះត្រូវធ្វើតាមបង្កាប់យើងដូចតទៅនេះ ៖”របៀបៈ កាលបើយាយសែន ថ្លែងប្រាប់រួចហើយ តាពុំក៏ធ្វើតាមបង្គាប់គឺ ៖ ឱ្យធ្វើស្លាធម៌១គូ ទឹកអប់១គូ បាយសី១គូ លាជ បារី ផ្កា១គូៗ ទៀន៥ ធូប៥ ធ្វើរួចហើយឱ្យលេងភ្លេងខ្មែរ បញ្ជាន់រូបយាយសែន ថែមទៀត ។
 
អំពីវិធីបន់ស្រន់ ៖ ការបន់ស្រន់តាំងពីរដើមរៀងៗមកយ៉ាងណា ឥឡូវនេះក៏នៅមានដូច្នោះដែរគឺថា ៖ កាលបើ មានជម្ងឺអ្វីកើតឡើងក្តី ឬគេប្រាថ្នាអ្វីក្តី ដូចជាប្រាថ្នាឱ្យធ្វើស្រែចម្ការបានផលល្អជាដើម គេតែងទៅបន់ស្រន់សុំទឹកអប់ហើយបួងសួងតាម បំណងដែលគេប្រាថ្នា ។ អំពីសែនថ្វាយ ៖ គ្រឿងតង្វាយនោះគឺលេងភ្លេង និងកាច់ផ្កាថ្វាយ។ សព្វថ្ងៃនេះ គេច្រើនថ្វាយ មាន់ប្រជល់១គួ ជួនណាគេបន់ធ្វើបុណ្យថ្វាយ លុះដល់យាយសែននោះស្លាប់ទៅ ក៏ចូលរូបដទៃជាច្រើនតំណរហូតមក ដល់សព្វថ្ងៃនេះ តែទោះបីចូលរូបយាយណាក៏ដោយ ក៏គេហៅថាយាយសែនៗ តាមឈ្មោះយាយដែលចូលរូបពីដើម ដំបូងនោះដែរ ។ អំពីបន់លេងភ្លេង ៖ ពិធីបញ្ជាន់រូបយាយសែននោះ បានរបៀបបន់ស្រន់ែសនថ្វាយ ដូចរៀបខាងលើ សព្វគ្រប់អស់ហើយ ឯភ្លេងតែមួយ គឺភ្លេងទសបារមីមានទំនុកច្រៀងថា ៖ សូមថ្វាយបង្គំ សម្តេចបារមី មានរិទ្ធិក្រាស ក្រៃ អំណាចជាក់ស្តែង ។ មិនដឹងទេឬ ? ឈ្មោះទេពធីតា ចុះមករក្សាមនុស្សលោកសព្វថ្ងៃ ។ អញ្ជើញគ្រូតូច អញ្ជើញ គ្រូធំ ស្ថិតនៅលើកំពូលភ្នំ ចុះមកស្ថានអាយ ។ នាងស្រីសែនស្រណោះ អណ្តាតជាងភ្លើង គ្រលួចឆេះឡើង ចង្ក្រានបិសាច ។
 
រឿងរ៉ាវទាំងនេះ គេបាននិយាយតៗគ្នាមកជាយូរអង្វែងឆ្នាំហើយ លោកគ្រូម៉ៅ រឹត វត្តសូសែន សង្កាត់សូសែន ស្រុកព្រៃឈរ ខែត្រកំពង់ចាម ជាអ្នកដឹងរឿងទាំងនេះ ។
Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s