រឿងព្រេងភ្នំស្រីវិបុលកេរ្តិ៍

 
                ភ្នំស្រីវិបុលកេរ្តិ៍ជាឈ្មោះភ្នំតូចមួយរាងពងក្រពើ មានកំពស់ប្រមាណជា៣០ប្លាយម៉ែត្រ។ សព្វថ្ងៃភ្នំនេះស្ថិតនៅ ក្នុងឃុំបល្ល័ង្គ ស្រុកសូត្រនិគម ខេត្តសៀមរាប។ នៅជើងភ្នំមានវត្តមួយអ្នកស្រុកហៅថា “វត្តត្រាច” អ្នកខ្លះហៅរួចទាំង ភ្នំផងថា “ភ្នំវត្តត្រាច ឬ ភ្នំត្រាច” ក៏មានដោយសន្មត់តាមទីកន្លែងនេះ មានដុះដើមត្រាចច្រើន ។ ដំណើរទៅកាន់ភ្នំនេះ ត្រូវទៅកាន់ភ្នំនេះ ត្រូវទៅតាមផ្លូវជាតិលេខ៦ ពីភ្នំពេញឆ្ពោះទៅសៀមរាប ហើយបែកចូលត្រង់ភូមិរលួស ដែលមាន ផ្សារមួយបត់ចូលទៅខាងឆ្វេងដៃ សរសៀរតាមផ្លូវមុខសាលាស្រុកសូត្រនិគម ។ ចំងាយប្រមាណជា៧គីឡូម៉ែត្រ នៅ ទិសខាងជើងនៃសាលាស្រុក ក៏និងបានដល់ទីនោះ ។ ឯផ្លូវលំនេះសោត មានសភាពស្អាតស្អំ រថយន្តគ្រប់ធន់អាចចេញ ចូលបានគ្រប់រដូវ ។ កាលបើគេទៅដល់ភ្នំនេះហើយជាបឋម គេប្រទះឃើញវត្តមួយមានរៀងសមរម្យ នៅកណ្តាល ធម្មជាតិយ៉ាងស្រស់។
 
តាមពត៌មានពីអ្នកស្រុកនិយាយថា វត្តនេះពីដើមនៅលើកំពូលភ្នំឯងណោះទេ ប៉ុន្តែដោយហេតុ មាននិមិត្តអាក្រក់ ព្រះសង្ឃចេះតែមានជំងឺ លោកគ្រូចៅអធិការចេះតែអារឹស។  ដូច្នេះហើយបានជាគេរុះរើកុដិសាលា យកមកសង់នៅជើងភ្នំវិញ កាលពីរវាង៤០ឆ្នាំមុននេះ ទុកតែព្រះវិហារមួយនៅលើកំពូលភ្នំរហូតមក មានតែជណ្តើរ ពីរទេស្រួល ឡើងទៅកាន់កំពូលភ្នំគឺជណ្តើរខាងលិច និងខាងជើង ។ នៅក្បាលជណ្តើរខាងលិចមាន ខ្លោងទ្វារថ្មបែប រចនាខ្មែរបុរាណ ហើយមានចម្លាក់រូបផ្សេងៗនៅជាប់នឹងថ្មនោះផង ជាពិសេសគឺនៅនឹងផ្តែរ។ បណ្តារូបចម្លាក់ទាំងនោះ មានរូបមួយ ទាក់ទងនិងរឿងព្រេងប្រចាំភ្នំនេះ គឺរូបមនុស្សប្រុស ដេកទ្រមឈូស ដែលយើងនឹងអធិប្បាយរឿងជា ហូរហែរទៅខាងមុខ ។ នៅពីមុខព្រះវិហារមានរៀងប្រាសាទបាក់បែក ដែលមានគង់នៅជាប្រាង្គតូចមួយ ជាមួយគំនរ ថ្មដែលធ្លាក់ប្រគីង ប្រគងគ្នារុះរាយនៅជុំវិញនោះ។ នៅក្នុងប្រាង្គសិលានេះ គេមានឃើញមានតំកល់សិវលឹង្គ និង យោនីឧមាភកវតី ដែលឥឡូវនេះមានធូរលីឡោមព័ទ្ធ ដោយសារគ្មាននរណាគោរពបូជា ដូចកាលពីជំនាន់ដើមឡើយ ។
ជិតប្រាង្គសិលានេះទៀត មានចេតិយចាស់ៗជាច្រើន ទំនងជាសាងឡើង រាប់រយឆ្នាំមកហើយដែរ តែពុំមែនស្រករ គ្នានិងប្រាង្គសិលាទេ គឺក្រោយមកជាច្រើនសតវត្ស ព្រោះបែបរចនារបស់ខ្មែរជំនាន់ក្រុងឧត្តុង្គ ក្រុងលង្វែកប៉ុណ្ណោះ។
តាមអ្នកស្រុកឱ្យពត៌មានបន្ថែមថា ពីដើមនៅចំពីមុខព្រះវិហារមានរូបថ្មមួយធំ ជារូបមនុស្សស្រី ដេកអាក្រាតខ្លួន អ្នកស្រុកសន្មត់ហៅរូបនាងសន្ធមា ដែលមានឬទ្ធិខ្លាំងក្លាណាស់ ។ ចាស់ៗតំណាលថា បើនរណាមួយដើរទៅមក កាត់មុខនេះ ហើយមិនបានគោរពបូជាទេ រូបនេះនឹងធ្វើឱ្យចុកពោះ ឈឺថ្កាត់ផ្សេងៗមួយរំពេច។ ហេតុនេះហើយ បានជាមកដល់សម័យលោកគ្រូចៅអធិការ ព្រះនាមសៅ (ជាង៤០ឆ្នាំហើយ) លោកឱ្យគេគាស់រំលើងយករូបនេះ ទៅបោះចោលនៅឯក្នុងព្រៃខាងកើតព្រះវិហារ ចំងាយប្រមាណជា៥០០ម៉ែត្រ ។ ចាប់តាំងពីនោះមក រូបនេះក៏លែង បានរុកកួនដល់អ្នកស្រុកភូមិទៀតទៅ តែអ្នកស្រុកមិនដែលហ៊ានទៅចូលក្នុងព្រៃ ចំកន្លែងថ្មចោលឡើយ ។ ដូចនេះ ព្រៃម្តុំនោះក៏ក្លាយជាព្រៃរហោឋានរហូតមក ។ ឥឡូវយើងងាកបែរទៅអធិប្បាយអំពីរឿងព្រេងម្តង ។
 
រឿងព្រេង នេះយើងស្រង់យកតាមសេចក្តីឱ្យការ របស់លោក គុយ ហួត នៅស្រុកសូត្រនិគម សៀមរាប ដោយផ្សំជាមួយការ ចងចាំនៃអ្នកស្រុកខ្លះទៀតដែលយើងបានស៊ើបសួរផ្ទាល់ មានសេចក្តីដំណាលថាៈ ព្រះមហាក្សត្រមួយព្រះអង្គ ព្រះនាម ព្រះបាទយសកេរ្តិ៍ គ្រងរាជនៅដែនសឹមល្ពី មានអគ្គមហេសីព្រះនាមសុវណ្ណមាលា។ ព្រះអង្គមានព្រះទ័យប្រកបដោយ ធម៌ល្អណាស់ ។ ថ្ងៃមួយមានក្សត្រប្រទេសជិតខាងមួយព្រះអង្គ ព្រះនាមភូមោវិលោរាជា មានក្តីលោភលន់ចង់ពង្រីក អាណាចក្រ ក៏លើករេហ៍ពលមកប្រាថ្នាវាយដណ្តើមយកទ្រព្យសម្បត្តិ ក្រុងសឹម្ពលីនេះ ។ ព្រះរាជាដែនសឹម្ពលី ទ្រង់ ជ្រាបហើយក៏នាំព្រះមហេសី ដែលកំពង់មានគត៌ផង ភៀសព្រះអង្គចេញពីព្រះរាជវាំងទៅគង់នៅព្រៃឆ្ងាយ ទុករាជ សម្បត្តិថ្វាយទៅព្រះបាទភូមោវិលោរាជាចុះ ។ សេចក្តីសំរេចដូច្នេះ មកពីព្រះអង្គទ្រង់ឆ្វេងយល់ថា បើទ្រង់គង់នៅ តបតសង្គ្រាម នឹងបណ្តាលឱ្យស្លាប់អ្នកស្រុកច្រើនអនេកមិនខាន ហេតុនេះទ្រង់ភៀសចេញតែព្រះអង្គឯង និងព្រះរាជ ពនិតាទៅទុកឱ្យរាស្ត្រប្រជាសុខសាន្តត្រាណ ។ ដូច្នេះព្រះបាទភូមោវិលោរាជា ក៏គ្រប់គ្រងរាជសម្បត្តិលើដែនសឹម្ពលី នេះទៅ ។ ចំណែកព្រះបាទយសកេរ្តិ៍ និងព្រះអគ្គមហេសី ទ្រង់យាងភៀសព្រះអង្គទៅក្នុងព្រៃត្រង់តំបន់ភ្នំតូចមួយ (គឺភ្នំស្រី វិបុលកេរនេះឯង )។ ប៉ុន្តែមិនបានស្រុកសាន្តត្រាណឡើយ ពពួករេហ៍ពលព្រះបាទភូមោវិលោរាជា គេតាម មកចាប់ព្រះអង្គបាន នៅពេលដែលទ្រង់យាងរកផ្លែឈើ មើមឈើ ធ្វើព្រះស្ងើយ ។ គេនាំយកព្រះអង្គទៅបង្ខាំងទុក ឯកក្នុងប្រទេសខ្លាចក្រែងព្រះអង្គទៅបង្កបានបក្សពួក វាយដណ្តើមយករាជវិញ ពេលនោះព្រះអគ្គមហេសីក៏ទ្រង់នៅ ត្រមោចត្រមង់មួយព្រះអង្គឯង ណាមួយទ្រង់ពរផ្ទៃជិតគ្រប់ខែហើយផង។ មិនយូរប៉ុន្មានព្រះនាងក៏ប្រសូត្រព្រះ រាជបុត្រនៅកណ្តាលព្រៃបានព្រះរាជបុត្រមួយមានព្រះភក្ត្រស្រស់បស់ ព្រះរូបឆោមសមរម្យ ដូចព្រះបិតា ដោយសារ ព្រះរូបឆោមល្អឆើតនេះ ព្រះនាងក៏ថ្វាយព្រះនាម រាជឱរសនេះថា ស្រីវិបុលកេរ។
 
ចំណេរតមក ព្រះជន្ម ប្រមាណ១៥-១៦ឆ្នាំ ព្រះរាជកុមារតែងតែសាកសួររកជារឿយៗរកព្រះបិតា ។ ព្រះវរាជមាតា ក៏និទានរឿងរបស់ខ្លួនឱ្យព្រះរាជ បុត្របានជ្រាបសព្វគ្រប់។ កាលបើទ្រង់ជ្រាបថា វរបិតាទ្រង់គង់ព្រះជន្មនៅឡើយ ហើយកំពង់តែជាប់ក្តីនៅក្នុងកណ្តាប់ ដៃសត្រូវដូច្នេះ ព្រះរាជកុមារក៏សុំលាព្រះមាតា ទៅតាមរកមួយរំពេច។ ប៉ុន្តែព្រះនាងទ្រង់ ឃាត់យ៉ាងម៉ឺងមាត់ ព្រោះខ្លាចរាជបុត្រមានគ្រោះថ្នាក់ដល់អាយុជីវិតទៀត ។ ទោះបីព្រះមាតាឃាត់យ៉ាងណា ក៏ព្រះរាជកុមារនៅតែទទូច លុះត្រាតែព្រះមាតាព្រមបើកឱ្យទៅ ដោយប្រគល់នូវព្រះពស្ត្រ សំរាប់រាជ្យដែលមាន ជាប់មកនិងព្រះអង្គឱ្យទៅ ព្រះរាជបុត្រ ដើម្បីសំរាប់បង្ហាញជាបន្ទាល់ឱ្យស្តេចបិតាទ្រង់ជឿថា នេះពិតជារាជបុត្រហើយ។ ព្រះនាងផ្តាំបន្ថែមទៀត ថា “ចូរកូនទៅកុំយូរឱ្យហួសពី៧ថ្ងៃ បើកំណត់៧ថ្ងៃហើយកូនមិនឃើញមកវិញទេ ម្តាយនឹងបែកទ្រូងស្លាប់មិនខាន” ។
ព្រះរាជកុមារថ្វាយបង្គំលាព្រះមាតារួចស្រេច ក៏ម្នីម្នាតំរង់ទៅដែនពារាណសី ដែលជាទីឃុំឃាំងព្រះបិតាព្រះអង្គ ។ ជួនជាពេលនោះព្រះបាទភូមោវិលោរាជា ចាត់ឱ្យពេជ្ឈឃាតនាំយកព្រះបាទយសកេរ្តិ៍ ទៅសំលាប់នៅកណ្តាលព្រះលាន ឃើញដូចនោះព្រះរាជកុមារស្ទុះចូលទៅជិតពួកពេជ្ឈឃាត ហើយសុំឃាត់ថា “សូមអ្នកលែងព្រះវរបិតា នេះចុះហើយ សំលាប់ខ្ញុំជំនួសវិញ ខ្លួនខ្ញុំជាកូន សូមធានាទទួលទោស ទាំងអស់នេះ” ។ ពេជ្ឈឃាតទាំងអស់ ក៏ស្រឡាំងកាំងគ្រប់គ្នា ផ្អាកលែងប្រហារអ្នកទោសនេះសិន ហើយជំនុំគ្នា នាំសេចក្តីទៅក្រាបទូលបង្គំព្រះរាជា សុំសេចក្តីអនុញ្ញាតិ តើព្រះអង្គ នឹងឆ្វេងយល់យ៉ាងណា ។ កាលណោះព្រះរាជាក៏ទ្រង់អនុញ្ញាតិឱ្យធ្វើឃាតបុត្រាជំនួសចុះ ។ ពេជ្ឈឃាតក៏ដោះលែង ព្រះបាទយសកេរ្តិ៍ឱ្យរួចខ្លួនទៅ ហើយដាក់ក្តីកុមារស្រីវិបុលកេរ្តិ៍ជំនួសវិញ ប៉ុន្តែពេលនោះជាការអស្ចារ្យណាស់ ដាវរបស់ ពេជ្ឈឃាតប្រែជាទន់ដូចសំឡី ឥតមានគ្រោះថ្នាក់អ្វីដល់ព្រះអង្គឡើយ ។ ដោយសារហេតុចំលែកដូច្នេះ ព្រះបាទភូមោវិ លោរាជាទ្រង់យាងចេញទៅទតហេតុអស្ចារ្យនេះ ដោយផ្ទាល់ព្រះនេត្រ តែជាអកុសលដោយអំពើអាក្រក់ ដែលខ្លួន បានប្រព្រឹត្តិមកពេលនោះព្រះធរណី ក៏ស្រូបយកព្រះរាជាអធម៌នេះបាត់ទៅ។ ប្រជានុរាស្ត្រ ព្រមទាំងនាម៉ឺនសព្វមុខ មន្ត្រីទាំងអស់ កោតស្ញែងអនុភាពឫទ្ធីបារមី នៃព្រះកុមារស្រីវិបុលកេរ្តិ៍គ្រប់ៗគ្នា។ ម៉្លោះហើយអ្នកស្រុកទាំងអស់ក៏មូល មតិគ្នា ថ្វាយរាជសម្បត្តិទៅព្រះរាជកុមារ ព្រះអង្គក៏ទ្រង់យល់ព្រមទទទួល ទើបផ្តើមរៀបចំព្រះរាជពិធីរាជាភិសេក ឡើងក្នុងពេលនោះ។ ប៉ុន្តែនៅក្នុងរាត្រីស្ងាត់ ព្រះរាជកុមារក្រាបទូលព្រះវរាជបិតា អំពីបណ្តាំរបស់ព្រះមាតា ដែលទ្រង់ ផ្តាំថា កុំឱ្យហួស៧ថ្ងៃ ឥឡូវយប់នេះគំរប់ទី៧ហើយ ។ ព្រះបាទយសកេរ្តិ៍និងស្រីវិបុលកេរ្តិ៍ ក៏ទ្រង់យល់ព្រមព្រៀងគ្នា លួចភៀសព្រះអង្គចេញពីវាំង អត់ឱ្យពួកពលមន្ត្រីដឹងដានឡើយ។
 
ចេញផុតពីវាំងហើយ ទ្រង់ខំយាងដោយព្រះបាទា យ៉ាងលឿន កាត់ព្រៃឆ្លងវាល ស្រូតកាត់សំដៅទៅកាន់ទី ដែលព្រះនាងសុវណ្ណមាលាគង់នៅ។ ដោយសារផ្លូវលំបាក ហើយមានចំងាយឆ្ងាយផង ព្រះរាជដំណើរនេះត្រូវប្រព្រឹត្តិ ទៅអស់រយៈ១យប់១ថ្ងៃ ។ ហេតុនេះហើយទំរាំតែទៅដល់ ព្រះនាងដាច់ខ្យល់ផុតហួសទៅហើយ។ ព្រះរាជកុមារ និងព្រះបិតា ទ្រង់រន្ធត់ព្រះទ័យយ៉ាងខ្លាំង ព្រះអង្គក៏រៀបចំបូជា សពព្រះនាងតាមការគួរ តែដោយព្រះកុមារទ្រង់តំរិះថា “ព្រះមាតាសុគតទៅក៏ដោយសារតែព្រះអង្គ ហេតុនេះគួរ តែព្រះអង្គរកវិធីណាសំដែងការប្តូរផ្តាច់ ឱ្យសមនិងទឹក ព្រះទ័យរបស់ព្រះមាតា ដែលធ្ងន់ខ្លាំងបំផុតមកលើព្រះអង្គ” ។ ទ្រង់ព្រះតំរិះដូច្នេះ ទ្រង់ក៏តំកល់ព្រះសពមាតាក្នុងមឈូស  ហើយលើកមឈូសនេះដាក់លើព្រះឱរ៉ា ដោយព្រះអង្គផ្ទុំ ទ្រមឈូសធ្វើជាថ្ករ។ លុះបូជាព្រះសពនេះទៅ ព្រះអង្គក៏ទ្រង់ក្ស័យព្រះជន្មទៅជាមួយដែរ ។ ឯព្រះបិតាទ្រង់យល់ ដូច្នេះក៏ទ្រង់វិតក្កសោយសោកពន់ប្រមាណ តែព្រះអង្គខំទប់ព្រះចិន្តា ត្រលប់មកទទួលគ្រប់គ្រងរាជសម្បត្តិវិញ។ ក្រោយ ដែលគ្រងរាជហើយ ទ្រង់ក៏ចាត់ចែង ធ្វើប្រាង្គសិលាដើម្បីតំកល់ព្រះបរមអដ្ឋិនៃព្រះអគ្គមហេសី និងព្រះរាជបុត្រ។
 
ទីដែលដំកល់ព្រះអដ្ឋិនេះហើយ ដែលគេសន្មត់ថា “ភ្នំស្រីវិបុលកេរ្តិ៍” រហូតមកដល់សព្វថ្ងៃនេះ ។ សេចក្តីអធិប្បាយមក នេះជារឿងព្រេងដែលអ្នក ស្រុកនិទានតគ្នាពីមាត់មួយទៅមាត់មួយ តែបើតាមពិនិត្យអង្កេតរកហេតុផលវិញ យើងពុំ អាចសន្មត់ប្រាកដប្រជា ថាជារឿងត្រូវពិតបានឡើយ ព្រោះធម្មតារឿងនិទានតែងល្អៀង តែងឃ្លៀងឃ្លាតទៅតាមសំដី អ្នកស្រុក តាមជំនឿ អ្នកស្រុកដែលឆ្លងកាត់សតវត្សជាច្រើនមកហើយ។
 
ដក​ស្រង់​ពី​សៀវភៅ​រឿង​ព្រេង​ខ្មែរ
Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s