រឿង ភ្នំប្រុស ភ្នំស្រី

 
                បើយើងធ្វើដំណើរចេញពីក្រុងភ្នំពេញទៅកំពង់ចាម តាមផ្លូវជាតិលេខ៧ ទៅដល់គោលគីឡូម៉ែត្រទី១១៦ ហើយចោលភ្នែកទៅទិសឥសាន ដែលនៅខាងឆ្វេងដៃ ចំងាយពីថ្នល់ជាតិទៅប្រមាណ១គីឡូម៉ែត្រ យើងនិងឃើញ ភ្នំពីរនៅទន្ទឹមគ្នា មួយនៅខាងកើតខ្ពស់ មួយនៅខាងលិចទាប។ ភ្នំខ្ពស់ឈ្មោះភ្នំស្រី ឯភ្នំទាបឈ្មោះភ្នំប្រុស។ រឿង ព្រេងប្រចាំភ្នំនេះមានដូចតទៅៈ កាលពីព្រេងនាយ មានស្តេចស្រីមួយព្រះអង្គព្រះនាម “ស្រីអយុធ្យា” សោយរាជ្យនៅ នគរខ្មែរ ។ ដោយព្រះនាងជាស្តេចសោយរាជ្យ គ្មានបុរសណាមួយហ៊ានដណ្តឹងយកជាភរិយាឡើយ ម៉្លោះហើយព្រះនាង រកដណ្តឹងបុរសដ៏មានរូប ជាទីគាប់ព្រះទ័យមកធ្វើជាព្រះស្វាមីវិញ ហើយដោយហេតុព្រះរាជិនីស្រីអយុធ្យាដណ្តឹងប្រុស ជាព្រះស្វាមីដូច្នោះ ស្រីៗដែលនៅក្រោមព្រះរាជឱវាទ ក៏ដណ្តឹងប្រុសៗធ្វើជាស្វាមីតាមដែរ ។ ក្នុងរជ្ជកាលនោះមុខគួរ ឱ្យវេទនានឹងស្រីខ្លះដែលមានរូបអន់ៗទៅរកដណ្តឹងប្រុសៗ គេនាំគ្នាប្រកែកមិនយក គេរើសតែស្រីៗមានរូបល្អៗ ទើប យកធ្វើជាភរិយា។ ធ្វើដូច្នេះអស់មួយរាជ្យស្តេចស្រីនេះ ។
 
លុះមកដល់រាជ្យស្តេចក្រោយៗទៀត ពួកស្រីៗជំនុំគ្នាថា “ឥឡូវនេះដូចជាមិនសមសោះ ខ្លួនយើងជាស្រីហើយដើរដណ្តឹងប្រុសៗ ធ្វើជាប្តី ដូច្នេះយើងនឹងនាំគ្នាលើកដីចាក់ពូនជាភ្នំ ភ្នាល់ជាមួយនិងពួកប្រុសៗ គឺប្រុសលើកដីធ្វើជាភ្នំមួយ យើងស្រីធ្វើជាភ្នំមួយភ្នាល់គ្នា។ បើប្រុសៗចាញ់យើងត្រូវឱ្យ ប្រុសៗដណ្តឹងយើងជាស្រីវិញ” ។ លុះគិតដូច្នេះហើយ ក៏នាំគ្នាទៅបបួលពួកប្រុសៗធ្វើភ្នំ ចុះខសន្យាភ្នាល់គ្នាដូចពោល មក ហើយគេក៏បានចាត់មេកំណែន កេណ្ឌមនុស្សស្រីឱ្យបានច្រើនខាងប្រុសមានមេកំណែន ខាងប្រុសដើរកេណ្ឌ ខាងស្រី មានមេកំណែនខាងស្រីដើរកេណ្ឌ ។ លុះកេណ្ឌបានគ្នាច្រើន គ្រប់ចំនួនខាងប្រុស-ខាងស្រីរួចហើយ ក៏និយាយនិងគ្នាថា “យើងទាំងអស់ត្រូវជញ្ជូនដីដរាបដល់ផ្កាយព្រឹករះទើបឈប់ទាំងអស់គ្នា បើផ្កាយព្រឹកមិនរះមិនត្រូវឈប់ទេ។ គិតព្រម គ្នា ដូច្នេះហើយក៏នាំគ្នាជញ្ជូនដីរែកទូលតាម ថាមភាពរៀងៗខ្លួនទៅ”។ ពេលនោះជាពេលរាត្រី ពួកស្រីៗមានប្រាជ្ញា ជញ្ជូនដីអស់វេលា៣-៤ម៉ោង ក៏នាំគ្នាបង្ហូតគោមតូចមួយយ៉ាងខ្ពស់ នៅជ្រុងឥសានភ្នំ ពួកប្រុសៗក្រឡេកមើលទៅលើ ឃើញគោមដែលស្រីបង្ហូតនិងឫស្សីមួយដើមនោះ ស្មានថាផ្កាយ ព្រឹករះក៏បបួលគ្នាឈប់ធ្វើការ នាំគ្នានិន្ទ្រាលក់អស់ទៅ គ្មានសល់ម្នាក់ ពួកស្រីៗក៏នាំគ្នាជញ្ជូនដីដរាបដល់ផ្កាយព្រឹករះមែនទែនទើបឈប់។ ដល់មាន់រងាវកឺតប្រុសៗភ្ញាក់ឡើង ឃើញផ្កាយព្រឹករះក៏លាន់មាត់ថា “យើងទាំងអស់គ្នាខុសហើយ ផ្កាយព្រឹកមែនទែនទើបតែនិងរះសោះ” ។ ហើយនាំគ្នា ក្រឡេកមើលទៅភ្នំស្រីមានទំហំខ្ពស់ជាងភ្នំរបស់ខ្លួន ក៏មានសេចក្តីអៀនអន់ក្នុងចិត្តដោយចាញ់កលស្រីៗ ។ តាំងពី កាលនោះមកប្រុសៗក៏ដណ្តឹងស្រីៗធ្វើជាភរិយាដរាបដល់សព្វថ្ងៃនេះ ។
Advertisements

2 Replies to “រឿង ភ្នំប្រុស ភ្នំស្រី”

  1. យ៉េ! មួយនេះស្រួលអានណាស់! តែនៅខ្វះមួយទៀតគឺ Justify (តំរឹមសងខាង)…. ហេហេ!

    Like

    1. ហិហិ! តាមពិត​ខ្ញុំ​ស្រឡាញ់​អក្សរទ្រេត ដូច្នេះហើយបានខ្ញុំរើស​ទម្រង់អក្សរសម្រាប់ “អាស័យដ្ឋាន” ដល់ពេល​ដាក់​អញ្ចឹងទៅ​ ដាក់​justify អត់កើត។ ដូច្នេះជម្រើ​ស​របស់​ខ្ញុំគឺ ដាក់​អក្សរទ្រេត ហើយ​ចោល តម្រឹមសងខាង ទាំងអាល័យ។ ធ្វើម៉េចបើ​គេអត់ឲ្យដាក់ទាំងពីរអញ្ចឹង! អរគុណច្រើន!

      Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s