រឿង ប្រាសាទតាព្រហ្ម

 
                បើយើងធ្វើដំណើរចេញពីក្រុងភ្នំពេញទៅតាមផ្លូវជាតិលេខ២ ចម្ងាយ៣២គ.ម ទៅដល់អូររូង ក្នុងស្រុកបាទី ខេត្តតាកែវ បត់ទៅខាងលិចចម្ងាយ២គ.ម ក្នុងឃុំក្រាំងធ្នង់ ស្រុកនិងខេត្តដដែល នឹងបានឃើញទន្លេបុរាណមួយមាន មណ្ឌលរាងទ្រវែងបណ្តោយថ្ងៃ មានទឹកល្ហល្ហាច ខួបប្រាំង ខួបវស្សា ហៅថា “ទន្លេបាទី”។ ក្បែរឆ្នេរខាងនៃទន្លេនោះ មានប្រាសាទពីរ ហៅប្រាសាទតាព្រហ្មមួយ ប្រាសាទយាយពៅមួយ ។ រឿងព្រេងទាក់ទងដើមកំណើតនៃប្រាសាទនោះ មានដំណាលដូចតទៅនេះ កាលស្តេចព្រះនាមព្រះកេតុមាលាសោយរាជនៅមហានគរ ជាស្តេចមានបុណ្យអស្ចារ្យណាស់។ វេលាមួយ ស្តេចទ្រង់អផ្សុកក្នុងព្រះរាជហឫទ័យ គង់នៅក្នុងប្រាសាទពុំបាន ទ្រង់យាងកំសាន្តព្រះរាជហឫទ័យជាមួយ រេហ៍ពល ដោយផ្លូវនាវាតាមឆ្នេរសមុទ្រត្រើយខាងត្បូង ។ លុះយាងទៅដល់ទន្លេបាទី ទ្រង់ចតព្រះទីនាំងនាវា នៅ ត្រើយនោះដោយសោមនស្ស ហើយទ្រង់បោះព្រះពន្លាជ័យសំរាកព្រះអង្គនៅក្នុងទីនោះ ។ ពេលនោះអ្នកស្រុកប្រុសស្រី ទាំងអស់បានឮដំណឹងថា ស្តេចយាងពីនគរវត្តមក ដោយមិនដែលស្គាល់ស្តេចនោះសោះ ក៏នាំគ្នាជាច្រើនអ៊ូអែរ មកថ្វាយ បង្គំ គាល់យកអាករសួយរៃមកថ្វាយព្រះអង្គគ្រប់គ្នា ។ កាលនោះមានយាយម្នាក់ មានភោគសម្បត្តិស្តុកស្តម្ភជាង អ្នកស្រុកទាំងអស់ គាត់មានកូនក្រមុំមួយឈ្មោះ “នាងពៅ” មានរូបឆោមលោមពណ៌ល្អលើសស្រីទាំងពួង ។ គាត់នាំ កូនក្រមុំមកគាល់ស្តេចរាល់ថ្ងៃ។ ព្រះមហាក្សត្រទតឃើញរូបនាងនោះ ក៏មានព្រះរាជហឫទ័យប្រតិព័ទ្ធ ចង់ចំអន់លេង រាល់ពេលវេលា។ យាយដឹងថា ស្តេចសព្វព្រះរាជហឫទ័យនិងកូនក្រមុំរបស់ខ្លួន ក៏លើកថ្វាយជាព្រះទេពី ។ ស្តេចបាន នាងពៅធ្វើជាព្រះអគ្គមហេសី ទ្រង់សព្វព្រះរាជហឫទ័យនិងនាងពន់ពេក ព្រោះជាស្រីមានរូបឆោមលោមពណ៌ល្អ។ ស្តេចគង់នៅក្នុងទីនោះបានបីខែ នាងពៅមានគភ៌ ។
 
លុះនាងមានគភ៌បានបីខែ ព្រះរាជាទ្រង់មានព្រះបន្ទូលថា “ចូរប្អូន នៅក្នុងទីនោះចុះ ពីព្រោះមានព្រះមាតានៅថែរក្សា ឯបងសូមលាត្រលប់ទៅមហានគរវិញ” ។ ហើយទ្រង់ព្រះរាជទាន ព្រះទម្រង់មួយទុកជាកេរថា “បើព្រះរាជបុត្រប្រសូតមក កាលណាធំដឹងក្តីឡើងចង់ទៅសួររកបង ចូរនាងឱ្យពាក់ព្រះ ទម្រង់នេះយកទៅជាសាក្សី”។ នាងពៅបានស្តាប់ព្រះរាជបន្ទូលដូច្នោះ ក៏សោកសង្រេង អាឡោះអាល័យព្រះស្វាមីពេក ក្រៃដោយទ្រង់មិនឱ្យទៅតាមផង ។ ព្រះរាជទ្រង់ផ្តាំស្រេចហើយ ទ្រង់ស្តេចយាងទៅកាន់ព្រះមហានគរវិញ។ ក្រោយ មកគភ៌នាងពៅគ្រប់ខែ ក៏ប្រសូតព្រះរាជបុត្រដូចព្រះវរបិតា។ មាតាឱ្យនាមថា “អង្គព្រហ្មកុមារ” ដោយហេតុថា ព្រះរាជកុមារប្រសូតនៅព្រំដែនទន្លេនោះ ។ លុះព្រះរាជបុត្រនោះធំឡើងបានព្រះជន្ម ១៦ឆ្នាំ សួររកបិតា នាងពៅ ដំណាលប្រាប់សព្វគ្រប់ ហើយព្រះរាជកុមារ ចង់ទៅតាមរកព្រះបិតាឯមហានគរ មាតាក៏បានដោះព្រះទម្រង់មាស ឱ្យទៅព្រះរាជបុត្រពាក់នៅម្រាមព្រះហស្តខាងស្តាំ ហើយព្រះរាជបុត្រថ្វាយបង្គំលាមាតា ឡើងគង់លើសេះយាងតាម ឆ្នេរសមុទ្រទៅ ។ លុះបានទៅដល់ក្លោងទ្វារព្រះមហានគរ បានសួរទៅអ្នកចាំទ្វាររកព្រះបិតា ។ នាយឆ្មាំទ្វារបានស្តាប់ ក៏ចាត់មន្ត្រីឱ្យទៅក្រាបបង្គំទូលស្តេច ស្តេចជ្រាប្រទង់មានព្រះតម្រាសឱ្យចូលទៅ ។ អង្គព្រហ្មក៏ចូលទៅក្រាបថ្វាយ បង្គំព្រះវរបិតា ហើយដោះព្រះទម្រង់ថ្វាយ ។ ស្តេចទ្រង់ស្គាល់ច្បាស់ជាព្រះរាជបុត្រពិតមែន ដោយទ្រង់បានឃើញ ព្រះទម្រង់ ហើយទ្រង់ចាត់អង្គព្រហ្ម ឱ្យធ្វើជាចៅហ្វាយស្រុកនៅត្រើយព្រះទន្លេនោះ ។ ដោយហេតុថា ព្រះអង្គព្រហ្ម ប្រសូតក្នុងទីនោះផងដោយទីនោះ ពុំទាន់មាននាម៉ឺនណាឈរត្រួតត្រាផង ក៏ទ្រង់ព្រះរាជសារមានត្រាតាំងអង្គព្រហ្ម ជាស្តេចត្រាញ់មួយអង្គជាធំក្នុងស្រុកនោះ ហើយដោយហេតុអង្គព្រហ្មជាស្តេច ជាមេបានៅស្រុកនោះមុនគេ បានជា ស្រុកនោះឈ្មោះ ស្រុកបាទី ទន្លេនោះឈ្មោះទន្លេបាទី គឺទីរបស់ស្តេចជាបា ពីត្រឹមនោះមក ។
 
លុះអង្គព្រហ្មបានជាស្តេច ត្រាញ់នៅស្រុកនោះហើយ ទ្រង់បានចាត់ឱ្យសាងប្រាសាទពីរ មួយជូនមាតា មួយគង់នៅផ្ទាល់ព្រះអង្គ ហើយទ្រង់ចាត់ ចែងធ្វើបន្ទាយព័ទ្ធជុំវិញផង។ ដំណាក់ឯទៀតនៅក្បែរប្រាសាទនោះជាទីក្រសាល និងជាទីធ្វើការរាជការផ្សេងៗ តាមមុខក្រសួងនាម៉ឺន សព្វមុខមន្ត្រី។ ទីបរិវេណនៃប្រាសាទទាំងនោះ សព្វថ្ងៃទៅជាវត្តមួយឈ្មោះវត្តទន្លេបាទី ជា រមណីដ្ឋានមួយដែលពួកទេសចរណ៍ច្រើន ចូលចិត្តទៅទស្សនា ។
 
ដក​ស្រង់​ពី​សៀវភៅ​រឿង​ព្រេង​ខ្មែរ
Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s