រឿង ភ្នំប្រសិទ្ធ (ខេត្តកណ្តាល)

 
                ដែលអ្នកស្រុកហៅថា “ភ្នំប្រសិទ្ធ” គឺសំដៅយកភ្នំពីរនៅទន្ទឹមគ្នា ប៉ុន្តែដោយការចែកព្រំប្រទល់ស្រុកនៅ ខេត្តកណ្តាលភ្នំពីរនេះ ក៏គេត្រូវរំលែក ធ្វើជាខ័ណ្ឌព្រំប្រទល់ស្រុក ចំកណ្តាលជ្រលងភ្នំ គឺភ្នំខាងលិចចូលក្នុងឃុំម្កាក់ ស្រុកអង្គស្នួល ឯភ្នំខាងកើតនៅក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាលដូចគ្នា ។ ភ្នំទាំងពីរនេះ ភ្នំខាងលិចមិនមាន រឿងរ៉ាវ ឬកន្លែងបរមបុរាណអ្វីគួរគប្បីនិងលើកយកមកអធិប្បាយទេ គឺមានតែភ្នំខាងកើតប៉ុណ្ណោះដែលមានរឿងរ៉ាវ ច្រើន មានដំណែលចាស់ៗទាក់ទងនិងរឿងព្រេងយ៉ាងច្រើន ។ កាលពីដើមអ្នកស្រុកច្រើនទុកភ្នំនេះ ជាកន្លែងសក្តិសិទ្ធី សំរាប់អ្នកស្វែងបន់ស្រន់ឱ្យសំរេចប្រាថ្នាណាមួយ ឬធ្វើការសាងសីលភាវនានៅទីនោះ តែនៅសម័យបច្ចុប្បន្ន ជំនឿទាំង នោះក៏ខ្សោយបន្តិចម្តងៗទៅតាមការវិវត្តន៍នៃអារ្យធម៌ ។ ហេតុនេះទីភ្នំនេះឯងទៅជាទីទេសចរណ៍មួយសំរាប់អ្នក ស្រុកជិតឆ្ងាយធ្វើដំណើរទៅកំសាន្តនៅរាល់ពេល ដែលបានទំនេរលំហែពីការងារ ។ សព្វថ្ងៃបើទៅតាមរថយន្ត ត្រូវ ទៅតាមផ្លូវជាតិលេខ៥ គឺផ្លូវពីភ្នំពេញទៅបាត់ដំបង លុះទៅដល់គីឡូម៉ែត្រលេខ៣៨ ជិតដល់ផ្សារឧត្តុង្គ មានផ្លូវជាតិ លេខ២៦ បែកចូលទៅខាងឆ្វេងដៃចូលទៅតាមផ្លូវនេះ អស់ចំងាយ១៦គីឡូម៉ែត្រទៀត ទើបត្រូវបត់ចូលតាមផ្លូវ លំមួយនៅខាងឆ្វេងដៃបន្តទៅទៀតទើបដល់ជើងភ្នំនេះ។ នៅនិងចង្កេះភ្នំផ្នែកខាងជើង មានព្រះវិហារមួយគ្របប្រក់ លើព្រះពុទ្ធបដិមាករ ចូលនិព្វានមួយអង្គ សាងដោយថ្មយ៉ាងធំ មានបណ្តោយប្រមាណ២៧ម៉ែត្រ។ ត្រង់នេះអ្នក ស្រុកហៅថា “កន្លែងព្រះនិព្វាន” នៅខាងក្រេមាកន្លែងព្រះនិព្វាននេះបន្តិច មានរូងដីមួយកន្លែងទទឹងប្រមាណ៥ម៉ែត្រ បណ្តោយ៦ម៉ែត្រ ជារូងទាល់តែមានមកពីអង្វែងកាលហើយ ។ ខាងកើតរូងដីនេះបន្តិចមានថ្មមួយផែនយ៉ាងធំ ហើយ មានសភាពចំឡែកត្រង់មានស្នាមជើងសេះ និងជើងទ្រុឌ នៅជាប់និងថ្មនោះ ប៉ុន្តែដោយសារពេលវេលាយូរពេក សព្វថ្ងៃក៏រលប់ខ្លះៗទៅហើយ ។ ខាងត្បូងថ្មដាមានស្នាមនេះ មានខឿនថ្មមួយកន្លែង អ្នកស្រុកហៅថា “ឥសីចង្ក្រង” ។
លុះឡើងដល់កំពូលភ្នំមានព្រះវិហារមួយជាសំណង់ចាស់បុរាណ ដែលមានទទឹង៨ម៉ែត្រ បណ្តោយ១៥ម៉ែត្រ អ្នក ស្រុកសន្មត់នាមព្រះវិហារនេះហៅថា “វិហារត្រៃត្រឹង”។ អំពីរឿងព្រេងដែលទាក់ទងទីកន្លែងទាំងនោះ មានដោយ ឡែកៗពីគ្នាដែលយើងលើកយកមកអធិប្បាយមួយម្តងៗ ដូចតទៅៈ ១-អំពីរូងដី និង ឥសីចង្ក្រម ចំពោះទីកន្លែង ទាំងពីរនេះមានរឿងព្រេងតែមួយ គឺរឿង “បក្សីចាំក្រុង” សេចក្តីពិស្តានៃរឿងនេះ យើងបានផ្សាយរួចមកហើយ នៅក្នុងរឿងទី១៦ “វត្តវិហារសួរ” នៅខេត្តកណ្តាល ឥឡូវយើងចោះយកតែត្រង់អន្លើដែលមានទាក់ទង និងទីកន្លែង ត្រង់នេះ មកនិយាយបញ្ជាក់តែប៉ុណ្ណោះ ។ សេចក្តីដំណាលថា ៖ កាលដែលស្តេចដំបងក្រញូងជ្រែករាជនោះក៏បានឡើង គ្រប់គ្រងរាជរហូតមក។ ប៉ុន្តែរាជសម្បត្តិនេះពុំបានសុខសាន្តទេ នៅរយៈពេលតែ៧ឆ្នាំនិង៧ខែប៉ុណ្ណោះ មានអ្នកមាន បុណ្យម្នាក់គឺពញាក្រែក មកដណ្តើមរាជជាបន្តទៅទៀត ។ ដំណើររឿងមុននិងបានរាជទៅព្រះបាទពញាក្រែកនោះ ព្រះបាទដំបងក្រញូង បានធ្វើទុក្ខទោសដល់ក្សត្រអង្គមុនសន្ធឹកណាស់ ហេតុនេះបានជាពៀរវេរាមកដល់ព្រះអង្គវិញ គឺ ក្រោយដែលព្រះ បាទពញាក្រែកឡើងសោយរាជហើយ ក៏ចេញបញ្ជាឱ្យចងអាឃាតព្យាបាទវិញដែរ ។ ប៉ុន្តែនេះពេល នោះមានអ្នក ម្នាងមួយនោះមានគភ៌រត់ទៅពួនស្នាក់នៅនិងលំនៅរាជសណ្តានជារាស្ត្រ។ ថ្ងៃមួយមានហេតុភេទចំឡែក ជាប្រផ្នូល ព្រះបាទពញាក្រែកក៏ហោរាគន់គូរមើលហោរាក្រាបទូលថា មានអ្នកមានបុណ្យម្នាក់ទៀតចាប់បដិសន្ធិក្នុង ផ្ទៃរបស់អ្នកម្នាងនៃស្តេចដំបងក្រញូងស្ថិតនៅទិសណាៗក៏ប្រាប់គ្រប់សព្វ ។ វេលានោះព្រះបាទពញាក្រែកក៏ឱ្យពិជឃាត តាមរកឃើញយកមកកាប់សំលាប់ចោលទៅ។ តែពេលកាប់នោះ ទារកនេះឯងក៏រត់ឡើងពីពោះទៅក្នុងទ្រូងម្តាយ លុះត្រាតែពិជឃាតទៅផុត ទើបទារកចេញពីផ្ទៃមាតាមកនៅកណ្តាលវាល ពេលនោះមានសត្វបក្សីមួយធំឃើញទារក នៅកណ្តាលវាលដូច្នោះ ក៏ចុះមកកាងស្លាបគ្របដណ្តប់ទារកកុំឱ្យក្តៅ ជួនជាមានបុរសម្នាក់ឈ្មោះតាគោហេ គាត់ព្យួរដី ហើយដើររូតរះទៅផ្ទះ ប្រទះឃើញទារកនេះ គាត់ក៏បីយកកុមារទៅទុកថែរក្សាអស់រយៈពេល៧ឆ្នាំ ស្តេចអោយហោរា គន់គូរម្តងទៀត ព្រះអង្គជ្រាបថាអ្នកមានបុណ្យនោះមិនទាន់ស្លាប់ទេ ទ្រង់ត្រាស់ឱ្យយកក្មេង៧ឆ្នាំ ទាំងអស់មកផ្តិត មើលក្រយ៉ៅដៃ។ ពេលនោះតាគោហេក៏ត្រូវគេកេណ្ឌឱ្យយកចៅចិញ្ចឹមគាត់មកផ្តិតដែរ ស្រាប់តែមានរូបកងចក្រនៅ បាតដៃចៅគាត់ដែលត្រូវគេយកទៅប្រហារចោល ព្រោះសំគាល់ថា ជាអ្នកមានបុណ្យ ប៉ុន្តែ តាគោហេលួចកញ្ឆក់ចៅពរ រត់គេចដោយមានសត្វកាងស្លាបគ្របពីលើរហូតទាល់តែបាត់ផុតពីមុខបណ្តាជនអ៊ូអរទៅ ។ សេនាអាមាត្រនាំគ្នាតាម កិតដែរ តែពុំទាន់ ។ តាគោហេ នាំកុមារនេះពីស្រុកមួយទៅស្រុកមួយដូចជា កាត់ទន្លេធំ  ត្រង់រកាកោងឆ្លងទៅល្វាទេរ ដល់វិហារសួរ តែពុំបាត់ភិតភ័យសោះ ត្បិតទ័ពគេចេះតែដេញតាមពុំឈប់ឈរ ។ កាលនោះគាត់នាំកុមាររត់ពីវិហារសួរ ឆ្លងទន្លេមកខាងលិច ហើយឆ្លងកាត់ភូមិក្បែរមាត់ទន្លេទៅរកទីភ្នំ ដើម្បីស្រួល ពួនស្នាក់អាស្រ័យ ។ គាត់ទៅពួននៅភ្នំ មួយក្នុងខេត្តសំរោងទង (ដែលសព្វថ្ងៃហៅថា ភ្នំប្រសិទ្ធិនេះ) ។ ទីភ្នំនេះពុំមានជនសាមញ្ញណាទៅដល់ទេ កាលពី សម័យនោះ ដូច្នេះហើយបានជាតាគោហេយល់ឃើញថា ជាទីសុខសាន្ត។ មិនតែប៉ុណ្ណោះ ទីនោះឯងជាទីអាស្រមបទនៃ ពួកឥសីទាំងឡាយ ធ្វើចង្ក្រមភាវនារាល់ថ្ងៃផង ។ តាំងពីមកនៅកន្លែងនេះ ក៏បានប្រកបនិងសេចក្តីសុខស្រួលមែន ។
 
លុះដល់ព្រះបាទពញាក្រែក សោយរាជ្យអស់កាលដ៏យូរមក ក៏សោយព្រះទីវង្គតទៅ ទើបមន្ត្រីរាជការទាំងអស់ស៊ើប សួររករាជកុមារ ជាបុត្រអតីតមហាក្សត្រ ដើម្បីដង្ហែឡើងគ្រងរាជ្យ ។  ទទួលពេលនោះលេចឮល្បីព្រះរាជកុមារ ព្រះរាជបុត្រមួយព្រះអង្គ ដែលនៅជាមួយតាគោហេ ហើយដែលអ្នកស្រុកស្គាល់ព្រះនាមថា “បក្សីចាំក្រុង” ព្រោះតា គោហេបានថ្វាយនាមនេះ តាំងពីគាត់ឃើញបក្សីតាមកាងស្លាប លើរាជកុមារពីតូចនោះមកម៉្លេះ ។ អស់ពួកសព្វមុខ មន្ត្រីនាំគ្នាទៅដង្ហែយកព្រះរាជកុមារបក្សីចាំក្រុង ហើយរៀបអភិសេកគ្រងរាជ្យសម្បត្តិទៅ ។ ក្រោយពីបានគ្រងរាជ្យ ហើយ ព្រះអង្គក៏ចាត់ឱ្យសាងព្រះពុទ្ធរូបព្រះវិហារ ទុកជាទីគោរពនៅលើភ្នំនេះ ហើយសន្មតនាមទីភ្នំនេះថាៈ “ភ្នំឫសី សិទ្ធិ” បានន័យថា ភ្នំរបស់ឥសីសឹងប្រកបតាមប្រាថ្នា ព្រោះកាលដែលរស់នៅលើភ្នំនេះ តាគោហេ តែងតែបន់ស្រន់ជា រឿយៗ សុំបួងសួងឱ្យរាជកុមារបានឡើងសោយរាជ្យ លុះឥឡូវនេះក៏បានសម្រេចដូចប្រាថ្នាមែន ទើបបានជាសន្មត ទីនេះថាដូច្នេះ។
 
២-អំពីផែនថ្មមានស្នាមជើងសេះ ចំពោះស្នាមជើងសេះនៅលើផែនថ្មតាមចាស់ទុំនិយាយថា ៖ ទាក់ទង មកពីរឿងចៅឫទ្ធិសែន និងនាងកង្រីត្រង់ដែល ឫទ្ធិសែនយកសំបុត្រនាងសន្ធមាទៅឱ្យនាងកង្រី ហើយទោដេកស្នាក់ នៅក្បែរទីអាស្រមបទនៃមហាឥសី ។ ពេលនោះមហាឥសីលួចមើលសំបុត្រឃើញនាងសន្ធមាបង្គាប់ឱ្យនាងកង្រីជាកូន សំលាប់កុមារនេះចោលទៅ នៅពេលដែលទៅដល់ ឥសីក៏លួចហែកសំបុត្រចោល ក្លែងសំបុត្រសាជាថ្មី ឱ្យនាងកង្រី ទទួលយកបុរសនេះធ្វើជាប្តី កាលបើឃើញកុមារនេះទៅដល់ ។ គឺត្រង់កន្លែងនេះហើយដែលមានផែនថ្មីធំ នៅទៀប កន្លែងឥសីចង្ក្រម ។ គឺនៅពេលកុមារឫទ្ធិសែនត្រលប់មកវិញ ដោយប្រញាប់ប្រញាល់រត់ចោលនាងកង្រីនោះ ក៏មក កាន់ទីកន្លែងនេះទៀត បានជួបនិងឥសី ឥសីឱ្យទានស្លឹកឈើ ហើយឱ្យហោះរត់ ។ គឺលើផែនថ្មនេះហើយដែលឫទ្ធិសែន ចាប់បំផាយសេះ លោតផ្លោះហោះឡើង បានជាមានស្នាម ជើងសេះទ្រុឌនៅជាប់និងផ្ទាំងថ្មត្រង់នោះឯង ។ បើពោល ដោយសង្ខេបទៅ បុរាណដ្ឋាននេះ ជាទីដំណែលអំពីមហាក្សត្រអង្គណាមួយក្នុងអតីតកាលមែន ប៉ុន្តែពុំមានដានខាង អក្សរចារិកឱ្យច្បាស់លាស់ យកជាពត៌មានពិតប្រាកដប្រជាបានឡើយ  យើងយល់បានត្រឹមតែសេចក្តីសន្និដ្ឋានប៉ុណ្ណោះ ដោយសង្កេតយកតាមរូបភាព ទីកន្លែង និងសេចក្តីនិទានខ្លះ របស់អ្នកស្រុកដែលចេះតែចាំតៗគ្នាប៉ុណ្ណោះ ។ ដូច្នេះបើ យើងសន្មតកំណត់ឱ្យដាច់ស្រេចថា ក្សត្រអង្គណាជាអ្នកកសាង ឬការកសាងនេះពីក្នុងរជ្ជកាលណានោះពុំទាន់បាននៅ ឡើយទេ ។ ការងារនេះនៅក្នុងការស្រាវជ្រាវតែរាល់ថ្ងៃ ។
 
ក្រៅអំពីសេចក្តីពិចារណារិះរេខាងទីតាំង និងប្រវត្តិពង្សាវ តារ ដែលយេងីលើកយករឿងព្រេងមកបញ្ជាក់ តាមលំអានអ្នកស្រុកចេះចាំតៗគ្នាមកនេះ យើងងាកបែរទៅខាង ទេសភាពនៃព្រឹក្សានៅលើទីនេះម្តង ។ តាមពិតភ្នំនេះ ពុំមែនជាព្រៃស្រោងប្រកបដោយឈើធំឡើយ សភាពព្រៃជា សភាពព្រៃរបោះ ដែលមានតែកូនឈើតូចៗ គ្របដណ្តប់លើដីខ្សាច់សៗនៅចន្លោះដុំថ្មធំៗ ហើយថ្មទាំងនោះភាគច្រើនក៏ មានពណ៌សដែរ ។ ហេតុនេះបានជាភ្នំ នេះទៅជាកន្លែងយកថ្មសំរាប់ធ្វើផ្លូវរថភ្លើង និងយកមកប្រើប្រាស់សព្វយ៉ាងនៅ ក្នុងក្រុងភ្នំពេញសព្វថ្ងៃ ។ រួមសេចក្តីមក ភ្នំប្រសិទ្ធិសព្វថ្ងៃជាទីទេសចរណ៍ សំរាប់ជនរួមជាតិយើងយ៉ាងសំខាន់ដែរ បានជាមានរថយន្ត ទេសចរណ៍ចេញចូលជាញឹកញាប់រៀងរាល់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យផ្សេងៗដែលអ្នកធ្វើការងារ បានឈប់សំរាក ។
 
ដក​ស្រង់​ពី​សៀវភៅ​រឿង​ព្រេង​ខ្មែរ
Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s