រឿង វត្តវិហារសួរ

 
                វត្តវិហារសួរ ជាបូជនីយដ្ឋានដ៏សក្តិសិទ្ធិមួយ ឮកិត្តិនាមពេញប្រទេសកម្ពុជាតាំងពីអតីតកាលរហូតមកដល់ បច្ចុប្បន្នកាលនេះ អ្នកផងសឹងបានជ្រាបជាច្រើន ។ រៀងរាល់ឆ្នាំក្នុងមយួឆ្នាំៗ តែងមានមហាជនរាប់ពាន់នាក់ទៅបូជា បែរបន់តាមប្រាថ្នាផ្សេងៗ ទាំងព្រះរាជាព្រះរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្ត្រីក៏បានស្តេចយាង តែងអញ្ជើញទៅបូជា បួងសួងនៅទីនោះដែរ ។ វត្តវិហារសួរ មានដើមកំណើតជាព្រះរាជទ្រព្យ ដែលព្រះរាជាបក្សីចាំក្រុងទ្រង់កសាងទុកជា អនុស្សាវរីយ៍ត្រង់ទីដែល តាគហេ កើនព្រះអង្គឡើងឋានសួគ៌ សឹងមានចែងទុកជាប្រវត្តិនៃព្រះវិហារនោះដូចតទៅ ៖
តាមរបាក្សត្រដែលមានចារិកទុកមកក្នុងព្រះរាជវង្សសាវតាប្រទេសកម្ពុជាថាៈ “វត្តព្រះវិហារសួរ កើតឡើងក្នុងរជ្ជកាល ទី១៩ រជ្ជកាលព្រះបាទបក្សីចាំក្រុង ជាព្រះរាជាប្រទេសកម្ពុជាគង់នៅនគរវត្តក្នុងព.ស.រវាង១៥៧២ គ.ស.រវាង១០២៨ ឬ២៩ ព្រះអង្គបានផ្តើមកសាងទុកជាអនុស្សាវរីយ៍រំលឹកដល់ពេលព្រះអង្គរត់គេចពីកងទ័ព ជាមួយតាគហេ”។ រឿងរ៉ាវ ដើមហេតុនាំឱ្យមានរត់គេចពីកងទ័ពនេះ មានដំណាលថា កាលដែលព្រះបាទចក្រពត្រព្រះរាជាប្រទេសកម្ពុជា រជ្ជកាល ទី១៦ ទ្រង់ព្រះទីវង្គត់ទៅ បុរសម្នាក់ឈ្មោះដំបងគ្រញូងមានមហិទ្ធិឬទ្ធិខ្លាំងពូកែ បានសោយរាជជា រជ្ជកាលទី១៧ ឡើងឱ្យបង្គាប់ឱ្យធ្វើគតព្រះរាជវង្សានុវង្សមុន ។ កាលនោះមានព្រះម្នាងម្នាក់ទ្រង់ព្រះគ៌តពុំទាន់គ្រប់ខែ ភាសខ្លួនជា រាស្ត្រសាមញ្ញោចញទៅស្រុកក្រៅ សំណាក់ជាមួយតាគហេ និង យាយលាក់ ជាស្វាមីភរិយា ។ លុះព្រះគ៌តគ្រប់ខែ១០ ក៏សម្ភពព្រះរាជបុត្រាមួយព្រះអង្គប្រកបដោយ លក្ខណៈល្អមានលាយលក្ខណ៍កងចក្រនៅបាតព្រះហស្ត និងបាតព្រះបាទ។ តាគហេ និងយាយលាក់ ស្រលាញ់ណាស់ ថ្នាក់ថ្នមដូចកូនបង្កើត។ ថ្ងៃមួយតាយាយ និងព្រះម្នាងទៅច្រូតស្រូវ បានផ្តេកព្រះរាជកុមារក្រោមម្លប់ឈើមួយដើម។ លុះកំដៅថ្ងៃចាំងមក ត្រូវព្រះរាជកុមារ មានបក្សីមួយមកកាងស្លាប ក្រុងបាំងពីលើមិនឱ្យត្រូវថ្ងៃ។ តាគហេស្មានថាសត្វចឹកចៅរត់ទៅមើលបក្សីនោះហើរទៅបាត់ទៅ ។ តាគហេនឹកសរសើរ ថាកូននេះមានបុណ្យអស្ចារ្យណាស់ក៏ថ្វាយព្រះនាមថា “បក្សីចាំក្រុង” ។ តមកកាលពីព្រះបាទព្រហ្មកិល (ពញាក្រែក) រជ្ជកាលទី១៨ ទ្រង់សោយរាជ្យឡើងទ្រង់បានជ្រាបទំនាយតាម ពួកហោរ៉ាទាយថា “មានអ្នកមានបុណ្យកើតក្នុង ត្រកូលក្សត្រ បានព្រះជន្ម៧ឆ្នាំហើយភាសន៍ខ្លួនជាប្រជារាស្ត្រក្នុង អាណាចក្រនេះ អ្នកមានបុណ្យនោះមានកងចក្រនៅ បាតដៃបាតជើង” ទ្រង់ក៏យកក្មេងៗអាយុ៧ឆ្នាំ ដែលមាននៅក្នុងព្រះនគរទាំងប៉ុន្មានមកផ្តិតដៃនៅលើម្សៅក្នុងចង្អេរ ដើម្បីទ្រង់ពិនិត្យរកកងចក្រ ។ តាគហេភ័យក៏ពរបក្សីចាំក្រុងរត់ចេញ ។ ព្រះរាជាទ្រង់ចាត់ទ័ពតាមចាប់។ ហេតុតែ បុណ្យ បរមបីក្សីចាំក្រុង កងទ័ពដេញតាមពុំទាន់រកពុំឃើញ។ តាគហេបានបញ្ជិះបក្សីចាំក្រុងលើស្មា ដើរកាត់ព្រៃទៅ ផ្ទះគាត់ ដល់ផ្ទះហើយគាត់ទូលបក្សីចាំក្រុងថា “បាគង់នៅទីនេះចុះ ចាំតាទៅកៀរគោបញ្ចូល ក្រោលសិន”។ ហើយគាត់ ចោលដំបងដេញគោ ដំបងបាត់ក្នុងទឹកអូររកពុំឃើញ បានជាអូរនោះឈ្មោះថា “អូរដំបង” នៅក្នុងខេត្តបាត់ដំបងសព្វថ្ងៃ នេះ។ បន្ទាប់ពីនេះ តាគហេ ពរបក្សីចាំក្រុងរត់កាត់ព្រៃទៅដល់ទួលមួយមានដើមរលួសម្លប់ត្រឈៃល្អ ក៏ឈប់សំរាក ដេកនៅទីនោះបានជាទីនោះហៅថា “ភូមិរលួស” នៅក្នុងស្រុកសូត្រនិគមខេត្តសៀមរាបសព្វថ្ងៃនេះ។ តពីនោះតាគហេ និងបក្សីចាំក្រុង ដោយសារទូកគេឆ្លងកាត់ទីទំនាបទឹកមកដល់ខេត្តជើងព្រៃ កងទ័ពលើកតាមមកជិតទាន់ តាគហេក៏នាំ បក្សីចាំក្រុងវេះពួនក្នុងព្រៃ វេលាយប់ព្រៃនោះមានមូសច្រើនបក្សីចាំក្រុងបួងសួងថា “បើខ្ញុំមានបុណ្យ សូមកុំឱ្យមាន មូសនៅទីនេះ” ដោយអនុភាពព្រះរាជកុមារ មូសក៏បាត់អស់ទៅ ទើបទីនោះមានឈ្មោះថា “ទួលគហេ” ក្នុងតំបន់រកា កោង ស្រុកមុខកំពូលខេត្តកណ្តាលសព្វថ្ងៃនេះ ។ លុះព្រឹកឡើង តាគហេ ក៏នាំបក្សីចាំក្រុងរត់ទៅទៀត ដល់មាត់ទន្លេ ប្រុងនិងឆ្លងទៅត្រើយខាងត្បូងតែរកទូកឆ្លងគ្មាន បក្សីចាំក្រុងផ្សងបារមីថា “បើខ្ញុំត្រូវបានសោយរាជ្យហើយបានទំនុក បំរុងពុទ្ធសាសនាមែន សូមឱ្យដើមរការនៅត្រើយ ខាងជើងកោងទៅដើមល្វានៅត្រោយខាងត្បូងទេរមក” ។ ដើមឈើ ទាំងពីរនោះក៏កោងទៅទេមកដូចប្រណិធាន ។ តាគហេក៏ពរបក្សីចាំក្រុងឆ្លងតាមឈើទាំងពីរនោះរួចទៅ ដើមទាំងពីរ ក៏ឡើងដូចដើមវិញទើបត្រើយខាងជើងមានឈ្មោះថា “រការកោង” នៅស្រុកមុខកំពូលខេត្តកណ្តាល។  ត្រើយខាងត្បូង មានឈ្មោះថា “ល្វាទេ” នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាមសព្វថ្ងៃនេះ ។ លុះតាគហេនាំរត់ទៅត្រើយខាងត្បូងដល់ទួល មួយប្របឆ្នេរបឹងបានកាប់មែកជ្រៃដោតធ្វើសម្របសំរាប់ស្រប់សំរាកកំលាំងនៅទីនោះ បក្សីចាំក្រុងក៏និន្ទ្រាលក់ក្រោម ម្លប់សម្របនោះ។ កំពុងតែលក់ស្រួលស្រាប់តែហ្វូងសត្វត្រដក់ រនៀល ទង់ ជាច្រើនដែលចុះរកស៊ីក្នុងបឹងនោះវាផ្អើល អ៊ូរឡើងឮសន្ធឹកជាខ្លាំង តាគហេឮសព្ទនោះស្មានថាកងទ័ព ក៏ស្ទុះតើនព្រះរាជកុមារឡើងសួរថា “នែចៅ! ឮសូរអ្វីខ្លាំង ម៉្លេះ” ។ ព្រះរាជកុមារតើនឡើងភ័យណាស់ស្មានថាកងទ័ព ក៏ស្ទុះឡើងមែកជ្រៃដែលដោតធ្វើសម្របនោះឈរមើល គ្រប់ទិសទី មិនឃើញកងទ័ព ឃើញតែសត្វហើរដេរដាស់ក៏បាត់ភ័យទៅវិញ មែកឈើនោះរស់នៅរៀងដរាបមក នៅខាងត្បូងវត្តវិហារសួរសព្វថ្ងៃនេះ ។ លំដាប់ពីនោះ តាគហេនាំបក្សីចាំក្រុងរត់ឆ្លងទន្លេដោយទូកទៅត្រើយខាងលិច ទៅពួន ក្នុងគុហាភ្នំប្រសិទ្ធិខេត្តសំរោងទងចាស់ដែលជាស្រុកពញាឮ ខេត្តកណ្តាលសព្វថ្ងៃនេះ ។ កងទ័ពតាមទៅបៀត បៀនពុំបានឡើយ។ លុះព្រះបាទព្រហ្មកិល “ពញាក្រែក” សោយរាជ្យបាន២០ឆ្នាំ ទ្រង់ចូលទីវង្គត់ទៅនាម៉ឺនសព្វមុខ មន្ត្រីដឹងថា បក្សីចាំក្រុង រាជកុមារមានបុណ្យអស្ចារ្យគង់នៅភ្នំប្រសិទ្ធិ៍ ក៏អញ្ជើញទ្រង់មកសោយរាជ្យសម្បត្តិតទៅ ។
កាលបើបក្សីចាំក្រុងរាជកុមារបានសោយរាជ្យឡើង ទ្រង់តាំងតាគហេ និង យាយលាក់ ជាព្រះអយ្យកោ ព្រះអយ្យ កាធម៌ ។ ទ្រង់ឱ្យសាងប្រាសាទមួយត្រង់ទីដែលឃើញទង់ជ័យវែងលលៃ នៃកងទ័ពដែលលើកដេញតាម ដំបូងហៅថា “ប្រាសាទលលៃ” ទ្រង់ឱ្យសង់ប្រាសាទមួយត្រង់តាគហេហៅថា បាគងសិន ហៅថា “ប្រាសាទបាគង់” ដែលក្លាយមកជា ប្រាសាទបាគង នៅខេត្តសៀមរាបសព្វថ្ងៃនេះ ។ ទ្រង់ឱ្យសាងប្រាសាទមួយទៀតនៅក្រោល គោរបស់តាគហេ ហៅថា ប្រាសាទបាគោ ខេត្តសៀមរាបសព្វថ្ងៃនេះ ។ ទ្រង់ឱ្យសាងព្រះវិហារមួយ និងព្រះពុទ្ធ បាទមួយនៅអាសន្នទុក្ខ លើកតា ម៉ឹងជាចៅហ្វាយស្រុករក្សាទីនោះ។ ទ្រង់ឱ្យសាងវិហារមួយតំកល់ព្រះពុទ្ធបដិមាមួយ ព្រះអង្គត្រង់ទីដែលដោតមែកជ្រៃ ធ្វើសម្រប គឺទីដែលតាគហេតើនទ្រង់សួរពីសព្ទហ្វូងសត្វស្មានថាកងទ័ពនោះហៅថា “វត្តវិហារសួរ” ទើបមាននាមថា “វត្តវិហារសួរ” ជាបូជនីយដ្ឋានដ៏សក្តិសិទ្ធិដរាបមកដល់សព្វថ្ងៃនេះ ។ ឯតាគហេ និង យាយលាក់នោះ លុះចាស់ជរា ទទួលមរណភាពតាមលំដាប់គ្នាទៅព្រះរាជាទ្រង់ឱ្យធ្វើបុណ្យរំលាយសពហើយទ្រង់ឱ្យយកធាតុតាគហេ នៅបញ្ចុះនៅ ទីដែលផ្សងមិនឱ្យមានមូស ទើបទីនោះមានឈ្មោះថា “ទួលគហេ” នៅតំបន់រកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល សព្វថ្ងៃនេះ ។ ឯធាតុយាយលាក់ ទ្រង់ឱ្យយកទៅបញ្ចុះនៅ ប្រាសាទបាគោក្នុងខេត្តសៀមរាប ព្រោះភូមិនោះជាទីភូមិ របស់គាត់រស់នៅ ។
 
ដក​ស្រង់​ចេញពី​សៀវភៅរឿង​ព្រេង​ខ្មែរ
Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s