រឿង អាកុហកស៊ី

កាលពីព្រេងនាយមានកុមារម្នាក់នៅជាមួយម្តាយចិញ្ចឹមជ្រូកកម្រៀវមួយ ដល់ជ្រូកនោះធំឡើង ក្មេងនោះចង់ ស៊ីសាច់ ជ្រូកក៏និយាយនឹងម្តាយថា “ម៉ែខ្ញុំចង់ស៊ីសាច់ជ្រូក ម៉ែឱ្យខ្ញុំកាប់ជ្រូកនេះស៊ីផឹកស្រាទៅ?”។ ម្តាយឃាត់ថា “កុំ! ឯង ស៊ីអ្វីក៏ច្រើនម្លេះ ទុកវានឹងលក់យកប្រាក់ចាយ”។ កូនឮម្តាយឃាត់ដូច្នោះ ក៏នឹកតែក្នុងចិត្តចង់ស៊ីសាច់ជ្រូករាល់ថ្ងៃ ពុំមានភ្លេច។ មានកាលថ្ងៃមួយួកូននោះភ្ញាក់ឡើងពីដេកនិយាយប្រាប់ម្តាយថា “ដ្បិតទេវតាប្រាប់ខ្ញុំថា “មានមាស ច្រើនណាស់ ម៉ែជូនខ្ញុំទៅយក”។ ម្តាយឮកូននិយាយប្រាប់ដូច្នោះសួរថា “មាសប្រាក់នៅឯណា?”។ កូនឆ្លើយថា “ម៉ែទៅនឹងខ្ញុំចុះ បើខ្ញុំបង្គាប់ដូចម្តេចម៉ែធ្វើតាមខ្ញុំ”។ កូនយកកញ្ចើនាំម្តាយដើរទៅព្រៃឆ្ងាយអំពីស្រុក ហើយកូនក៏ យកកញ្ចើស្ទុះទៅគ្របដី ប្រឹងសង្កត់ហើយប្រាប់ម្តាយថា “ម៉ែជួយសង្កត់ផងមាសប្រាក់ក្នុងដីនេះច្រើនណាស់ ម៉ែសង្កត់ ឱ្យជាប់ចុះ ខ្ញុំនឹងទៅរកចបជីកយកមាសប្រាក់ ម៉ែឯងនៅសង្កត់ឱ្យជាប់កុំលែង បើម៉ែឯងលែងមាសប្រាក់នឹងបាត់បង់ អស់”។ ឯម្តាយឮកូនថាដូច្នោះ ក៏សង្កត់កញ្ចើរនោះចាំកូន កូនត្រឡប់មកផ្ទះវិញចាប់ជ្រូកនោះយកមកកាប់ចម្អិនជា អាហារបបួលអស់បងប្អូនជិតខាងមកស៊ីផឹកស្រាលេងសប្បាយ។ ម្តាយទន្ទឹងចាំកូននៅឯព្រៃពុំឃើញមក ឃ្លានបាយ អស់កម្លាំងរោយដៃរោយជើងរបូតចេញពីកញ្ចើ មើលក្នុងកញ្ចើពុំមានអ្វីសោះ។ លុះម្តាយដឹងថាកូនបញ្ឆោត ហើយក៏ ត្រឡប់ទៅផ្ទះវិញ ឃើញកូនកំពុងតែស៊ីសាច់ជ្រូកផឹកស្រាលេងសប្បាយដូច្នេះ ខឹងនឹងកូនណាស់ ហើយនិយាយ នឹងប្អូនថា “ដ្បិតកូននេះខូចណាស់ ទុកចិញ្ចឹមមិនបានទេ ត្រូវឯងច្រកការុងយកវាទៅទម្លាក់ក្នុងទឹកសម្លាប់ទៅ”។ ប្អូនឮ ដូច្នោះក៏សួរថា “ដំណើរដូចម្តេចបានជាឱ្យយកកូនទៅច្រកការុងទៅចោលក្នុងទឹកសម្លាប់?”។ បងនិយាយប្រាប់ប្អូន តាមដំណើរសព្វគ្រប់ថា “វាចេះបញ្ឆោតឱ្យអញទៅក្នុងព្រៃ ថាទៅយកមាសប្រាក់ ហើយវាឱ្យអញចាំក្នុងព្រៃត្រាតែ ដល់ថ្ងៃឃ្លានបាយស្ទើរតែដាច់ពោះ ឯវាមកកាប់ជ្រូកផឹកស្រា ជ្រូកអញតែមួយទុកលក់ឱ្យគេ យកប្រាក់ចាយទេតើ” ប្អូននោះក៏ទៅចាប់អាកុហកស៊ី ច្រកក្នុងការុងធំចងមាត់ការុងជាប់ល្អ លើកលីយកទៅចោលក្នុងទឹកទន្លេ លុះដល់មាត់ ទន្លេអាកុហកស៊ីនិយាយនឹងមាវាថា “លោកមាអាណិតខ្ញុំៗមុខជាស្លាប់ហើយ បើដូច្នោះ ហើយលោកមាអាណិតទៅយក ក្បួនកុហកឱ្យខ្ញុំបន្តិច ដ្បិតខ្ញុំស្លាប់ទៅនៅឋានខ្មោច បើគ្មានក្បួនកុហកខ្មោចរកស៊ី ពុំបាននោះនឹងដាច់ពោះស្លាប់” ឯមាឮក្មួយអង្វរដូច្នោះក៏សួរទៅក្មួយថា “ក្បួនកុហកឯងទុកនៅទីណា?”។ ក្មួយប្រាប់ទៅមាថា “ខ្ញុំដាក់នៅលើធ្នឹម ”។ មាក៏ដាក់អាកុហកស៊ីនៅកំពង់ទឹក ហើយត្រឡប់ទៅយកក្បួនភរ អាកុហកស៊ីវិញ។ កាលនោះមានមនុស្សកើតឃ្លង់ ម្នាក់ដើរមកជិត អាកុហកស៊ីៗក៏ធ្វើជានិយាយ “អញមកតមឃ្លង់ក្នុងការុងនេះយូរហើយ មិនដឹងជាៗហើយឬនៅ ប៉ុន្តែស្ទាបមើលហាក់ដូចសះជាហើយ”។ មនុស្សឃ្លង់ឮអាកុហកស៊ីថា តមឃ្លង់ក្នុងការុងដូច្នោះ ដោយខ្លួនកើតឃ្លង់ក៏សួរ ថា “តមឃ្លង់ក្នុងការុងនេះបានជាឬ?”។ អាកុហកស៊ីប្រាប់ថា “ដ្បិត ខ្ញុំកើតឃ្លង់គេឱ្យមកតមក្នុងការុងនេះយូរថ្ងៃហើយ មិនដឹងជាជាហើយឬនៅទេ អាណិតស្រាយខ្ញុំបន្តិច ”។ មនុស្សឃ្លង់ ក៏ស្រាយការុងឱ្យអាកុហកស៊ីចេញមក។ អាកុហក ស៊ីចេញពីការុងចេញមកមើលហើយប្រាប់ថា “ជាឃ្លង់ហើយ”។ អាគម្លង់ឮអាកុហកស៊ីថាតមឃ្លង់ក្នុងការុង ដូច្នោះក៏ និយាយថា “ឱ្យគ្នាតមឃ្លង់ផង”។ អាកុហកស៊ីឮដូច្នោះអរណាស់គិតថា “អញអស់ស្លាប់ហើយ បានអាគម្លង់ស្លាប់ជួស”។ អាកុហកស៊ីប្រាប់អាគម្លង់ថា “បើឯងចង់ជាឃ្លង់ឆាប់ ត្រូវកាន់ត្រណមឱ្យជាប់ កុំនិយាយស្តីនឹងអ្នកណាឱ្យសោះ បើនរណារមកសួរក្តីមកជេវាយដូចម្តេចៗក្តី ត្រូវកុំនិយាយស្តី ត្រូវកាន់ត្រណមឱ្យខ្ចាប់ទើបបានជាឆាប់”។ អាគម្លង់ឮ អាកុហកស៊ីថាដូច្នោះ ក៏ទទួលចាំហើយចូលទៅក្នុងការុង។ អាកុហកស៊ីចងមាត់ការុងជាប់ ហើយរត់បាត់ទៅមានោះ មករកតម្រាឱ្យអាកុហកស៊ីពុំឃើញ ដឹងថាអាកុហកស៊ីបញ្ឆោតខ្លួនខឹងណាស់ ក៏គិតក្នុងចិត្តថា “បើអញទៅដល់អញនឹង ទម្លាក់វាទៅក្នុងទឹកឱ្យស្លាប់ទៅ ”ហើយខំដើរទៅដល់ហើយក៏ស្ទុះចូលទៅដាល់វាយអាគម្លង់ដោយស្មានថាអាកុហកស៊ី។ អាគម្លង់ខំអត់ព្រោះចង់ជាឃ្លង់ លុះវាយធាក់អស់ចិត្តហើយក៏លើកការុងបោះទៅក្នុងទឹកឱ្យស្លាប់ទៅ។ អាកុហកស៊ីរត់ រួចអពីនោះទៅៗជួបនឹងមនុស្សកុហកម្នាក់ ចេះកុហកដូចគ្នាកំពុងតែមុជទឹក អាកុហកស៊ីនោះ ឃើញអាកុហកស៊ីដើរ ពីចម្ងាយ ក៏វាធ្វើជាមុជទឹកយូរបន្តិចទើបងើបឡើង ហើយលើកកាសឡើងថា អញមុជទឹក ទៅខាងក្រោមមានគេលេង បៀរ អញលេងឈ្នះបានកាសប្រាក់ច្រើន ប៉ុន្តែយកមិនរួចបានតែមួយត្រណោតមក។ អាកុហកស៊ីឮដូច្នោះក៏ជឿគិត ស្មានថាមែន ហើយក៏ផ្លាស់សំពត់លោតទៅក្នុងទឹក ខំមុជទៅទង្គិចក្បាលនឹងគល់ឈើបែកឈាម ដឹងខ្លួនថាគេជា មនុស្សកុហក ក៏នឹកក្នុងចិត្តឃើញឧបាយកលកុហកវិញ ហើយងើបឡើងនិយាយទៅអាដែលបញ្ឆោតនោះថា “អ្នកអើយ! ខ្ញុំមុជទឹកទៅតាមពាក្យអ្នកអម្បាញ់មិញ បានឃើញគេលេងបៀរប៉ាធួកំតាត់ច្រើនណាស់ ហើយខ្ញុំលេងឈ្នះគេបានប្រាក់ កាសច្រើន ខ្ញុំទារពីគេៗថាឱ្យយកពីឯង នោះខ្ញុំមិនព្រមខ្ញុំចេះតែទារ គេខឹងនឹងខ្ញុំគេវាយខ្ញុំបែកក្បាល ហើយគេថាឱ្យខ្ញុំ មកយកពីអ្នកឯង បើអ្នកឯងមិនជឿមើលក្បាលខ្ញុំដែលបែកនេះចុះ”។ អាកុហកនោះដឹងថា អាកុហកស៊ីមានប្រាជ្ញាចេះ កុហកទល់កុហកមិនចាញ់ខ្លួន ក៏ស្រាយកាសចែកគ្នាពាក់កណ្តាល ហើយសុំគ្នាជាបងប្អូនរកស៊ីកុហកគេតាំងអំពីនោះ តទៅ។
 
ដក​ស្រង់​ចេញ​ពី​​សៀវភៅ​រឿង​ព្រេង​ខ្មែរ
Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s