រឿង បុរសឆោតបួននាក់

កាលពីព្រេងនាយមានបុរសឆោត៤នាក់ ព្រមព្រៀងគ្នាដើររៀនក្តី។ លុះដើរបានបន្តិចទៅចាប់បានអណ្តើក៥។ បុរសទាំង៤នាក់នោះក៏យកអណ្តើកនោះមកចែកគ្នា ដល់ចែកទៅចែកមកសល់អណ្តើក១។ មនុស្សទាំងអស់មិនសុខចិត្ត តែរៀងខ្លួន ក៏ចែកគ្នាម្តងទៀត ចែកទៅចែកមកសល់អណ្តើក១ដដែលមិនដឹងគិតិធ្វើដូចម្តេច។ បុរសទាំង៤នាក់នោះ ទាល់គំនិតក៏អង្គុយមើលមុខគ្នាធ្វើភ្នែកឡីងឡង់។ ក្នុងវេលានោះមានបុរសម្នាក់ទៀតដើរទៅកាន់ទីនោះ ប្រទះនឹង មនុស្សទាំង៤នាក់នោះ ក៏ឈរមើលគេចែកអណ្តើកគ្នា ហើយបុរសនោះឃើញឆោតដូច្នោះក៏សើច ហើយនិយាយនឹង បុរស៤នាក់នោះថា “មើលទៅអ្នកមិនសូវប្រសប់សោះ” ។ បុរស៤នាក់គ្រាន់តែឮសូរសម្តីប៉ុណ្ណោះក៏និយាយថា “ឱលោក! បើលោកចេះអាណិតមកចែកឱ្យយើងបន្តិច”។ បុរសម្នាក់នោះឮដូច្នោះ ក៏ដើរចូលទៅអង្គុយជិតចាប់យកអណ្តើក៥ នោះមក ហើយរើសមើលអណ្តើកណាដែលធំជាងគេមកទ្រាប់អង្គុយ នៅសល់អណ្តើក៤ក៏ចែកទៅឱ្យបុរសទាំង៤នាក់ ម្នាក់១ បុរសនោះក៏សុខចិត្តរៀងខ្លួន ហើយបុរស៤នាក់នោះសួរថា “អ្នកមើលទៅប្រហែលជាចេះក្តី?”។ បុរសនោះឆ្លើយ ថា “ខ្ញុំចេះ”។ បុរសទាំង៤នាក់ក៏តបទៅវិញថា “ឱ បើអ្នកចេះក្តី សូមមេត្តាប្រាប់យើងផង”។ បុរសម្នាក់នោះឆ្លើយថា “បើអ្នកចូលចិត្តឱ្យខ្ញុំប្រាប់ ត្រូវអ្នកទន្ទេញតាមខ្ញុំ”។ បុរស៤នាក់ឆ្លើយថា “បាទ” ហើយបុរសនោះប្រាប់ទៅ៤នាក់ នោះឱ្យទៅទន្ទេញរៀងខ្លួន គឺៈ ប្រាប់បុរសទី១ ថា ៖ ទំពក់វាទៅ ទើបព្នៅវាមក, ប្រាប់បុរសទី២ ថា ៖ មានប្រឡាយ ទើបទឹកវាហូរ, ប្រាប់បុរសទី៣ ថា ៖ មានសម្រាមទើបឆ្កែវាជុះ, ប្រាប់បុរសទី៤ ថា ៖ មែន ទើបគេថា។ បុរស៤នាក់ ក៏ចេះទន្ទេញពាក្យនេះចេះចាំគ្រប់ៗគ្នាទៅ ហើយបុរស៤នាក់នោះនាំគ្នាទៅឆ្ងាយទៅបានដល់ ភូមិ១នឹងរកផ្ទះសម្បែង សំណាក់ក៏គ្មាន។ លុះបន្តិចទៅបានប្រទះយាយចាស់មេម៉ាយម្នាក់ ក៏និយាយសុំផ្ទះយាយចាស់ នោះសំណាក់គាត់ក៏ព្រម ឱ្យ ហើយបុរសទាំង៤នាក់សំណាក់នៅផ្ទះយាយនោះទៅ។ យប់នោះក៏នាំគ្នាទន្ទេញពាក្យក្តី ដែលបុរសម្នាក់នោះប្រាប់ ទន្ទេញមិនឈប់ឈរទាល់តែភ្លឺ យាយចាស់ខឹងណាស់ ព្រឹកឡើងគាត់ទៅប្តឹងមេស្រុកថា “លោកមេស្រុកយប់មិញមាន បុរស៤នាក់មកសុំផ្ទះខ្ញុំសំណាក់ បុរសទាំង៤នាក់នោះចេះតែនិយាយទន្ទេញទាល់តែភ្លឺ តែមិនដឹងជាពាក្យយ៉ាងដូចម្តេច ស្តាប់មិនបានសោះខានដេកវាល់ព្រឹក ហេតុនេះខ្ញុំមកប្តឹងលោក សូមលោកហៅមនុស្សទាំង៤នាក់នោះជំនុំជម្រះឱ្យខ្ញុំ”។ មេស្រុកបានស្តាប់ហើយ ក៏ឱ្យបម្រើទៅហៅបុរសទាំង៤នាក់នោះមក ហើយសួរថា “ហេតុដូចម្តេចបានជាឯងទន្ទេញអ្វី ទាល់តែភ្លឺរកតែយាយចាស់ដេកពួនមិនបាន ដែលឯងទន្ទេញនោះទន្ទេញអ្វី?”។ បុរសទាំង៤នាក់នោះឆ្លើយថា “ខ្ញុំ ទន្ទេញពាក្យក្តី ”។ េមស្រុកបង្គាប់ទៅទៀតថា “ឯងរាល់គ្នាសូត្រពាក្យនេះម្តងម្នាក់ទៅមើល ! អញនឹងស្តាប់ ”។ បុរសទី១ ថាៈ ទំពក់វាទៅ ទើបព្នៅវាមក, បុរសទី២ ថាៈ មានប្រឡាយ ទើបទឹកវាហូរ, បុរសទី៣ ថាៈ មានសម្រាម ទើបឆ្កែវាជុះ, បុរសទី៤ ថាៈ មែនទើបគេថា។ ស្តាប់ពាក្យនេះហើយ មេស្រុកក៏កាត់សេចក្តីថា “ឯងទាំង៤នាក់ត្រូវនៅ ជាខ្ញុំបម្រើយាយចាស់នេះ”។ បុរសអស់នោះក៏ទៅនៅធ្វើជាខ្ញុំបម្រើយាយចាស់នោះទៅ។ យាយចាស់គាត់ប្រើឱ្យធ្វើ ការសព្វសារពើតែរាល់ថ្ងៃ។ លុះនៅនឹងយាយនោះបាន២-៣ថ្ងៃ យាយគាត់ប្រើបុរសទាំង៤នាក់នោះឱ្យទៅកាប់ឈើ ធ្វើទូក។ អ្នកទាំង៤នាក់ក៏នាំគ្នាចូលទៅក្នុងព្រៃធំ ហើយដើររកឈើណាមានប្រហោងទើបកាប់។ ដល់ចូលទៅក្នុងព្រៃ ជ្រៅបានប្រទះឈើធំមួយដើមមានប្រហោង។ បុរសទាំង៤នាក់ក៏និយាយគ្នាថា “យើងបានប្រទះឈើប្រហោងក្នុង ហើយយើងត្រូវនាំគ្នាកាប់ឈើប្រហោងក្នុងនេះ”។ បុរសទាំង៤នាក់មូលមាត់គ្នាក៏កាប់រំលំឈើប្រហោងក្នុងនោះ លុះ ឈើជិតរំលំ បុរសទាំង៤នាក់ស្រែកថា “កនយើងជិតរំលំហើយ អាណាម្នាក់រត់ទៅចាំទ្រកុំឱ្យបែកឈើយើង ក្រែងធ្វើទូ មិនកើត”។ បុរសម្នាក់ក៏ស្ទុះទៅទ្រដល់ឈើនោះបាក់មកសង្កត់ស្លាប់ធ្វើមាត់ស្ញេញ។ បុរសបីនាក់ឃើញដូច្នោះក៏នាំគ្នា សើចថា “យើអានេះខ្លាណាំស់តើ! ឈើទំហំប៉ុណ្ណឹងវាទ្របាន ហើយវាសើចថែមទៀត”។ បុរស៣នាក់នាំគ្នាចាំមើល បុរសម្នាក់ដែលស្លាប់ ដល់យូរពេកក៏ស្រែកហៅថា “យី ! មកឆាប់ឡើងនឹងអាលទៅ ឃ្លានបាយណាស់”។ លុះឃើញ នៅស្ងៀមក៏នាំគ្នាដើរចូលទៅមើល។ កាលដឹងថាបុរសនោះស្លាប់ បុរស៣នាក់ភ័យណាស់ និយាយគ្នាថា “យើងនៅមិន បានទេ តែបើយើងនៅមុខជាគេប្តឹងថាយើងវាយសម្លាប់អានេះ បើដូច្នោះត្រូវនាំគ្នារត់” ថាហើយក៏ព្រមព្រៀងគ្នារត់ ទៅ។ ដល់ពេលយប់វង្វេងផ្លូវមិនដឹងរត់ទៅឯណា ទៅត្រង់កំពង់ផ្ទះយាយ ហើយនាំគ្នាលួចទូកយាយនោះ អុំទៅត្រើយ ម្ខាង។ បុរសទាំងបីនាក់នាំគ្នាចុះទូក ម្នាក់នៅខាងកន្សៃបែមុខទៅខាងកន្សៃ ម្នាក់នៅខាងក្បាលក៏បែរទៅខាងក្បាល ម្នាក់ទៀតនៅអង្កុយកណ្តាលបាចទឹកទូក តែមិនបានស្រាយចំណងទូកនោះចេញ ចេះតែនាំគ្នាអុំៗមួយយប់ទាល់ភ្លឺនៅ តែដដែល។ លុះភ្លឺស្រាងឡើងយាយចាស់ចុះទៅដងទឹកប្រទះបុរសបីនាក់ហើយស្រែកថា “យើអានេះរត់ទៅណា? ”។ បុរសទាំងបីនាក់ក្រលេកឃើញយាយចាស់ជាចៅហ្វាយខ្លួន ក៏ទាល់ប្រាជ្ញមិនដឹងរត់ទៅណា ក៏ទៅនៅបម្រើយាយចាស់ នោះវិញដដែល។
 
ដក​ស្រង់​ចេញ​ពី សៀវភៅ រឿង​ព្រេង​ខ្មែរ
Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s