រឿងដើមកំណើតសត្វផ្សោត

កាលពីព្រេងនាយជាយូរអង្វែងណាស់មកហើយ មានដើមជ្រៃធំមួយមានមែកត្រសុំត្រសាយសាខា មហាជន ទូទៅនៅភូមិជិតខាងគេរាប់អានកោតខ្លាចរុក្ខជាតិនេះណាស់ក្នុងសម័យនោះ។ គេធ្វើខ្ទមរូបចំលាក់ថ្មជាភេទប្រុសមួយ ស្រីមួយ ដាក់អោយអង្គុយលើផែនថ្មក្នុងខ្ទមនោះ គេតែងបួងសួងបន់ស្រន់ ថ្វាយក្រយ៉ាបូជាសុំសេចក្តីសុខ ក៏ធ្លាប់បាន សុខរៀងមក គេសន្មត់ថាអ្នកតាម្ចាស់ស្រុក។ មានរុក្ខទេវតាមួយមានអាយុវែងមិនដឹងជាប៉ុន្មានឆ្នាំមនុស្សយើងទេ ស្ថិត នៅលើដើមជ្រៃធំនោះជាស្តេចនៃឈើ ។ យូរទៅមានស្រីម្នាក់មកចាប់បដិសន្ធិជាកូនអ្នកស្រុក ដែលរាប់អានដើម រុក្ខជាតិនោះ លុះធំពេញវ័យជំទង់ដល់រដូវត្រូវសែនព្រេនថ្វាយក្រយ៉ាបូជាជូនអ្នកតាម្ចាស់ស្រុក នាងនោះក៏ទូលថាស បាយនំចំណីទៅសែនជួសឪពុកម្តាយ ។ រុក្ខទេវតាក្រឡេកឃើញដូច្នេះចេះតែមានចិត្តអាណិតអាសូរស្រលាញ់នាងនោះ ហាក់ដូចជាព្រាត់គ្នាពីកាលណាមកហើយ ទើបបាននឹងបានជួបមុខគ្នាថ្មីៗ។ រុក្ខទេវតានោះកាន់តែវិតក្កចិត្ត អាណិតនាង ខ្លាំងណាស់ ទ្រាំពុំបានក៏ហោះទៅទូលសួរព្រះឥន្ធតាមដំណើរ។ ព្រះឥន្ធទ្រង់រំពឹងដោយញាណទិព្វទៅឃើញថា នងានោះ កាលពីជាតិមុនជាប្រពន្ធរុក្ខទេវតានេះ បានសាងប្រាថ្នាជាមួយគ្នាមកថា “ទោះបីទៅកើតជាតិណា ភពណាសូមឱ្យជួប បានជាប្តីប្រពន្ធនិងគ្នា កុំឃ្លាតគ្រប់ៗជាតិ” លុះចាស់រៀងខ្លួន រុក្ខទេវតានោះសុំលាទៅបួសជាតាបសអស់ជីវិតដោយ ខ្លួនពីគ្នាទៅ ។ តាបសមកកើតជារុក្ខទេវតានេះ ប្រពន្ធទៅកើតជានាងទេពធីតា បែកគ្នាទៅឆ្ងាយមិនជួបជុំ នាងប្រពន្ធ ច្យុតពីទេពធីតាមកកើតជិតទីកន្លែងដែលទេវតាជាប្តីនៅ ។ មកពីមាននិស្ស័យពីជាតិមុនយ៉ាងនេះ ទើបបណ្តាលឱ្យ រុក្ខទេវតាចេះតែស្រលាញ់អាណិតអាសូរនាង។ តែមកពីរុក្ខទេវតានោះមានពៀរដែលគេចទៅបួសចោលប្រពន្ធឱ្យព្រួយ ទុក្ខវេទនាអស់សង្ខារទៅមិនឱ្យជួបមុខ បានជាច្យុតទៅកើតជាមនុស្សវិញមិនជួបគ្នា ។ ព្រះឥន្ធសម្តែងប្រាប់រុក្ខទេវតា ដូចរៀបរាប់មកនេះ។ រុក្ខទេវតាបានដឹងសព្វគ្រប់ហើយ ក៏លាព្រះឥន្ធមកវិញគិតពិចារណាថា “ឥឡូវនឹងទៅថ្វាយ បង្គំលាព្រះឥន្ទ្រាធិរាជសុំច្យុតទៅកើតជាមនុស្សឃើញថាការមិនគួរ ព្រោះប្រពន្ធទៅកើតធំពេញក្រមុំទៅហើយ ហើយ សង្ខាររបស់មនុស្សខ្លីណាស់មិនដូចទេវតាទេ ”។ ទេវតាគិតចុះគិតឡើងមិនធ្លុះធ្លាយត្រង់ណាសោះ ហេតុដែលមាន ពៀរដែលគេចទៅបួសជាតាបសមិនឱ្យឃើញមុខលុះត្រាតែសូន្យសង្ខាររៀងខ្លួន។ រុក្ខទេវតាព្រួយខ្លាំងណាស់ក៏ប្រថុយ ប្រាណ ប្រថុយប្រាណប្រថានព្រេងថា ណ្ហើយចុះអញទៅប្រាប់ប្រពន្ធឱ្យដឹងខ្លួនអញជាប្តីគូព្រេងទៅចាប់ជាតិជា រុក្ខទេវតា នាងឥតមានគូព្រេងទៀតទេ បើនាងបានដឹងថា ខ្លួនអញជាប្តី នាងមុខជាលែងយកប្តីអស់មួយជាតិនេះហើយ គិតស្រេចពេលរាត្រីស្ងាត់ក៏និម្មិតខ្លួនធ្វើជាពស់ថ្លាន់ចូលទៅ អោបរឹតនាង! ភ្ញាក់ឡើងបំរះពុំរួចបួសថ្លាន់និយាយលួង លោមសព្វគ្រប់មិនជឿថា បើប្តីជារុក្ខទេវតា ហេតុម្តេចក៏មកជាពស់ថ្លាន់ដូច្នេះវិញ។ រុក្ខទេវតាជាប្តីថា បើនាងមិនជឿបង បងនឹងប្រែរូបឱ្យនាងមើល។ រុក្ខទេវតាក៏ផ្លាស់រូបជាទេវតាវិញភ្លាមៗ នាងក្រឡេកឃើញក៏ស្រលាញ់ពេញចិត្ត ជឿជាក់ ថាប្តីខ្លួនជាទេវតាមែន ព្រោះរកមនុស្សណានិងឱ្យល្អដូចពុំបាន ។ រុក្ខទេវតានិយាយប្រាប់នាងថាខ្លួនបងបើមិននិម្មិត ខ្លួនជាសត្វបែបនេះទេ មិនអាចមកនៅជិតនាងបានឡើយត្រូវតែនិម្មិតរូបជាសត្វផ្តេសផ្តាស់ទើបនៅជាមួយ នាងបាន ។ និយាយរួចនិយាយរួចនិម្មិតខ្លួនជាពស់ថ្លាន់វិញ ពស់ថ្លាន់នេះគ្រាន់តែនៅជាមួយនាងប៉ុណ្ណោះទេ ប៉ុន្តែមិនដែលរួមសង្វាស់ ជាមួយនិងនាងនោះឡើយ ហើយហាមប្រពន្ធថាកុំនិយាយប្រាប់ម៉ែឪបងប្អូន និងអ្នកស្រុកឱ្យថាជាទេវតា ឱ្យថាតែ ពស់ថ្លាន់ ពេលថ្ងៃបងមិននៅជាមួយនាងទេ បងមកលេងតែយប់ៗសឹមផ្លាស់រូបជាទេវតាឱ្យឃើញម្តងៗ។ ជិតភ្លឺហើយ ឭមាត់និយាយគ្នា ឪពុកម្តាយចូលទៅមើលឃើញពស់ថ្លាន់ពេនទ្រេលពេញល្វែងផ្ទះ ក៏ភ្ញាក់ច្រឡោតស្រែក រុក្ខទេវតា ភៀសខ្លួនបាត់ទៅ។ ឪពុកម្តាយហៅកូនស្រីមកសួរកូននិយាយសារស័ព្ទប្រាប់រឿងពីដើមចប់ដល់ចុង។ ឪពុកទាល់ប្រាជ្ញ មិនដឹងធ្វើម្តេចក៏ដកដង្ហើមធំសួរកូនថា ឥឡូវពស់ថ្លាន់ទេវតាននោះទៅណាបាត់ហើយ កូនប្រាប់ថា ពេលថ្ងៃមិនមកទេ យប់ទើបមក នាងប្រាប់ឪពុកម្តាយថា ទេវតាជាប្តីហាមមិនឱ្យប្រាប់គេថា ទេវតាទេឱ្យថាតែពស់ថ្លាន់បានហើយ។ លុះពេលរាត្រីស្ងាត់ រុក្ខទេវតាក៏មកដល់ប្រពន្ធនិម្មិតរូបជាទេវតា ឱ្យនាងមើលតាមសេចក្តីសន្យា នាងក៏អុជភ្លើងភ្លឺឡើង ស្ទុះទៅអោបប្តី ដោយសេចក្តីមេត្រីស្នេហា ឮមាត់និយាយគ្នាឪពុកម្តាយចូលទៅលបមើលឃើញទេវតាល្អណាស់ ក៏ស្រលាញ់ពេញចិត្តនិងរុក្ខទេវតានោះ ក្រៃលែង រុក្ខទេវតាដឹងថាឪពុកម្តាយលបមើលផ្លាស់រូបទៅជាពស់ថ្លាន់វិញភ្លាម ឃើញធំទ្រេលពេញបន្ទប់ផ្ទះ ។ ទៀបភ្លឺរុក្ខទេវតាប្រាប់ប្រពន្ធឱ្យនាំឪពុកម្តាយទៅជីកយកកំណប់ក្នុងដំបូកមួយមាន មាសប្រាក់ ពេជ្រ កែវ់កង តុ ថាស ចាន ជញ្ជូនមកដាក់ពេញផ្ទះ ឡើងទៅជាអ្នកមានធំ។ យូរទៅដឹងជ្រួតជ្រាបដល់អ្នក ស្រុកមកមើលឈូរឆរ ពិតជាពស់ថ្លាន់ពេនទ្រេលនៅជាមួយនិងនាង។ និយាយពីបុរសប្តីប្រពន្ធ មានកូនក្រមុំមួយនៅ ភូមិផ្សេងពីនាងមានប្តីពស់ថ្លាន់ ទេវតានោះចេះតែរភើំបក្នុងចិត្ត នាំប្តីប្រពន្ធសរសើរថា “វាសនាអ្វីគេក៏ល្អម្លេះពីដើម ជាអ្នកក្រដូចគេឯងសោះ ឥឡូវមានផ្ទះធំខ្វាត់ខ្វែងត្រឈឹងត្រឈៃ មានគោក្របី ដំរី សេះ ខ្ញុំកំដរប្រើគគ្រឹកគគ្រេង ល្បីឈ្មោះថា ចៅសួស្តិ៍សេដ្ឋី នេះមកពីកូនគេមានប្តីពស់ ថ្លាន់ ពស់ថ្លាន់ឱ្យកំណប់ព្រេង ”។ បុរសនោះតូចចិត្ត និងខ្លួនឯងណាស់ចេះតែដកដង្ហើមធំ ចេះតែទន្ទេញទាំង យប់ទាំងថ្ងៃ ប្រពន្ធ៎ឃើញប្តីកើតទុក្ខដូច្នេះ ក៏និយាយប្រាប់ប្តីថា “ ខ្ញុំបានឮចាស់ទុំនិយាយរៀងៗមកថា សត្វពស់ថ្លាន់មិនដូចពស់ទាំងពួងទេ តែមានដម្បូកធំៗក្នុងព្រៃ ហើយច្រើនមាន ពស់ថ្លាន់ទៅព័ទ្ធពេននៅទីនោះ គេថាពស់រក្សាកំណប់ព្រេង”។ ប្តីថា “បើដូច្នេះព្រឹកស្អែកឯងដាំបា៍យឱ្យបងពីព្រឹក កុំឱ្យអ្នកណាដឹង បងនឹងដើរស្វែងរកពស់ថ្លាន់ព័ទ្ធដំបូកក្នុងព្រៃធំៗ បើឃើញបងនិងចាប់យកមកធ្វើជាប្តីកូនយើង ”។ ប្រពន្ធពេញចិត្តក៏ព្រមព្រៀងគ្នា ព្រឹកឡើងដាំបាយវិចជាសំណុំព្រមទាំងទឹកបំពង់ប្រគល់ឱ្យប្តី ប្តីក៏ដើរស្វែងរកពស់ថ្លាន់។
បុរសនោះចូលក្នុងព្រៃធំមិនយូរប៉ុន្មានក៏បានប្រទះដំបូកមួយធំក្នុងព្រៃទួល មានបន្លាស្អិតនិងវល្លិ៍រវីមរវាម វារពាក់ព័ន្ធ លើគ្នា។ បុរសចូលទៅអើតឈ្ងោកមើលឃើញពស់ថ្លាន់ពេនទ្រេលលើក្បាលដំបូក។ ពស់នោះរស់នៅ ក្នុងព្រៃដំបូកនោះ អស់កាលជាយូរអង្វែងណាស់មកហើយ វាមិនដែលទៅកាន់ទីណាសោះ ទោះបីអត់ឃ្លានយ៉ាងណា ក៏ស៊ូរទ្រាំនៅក្នុង ទីនោះ ពស់ក៏មិនរើប៉ុន្មានព្រោះវាស្គាំងស្គមអស់កំលាំងស្ទើរតែកំរើកខ្លួនមិនរួច ។ បុរសយកឈើគោះមើលក៏មិនទាំង កំរើកខ្លួនផង បុរសនោះនឹកត្រេកអរក្នុងចិត្តណាស់ គិតថាពស់ថ្លាន់នេះ ពិតជាមានកំណប់ហើយបានជាស្លូតម៉្លេះ ក៏បោចវល្លិ៍ស្រាក់ស្រួតជាប់។ ពស់ក៏មិនរើប៉ុន្មានព្រោះវាស្គាំងស្គមដោយអត់អាហារមកយូរហើយ។ បុរសលើកស្ពាយ ទាំងភ្នែនមកដោយ ធ្ងន់ខ្លាំងពេកក៏ឈប់សំរាកតាមផ្លូវទល់ព្រលប់ទើបមកដល់ផ្ទះ ស្រែកហៅប្រពន្ធនិងកូនក្រមុំពីក្រៅ របងឱ្យទៅជួយទទួល ។ ប្រពន្ធនិងកូនក្រមុំក៏ចុះទៅទទួលប្តី ឪពុកស្ពាយពស់ថ្លាន់ទាំងភ្នេនក៏ត្រេកអរឥតឧបមា។ លុះយកមកដាក់ ដល់លើផ្ទះអួតប្រាប់ប្រពន្ធថា “ពស់នេះស្លូតណាស់ត្រូវចិត្តបងហើយ បើភានឯងមិនជឿទៅចាប់ស្ទាប អង្អែលមើលចុះ ស្ទើរតែមិនកំរើកខ្លួនប្រាណផង” ។ ប្រពន្ធលូកដៃទៅពាល់មើលឃើញមិនកំរើកមែន ក៏ចេះតែបបោស អង្អែលសរសើរថា “កូនអើយ! ពណ៌សំបុរអ្នកអីក៏ល្អម៉្លេះ ដូចគេទើបនិងទីបមាសថ្មីៗ ទោះបីជាហូលដែលជាងចេះចង គាត់យ៉ាងណាក៏មិនល្អមិនដូចអ្នកដែរ ”។ ពស់ថ្លាន់ដោយជាប់ចំណងផង ហើយហេវអស់កំលាំងនិងអត់អាហារយូរ ថ្ងៃផងក៏ធ្វើតែភ្នែកភ្លឹះៗ លិទ្ធអណ្តាតភ្លែមៗ ប្រហែលជាក្នុងចិត្តវាដែលឃ្លានប្រុងតែលេបមនុស្ស ។ប្តីតាំងបង្គាប់ប្រពន្ធ និងកូនក្រមុំឱ្យវាយមាន់ស្លដណ្តាំបាយឱ្យឆាប់ និងរៀបសែនព្រេន ប្តឹងជីដូនជីតារៀបផ្សំផ្គុំឱ្យកូនយកប្តីពស់ថ្លាន់ ។
ប្តីរត់ទៅទិញស្រាបានមក ប្រពន្ធដាំបាយស្លឆ្អិនដួសដាក់តុថាស ហៅបងប្អូនជិតខាងឱ្យមកជួយសែនព្រេន បង្គាប់កូន ក្រមុំឱ្យរៀបចំដំណេកបង្គុយអ្នកស្រុកជិតខាងដែលមានបញ្ញាវាងវៃ គេលាន់មាត់និងបុរសនោះ ថាឆ្កួតថាព្រើលគ្រប់ៗ គ្នា អ្នកខ្លះក៏រកពុទ្ធោ អ្នកដែលត្រូវស្រា អរឱ្យតែគេហៅឱ្យចូលទៅជួយសែន និងបានស៊ីផឹកសប្បាយ ។ លុះទៅជួប ជុំគ្នា លើកពស់ថ្លាន់ដាក់លើកំរាលសំពត់ស ស្រាយចំណងឱ្យកូនក្រមុំទៅអង្គុយទន្ទឹម ពស់នោះ ក៏នៅស្ងៀមដោយគ្នា អត់អាហារមកយូរថ្ងៃហើយ ។ បុរសបង្គាប់ឱ្យគេលើកបាយសម្លរ ទៅដាក់អុជ ទៀនធូប សំបូងសង្រូងប្តឹងជីដូនជីតា ច្រូចស្រា៣ដងរួចសែនចាប់សំណែននំចំណី បាយសម្លរគ្រប់មុខ ដាក់ច្រឡូកចូលគ្នាមួយចាន យកទៅចាក់នៅមុខផ្ទះ ហៅពួកអង្រឹងជើងស្នែងឱ្យស៊ី ព្រោះជីដូនជីតាពិសារួចហើយ ហើយលើកតុ ថាស ចេញមកក្រៅ លត់ភ្លើងទុកកូនក្រមុំ ឱ្យនៅជាមួយពស់ថ្លាន់ក្នុងបន្ទប់។ នាងនោះប្រហែលជាខ្លាចពស់ដែរ ប៉ុន្តែនិងចេញមកក្រៅខ្លាចឪពុកម្តាយ ព្រោះផ្សំ ដំណេកឱ្យពស់ថ្លាន់ហើយក៏ចេះតែអត់ទ្រាំទៅ ។ ចំណែកឪពុកម្តាយនាំញាតិមិត្តស៊ីមាន់ផឹកស្រាឯល្វែងខាងក្រៅ។ ពស់ នោះកាលមនុស្សនៅស៊ីផឹកមាត់អ៊ូរអែវានៅតែស្ងៀមធ្វើហាក់ដូចជាមិនដឹងខ្លួន។ លុះគេស៊ីផឹករួចទៅស្ងាត់អស់ប្រហែល ពាក់កណ្តាល អាធ្រាតវាលាខ្លួនខ្សាក វាឥតរឹតរួតនាងនោះទេ ព្រោះពស់នោះវាធំល្មមលេបនាងនោះបានតែម្តង វាគ្រាន់តែយកកន្ទុយស៊ករុំក៏ដៃនាងនោះជាប់ងាកក្បាលមកក្រោមកៀវជើងប្រមូលផ្ទឹមគ្នា វាហារមាត់បញ្ច្រកជើង នាងទាំងពីរតែម្តង។ ពីដំបូងនាងនោះស្មានថា ពស់ថ្លាន់ប្រុងរួមបវេណីនិងខ្លួនបានជានាងនៅស្ងៀមមិនមាត់ ព្រោះដេក ជាមួយគ្នាតាំងពីល្ងាចមិនអីសោះបែបជាទុកចិត្តពស់បន្តិចទៅហើយ លុះវាលេបស្រឺតៗដល់ក្បាលជង្គង់នាងនឹកសង្ស័យ ថាពស់ថ្លាន់ច្បាស់ជាលេបអញពិតហើយ គិតនិងក្រោក ក៏ក្រោកមិនរួចកន្ទុយពស់វារឹតដៃនាងជាប់ នាងភ័យណាស់ ស្រែកហៅម្តាយថា “ពស់ថ្លាន់វាលេបខ្ញុំហើយ” ។ ម្តាយឮមាត់កូនស្រែកហៅ ក៏ស្រែកសន្ធាប់ទៅវិញថា “ខ្មោចមេ ចំកួតប្តីប្រលែងផងបានតែព្រើលៗ” ។ ឪពុកស្រវឹងស្រាដេកសន្លប់ហៀរទឹកមាត់កក្លាក់ ។ លុះពស់លេបដល់ចង្កេះនាង ស្រែកហៅម្តាយថា “ម៉ែៗ ជួយកូនផងពស់លេបដល់ចង្កេះហើយ ” ។ ម្តាយរឹតតែបញ្ចោរពីក្រៅមកស្តីបន្ទោសថា “កូនអីក៏ចង្រៃមិនចេះខ្មាស់គេឯង មិនច្រឡំនិងអ្នកស្រុក តិចអញចូលទៅវាយក្បាលក្នុងដំណេកបែកឥឡូវ“។ នាង នោះចេះតែស្រែកថា “ម៉ែអើយជួយកូនផង ពស់លេបដល់ចុងដង្ហើមហើយ” បន្តិចស្រែកថា “លេបដល់កហើយ” ។
ម្តាយឮកូនស្រែកញយៗពេកមិនខ្ចីទាំងតបផង គិតតែពីសង្ងំដេក លុះលេបដល់បបូរមាត់ក៏ស្រែកលា ឪពុកម្តាយថា “បើឪម៉ែមិនជួយកូនទេ កូនសូមលាស្លាប់ហើយ” ។ ម្តាយស្តាប់ទៅឮមាត់កូនង៉ុលៗ ក្នុងមាត់ពស់ថ្លាន់ដែលវាលេបគ្រប បបូរមាត់ទៅហើយនោះ។ លុះបាត់ឮមាត់កូន ម្តាយសង្ស័យក៏អុជភ្លើង ចូលទៅមើល បាត់កូនឃើញតែពោះពស់ធំកំពីង តាំងពីក្រោមរហូតដល់ជិតពាក់កណ្តាលខ្លួន ។ នាងម្តាយនោះក៏ស្រែកទួញងោង ផ្អើលឆោឡោ ដល់អ្នកស្រុកអ្នកភូមិ ផ្ទះអ្នកជិតខាងទាំងពាក់កណ្តាលអាធ្រាត ។ ឪពុកភ្ញាក់ឡើងហៅអ្នកស្រុកមកជួបជុំ ចោមចាប់ពស់ថ្លាន់ទាក់កចង សន្ធឹង យកកាំបិតព្រាវះយកកូនបានមកសន្លប់សូន្យឈឹងដូចជាស្លាប់ តែខ្លួននៅក្តៅប្រឡាក់សុទ្ធតែរំអិលពស់ពេញ ទាំងខ្លួន ទាំងក្បាលនិងដៃជើងឆ្អាបកខ្វក់ នាំគ្នាដងទឹកមកលាង លាងមិនជ្រះ ដាំទឹកក្តៅយកមកលាងក៏មិនជ្រះ លុះគេ ស្រោចទឹកក្តៅអ៊ុនៗលាងឱ្យមួយស្របក់ នាងក៏ដឹងខ្លួនឡើងវិញ មើលឃើញបងប្អូនមាមីងជួបជុំត្រៀបត្រា មើលមក ខ្លួនឯងសុទ្ធតែរំអិលពស់ឆ្អាបគគ្រុក ក្រោកឡើងកន្ត្រាក់បានផ្តិលទឹកមួយលើកគ្របទទូលក្បាល ដើរទៅមាត់សមុទ្រ ដងទឹកងូតលាងដូចម្តេចក៏មិនជ្រះរំអិលពោះនោះ គិតថាឱខ្លួនអញអើយម៉្លេះទៅហើយនៅជាមនុស្សក៏ខ្មាស់គេ បើស្លាប់ ទៅវិញប្រសើរជាង ក៏យកផ្តិលទទលួក្បាលដើរទៅត្រង់មាត់ច្រាំងអន្លង់ជ្រៅនឹកប៉ងក្នុងចិត្តថា “អញនឹងលោតទឹក សំលាប់ខ្លួនឯងចោល”។ គិតដូច្នោះហើយក៏លោតប្រូងទៅ ក្លាយខ្លួនទៅកើតជាផ្សោតញីភ្លាម មុជក្នុងទឹកហែលចាប់ ត្រីស៊ីព្រងើយ។ ឪពុកម្តាយរត់តាមទៅមើលកូន ឯមាត់កំពង់ទឹករកពុំឃើញ ក៏នាំគ្នាយំសោកអាឡោះអាល័យរៀបរាប់ រឿងផ្សេងៗនៅមាត់ទឹក ។ លុះត្រលប់មកផ្ទះវិញបបួលប្តីប្រពន្ធអូសពស់ថ្លាន់យកទៅចោលក្នុងព្រៃធំមួយដោយស្មាន ថាពស់ថ្លាន់វាស្លាប់ ព្រោះវះពោះរយះជាពីរទៅហើយតែធម្មតាពស់ថ្លាន់តែងមានប្រមាត់រស់គ្រាន់តែវះពោះប៉ុណ្ណឹង មិនស្លាប់ទេ លុះត្រាតែកាប់ដាច់ជាពីរជាបីកំណាត់ទើបស្លាប់ យូរៗទៅពស់ថ្លាន់សះជារស់ឡើងវិញហើយតាំងចិត្តលែង ស៊ីមនុស្ស និងសត្វណាដែលគ្មានរោមគ្មានមមីស។ ការដែលពស់ថ្លាន់លែងស៊ីមនុស្ស និងសត្វគ្មានរោមក៏ជាទំនៀម ទំលាប់ពីត្រឹមនោះមករហូតដល់ឥឡូវនេះ ។ ឯផ្សោតក៏កើតមានពីត្រឹមនាងប្រពន្ធពស់ថ្លាន់ រហូតមកដល់សព្វថ្ងៃនេះ ក្បាលផ្សោតក៏ត្រងោលដូចជារបៀបទទូរផ្តិល សរីរាវៈយវៈរបស់ផ្សោត មិនខុសគ្នាពីមនុស្សប៉ុន្មានទេដូចជា ដោះ, ប្រដាប់កេរខ្មាស និងសរីរាវៈយវៈឯទៀតខ្លះសឹងតែដូចមនុស្សទាំងអស់ គ្មានតែដៃជើងប៉ុណ្ណោះទេ ។
 
ដកស្រង់​ចេញពី​សៀវភៅ​រឿង​ព្រេង​ខ្មែរ
Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s