រឿងពោះកេងកង

កាលពីព្រេងនាយនៅលើដីយើងនេះគ្រប់ស្រុកទាំងអស់មិនមានពស់ពិស និង ពស់ឥតពិសទេ មានតែពស់ កេងកង។មាននិទានថា ៖ កាលពីដើមឡើយមានមនុស្សពីនាក់ប្តីប្រពន្ធ ប្រពន្ធឈ្មោះនាងនី មានកូនស្រីមួយឈ្មោះ នាងអេត ។ ប្តីនោះទៅជួញអង្កាំបាត់ជាយូរអង្វែង។ ថ្ងៃមួយ អស់បងប្អូនជិតខាងគេបបួលគ្នាទៅរកអុស។ ឯនាងនីឮ គេបបួលគ្នាក៏ទៅជាមួយនឹងគេដែរ យកនាងអេតជាកូនទៅជាមួយផង លីដឹងចូលទៅក្នុងព្រៃបានឃើញអុសមួយធំ។ នាងនីយកដឹងពុសអុស លុះពុសយូរបន្តិចទៅដឺងក៏រង្គោះធ្លាក់ទៅក្នុងរន្ធពស់។ នាងនីមើលទៅឃើញ ដឹងថារន្ធពស់កេង កងក៏និយាយនឹងពស់នោះឱ្យហុចដឹងឱ្យ។ ឯពស់កេងកងឆ្លើយឡើងថា “អើ! បើនាងឯងដោយអញធ្វើជាប្រពន្ធអញ ទើបអញឱ្យដឹង បើនាងឯងមិនដោយអញធ្វើជាប្រពន្ធអញនោះ អញមិនឱ្យដឹងទេ” ។ នាងនីឮពស់កេងកងថាដូច្នេះ ហើយ ហេតុតែជាស្រីខូចក៏ព្រមទទួលថា “ អើ! លែងតែអ្នកឯងឱ្យដឹងមកខ្ញុំចុះចាំល្ងាចខ្ញុំឱ្យមេអេតមកហៅ ” ។ ពស់ កេងកងឮនាងនីថា ដូច្នោះក៏ឱ្យដឹងមក។ នាងនីផ្តាំថា “ ដល់ល្ងាចសឹមឱ្យមេអេតមកហៅ” ហើយនាងនីក៏ទូលអុសទៅ ផ្ទះជាមួយនាងអេត លុះដល់ព្រលប់នាងនីក៏ប្រើនាងអេតជាកូនទៅហៅពស់កេងកង។ នាងអេតទៅដល់រន្ធពស់ឆ្លើយ ថា “ ពស់កេងកង! ៗ នាងនីឱ្យហៅ”។ ឯពស់កេងកងឮហើយចេញមក។ នាងអេតឃើញពស់ក៏ភ័យព្រឺ ស្ញើបអស់ទាំង ខ្លួន ប៉ុន្តែខ្លាចម្តាយព្រោះម្តាយប្រើមកក៏ខំសង្កត់ចិត្តនាំពស់ទៅផ្ទះ។ ពស់នោះ ធំណាស់លូនទៅលើស្មៅបាក់រាបអស់ ដល់ផ្ទះហើយក៏ឡើងទៅដេកជាមួយនឹងនាងនី។ នាងនីនិយាយ នឺងពស់កេងកងថា “ខ្ញុំមានប្តី ឥឡូវនេះគាត់ទៅជួញ អង្កាំពីរបីឆ្នាំមកម្តងៗ” ។ ពស់កេងកងសួរថា “ប្តីនាង ឯងនៅប៉ុន្មានខែប៉ុន្មានថ្ងៃទៀតទើបមកដល់? ” ។ នាងនី ឆ្លើយថា “មិនដឹងជាប៉ុន្មានខែ ប៉ុន្មានថ្ងៃ ទៀតមកដល់ទេ” ពស់កេងកងលានាងនីទៅរូងវិញ។ នាងផ្តាំថា “បើប្តីខ្ញុំមក ខ្ញុំមិនឱ្យមេអេតទៅហៅទេ អ្នកកុំមក បើប្តីខ្ញុំមិនទាន់មកនោះខ្ញុំប្រើមេអេតឱ្យទៅហៅអ្នកសឹមអ្នកមក” ។ ពស់កេង កងក៏ទៅរូងវិញទៅ។ រាល់តែល្ងាចនាងនីប្រើមេអេតឱ្យទៅហៅពស់កេងកង។ នាងអេតខ្លាចម្តាយក៏ទៅតាមពាក្យ ម្តាយប្រើ ប៉ុន្តែក្នុងចិត្តខ្លាចពស់នោះណាស់ ដ្បិតពស់នោះធំហើយវែងផង។ មួយទៀតខឹងក្នុងចិត្តដ្បិតម្តាយសាហាយ នឹងពស់។ នាងអេតទៅដល់មាត់រូងហៅថា “ ពស់កេងកង! ៗ នាងនីឱ្យហៅ” ។ ពស់កេងកង ឮក៏លូនចេញមក ហើយឆ្លើយថា “អេតអើយអេត! បើអញទៅ ឱពុកអេតនឹងកាត់អញដាច់ ” ។ នាងអេត ឆ្លើយថា “ឱពុកអញទៅជួញ អង្កាំពីរ-បីឆ្នាំមិនទាន់មកដល់” ។ ពស់កេងកងបានឮនាងអេតប្រាប់ដូច្នោះ កលូនចេញពីរន្ធមក ហើយចេះតែទៅរាល់ ថ្ងៃ។ នាងនីសាហាយពស់កេងកងទាល់តែផើម។ ដល់យូរបន្តិចទៅ ប្តីនាងនីមកពីជួញអង្កាំវិញឃើញនាងនីពោះធំក៏នឹក សង្ស័យក៏សួរនាងអេតជាកូន។ នាងអេតប្រាប់ឱពុកថា “ ម៉ែគាត់សាហាយនឹងពស់កេងកង តែវេលាព្រលប់កាលណាឱ្យ តែខ្ញុំទៅហៅរាល់ថ្ងៃ”។ ឪពុក ឮនាងអេតប្រាប់ដូច្នោះ ក៏និយាយនាងអេតថា “ដល់ល្ងាចហងឯងទៅហៅពស់នោះមក ទៀត អញកាប់វានៅមាត់ទ្វារ ហើយហងឯងកុំឱ្យម្តាយហងឯងដឹង”។ ឯនាងអេតលុះដល់ព្រលប់ក៏ទៅហៅពស់កេង កងថា “ពស់កេងកង! ៗ នាងនីឱ្យហៅ” ។ ពស់កេងកងឮហើយឆ្លើយថា “ អេតអើយអេត! បើអញទៅឪពុកអេត នៅកាត់កអញដាច់”។ នាងអេតឆ្លើយថា “ឱពុកអញទៅជួញអង្កាំពីរ-បីឆ្នាំមិនទាន់មកដល់”។ ពស់កេងកងឮនាងអេត ប្រាប់ដូច្នោះ ស្មានថាឪពុកមិនទាន់មកពីជួញអង្កាំមែនក៏ទៅដូចសព្វដង។ ឯឪពុកនាងអេតកាន់ដាវពួននៅមាត់ទ្វារ ចាំកាប់។ ពស់កេងកងលូនចូលមាត់ទ្វារបន្តិច ឪពុកនាងអេតកាត់ដាច់ ហើយកាត់មួយកំណាត់ខាងកន្ទុយយកទៅដាក់ លើស្កាក មួយកំណាត់ខាងក្បាលយកទៅដាក់លើមែកពុទ្រា ឯកណ្តាលខ្លួនឱ្យនាងអេតយកទៅពន្លួះពន្លាត់ស្បែកចោល ហើយផ្តាំនាងអេតថា “កុំឱ្យម្តាយហងដឹង តែត្រូវទុកសាច់ស្លឱ្យម្តាយហងឯងស៊ី”។ ឪពុកនាងអេតក៏លាងឈាមពស់ ជ្រះអស់មិនឱ្យមានសល់។ ឯនាងនីពុំបានដឹងថាប្តីកាប់ពស់ជាសាហាយស្លាប់ទេ ព្រោះពេលនោះនាងនីមិននៅ ទៅសួរ បងប្អូននៅផ្ទះឆ្ងាយ។ លុះព្រឹកឡើងនាងអេតយកសាច់ពស់ទុកឱ្យនាងនីជាម្តាយស៊ី។ នាងនីឃើញសម្លខ្លាញ់រលើបទាំង ចានឆ្នាំង ក៏សួរនាងអេតថា “បានសាច់អ្វីស្លអេត!“។ នាងអេតប្រាប់ថា “ សាច់ជ្រូក”។ នាងនីនឹកគិតស្មានថា សាច់ ជ្រូកមែនក៏ដួសសម្លយកមកស៊ីបាយ។ កាលនាងអេតដួសសម្លយកមកឱ្យនាងនីជាម្តាយស៊ី មានក្អែកមួយវាឃើញ ក្បាលពស់ដាក់លើមែកពុទ្រា វាចង់ស៊ីសាច់ពស់ វាបូលថា “ ក៏ឡូវៗក្លេមក្លមលេចសាច់ប្តី់ឯង។ នាងនីកំពុងតែស៊ីបាយឮ ក្អែកបូល ដូច្នោះក៏មើលទៅលើដើមពុទ្រាឃើញក្បាលពស់កេងកងលើមែក ហើយនាងនីនឹកអាណិតស្រក់ទឹកភ្នែក តែនាងនីពុំហ៊ានយំ ព្រោះខ្លាចប្តីដែលអង្គុយស៊ីបាយជាមួយគ្នា។ ប្តីឃើញនាងនីស្រក់ទឺកភ្នែកក៏សួរថា “ហេតុម្តេចបាន ជាស្រក់ទឹកភ្នែក?” ។ នាងនីឆ្លើយថា “ស៊ីបាយក្តៅសម្លក្តៅរលឹកកូនចៅរលោងទឹកភ្នែក ”។ ឯក្អែកនោះចេះតែបូល “ ក៏ឡូវៗ ក៏ក្លេមក្លមលេបសាច់ប្តីឯង ក្បាលដាក់លើមែកពុទ្រា កន្ទុយដាក់លើស្កាក”។ នាងនីមើលទៅលើស្កាកឃើញ កន្ទុយពស់កេងកងនៅទីនោះ។ ឯប្តីនាងនីដឹងថាប្រពន្ធសាហាយ នឹងពស់កេងកងពិតប្រាកដក៏នឹកក្នុងចិត្តខឹងចង់សម្លាប់ នាងនី ប៉ុន្តែធ្វើមិនឱ្យនាងនីដឹងខ្លួន។ ដល់នាងនីផើម ចាស់ផ្ទៃជិតនិងសំរាល ប្តីបបួលទៅកក់សក់នៅមាត់បឺង លុះដើរ ទៅដល់មាត់បឹងប្រាប់ប្រពន្ធថា “ ទៅទៀតឱ្យឆ្ងាយពីស្រុកគេយើងនិងកក់សក់លេងឱ្យសប្បាយតែពីរនាក់ម្តង”។ នាងនីមិនដឹងខ្លួនថាប្តីគិតសម្លាប់ខ្លួន ស្មានថាប្តីនាំទៅកក់សក់មែន ក៏ដើរចូលទៅក្នុងព្រៃឆ្ងាយទៅ។ លុះឃើញកំពុង មួយរាបស្អាតវាលល្អ ប្តី ប្រាប់ប្រពន្ធថា “កំពុងនេះរាបសប្បាយយើងឈប់កក់សក់នៅនេះចុះ”។ ឯនាងនីមិនដឹងថាប្តី គិតសំលាប់ខ្លួន ក៏អង្គុយកក់សក់នៅមាត់ច្រាំង។ ប្តីនោះក៏ហូតដាវកាប់នាងពីក្រោយខ្នងមិនឱ្យដឹងខ្លួន ដាច់ពាក់កណ្តាល ខ្លួនស្លាប់ទៅ។ ពេលនោះឃើញសុទ្ធតែជាកូនពោះលូនចេញពីពោះនាងនីមក។ ប្តីនាងនីក៏កាប់កូនពស់ នឹងដាវខ្លះកាប់ មិនទាន់ក៏លូនចូលទៅក្នុងក្រហែងដី ខ្លះមុជក្នុងទឹក ខ្លះលូនចូលក្នុងព្រៃ។ ព្រោះហេតុនេះ បានជាមានពស់ច្រើនបែប ច្រើនយ៉ាងមកដល់ឥឡូវនេះ។
ដកស្រង់​ចេញពី​សៀវភៅ​រឿង​ព្រេង​ខ្មែរ
Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s