រឿងដើមកំណើតសត្វកូនលោក

មានបក្សីម៉្យាងហៅថា សត្វកូនលោក រូបរាងស្រដៀងនិងសត្វគ្រលីងគ្រលោង តែមានមាឌធំជាងគ្រលីង គ្រលោងបន្តិច សម្បុរវាក្រហមរទុះៗ ច្រើនអាស្រ័យនៅក្នុងព្រៃភ្នំ ឬព្រៃស្រោងស្រឹង។ សត្វនេះចាស់ៗខ្មែរយើងបាន និយាយតៗមកថា មានដើមកំណើតមកពីមនុស្ស ដូចមានរឿងដំណាលតទៅនេះ ៖ កាលពីព្រេងនាយ មានកសិករពីរ នាក់ប្តីប្រពន្ធជាមនុស្សក្រលំបាក មានកូនស្រីតូចៗ៣នាក់។ កូនទី១ ចេះដងទឹកដាំបាយ កូនទី២ចេះនាំប្អូនដើរលេង កូនទី៣ ចេះរត់លេង។ ក្រោយពីពេលដែលប្តីស្លាប់ចោលទៅនាងប្រពន្ធនៅមេម៉ាយជាមួយនិងកូនស្រី៣នាក់ តែងទៅ កាប់អុស បេះបន្លែទូលទៅលក់ឯផ្សាររាល់ថ្ងៃ ។ ថ្ងៃមួយនាងបានទៅជួបនិងអ្នកលេងស៊ីផឹកម្នាក់ ដែលតែងតែដើរលួច ឆក់អ្នកដំណើរឆ្ងាយជិត បានលុយកាក់យកមកស៊ីផឹកហ៊ឺហា។ អ្នកលេងនោះកាលបើក្រឡេកឃើញនាងមេម៉ាយ ក៏សំដែងអាកប្បកិរិយាជាអ្នក គួរសមសួរនាងថាចុះនាងនៅភូមិណា? ឆ្ងាយឬជិត? ហេតុអ្វីក៏មិនឱ្យប្តីជួយរែកប្រឹងផ្ទុក ទូលម្នាក់ឯងច្រើនម៉្លេះ? នាងក៏ប្រាប់ដោយត្រង់ថា “ខ្ញុំជាស្រីមេម៉ាយ ប្តីស្លាប់ចោលទៅសព្វថ្ងៃក្រលំបាកណាស់ ប្រឹង កាប់អុស បេះបន្លែលក់ គ្រាន់បានប្រាក់កាសបន្តិចបន្តួចយកទៅទិញអាហារចំណីឱ្យកូនស្រី៣នាក់បរិភោគ”។ ឮដូច្នោះ អ្នកលេងនឹកអរព្រួចក្នុងចិត្តគិតថា នាងនេះមេម៉ាយមែន ប៉ុន្តែមានរូបស្អាតគ្រាន់បើ គួរអញតាមទៅសួរដល់ផ្ទះយក ជាប្រពន្ធឱ្យបាន ហើយក៏និយាយថា “នាង! ខ្ញុំមានចិត្តអាណិតនាងណាស់ ខ្ញុំសូមជូន ១០កហាបណៈ សម្រាប់ទិញ ឥវ៉ាន់ផ្ញើកូន”។ នាងមេម៉ាយក៏ទទួលយកភ្លាម ដោយសេចក្តីត្រេកអរ លុះលក់អុស និងបន្លែអស់ហើយនាងត្រឡប់ មកផ្ទះវិញ។ ឯអ្នកលេងក៏លបដើរមកតាមក្រោយ ដើម្បីគន់មើលផ្ទះ លុះពេលព្រលប់ក៏ទៅជួបឯផ្ទះនាង និយាយគ្នា ត្រូវមាត់ហើយក៏យកគ្នាជាប្តីប្រពន្ធតទៅ។ ចាប់តាំងពីថ្ងៃនោះមក អ្នកលេងតែងចេញទៅប្លន់អ្នកស្រុក ២-៣ថ្ងៃមក ផ្ទះម្តងក៏មាន កន្លះខែមកម្តងក៏មាន។ នាងនោះមានមាស់ប្រាក់ចាយបរិបូរណ៍ ស្លៀកពាក់សុទ្ធតែរបស់ល្អៗ ក៏ទៅជា ធំចិត្តក្តៅក្រហាយ ស្អប់កូនស្រីរបស់ខ្លួន ឃើញមុខកូនពេលណាចង់តែយកកាំបិតមកកាប់ឱ្យដាច់កទាំង៣នាក់ ពេលដាំស្ល ឆ្អិនហើយ នាំប្តីបរិភោគតែពីរនាក់។ សល់បាយក្នុងឆ្នាំបន្តិចបន្តួច កូនទាំង៣នាំបងប្អូនកេះកាយស៊ីខ្លះដេក លក់ក្បែរជើងក្រាន ខ្លះដេកលក់នៅល្វែងផ្ទះខាងក្រៅ មូសខាំសុះពេលខ្លួន។ ពេលព្រឹកៗនាងនោះតាក់តែងខ្លួនប្រាណ ទៅស៊ីផឹកនៅឯផ្សារជាមួយប្តីរាល់ថ្ងៃ។
ថ្ងៃមួយប្តីបាននិយាយរំលឹកថា “បងមានសេចក្តីអៀនខ្មាស់មិត្តភ័ក្តខ្លាំងណាស់ ព្រោះអូនចេះតែតាមបងទៅ ស៊ីផឹកឯផ្សារ ដូច្នេះបងសូមអង្វរចិត្តអូន សូមនៅផ្ទះថែទាំកូនស្រីទាំង៣នាក់ចុះ”។ ឮប្តីនិយាយយ៉ាងនេះ នាងនោះគិត ថា “ប្តីអញគាត់ហ៊ឺហាណាស់ ពួកស្រីខូចក្នុងផ្សារស្គាល់គាត់ទាំងអស់ បើអញបណ្តោយតទៅថ្ងៃមុខ គាត់នឹងបោះបង់ អញពុំខាន គួរអញរកឧបាយសំលាប់កូនស្រីទាំង៣នាក់ ចោលកុំឱ្យគាត់មានពាក្យចាក់ដោតថា ឱ្យអញនៅចាំផ្ទះព្រោះ តែកូនឡើយ”។
លុះដល់ខែពិសាខមានភ្លៀងធ្លាក់ជោគជាំ នាងនោះនិយាយបញ្ឆោតកូនថា “កូនអើយ ! កាលឪពុកឯងរស់នៅ តែដល់រដូវនេះហើយ គាត់តែងនាំម្តាយទៅសាបព្រោះស្រូវនៅត្រពាំងទឹកក្នុងព្រៃជិតជើងភ្នំមាន ខ្ទមលំហដេកចាំស្រូវ ស្អែកនេះម្តាយនឹងយកស្រូវពូជទៅសាបព្រោះ ចូរកូនទៅដេកចាំចាបព្រាបលលក កុំឱ្យស៊ីស្រូវ”។ លុះព្រឹកឡើង នាងនោះនាំកូនចូលទៅក្នុងព្រៃរហោឋានជិតជើងភ្នំ យកស្រូវទៅបាចសាចក្នុងត្រពាំង រួចផ្តាំកូនថា “នែហងរាល់គ្នា ត្រូវនៅចាំស្រូវ កុំទៅណាឆ្ងាយ កុំទៅផ្ទះ បើទៅអញវាយសំលាប់” ផ្តាំហើយនាងនោះទុកបាយឱ្យ១ចំអែតម្នាក់ អង្ករ៣ចាន ពោតបួនដប់គ្រាប់ កូនឆ្នាំងដីមួយ និងអំបិលប្រហុកបន្តិចបន្តួចដោយគិតថា “យប់នេះខ្លាវានឹងមកខាំស៊ី េបីមិនស្លាប់ដោយខ្លាស៊ី ក៏គង់ស្លាប់ដោយអត់បាយពុំខាន”។ លុះផ្តាំកូនស្រេចហើយ ក៏ត្រឡប់មកផ្ទះវិញដេកចាំ មើលប្តីមកពីរកស៊ី ។ លុះប្តីមកដល់ក៏សួរថា “កូនស្រី៣នាក់ទៅដើរលេងឯណាពុំឃើញមកផ្ទះ?”។ ប្រពន្ធប្រាប់ថា “ខ្ញុំប្រើឱ្យទៅចាំស្រូវជាមួយចាស់ទុំជាច្រើន លុះស្រូវទុំទើបវាត្រលប់មកវិញ”។ ចំណែកកុមារីទាំង៣នាក់ នាំបងប្អូន យកគ្រប់ពោតទៅកប់តាមភ្លឺត្រពាំង ពេលយប់នាំគ្នាឡើងទៅដេកលើខ្ទម។ ឮសូរតែមាត់ដំរី ចចក ស្វាន ស្វា ស្រែកទ្រហឹងអឺងកងពេញព្រៃស្មសាន នាងបងមានសេចក្តីភិតភ័យញ័រខ្លួនដូចកូនសត្វ ស្ទើរគ្មានព្រលឹងនៅក្នុងខ្លួនលួង ប្អូនៗកុំឱ្យយំខ្លាចសត្វសាហាវទាំងនោះវាមកខាំសម្លាប់ ។ គ្រានោះ អារក្ខទេវតាដែលឋិតនៅក្នុងព្រៃស្មសានគិតថា “នាងម្តាយ ហេតុអ្វីក៏យកកូនតូចៗមកប្រោសចោលក្នុងព្រៃដូច្នេះ បើអញមិនជួយកុមារទាំង៣នេះផងទេ មុខជាម្រឹគ ពាលយង់ឃ្នងស៊ីពុំខាន គួរអញសង្គ្រោះកុមារទាំងនេះទម្រាំផុតពេលរាត្រីនេះ ហើយអញនឹងក្រាបទូលសម្តេចឥន្ទ្រា ធិរាជ”។ គិតស្រេចហើយ អារក្ខទេវតាសម្តែងឫទ្ធិស្រែកគំរាមពួកសត្វសាហាវឱ្យរត់ខ្ចាត់ខ្ចាយអស់ទៅ លុះព្រឹកឡើង ក៏ចូលទៅកាន់សំណាក់ទេវរាជឈ្មោះវរុណៈនៅទិសឥសាន ដើម្បីឱ្យទេវរាជនេះនាំដំណឹងទៅក្រាបទូលព្រះឥន្ទ្រាធិរាជ។
វរុណទេវរាជរំពឹងឃើញថា “ការនេះមិនចាំបាច់ទៅក្រាបទូលព្រះឥន្ទ្រាធិរាជទេ ព្រោះកុមារីទាំង៣នេះត្រូវក្លាយខ្លួន ទៅជាសត្វបក្សី” ហើយបង្គាប់ថា “ត្រូវអ្នកឯងជួយការពារកុមារីទាំង៣ឱ្យមធ្យ័តកុំឱ្យសត្វ សាហាវបៀតបៀនបាន ទម្រាំវាក្លាយខ្លួនទៅជាសត្វ បើវាឃ្លានអាហារត្រូវនិម្មិតជាត្រីក្រឹម ទន្សាយ ខ្យងខ្ចៅ ដាក់ក្នុងត្រពាំងមួយឱ្យវាស៊ី ទៅ”។ អារក្ខទេវតាត្រលប់មកវិញក៏ធ្វើតាមបង្គាប់វរុណទេវរាជ។ ឯកុមារីទាំងបីនាក់នោះនៅចាំស្រូវបានបីយប់បីថ្ងៃ ក៏អស់អង្ករបីចានដែលម្តាយទុកឱ្យស៊ី ប្អូនយំរកបាយស៊ី បងបានដើរទៅបេះស្លឹកថ្នឹងចូលទៅក្នុងថ្លុកក្តិចត្រួយត្រកួន និងដើមអំពៅដៀប យកមកចែកគ្នាស៊ី ប្អូនបង្អស់ចេះតែស្រែកយំ បងក៏នាំគ្នាចុះទៅចាប់ត្រីក្រឹម ទន្សាយធំមួយ បានមកប្រុងដុតស៊ី តែភ្លើងដែលម្តាយបង្កាត់ទុកឱ្យរលត់អស់ទៅ ក៏នាំបងប្អូនហែកស៊ីឆៅបន្តិចម្នាក់។ ប្អូនចេះតែយំ កន្ទក់កន្ទេញចង់ទៅផ្ទះ បងថាមិនហ៊ានទៅទេខ្លាចម៉ែវាយ តែប្អូនទាំង២ស្រែកយំខ្លាំងពេកបងទ្រាំពុំបានក៏នាំទៅផ្ទះ ។
ឯម្តាយកាលបើឃើញកូនស្រីបណ្តើរគ្នាមកដូច្នេះ ក៏មួរម៉ៅស្រែកជេរពីលើផ្ទះថា “មេកូនចង្រៃ ! អញថាយកវាទៅ ប្រោសចោលឱ្យស្លាប់ព្រាត់ប្រាស់អស់ទៅ ឥឡូវមិនស្លាប់បែជានាំគ្នាត្រលប់មកវិញ អញវាយសម្លាប់ឥឡូវហើយ អញមិនឱ្យហងឡើងផ្ទះសំបែងទេ” ។ នាងបងអង្វរថា “សូមអ្នកម្តាយ អាណិតកូនផងចុះ ព្រោះប្អូនចេះតែយំឃ្លាន បាយអត់២-៣ថ្ងៃមកហើយ ស៊ីតែស្លឹកឈើជំនួយបាយ ភ្លើងក៏រលត់អស់ បើម៉ែមិនឱ្យកូននៅ កូនសូមតែអង្ករ និងភ្លើង ត្រឡប់ទៅវិញ សូមម្តាយកុំធ្វើបាបកូន កូនសូមទោស”។ ឯកូនប្អូននិយាយប្រាប់ម្តាយថា “ម៉ែ ! បងចាប់បានសាយ ស៊ីអែត” ម្តាយឮកូនប្រាប់ថា “ចាប់បានទន្សាយស៊ីឆ្អែត” ក៏រឹតតែមួរម៉ៅខ្លាំងណាស់ទៅទៀត ជេបញ្ចោរថា “មេកូនច ង្រៃ! វាបានទន្សាយចែកគ្នាស៊ី ម្តេចមិនយកឱ្យអញស៊ីផង”។ និយាយតែប៉ុណ្ណេះ ក៏ស្ទុះទៅវាយកូនទាំងបីនាក់ ធាក់ច្រំ បណ្តេញឱ្យទៅព្រៃវិញរបស់អ្វីបន្តិចបន្តួចក៏មិនឱ្យសោះ ប៉ងឱ្យតែស្លាប់បាត់បង់ទៅ។ គួរឱ្យអាសូរកុមារីទាំង៣នាក់នោះ ពន់ពេក ម្តាយវាយបែកឈាមហូរសស្រាក់ក៏នៅតែមិនបាត់វាចាថា “ម៉ែៗ !” ឥតដឹងថាម្តាយប្រុងសម្លាប់ខ្លួនចោល សោះ។ ឯកុមារីប្អូនចេះតែអួតប្រាប់ម្តាយថា “បានសាយស៊ីអែតៗ ”។ ម្តាយឮដូច្នេះរឹតតែវាយខ្លាំងថែមទៀត។
នាងបងប្រឹងអូសទាញប្អូនទាំងពីរនាក់ទៅដោយគិតឃើញថា បើទ្រាំនៅមុខតែម្តាយសម្លាប់មិនខានហើយនាំគ្នាទៅនៅ ក្នុងខ្ទមដដែល ដោយគ្រាំគ្រាដោយម្តាយវាយសំពងក៏សន្លប់បាត់ស្មារតីទាំងបីនាក់។ អារក្ខទេវតា កាលបើឃើញដូច្នោះ ក៏យកទឹកមកប្រោះព្រំកុមារីទាំង៣នាក់ឱ្យមានស្មារតីឡើងវិញ ។ កុមារីទាំងបីនាក់ លុះដឹងស្មារតីឡើងវិញ ស្រែកទ្រ ហោយំទាំងអស់គ្នា ឯនាងបងក៏ចុះទៅចាប់ត្រីក្រឹម ទន្សាយ និងរាវរកខ្ចងមកហែកចែកបងប្អូនស៊ីជំនួសបាយជានិច្ច រាល់ថ្ងៃ ត្រីនិងខ្ចងខ្ចៅចេះតែមានមិនអស់ ព្រោះទេវតានិម្មិតអោយ កាលណាថ្ងៃក្តៅល្អ ស្រង់មកហាលថ្ងៃឱ្យតែ ក្រៀមៗ វាយបំបែកហែកចែកគ្នាស៊ីទៅ។ នាងបងនិយាយកៀកកប្អូនលួងលោមថា ៖ “អូនអើយ ! យើងទាំង៣នាក់ នេះ ពុំបានជួបមុខម៉ែទៀតទេ ព្រោះគាត់មានប្តីថ្មីទៀតបានជាគាត់ស្អប់យើង ហើយរករឿងសម្លាប់យើងចោល យើង កុំសង្ឃឹមថាមានជីវិតរស់នៅតទៅមុខទៀត ណាមួយសំពត់អាវមានតែមួយម្នាក់សំរាប់ស្លៀកដណ្តប់ ឥឡូវនេះដាច់ អស់ហើយ តទៅមុខយើងនឹងរងារអោបក្បាលជង្គង់ ហើយនឹងអាក្រាតកាយនៅតែខ្លួនទទេ ដូចសត្វតិរច្ឆាន”។
អំពីពោតដែលនាងបានដាំជុំវិញភ្លឺត្រពាំងនោះ បាន៣ខែមានផ្លែចាស់ខ្ចី សត្វជ្រូក ក្តាន់ ស្វា កំប្រុក ពុំហ៊ាន ទៅស៊ីឡើយ ព្រោះអារក្ខទេវតាតែងថែរក្សា នាងបងតែងទៅបេះយកមកបរិភោគជាមួយនិងត្រីក្រឹម ទន្សាយ ហើយនិងខ្យងខ្ចៅ។ លុះបាន៦ខែ កុមារីទាំង៣នាក់ស្រាបតែ់ដុះរោមចេញពេញខ្លួន ដៃសងខាងដុះចេញទៅជាស្លាបទទះហើរទៅដល់ចុង ឈើចាប់ប្រតោងបេះផ្លែឈើបានទាំងអស់គ្នា តែហើរទៅឆ្ងាយពុំរួចបបូរមាត់ដុំចេញទៅជាចំពុះ រីឯមាត់និយាយភាសា មនុស្សពុំកើត គ្រាន់តែដឹងខ្លួនថា ខ្លួននៅជាមនុស្សតែដល់និយាយទៅជាសំលេងសត្វតិរច្ឆានយូរៗទៅ កាន់តែហើរបាន ឆ្ងាយបន្តិចម្តងៗ ព្រោះតាំងពីបបូរមាត់ដុះចេញទៅជាចំពុះ មិនដែលនិយាយភាសាមនុស្សសោះ តែបើមនុស្សនិយាយ ទៅរកអាចស្តាប់បាន។ ឯប្តីចុងរបស់នាងជាម្តាយនៃកុមារីទាំងនោះ តែងប្រព្រឹត្តិអំពើចោរកម្មជានិច្ច ។ ថ្ងៃមួយអ្នកជិត ខាង គេប្តឹងដល់រាជការៗក៏ចាប់យកទៅដាក់គុកអស់មួយជីវិតទៅ។ ពេលនោះនាងជាម្តាយដេកព្រួយចិត្ត នឹកអាណិត ដល់កូនកំសត់ទាំងបីនាក់ ដែលខ្លួនបានធ្វើទុក្ខបុកម្នេញ ហើយដើរទៅក្នុងព្រៃឃើញកូននៅរញង់ក្នុងខ្ទម ស្គាល់ច្បាស់ជា កូន ព្រោះមានទម្រង់ជាមនុស្សនៅឡើយ តែដុះស្លាបមានចំពុះដូចសត្វតិរច្ឆាន ក៏ស្រែកហៅថា “កូនអើយ! ឥឡូវម្តាយ មកទទួលកូនទៅវិញ ម្តាយលែងឱ្យកូននៅក្នុងព្រៃទៀតហើយ”។ កូនទាំង៣នាក់ឮមាត់ម្តាយហៅ ស្គាល់ជាក់ជាម្តាយ ក៏គិតថា “ម៉ែយើងមករកសម្លាប់យើងទៀតហើយ ត្រូវយើងកុំទុកចិត្តគាត់ យើងនាំគ្នាហើរទៅល្អជាង” គិតដូច្នោះ ក៏នាំគ្នាហើរត្រសងទៅទំលើចុងឈើខ្ពស់ ១ដើម ស្រែកប្រាប់មកម្តាយ ដោយបំណងនិយាយថា “យើងផុតនិស្ស័យជា កូនលោកហើយ យើងទៅជាសត្វតិរច្ឆានល្អជាង អ្នកកុំមកជិតយើង” ប៉ុន្តែសំដីដែលស្រែកប្រាប់មកម្តាយនោះ មិនច្បាស់លាស់ជាសំដីមនុស្សទេ ទៅជាស្រែកថា “កូនលោកៗ” ។ ម្តាយចេះតែដើរស្រែកហៅកូនទាំងតែអស់កំលាំង ដើរពុំរួច ណាមួយអស់អាហារបរិភោគផងក៏ដួលស្លាប់ទៅ។ នៅប្រទេសកម្ពុជា សត្វនេះវាតែងតែហើរមករើសខ្ចងខ្ចៅ ស៊ីតាមវាលស្រែ ក្បែរជើងភ្នំ ឬព្រៃស្រោង កាលណាវាផ្អើលនឹងមនុស្ស ឬសត្វដូចគ្នា វាស្ទុះហើរស្រែកយំឮថាកូនលោក កូនលោក! លុះរាត្រីស្ងាត់វាថ្ងួចថ្ងូរមុខគួរឱ្យស្រណោះពន់ពេក ។
 
ដក់​ស្រង់​ចេញពី​សៀវភៅ​រឿង​ព្រេង​ខ្មែរ
Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s