រឿងពិត៖ ព្រោះ​តែ​អ្នក

ព្រោះ​តែអ្នក

 

“មី​ចង្រៃ! មី​ង៉ែង​នេះ ចេះ​តែ​ស៊ី​ដេកៗ គ្មាន​ចេះ​ធ្វើ​អីទេ។ មី​ចង្រៃ​ឧត្បាត មី​ពូជ​ថោក! តាំង​ពី​ង៉ែង​មក​នៅ​ជា​មួយ​អញ នាង​ឯង​គ្មាន​ដែល​ចម្រើន​ដល់​អញ​ទេ ឥឡូវ​អញ​គ្រាន់​តែ​​​នាំ​ប្រយោជន៍​មក​ឲ្យ​គ្រួ​សារ​ហើយ មី​ង៉ែង​ភ្លើ​មិន​យក​ទៀត។ ម៉េច​ចង់​ការ​ពារ​មី​ហ្នឹងម៉្លេះ?”

ស្ងាត់​បន្តិច ពូ​ក្រៀត​ចូល​ទៅ​ក្នុង​ផ្ទះ​បាយ​ ទាំង​មុខ​ក្រហម​ងាំង​ក្រោយ​ពី​បាន​ស្រា​សត្រឹម​តែ​មួយ​ស្រ៊ី​សោះ មិន​ស្រវឹង​ទេ តែ​យ៉ាង​ណា​ក៏័​អាច​ឲ្យ​ទ្រូង​គាត់​មាន​កំដៅ​នឹង​ដុត​បញ្ឋេះ​បញ្ហា​ឲ្យ​កើត​ឡើង​បាន​ដែរ។

ក្រាំង!!!!

ស្លាប់​ហើយ! គាត់​ទៅ​យក​ឆ្នាំង​ ចាន​ដែក​មក​គាប់​ពេញ​ផ្ទះ។ មីង​ស៊ូ គាត់​ចេះ​ទិញ​ចាន​ដែក​មក​ បើ​មិន​អញ្ចឹង​ទេ​ប្រាកដ​ជា​បែក​ខ្ទេច​មិន​ខាន​ទេ។ មើល​ទៅ​មុខ​មីង​ស៊ូ​វិញ គាត់​នៅ​ឈរ​យ៉ាង​មាំ ដូច​ដុំ​សិលា មិន​សម្រក់​ទឹក​ភ្នែក​ ហើយ​ក៏​មិន​មាន​ញ័រ​តត្រុន​ដូច​កូន​ចាប​ត្រូវ​ទឹក​ភ្លៀង​ដែរ តែ​យើង​អាច​ដឹង​ថា​គាត់កំពុង​រន្ទត់​ចិត្ត ហើយ​ស្លុត​ខ្លាំង​ណាស់ ព្រោះ​មុខ​គាត់​ឡើង​ក្រហម​ ឈរ​ពាំង​កូន​ស្រី​គាត់។ គាត់​តបទៅ​ប្តី​គាត់​វិញ​ដោយ​សម្លេង​ដាច់​ៗ​ថា៖

“ប៉ាវា​ហ្អា! កូន​យើង​រៀន​ដល់​ថ្នាក់ទី ១១ហើយ។ កុំ​ឲ្យ​វា​ឈប់​រៀន​អី! កុំ​ឲ្យ​វា​ទៅ​ការ​ជាមួយ​អា​យូកូង​បាត​ផ្សារ​ដូច​អា​សុវត្ថិ​អី។ វាជា​កូន​អ្នក​មាន​មែន តែ​វា​មិន​អាច​ផ្តល់​សុភមង្គល​ដល់​ខ្មេរ​ទេ។ អា​មេ​ រៀន​ជិត​ចប់​ហើយ!”

“យីអើ! ចុះ​រាល់​ងៃ​ហ្នឹងនាង​ឯង​ជា​អ្នក​រក​លុយ​មែន? ឲ្យ​វា​រៀន​បាន​ប្រយោជន៍​អី បើ​វា​ធ្វើ​​ស្រី​បម្រើ​ប្តី​ដដែល​ហ្នឹង! ហ្អា! អញ​គ្មាន​សមត្ថ​ភាព​ឲ្យ​វា​រៀន​ត​ទេ​វ៉ី! មីខ្មេរ! ប្រាប់​អញ​ម៉ោ! នាង​ឯង​ចង់​ធ្វើប្រពន្ធ​សេដ្ឋី​ ឬ ក៏​នៅ​ស៊ី​អត់​ស៊ី​ឃ្លាន​ ឲ្យ​ម៉ែ​ឳ​វេទនា​? ហ្អា! មី​កូន​អកត្តញូ!” ពូ​ក្រៀត​និយាយ​បណ្តើរ​ វិការ​ដូចដើរ​សំដៅ​ទៅ​រក​ មេ​ដែល​យំ​នៅ​ក្រោយ​ខ្នង​មីងស៊ូ ទាំង​ចង្អុល​សំដៅ​មេ​បណ្តើរ ដូច​គេ​ចង្អុល​គ្នា​នៅ​តាម​ផ្សារ​ផ្សោអញ្ចឹង។

“ពុក​ហ្ងើយ! ខ្ញុំ​សុំ​រៀន​ត​ផង​ណា​ពុក​ណា ខ្ញុំ​អត់​ចង់​ជាន់​ដាន​ពុក​ នឹង​ម៉ែ ដោយ​ធ្វើ​ជា​ប្រពន្ធ​សុវត្តិ​ទេ។ ខ្ញុំ​សន្យា…”

“សន្យា​អី?” ពូ​ក្រៀត​គំហក​កាត់ “សន្យា​អីហ្អា? នាង​ឯង​អាច​ធ្វើ​អី​បាន​មែនទេ?”

“ខ្មេរ នឹង​ ខ្ញុំ​អាច​លក់​ដូរ​អី​បន្តិច​បន្តួច​យក​លុយ​មក​ផ្គត់ផ្គង់​វា​បានទេតើ។ ពុក​វា​ឯង​ទុកចិត្ត​ចុះ” មីង​ស៊ូ​និយាយ​កាត់​មេ​ដែល​រៀប​នឹង​ឆ្លើយ។

“ឆឺស! រកស៊ី? ហាហាហា” គាត់​អោន​មុខ​សំដៅ​ទៅ​មីង​ស៊ូ ដែល​នៅ​ខំ​សម្តែង​ទឹក​មុខ​នឹង​ធឹង​ចំពោះ​ខ្លា​ក្រដាស​​នោះ​ដដែល​…

តុក​! តុក​! តុក!

“នែក! អាក្រៀន! អឺ ក្រៀន! តោះ​! គ្រប់​គ្នា​ហើយវ៉ើយ! លឿនឡើង​គ្នា​យើង​កំពុង​ចាំវ៉ី!”

ឮដូច្នេះ ពូក្រៀន​ដក​ខ្លួន​ចេញ​ពី​មីង​ស៊ូ​ និង​ នាង​មេ​ មក​វិញ ដោយ​និយាយ​សង្កត់​ធ្ងន់​ថា៖

“សំណាង​ហើយពួកឯង! ល្អ! យើង​ចាំ​តា​មើល​ (ទេ)តើ ថា​ពួក​មី​បាន​តា​មាត់​ មិន​បាន​សាច់​ការ​ដូច​ពួកនាង​ឯង​ធ្វើ​អី​បាន​ខ្លះ។ អញ​ទៅ​លី​ស៊ីម៉ងត៍​ឲ្យគេ ហើយ​បាន​លុយ​ម៉ោ (មក) កុំ​សង្ឃឹម​វា​របេះ​ដល់​ដៃពួក​មី​ខ្មេះ​អស់​ឯងនេះឲ្យសោះ។ អញ​ទៅហើយ!”

ពូ​ក្រៀន​ដើរ​សំដៅ​ទ្វារ​ផ្ទះ ដោយ​ទាត់​ចាន​ក្បាន​សំញែងឬទ្ធិ​ចេស្តា​​ដ៏អគតិ​របស់​ខ្លួន​ ហើយ​ក៏​រលាយ​បាត់​រូប​ទៅ​ជាមួយ​ក្រុម​ផឹក​ប្រចាំ​ភូមិ​បាត់​ទៅ។

មីង​ស៊ូទម្លាក់​ខ្លួន​ ដ៏​ធ្ងន់​ដោយ​កង្វល់ និង​បញ្ហា​ជីវិត​ដ៏​ច្រើន​នោះទៅ​លើ​គ្រែ​រនាប​ រួច​ងាក​ទៅ​មើល​កូន​គាត់​ភ្លឺះ​ៗ ដោយ​ក្តី អានិត​ហួស​ចិត្ត​ និង​វាសនា​ដែល​មក​ជួប​អមនុស្ស​បែប​ហ្នឹង។ គាត់​មើល​កូន​គាត់​ដោយ​ក្តី​មេត្តា និង​អានិត រួច​ក៏​ដោះលែង​ទឹក​ភ្នែក​ឲ្យ​ហូរ​ស្រោច​ស្រប​អស់​ផ្ទៃ​មុខដ៏​ក្រហម​របស់​គាត់ ដែល​ខំ​លាក់​ទុកមក​នោះ ហាក់​មិន​ចង់​បន្សល់​ទឹក​សមុទ្រ​កង្វល់​នេះ​ពី​ទ្រូង​របស់​គាត់​ដូច្នោះ​ដែរ។

“ឳ​ពុក​ឯង គិត​ខុស​ហើយ​! ម៉ែ​កូនយើង​មាន​ដៃ​ពីរ​ជើង​ពីរ​ហ្នឹងគេ​ដែរ! កូន​ត្រូវ​គោរព​ឳពុក​កូន​កុំ​ឲ្យ​ប្រកាន់​មើល​ងាយ​គាត់ឲ្យសោះ តែ​ក៏កុំ​បោះ​បង់​ការ​ព្យាយាម​នេះ​ដែរ។ ពេល​នេះម៉ែ នឹង​បោះ​ទុន​ទៅ​លើ​ការ​សិក្សា​របស់​ឯង សង្ឃឹម​ថា​ឯង​នឹង​រៀន​សូត្រ​ចេះ​ដឹង​នឹងគេ ចេះ​រក​ស៊ី​ខ្លួនឯង មាន​ការ​ងារ​ខ្អង់​ខ្អស់ ពេល​ដែលឯង​ឡើង​ត្រដែត​ដល់​ទីខ្ពស់ហើយ ឯង​នឹង​រក​ឃើញ​ការ​ងារ​ នឹង​ស្វាមី​អនាគត របស់​ឯង​នៅ​ទី​ខ្ពស់​នោះដែរ។ ម៉ែ​មិន​ចង់​ឲ្យឯង​ដើរ​ជាន់​ដាន​ម៉ែ​នៅពេលនេះទេ។ ម៉ែ​នៅ​តែ​ស្រឡាញ់​ និង​ឲ្យ​កិត្តិ​យស​ឳ​ឯង តែ​មិន​មែន​បាន​ន័យ​ថា​ម៉ែ​រស់​ដោយ​គ្មាន​គាត់​មិន​បាននោះទេ។ ព្រោះ​ម៉ែ​នឹង​ចំនាយ​ពេល​ពាក់​កណ្តាលជីវិត​ម៉ែនេះ លើ​កកូន​ឲ្យ​ឡើងទ្រនំសុភមង្គលឲ្យបាន មិនមែន​ទ្រនំ​ទឹក​ប្រាក់​អង្កាម​នៅពេលនេះនោះទេ។”

“ម៉ែ…” មេ​និយាយ​ទាំងអួល​ដើម​ក

“ណ្ហើយ! យប់​ណាស់ហើយ! កូនឯង​ទៅ​រក​ដេក​ពួន​ទៅ ម៉ោង ៣ទៀប​ភ្លឺហើយមេ។ បន្តិចទៀត​ ម៉ែគិត​ទៅ​ផ្ទះ​អុំ​ស្រី​ឯង បេះ​បន្លែ​យក​ទៅ​លក់​ជាមួយគាត់។”

“ច៎ាម៉ែ!” មេ​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​ ដោយ​ទុក​ឲ្យ​មីង​ស៊ូ នៅ​តែ​ឯង រៀប​ចំ​បោស​ជូត​ កំទេច​កំទី​កំហឹង​ប្តីគាត់​ ដែល​មាន​ចាន​ឆ្នាំង​រាយ​ពាស​ពេញ​ដី​នោះ ឲ្យ​បាន​រៀប​រយ រួច​គាត់​កាន់​កញ្ញើធំមួយ​ចេញ ពីផ្ទះ​ទៅ​យក​បន្លែ​ពី​បង​ស្រី​គាត់​ពី​ព្រលឹម​ស្រាង​ៗនោះទៅ….

រឿង​នេះ​ជា​ផ្នែក​មួយ​នៃ​ជីវិត​ពិត​របស់​ស្រ្តី​ម្នាក់​!

រៀប​រៀង​ដោយ​ ឌីយ៉ា

១៩ មេសា ២០១១

ដោនឡូតរឿងនេះទុក៖ Short Scene Because of You

Advertisements

3 Replies to “រឿងពិត៖ ព្រោះ​តែ​អ្នក”

  1. អ្នកដែលមានបញ្ហាបែបនេះពិតជាមានច្រើននាក់ណាស់​ក្នុង​សង្គមខ្មែររបស់យើង ?

    Like

  2. នៅ​តែ​មាន​អញ្ចឹងបង! ញ៉ុម​ធ្លាប់​បាន​ឃើញ​ផ្ទាល់​ភ្នែក នឹង​លឺ​សម្តី​អស់នេះ​ផងដែរ។

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s