យើងជាភ្ញៀវសមរម្យដែលចង់ទៅលេងផ្ទះគេ ត្រូវប្រាប់ដំណឹង ឬជូនប័ណ្ណបញ្ជាក់សេចក្តីទៅម្ចាស់ផ្ទះជាមុន។ ភ្ញៀវអ្នកមានរបៀបរបប មិនទៅលេងផ្ទះគេ ដោយមិនបានប្រាប់គេជាមុននោះឡើយ។ នៅក្នុងប័ណ្ណដែលជំរាបថាសុំមកលោងផ្ទះគេ, យើងជាភ្ញៀវត្រូវសរសេរថ្ងៃ,ខែ, ឆ្នាំ, ម៉ោង និងចំនួនមនុស្សដែលសុំមកលេងនោះឱ្យបានប្រាកដប្រជា។ បើយើងទៅលេងផ្ទះគេ យើងមិនត្រូវធ្វើគំនិតមារយាទដូចយើងធ្លាប់ពោលថា “ផ្ទះអ្នក ផ្ទះលោក ក៏ដូចជាផ្ទះខ្ញុំ” នោះទេ។ កុំធ្វើឱ្យអ្នកផ្ទះមានការធុញទ្រាន់ ឬអៀនអន់ព្រោះតែទស្សនកិច្ចរបស់យើងឱ្យសោះ។
បើយើងទៅសួរសុខទុក្ខគេនៅពេលដែលគេមានទុក្ខ ដូចមានបុគ្គលមរណៈនៅលើផ្ទះ យើងមិនត្រូវញញឹមញញែមបញ្ចោញសម្ផស្ស, ពាក់គ្រឿងអលង្ការ, ផាមួង, ហូលព្រែល្បើក, ខ្សែសយនោះឡើយ យើងត្រូវរៀបចំជាអ្នកជួយរំលែកទុក្ខពីអ្នកផ្ទះ យើងគួរចេះលួងលោមក្មេងក្មាងដែលយំសោកមិនឈប់ ដោយពាក្យប្រៀនប្រដៅផ្សេងៗ ឱ្យគ្នាបានស្រាកស្រានបាត់ទុក្ខសោកនេះ។ យើងត្រូវជួយឈឺឆ្អាលដល់ជនរងគ្រោះ។
បើយើងទៅលេងផ្ទះដូនតាចាស់ៗ ហើយយើងចង់ទិញនំនែកអ្វីផ្ញើ យើងមិនត្រូវរើសចំណីណាដែលរឹងហួសប្រមាណ នៅពេលដែលគាត់បាក់ធ្មេញអស់នោះទេ គឺមិនត្រូវទិញអំពៅ, គ្រលីងឈូក ជាដើមឡើយ។ បើយើងទៅសាកសួរអ្នកជំងឺនៅមន្ទីរពេទ្យ ឬនៅទីផ្ទះ យើងមិនត្រូវឮមាត់ឡូឡាសាកសួរពីនាយមកទេ ជាពិសេសយើងមិនត្រូវទៅរុកគួនដេញដោលអ្នកជំងឺល្ហិតល្ហៃនោះច្រើនទេ បើចង់ដឹងការអ្វី ត្រូវសាកសួរគ្រូពេទ្យ គិលានុបដ្ឋាកយិកា ឬអ្នកថែជំងឺ។
បើមានការអ្វីចង់ជួបជាបន្ទាន់ជាមួយម្ចាស់ផ្ទះ យើងត្រូវសុំអភ័យទោសពីគេជាមុន បើម្ចាស់ផ្ទះមិនទាន់ចេញមកទទួលទេ យើងជាភ្ញៀវត្រូវឈរចាំទទួលម្ចាស់ផ្ទះ មិនត្រូវដើរទៅអង្គុយនៅកន្លែងគួរសមសំរាប់ខ្លួនទេ, បើម្ចាស់ផ្ទះឱ្យមនុស្សមកប្រាប់ថា ឱ្យចាំមួយភ្លែត យើងជាភ្ញៀវមិនត្រូវដើរទៅផ្សារសិន ឬទៅទីណាសិនទេ យើងត្រូវអង្គុយចាំអ្នកផ្ទះតាមពាក្យដែលមនុស្សអ្នកនាំដំណឹងនោះអញ្ជើញឱ្យអង្គុយកន្លែងសមគួរ។
ពេលគេឱ្យយើងអង្គុយចាំ យើងមិនត្រូវដើរទៅឈ្ងោកមើលរបស់របរនៅក្នុងទូកញ្ចក់របស់គេ ឬរូបថតនៅក្នុងបន្ទប់ទទួលភ្ញៀវរបស់គេទេ។ យើងត្រូវអង្គុយចាំដោយរម្យទម ទោះបីផ្ទះដែលយើងទៅលេងនោះ នៅស្រុកស្រែចំការក៏ដោយ ក៏យើងមិនត្រូវដើរទៅខ្វេះខ្វាចរបស់របរ ដូចជា បេះផ្លែត្របែក, ពុទ្រា, កន្ទួតរបស់ម្ចាស់ផ្ទះដែរ។ ម៉្យាងទៀតភ្ញៀវដែលមានរបប គេមិនជុះនោមច្រាសដើមផ្កាឬដើមឈើណានៅខាងមុខផ្ទះគេទេ។យើងត្រូវមានការខ្មាស់អៀនចំពោះភ្នែកអ្នកផងដែលសំលឹងមកចំ។
តើម្ចាស់ផ្ទះត្រូវទទួលភ្ញៀរបៀបណាខ្លះ? ម្ចាស់ផ្ទះមិនត្រូវដំអក់ដកកចេញពីគ្រែស្រែកសួរថា “នរណារកអី?” “មានការអី?” គ្មាននរណានៅទេ” នោះឡើយ?
បើភ្ញៀវដែលមិនបានឱ្យដំណឹងជាមុននោះ បានជាមកដល់ផ្ទះរបស់យើងទៅហើយ យើងត្រូវមានសុជីវធម៌ក្នុងឋានៈជាម្ចាស់ផ្ទះ ហើយត្រូវគិតថាភ្ញៀវរបស់ប្តី, របស់កូន, របស់កូនប្រសារថាជាភ្ញៀវរបស់ខ្លួនផ្ទាល់។ នៅពេលភ្ញៀវអញ្ជើញមកដល់ នៅពេលសំពះសួរតបជាមួយភ្ញៀវរួចហើយ យើងជាម្ចាស់ផ្ទះគួរអញ្ជើញភ្ញៀវឱ្យពិសារទឹក ដែលយើងជាម្ចាស់ផ្ទះបានរៀបចំទុកទទួលភ្ញៀវរួចជាស្រេចហើយ។ នៅវេលាថ្ងៃត្រង់ ឬថ្ងៃរសៀលបន្តិច គេអាចទទួលភ្ញៀវដោយទឹកក្រូច, ទឹកម៉ូលីណាត់, ស៊ីរ៉ូទឹកកក, ទឹកតែ, កាហ្វេ, ភេសជ្ជៈផ្សេងៗ, នំធ្វើអំពីម្សៅ ឬនំប្រអប់ផ្សេងៗក៏បាន។ ចាប់តាំងពីម៉ោង៦ល្ងាចទៅ គេអាចទទួលភេសជ្ជៈខ្លះ ដូចជាកាហ្វេ, ទឹកតែជាដើម។