មតិរបស់ម្ចាស់ប្លក់ផ្ទាល់៖ អត្ថបទនេះសម្រាប់គ្រាន់តែជាការយល់ដឹងតែប៉ុណ្ណោះ ខ្ញុំមិនបានសំដៅយកការគិតទៅលើសាសនាណាមួយឡើយ ព្រោះយ៉ាងហោចណាស់ នេះក៏ជាអ្វីដែលទុកគ្រាន់ជាការយល់ដឹងប៉ុណ្ណោះ! ព្រោះនេះជាសុជីវធម៌ក្នុងសង្គមខ្មែរដែរ។
វត្តអារាមជាកន្លែងសក្ការៈបូជា,ជាទីគោរព,យើងមិនត្រូវសំដែងកិរិយាមិនគប្បីសោះឡើយ, អ្នកជិះកង់, ម៉ូតូ, ទោចក្រយានយន្តគ្រប់ធុនត្រូវឈប់បណ្តើរចូលទៅក្នុងវត្តដោយគោរពព្រោះមិនឆាប់លឿនឬយូរជាងគ្នាប៉ុន្មានឡើយចំងាយប៉ុណ្ណឹង។ អ្នកពាក់មួក,ទទូរក្រមា,កន្សែងត្រូវដោះចេញពីក្បាលនៅពេលដើរចូលក្នុងវត្ត។ មិនត្រូវនាំគ្នាជជែកឡូឡាក្នុងទីអារាមឡើយ។
នារីជាឧបាសិកាត្រូវសង្រួមឫកពារឱ្យនឹងធឹងមុននឹងចូលទៅកាន់វត្តអារាម, កុំធ្វើភ្នែកក្រឡិបក្រឡាប់, កុំរហឹសភ្នែក, កុំងាកឆ្វេងស្តាំរាប់រយដងពេក, កុំញញឹមញញែមកខិបកខុបពេក, គួរមើលចាស់ទុំផង។ កុំពោលពាក្យអាវាសែនៅទីវត្តអារាម។ កុំស្លៀកខោជើងកំប៉ុងជំនៅពាក់កណ្តាលស្មង, កុំស្លៀកសំពត់តឹងរបៀបខ្លីចូលទៅបត់ជើងថ្វាយបង្គំព្រះពុទ្ធបដិមាករឬព្រះសង្ឃ។ ត្រូវពាក់អាវកតូចហើយចងពានាក្រមាទៀតផងទើបពេញលក្ខណៈជាអ្នកចូលវត្ត។ កុំនិយាយចំអែចំអន់ព្រះសង្ឃ ដោយប្រការមិនគប្បី។ កុំពាក់គ្រឿងសំរើប។
បុរសជាឧបាសកត្រូវប្រើពាក្យសំដីឱ្យសមរម្យគោរពព្រះសង្ឃដែលស្មោះត្រង់ចំពោះព្រះពុទ្ធសាសនា។ ពេលថ្វាយបង្គំព្រះពុទ្ធបដិមាករឬព្រះសង្ឃត្រូវងាកទៅព្រះពុទ្ធបដិមាករឬព្រះសង្ឃកុំថ្វាយបង្គំតិតតូងហើយក្បាលងាកមកចចារជាមួយអ្នកឯណាមួយទៀតឱ្យសោះព្រោះការធ្វើដូច្នេះនាំឱ្យសៅហ្មងដល់អ្នកដែលគេគោរពបូជាព្រះពុទ្ធសាសនា។ កុំឈោងដៃ ឬតោងសណ្តោងយកអ្វីរំលងលើព្រះពុទ្ធបដិមាករឱ្យសោះ។
អ្នកដែលចូលទៅកាន់ទីវត្តអារាមមិនត្រូវលួចយករបស់អ្វីជាទ្រព្យដែលពុទ្ធសាសនិកជនខំរៃគ្នាទុកសំរាប់វត្តមកធ្វើជាទ្រព្យផ្ទាល់ខ្លួនទេ។ អ្នកមិនមែនជាពុទ្ធសាសនិកជនមិនត្រូវប្រមាថមើលងាយវត្ថុពុទ្ធបូជាឬព្រះសង្ឃដែលស្មោះត្រង់ដោយប្រការណាមួយទេ។ អ្នកដែលប្រព្រឹត្តិខុសនឹងបញ្ញតិព្រះពុទ្ធមិនមែនមានឈ្មោះថា អ្នកគាំទ្រព្រះពុទ្ធសាសនានោះទេ ក្នុងករណីដែលបន្លំរបៀបណាមួយស្រេចនៅលើសំពាយបុណ្យបាបរបស់គេទៅចុះ។
យើងជាពុទ្ធសាសនិកជន ក៏មិនគប្បីត្មះតិដៀលដល់សាសនាណាមួយ ដោយរំលោភលើព្រះវិហារនៃសាសនាផ្សេងៗនោះទេ ព្រោះគេមានសិទ្ធគ្រប់គ្រាន់ខាងជំនឿ។ (ចប់)
បាទ! អរគុណសម្រាប់កំណែ!
LikeLike
ព្រះពុទ្ធបដិមា មិនមែនព្រះពុទ្ធបដិមាករទេ…
LikeLike