សុជីវធម៌រវាងប្តីប្រពន្ធ

ប្តីប្រពន្ធដែលស្រុះស្រួលគ្នា តែងមានចិត្តសប្បាយរីករាយជាមួយគ្នាជានិច្ច គេមិនដែលធ្វើឱ្យល្អក់ចិត្តរវាងគ្នានិងគ្នានោះទេ។ ការងរ​ង៉ក់​ដាក់​​គ្នាជាញឹកញយមិនមែនសំរាប់បញ្ជាក់ចិត្តប្រាប់គ្នាថា ព្រោះតែស្រឡាញ់គ្នានោះទេ ព្រោះតាម​ធម្មតាគ្មាននរណា​គេឧស្សាហ៍ទ្រាំទ្រ​ចិត្តខ្លួនដដែលៗបានឡើយ។ ការសុខចិត្តធ្វើប្តីប្រពន្ធ នឹងគ្នាបានសេចក្តីថា សុខចិត្តតស៊ូ​ស្រណុកពិបាក​គ្រប់យ៉ាងជាមួយគ្នាក្នុងដំណើរជីវិត។ ការឈ្លោះទាស់ទែងលែងលះគ្នាមិនមែនបានសេចក្តីថាជាសក្ខីភាពនៃចិត្តគាំទ្របំណងអ្វីមួយទេ តែបានសេចក្តីថា ខ្វះសមត្ថភាព​នឹង​រក្សា​ភាព​​ជាប្តីប្រពន្ធនឹងគ្នា។ គ្មានបញ្ហាណាដែល​មនុស្សដោះស្រាយមិនរួចទេ មានតែមនុស្ស​មិនចូលចិត្តនឹង​ដោះស្រាយតែប៉ុណ្ណោះ។​ដូច្នេះសុជីវធម៌រវាងប្តី​ប្រពន្ធសរសើរតែអ្នកដែល​ស្រលាញ់គ្នាដោយ​ស្មោះត្រង់មិន​លបលួចមានសាហាយស្មន់ណាមួយទៀត។នារីជាភរិយាគួរយល់ឱ្យច្បាស់អំពីករណីយកិច្ចជាប្រពន្ធរបស់គេ, កុំចង់ធ្វើចៅហ្វាយនាយគេខ្លាំងពេក, កុំប្រើប្តីដូចខ្ញុំកំដរ, កុំដេក​សណ្តូកជើង ឬ​យោល​អង្រឹងចាំមើលប្តីបោកខោអាវ, ដណ្តាំស្ល ឬបោសផ្ទះ។ ជាការពិតណាស់បុរសជាស្វាមីដែលស្រលាញ់ប្រពន្ធ ចូលចិត្តយក​ចិត្ត​ប្រពន្ធ​ ទោះគេឱ្យធ្វើអ្វីក៏ធ្វើទាំង​អស់។ តែមានភរិយាខ្លះមិនបានយល់ដល់ចិត្តស្វាមីឡើយ ស្មានតែគេជា​ទាសារបស់ខ្លួនដាច់​ថ្លៃម៉្លោះហើយ​ក៏ហ៊ាន​ពោល​ពាក្យអាក្រក់ថោកទាបខ្លះៗដល់បុរសជាប្តីរបស់ខ្លួន។ មាននារីសម័យខ្លះភ្លេចករណីយកិច្ចរបស់ខ្លួនតាមច្បាប់ស្រីរបស់យើង។ ច្បាប់​ស្រីថ្មីដែលចេញពីការនឹកឃើញតាមទំនើងចិត្តធ្វើឱ្យនារីខ្លះរំលោភមើលងាយស្វាមីខ្លួនឥតគណនា។ទោះបីក្នុងកាលៈទេសៈណា យើងជា​ភរិយា​គេ ត្រូវតែគោរពគេក្នុងឋានៈជាប្តីដរាប។ ការបញ្ចោញយោបល់ផ្អែមល្ហែមដើម្បីនាំផ្លូវស្វាមីនៅពេលដ៏គួរ នឹងធ្វើឱ្យ​ស្វាមីនាង​មាន​ចិត្តរីករាយហើយស្រលាញ់ជាងលើកមុនៗទៀត។នារីមាត់រឹងចចេសចង់ឈ្នះមិនត្រូវពេលវេលាជានារីដែលបុរសទូទៅមានការព្រួយបារម្ភក្នុងការអប់រំ។

ថ្វីបើនាងជាភរិយាត្រូវចេញទៅធ្វើការដូចបុរសជាស្វាមីដែរនាងមិនត្រូវអាងលើបុណ្យសក្តិរបស់នាងរហូតដល់បណ្តុះបង្អាប់បុណ្យសក្តិស្វាមីនាងទេ។  ការមិនឆ្លើយួតបនឹងការដៀមដាមតិះដៀលរបស់នាង ជាការបញ្ជាក់ឱ្យឃើញថា គេមានទស្សនៈ​ខ្ពង់ខ្ពស់ជាងនាងឆ្ងាយ​ណាស់​។​ ទោះបីនាង​មានឋានៈមុខងារជាអ្វី  ត្រូវនាងកុំភ្លេចឋានៈជាភរិយា, មេផ្ទះ និងមាតា​របស់ទារក។​នារីត្រូវរក្សាកិត្តិយស​របស់ខ្លួនឯងឱ្យ​ថ្លៃថ្នូរ​ទុកជូន​ស្វាមីរបស់នាង។ ការស្និទ្ធស្នាលជាមួយមិត្តប្រុស, ជាមួយចៅហ្វាយនាយប្រុស, បងប្អូនប្រុសៗទៀត មិនមែនជា​ការអាប់អោន​កិត្តយស​ទេ តែក៏មិនមែនថ្លៃថ្នូរដែរ បើនាងប្រព្រឹត្តិជ្រុលខុសខ្លាំងពេក។

កិរិយាមិនគប្បី​មាត់ក ចេចចាចជាមួយស្វាមីដែលជាអ្នកគិតច្រើននោះទេ។ កាលបើវិល​ត្រលប់មកពី​ធ្វើការវិញនាងជា​ភរិយាមិនគប្បីរក​រឿងនាំឱ្យសៅហ្មង​ដល់ស្វាមីជាទីស្រលាញ់របស់ខ្លួនទេ។ តាមធម្មតាបុរសតែងចូលចិត្តមិត្តភក្តិខ្លះ ឬទៅជួបនឹងមិត្ត​ភក្តិដែលធ្លាប់រាប់អាន​គ្នា ភរិយាមិនគួររំខានក្នុងរឿងនេះច្រើន ពេកឡើយ ភរិយាត្រូវយល់ដល់​អធ្យាស្រ័យចិត្តគំនិត​របស់ស្វាមីឱ្យបាន​ពិតប្រាកដ។ភរិយា​ត្រូវចាប់​អារម្មណ៍​ចំពោះកិច្ចការរបស់ស្វាមីហើយត្រូវជួយសំរាលទុក្ខស្វាមីគ្រប់ពេលវេលា។

ភរិយាត្រូវសួរខ្លួនឯងថា ៖

– តើខ្ញុំជា មេផ្ទះដ៏ចំណានម្នាក់ ឬទេ? ផ្ទះសំបែងរៀបចំមានសណ្តាប់ធ្នាប់ឬនៅ, ម្ហូបអាហារបាយសំល, ទុកដាក់ចង្ក្រានជើងឆ្នាំង, ជួយ​ធ្វើការ​ប្តី និងដឹកនាំកូនសព្វគ្រប់ឬនៅ?

– តើខ្ញុំមានចាប់អារម្មណ៍ចំពោះកិច្ចការ សុខភាពរបស់ស្វាមីខ្ញ៉ីំទេ កិច្ចការរបស់ខ្ញុំនិងសុខភាពខ្ញុំល្អទេ?

– តើខ្ញុំត្រូវនិយាយរឿងហេតុ អាថ៌កំបាំង ឬទុក្ខព្រួយណាមួយរបស់ខ្ញុំប្រាប់ស្វាមីខ្ញុំទេ?

– តើខ្ញុំត្រូវរំខានស្វាមីខ្ញុំ ឬមួយខ្ញុំត្រូវជួយកុំឱ្យលោកនឿយហត់ ព្រោះតែរឿង​ហេតុបន្តិចបន្តួច​ដែលមានដំណើរប្រហែ​លគ្នានឹងឆ្មាលួច​ត្រីអាំង​នោះ?

– ខ្ញុំនេះឬ ជាមនុស្សដែលស្វាមីខ្ញុំ និងកូនខ្ញុំត្រូវទទួលសេចក្តីសប្បាយរីករាយ ត្រជាក់ត្រជុំក្នុងុសន្តានចិត្ត។

– តើខ្ញុំមានគិតសព្វគ្រប់ចំពោះថវិកាសំរាប់កំរិតឋានៈគ្រួសារឬនៅ?

– តើខ្ញុំមានកិរិយាមារយាទចំពោះអ្នកក្រៅស្វាមី និងកូនរបៀបណា? ដូចជា ញាតិខាងស្វាមី, ញាតិរបស់ខ្លួន, មិត្តភក្តិស្វាមី, មិត្តភក្តិរបស់ខ្លួន, អ្នកជិតខាង៘

នៅក្នុងគ្រួសារមួយ បើមានភរិយាចំណានតែស្វាមីមិនចំណាប់ ដំណើរនៃគ្រួសារនោះមិនអាចប្រព្រឹត្តិទៅបានល្អដែរ ដូច្នេះលោកជា​ស្វាមីមិនគប្បី​ប្រកាន់ចិត្តថា ក្នុងមួយជីវិតត្រូវរកភរិយាឱ្យបានច្រើននោះទេ ព្រោះថាបើខុសទាស់ឆ្គងយ៉ាងណា ភរិយាតែមួយ​ស្រួលប្រដៅ​ស្រួល​ពត់ជាងភរិយា២-៣ ដែលមិនដឹងជាគេមានចិត្តក្បត់ពុតត្បុតពេលណាឡើយ។ ឯការស្រលាញ់ភរិយាប្រចាំជីវិតរបស់ខ្លួន លោកមិន​ត្រូវ​សំដែងឱ្យនាងឃើញថា លោកស្រលាញ់ប៉ុណ្ណា ទាំងអស់តែម្តង, ក្នុងកំឡុង ស្របក់, លុះដល់ទីបំផុត​ក៏អស់រលីងសូន្យឈឹងនោះទេ។ សេចក្តីស្រលាញ់​គ្មានអាណិតមិនមែនជាសេចក្តីស្នេហា ដែលគេបណ្តុះបណ្តាលក្នុងថ្នាលកសាងគ្រួសារទេ តែសេចក្តីល្រាញ់​របៀប​នោះ​ជា​សន្ទុះ​នៃភ្លើងចំបើងដែលនៅពេលរលត់ភ្លាម មានតែសាកសពនៃផេះកំទេចកំទីប៉ុណ្ណោះ។ សូមលោកជឿចុះថា លំអឆើតឆាយ​ជាទីដៅ​របស់​អារម្មណ៍រវើរវាយប៉ុណ្ណោះ, ជំហានដែលបំរុងបោះគ្រាន់តែលើកមួយគ្រាសិនទៅចុះ កុំទាន់ឈានធ្វើអ្វី។ ដើម្បីសេចក្តី​សុខសាន្តទៅ​ថ្ងៃក្រោយ​ គួរយល់ហើយសួរបញ្ជាក់ខ្លួនឯងឱ្យច្បាស់លាស់ជាច្រើនដងថា តើរូបនាងនេះឬជាភរិយាតែមួយ ហើយមួយគត់​សំរាប់រូប​លោក។​ បើបានជាឈានហួសទៅហើយ ទោះបីយ៉ាងណាគួរទ្រាំទ្រទៅចុះ ព្រោះគប្បីលោកនឹកអាណិតដល់បុត្រាបុត្រីដែលគ្នារងកម្មពៀរ ទឹក​ភ្នែកសស្រាក់ ​រងទុក្ខវេទនា ទាំងផ្លូវកាយទាំងផ្លូវចិត្តព្រោះតែការព្រាត់ប្រាសរវាងលោកនិងភរិយាលោក។ ត្រង់នេះហើយ​ដែលជាប្រភព​នៃមនុស្សធម៌, សុជីវធម៌គ្រប់យ៉ាងទាំងអស់ដែលលោកជាមនុស្សមួយរូបដែរគួរយល់ឱ្យច្បាស់មែនទែន។ កាលបើគ្មានចិត្តស្រលាញ់ និងអាណិតក្នុង​ឋានៈជាប្តីប្រពន្ធពិតប្រាកដទេ សូមកុំប្រថុយស្រើបស្រាលខ្វះវិចារណញ្ញាណឱ្យសោះ កុំឱ្យកំណើតទៅ​មនុស្សម្នាក់ឱ្យគ្នា​កើតមក ដើម្បីទទួលពាក្យអាស្រូវគ្រប់យ៉ាងពីសន្តានមនុស្សគ្រប់ធុនធ្វើអ្វី។ លោកអ្នកនាងដឹងទេ ក្មេងដែលលួច​ឆក់គេនៅតាមផ្សារ​ផ្សោ​នោះ​មានភាគច្រើន ច្រើនតែក្មេងដែលក្រលំបាក ព្រោះតែឪពុកម្តាយលែងលះគ្នា, ជាក្មេងដែលខ្វះការអប់រំពីឪពុកពីម្តាយ។ រៀបការ​តាម​ឪពុក​ម្តាយបង្ខំហើយលែងលះគ្នាជាក្រោយទុកឱ្យកូនរស់នៅវេទនាត្រណាត់ត្រណែង ជាកិច្ចរៀបការ​ដែលធ្វើឱ្យសង្គម​ជាតិជ្រួលច្របល់​ដោយសារ​ខ្លួន ជាកិច្ចរៀបការរបស់មនុស្សឆ្កួត។ ចំនួន២នាក់របស់ឪពុកម្តាយ ជាចំនួនដែលកប់បាត់​ក្នុងជំរៅសង្គមជាតិដែ​លរាប់ឃើញ​ឥត​គណ​នា។

ធ្វើជាស្វាមីគេ គឺធ្វើជាមនុស្សរឹងប៉ឹងក្លាហាន មានសីលធម៌ថ្លៃថ្នូរគ្រប់ពេលវេលា។ នារីដែលមានការរិះគិតវែងឆ្ងាយ គេនឹងមិនព្រម​ធ្វើ​ប្រពន្ធ​​របស់កូនមហាសេដ្ឋីដែលក្មេងល្ហក់ ពោរពេញទៅដោយគំនិតទន់ខ្សោយ ហើយជួនកាលកំសាកផងនោះទេ។ បុរសជាស្វាមី មិនត្រូវ​មានចិត្តសងសឹកចំពោះភរិយាលោកទេ បើនាងធ្វើខុស គួរលោកអប់រំភរិយាលោកឡើងវិញ។ បុរសមាត់ពាល ចេះនិយាយ​ចំអេសចំអាស​មិនខុសគ្នាពីស្រីកញ្ជើធ្លាយឡើយ។ ស្ត្រីជាមនុស្សចូលចិត្តនិយាយរឿងល្អិតល្អោចច្រើន ដូច្នេះបុរសជាស្វាមី កុំស្តាប់រឿងល្អិត​ល្អោច​ច្រើន​ពេ​ក គួរធ្វើសតិអារម្មណ៍ឱ្យបានល្អ ហើយនិយាយពន្យល់ភរិយាលោកឱ្យយល់តែសេចក្តីថ្លៃថ្នូរ ជាប្រភពនៃសុខដមរម្យនាក្នុងគ្រួសារ។ លោកជា​គ្រូដែលឱ្យដំបូន្មានគ្រប់យ៉ាងដល់ប្រពន្ធ។ ការស្រលាញ់ប្រពន្ធបណ្តោយឱ្យប្រពន្ធធ្វើអ្វីតាមអំពើចិត្តនឹកឃើញនោះមិនមែនមានឈ្មោះថាស្រលាញ់ប្រពន្ធទេ។ ធម្មតាបុរស​ជាអត្ត​ទត្ថបុគ្គល នារីជាប្រពន្ធច្រើនមិនសូវយល់ ដូច្នេះលោកគួរប្រាប់អាថ៌កំបាំងដែលបណ្តាលឱ្យបុរសទៅជាអត្តទត្ថបុគ្គល ព្រោះតែ​ការ​ស្រលាញ់​ប្រពន្ធ នាងជានារីដែលស្រលាញ់លោកស្មោះ មុខជាមិនប្រព្រឹត្តិខុសបំណងលោកឡើយ។ ប៉ុន្តែសូមប្រយ័ត្ន កុំធ្វើឱ្យ​ប្រពន្ធបាន​ចិត្តរីកថ្លើមខ្លាំង​ពេក ព្រោះមាននារីខ្លះអាងថាប្តីស្រលាញ់ ក៏ហ៊ានបំពានខ្លាំងដៃណាស់ដែរ។

បុរសជាអ្នកដោះ​ស្រាយបញ្ហាធំៗទាំងឡាយ ដែលចោទមកដល់គ្រួសារខ្លួន, ត្រូវលើកតំកើងកំរិតជីវភាពគ្រួសារខ្លួន, ធ្វើឱ្យនារីជាប្រពន្ធ​មានចិត្តកក់ក្តៅ​លើផែនទ្រូងរបស់ស្វាមី។ បុរសជាស្វាមីមិនប្រកាន់ឫកស្រី, ម្ញិម្ញក់ងង៉ក់ទេ ព្រោះធម្មជាតិរបស់ស្រី នឹងមិនចំណុះលោក​ប៉ុន្មានចំពោះកាយវិការនេះទេ។ ស្ត្រីខ្លះជាមនុស្សដែលខ្លាំងពូកែ ចេះដឹងជ្រៅជ្រះ ប៉ុន្តែមានជួនកាល នាងជាមនុស្ស​មានសតិបញ្ញាទន់​ខ្សោយ​ក៏មានដែរ​ហេតុនេះលោកជាស្វាមីគួរយល់ដល់អធ្យាស្រ័យរបស់នាង។ប្រពន្ធដែលចូលចិត្តការសប្បាយនៅខាងក្រៅផ្ទះ ទស្សនា​ខ្សែ​ភាពយន្ត, ល្ខោន, មហោស្រពផ្សេងៗ រាំច្រៀងញឹកញយក្នុង១អាទិត្យ សូមលោកជាស្វាមី​ប្រញាប់ដាស់សតិ​ភរិយា​ប្រចាំ​ជីវិត​ឱ្យ​មែនទែន។ បើដឹងថា​ភរិយាលោក​រៀបក្បត់ចិត្តហើយ​លោកគួររកវិធីចាត់វិធាន​ការយ៉ាងណាអប់រំឱ្យភរិយា​លោកវិលមកកាន់សតិដើម​វិញ។កើត​ជាប្រុស​មិនត្រូវធ្វើជាមនុស្សដែលគេតែងហៅថា អាវែកទេ។ មិនត្រូវទុកចិត្តប្រពន្ធខ្លួន ឱ្យដើរលេងកំសាន្ត​ជាមួយពួកម៉ាក​ប្រុស​ទេ។

បុរសជាស្វាមីត្រូវគោរពភរិយាលោក ដូចជាភរិយា​លោកគោរព​លោកដូច្នោះ​ដែរ។ការវាយ​ដំច្រំធាក់ទៅលើ​រូបភរិយាជាភេទ​ទន់​ខ្សោយ​ជា​កិរិយា​​វិកលចរិតលីលាផុតលេខ ដែលគួរតែស្វាមីទាំងឡាយច្រានមារយាទរបៀបនេះឱ្យធ្លាក់ភក់ជ្រាំឱ្យអស់។ ស្វាមីមិន​ត្រូវពោលតែ​ពីលំអ​ភរិយា​គេ​ឬនារីណាម្នាក់ប្រាប់ភរិយាខ្លួន ដើម្បីបង្កើតការអាក់អន់ស្រពន់ចិត្តរបស់ភរិយាខ្លួនទេ។ ស្ត្រីទាំងអស់សុទ្ធតែជាមនុស្សជោរ តែ​លោក​​មិនត្រូវបញ្ចោញកិរិយាឱ្យភរិយាលោកដឹងថា លោកបញ្ជោរនាងដោយត្រង់ៗតែម្តងទេ។ លោក​ជាស្វាមី​មិនត្រូវស្វះស្វែ​ងរកស្រីញី​បណ្តើរគ្នាលេងបង្ហិនថវិកាគ្រួសារដើម្បីសំរេចតាមទំនើងចិត្តវិកលមួយគ្រាមួយគ្រានោះទេព្រោះនាំឱ្យអ្នកផងដែលមិនបានដឹងច្បាស់គេអាចយល់ច្រលំថាភរិយាដ៏ត្រឹមត្រូវរបស់លោកក៏ជាស្រីក្នុងចំណោមស្រីអាវាសែដែលរាជរដ្ឋាភិបាលបានខិតខំបំបាត់នោះដែរម៉្យាងទៀតលោកជាជនក្បត់នឹងរាជរដ្ឋាភិបាល ព្រោះលោកគាំទ្រអំពើពុករលួយ។

កើតមកជាអង្គប្រុសគេត្រូវអប់រំចិត្តគេឱ្យទៅជាមនុស្សប្រុសថ្លៃថ្នូរសមសួនគេមិនត្រូវធ្វើជាប្រុសអាវាសែខ្ចាត់ភ្លាត់តាមផ្ទះរកេតរកូតជាយក្រុង ដែលសំណាក់នៅដោយហ្វូងកង្កែបញីកាមគុណ លួចលាក់ដើម្បីរស់តែមួយឆ្អែតៗនោះទេ ព្រោះគំនិតរបៀបនេះ មិនមែន​ជា​អ្នក​ស្វែងរកសេចក្តីសុខទេ តែជាការរកសេចក្តីសប្បាយផ្ទាល់ខ្លួន ហើយជាន់ពន្លិចគ្រួសារដ៏សុខសាន្តឱ្យធ្លាក់ជ្រោះអន្តរធាន។ បុរសជា​ស្វាមី​មិនត្រូវមើលងាយភរិយាខ្លួនថា ជាអ្នកមករស់នៅដោយសារកំលាំងញើសក្អែលរបស់ខ្លួនទេ លោកគួរ​ពិចារណាឱ្យ​សមហេតុសមផល​ចុះថាបើគេមិនព្រម​ទទួលលោកជាស្វាមី​ទេគេក៏អាចរស់នៅជាមួយ​ស្វាមីគេរូបណាមួយផ្សេងទៀតដ៏​សុខសាន្តដែរកាលពីគ្រាមុន,លុះដល់​គ្រាគ្នាជាភរិយាមានកូនចៅទៅហើយ ទើបលោកលើកយករឿងដូច្នេះមកនិយាយ បើលោកមិនស្រលាញ់ តើលោករៀបការយកគ្នា​មក​ចងកម្មពៀរធ្វើអ្វី? គ្រប់​ដំណើរជីវិតរបស់លោក លោកជាស្វាមីត្រូវសាកសួរខ្លួនឯងថា ៖

– តើខ្ញុំបានបំពេញករណីយកិច្ចជាស្វាមីរបស់នារីម្នាក់នេះពិតប្រាកដទេ? បាននិយាយពីមិត្តភក្តិល្អ ពីមុខរបររបស់លោក, ជាទី​សណ្តាប់​របស់​ភរិយា ទេ?

– តើខ្ញុំនិយាយរឿងអាថ៌កំបាំង, ទុក្ខព្រួយ, កិច្ចការសមរម្យក្នុងផ្ទះសំបែងប្រាប់ភរិយាទេ?

– តើខ្ញុំមានការយកចិត្តទុកដាក់អំពីកិច្ចការ និងសុខភាពរបស់ភរិយាខ្ញុំ និងកិច្ចកង្វល់របស់ភរិយាខ្ញុំទេ?

– តើខ្ញុំត្រលប់ពីធ្វើការ ខ្ញុំមានទៅណាមុនចូលផ្ទះទេ?

– តើខ្ញុំត្រូវធ្វើយ៉ាងណា ដើម្បីធ្វើឱ្យភរិយាខ្ញុំទទួលខ្ញុំដោយសប្បាយរីករាយ, ខ្ញុំបានលើកកំរិតជីវភាពគ្រួសារឱ្យសមរម្យ ឬនៅ?

– នៅពេលឈប់សំរាក តើខ្ញុំមានជួយមើលកិច្ចការក្នុងផ្ទះសំបែងដើម្បីជួយសំរាលដល់ភរិយាខ្ញុំទេ? មានមិត្តភក្តិណាគេរាប់រកខ្ញុំទេ? ចុះគ្រួសារឪពុកម្តាយរបស់យើងទាំង២?

– ខ្ញុំមានលួងលោមបបោសអង្អែលប្រពន្ធទេ?

– ចុះកូនរបស់ខ្ញុំវាស្រលាញ់ខ្ញុំទេ? វារៀនសូត្រដល់ណាដែរ? វាទន់ខ្សោយនៅត្រង់ណាទៀត?

– ពេលខ្ញុំដើរបាត់ពីផ្ទះ មនុស្សក្នុងផ្ទះខ្ញុំគេព្រួយបារម្ភយ៉ាងណាទៅ?

– តើខ្ញុំនេះឬ ជាប្រធានសមាជិកគ្រួសារ?

សុជីវធម៌រវាងប្តីប្រពន្ធដែលបានរៀបរាប់មកនេះ ល្មមសមរម្យខ្លះហើយ តែគេមិនអាចរក្សាសុជីវធម៌នេះតែក្នុងគ្រួសារ ហើយ​ភ្លេចដល់​អ្នក​ជិតខាង​ផ្សេងៗទៀតទេ។ មានគ្រួសារខ្លះ គេសប្បាយរីករាយក្អាកក្អាយតែក្នុងផ្ទះរបស់គេ គេមិនចាំបាច់​ស្គាល់រាប់អាន​អ្នកជិតឆ្ងាយមិត្ត​ភក្តិបងប្អូនឯទៀតទេ។ ការគិតរបៀបនេះមិនត្រូវសោះឡើយព្រោះថា យើងមិនអាចរស់នៅដាច់តែឯកឯងបានទេ យើង​ត្រូវទាក់ទង​ជា​មួយ​អ្នក​ក្រៅដូចជា សាច់ញាតិ, មិត្តភក្តិឯទៀតៗផង ព្រោះអ្នក​ទាំងនោះគេមាន​ជួយឈឺឆ្អាល​យើងខ្លះៗដែ​រនៅពេលដែល​យើងមាន​ទុក្ខ។

 

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s