របៀបទទួលភ្ញៀវ

 

យុវ​ភរិយា​ទាំង​ឡាយ​ តែង​ទទួល​ការ​ចេះ​ដឹង​ខ្លះៗ​ហើយ​ពី​របៀប​ទទួល​ភ្ញៀវ​នៅ​ប្រទេស​យើង។​ ​ដើម្បី​ធ្វើ​ឱ្យ​ភ្ញៀវ​របស់​អ្នក​នាង​មាន​ភាព​សប្បាយ​រីក​រាយ​ហើយ​សរសើរ​អំពី​អ្នក​នាង​ អ្នក​នាង​គួរ​ប្រកាន់​ឥរិយាប​ថ​ជា​អ្នក​ថ្លៃ​ថ្នូរ​គ្រប់​ពេល​វេលា​ទាំង​អស់។​

ការទទួលភ្ញៀវនៅទីផ្ទះ

កាល​បើ​អ្នក​នាង​ និង​ស្វាមី​អ្នក​នាង​ស្រុះ​ស្រួល​ចិត្ត​គ្នា​អញ្ជើញ​ភ្ញៀវ​ឱ្យ​មក​ពិសារ​ភោជ​នា​ហារ​កំសាន្ត​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​នាង​ អ្នក​នាង​ជា​ម្ចាស់​ផ្ទះ​ដ៏ចំ​ណាន​ ត្រូវ​មាន​កូន​សៀវភៅ​មួយ​តូច​ សំរាប់​កត់​សេចក្តី​ផ្សេងៗ​ ព្រោះ​ភាព​រវល់​របស់​អ្នក​នាង​អាច​បណ្តាល​ឱ្យ​អ្នក​នាង​ភ្លេច​បំណង​ដែល​គិត​ពីពេល​មុន​ថា ​នឹង​រៀប​ធ្វើអ្វី​ៗ​ខ្លះ។​ នៅ​ក្នុង​កូន​សៀវភៅ​នោះ​ អ្នក​នាង​ត្រូវ​កត់​ឈ្មោះ​ភ្ញៀវ​ ដែល​អ្នក​នាង​បាន​អញ្ជើញ​ឱ្យ​មក​រួប​រួម​ គឺ​មាន​ប៉ុន្មាន​នាក់​ កូន​ក្មេង​ប៉ុន្មាន​នាក់​ ដើម្បី​ស្រួល​គិត​ស្មាន​ដល់​ការ​ធ្វើ​ម្ហូប​ទុក​បំរុង។​ បុរស​ជា​ស្វាមី​គួរ​ជួយ​ភារៈ​កិច្ច​របស់​ភរិយា​ខ្លះៗ​ផង​ ក្នុ​ង​រឿង​នេះ ​គឺត្រូវ​ជួយ​ពិគ្រោះ​ជា​មួយ​ភរិយា​លោក​ពី​ម្ហូប​អាហារ​ណា​ដែល​លោក​ចូលចិត្ត។​

តាមធម្មតាការលៀងភោជនាហារនៅតាមផ្ទះមួយកាលមួយគ្រានេះ គេតែងអញ្ជើញភ្ញៀវឱ្យមកពិសារនៅពេលល្ងាច គឺចាប់តាំងពីម៉ោង ៦ ទៅ​ទល់​ម៉ោង​ ៨ យប់។ លុះជិតដល់ម៉ោងហើយ លោក​និង​លោក​ស្រី​ជា​ម្ចាស់​ផ្ទះគួរប្រុងខ្លួនចាំទទួលភ្ញៀវទាំង ២រូប។ បានសេចក្តីថា កាល​បើ​ភរិយា​លោកស្លៀកពាក់យ៉ាងស្អាតបានត្រឹមត្រូវចាំទទួលភ្ញៀវ លោកមិនគួរទៅស្លៀកសារុងគគ្រុកសំរាន្ត ឬ​ធ្វើ​ការ​អ្វីៗ​ជាប់ដៃ​ខ្លាំង​ទៀត​ឡើយ​ ព្រោះ​លោក​បាន​សំរេច​ចិត្ត​រួច​មក​ហើយ​ថា​ លោក​ចំណាយពេលវេលាល្ងាចនេះដើម្បីទទួលភ្ញៀវ។

ពេលភ្ញៀវអញ្ជើញមកដល់ អ្នកនាងនិងលោកជាម្ចាស់ផ្ទះត្រូវក្រោកឡើងទទួលភ្ញៀវ ហើយជូនទៅរកកន្លែងសមគួរសិន មិន​គប្បី​បក់​ដៃ​ហៅ​​ភ្ញៀវ​ឱ្យ​ចូល​មក​ហើយ​យក​ដៃ​ចង្អុល​ឱ្យ​ភ្ញៀវ​ទៅ​រក​កន្លែង​អង្គុយ​នោះ​ទេ។ ​អ្នកនាងគួររកកន្លែងមួយឱ្យល្អប្រពៃ មាន​បរិយា​កាស​ស្អាត​ស្អំ​ រៀប​ចំ​ដោយ​ស្នាដៃ​ដ៏​វិចិត្រ​របស់​អ្នកនាងដើម្បីឱ្យភ្ញៀវអង្គុយលេងមួយស្របក់សិនក៏បាន ឬ​ក៏​អញ្ជើញ​ទៅ​កន្លែង​ពិសា​ភោជនា​ហារ​តែ​ម្តង​ក៏​បាន។​ អ្នក​នាង​ជា​ម្ចាស់​ផ្ទះ​ ឬលោកជាម្ចាស់ផ្ទះ មិនគប្បីហៅភ្ញៀវឱ្យយកចិត្តទុកដាក់មើលរបស់ចំលែក ឬថ្លៃថ្នូររបស់អ្នកនាងឡើយ ហើយ​មិនគួរនិយាយថា “ផ្ទះខ្ញុំស្អាតណាស់, ល្អណាស់, ទូលាយណាស់, ឬវត្ថុនេះទើបនឹងទិញមកពីបរទេស” ទេ​អ្នក​នាង​គួរ​ទុក​ឱ្យ​ភ្ញៀវ​គេ​សំលឹង​ឃើញ​ខ្លួន​គេ​ចុះ​ បើគេឃើញហើយសាកសួរដោយសរសើរអ្នកនាង អ្នក​នាង​មិន​ត្រូវ​បញ្ចោញ​ឫកពារ​សប្បាយ​ជ្រុល​ព្រោះ​ការ​សរ​សើរ​នេះ​ ឬបញ្ចោញពាក្យថា “ខ្ញុំសប្បាយណាស់ព្រោះខ្ញុំខំតុបតែង ឬខំសំអាត៘” នោះទេ។ អ្នក​នាង​គួរ​បញ្ចោញ​ឥរិយា​បថ​ឱ្យ​ភ្ញៀវ​ឃើញ​ថា​ អ្នកនាងសប្បាយចិត្តចំពោះភ្ញៀវ មិន​មែន​អ្នក​នាង​សប្បាយ​ចិត្ត​ដោយ​អង្គុយ​លើចង្អេរលើកខ្លួនឯងនោះទេ។ តាម​ពិត​តំលៃ​អស់​ទាំង​នេះ​ភ្ញៀវ​របស់អ្នកនាង បានយល់តាមឥរិយាបថរបស់អ្នកនាងដោយពិតប្រាកដ។ អ្នក​នាង​អញ្ជើញ​គេ​មក​សប្បាយ​​សំរាប់​បង្ហាញ​ស្នា​ដៃ​រៀប​ចំ​របស់អ្នកនាងក៏ពិតមែនហើយ តែអ្នកនាងមិនមែនអញ្ជើញភ្ញៀវមកសំរាប់លើកតំកើងអ្នកនាង និងស្វាមីអ្នកនាង ហើយ​ហាក់​ខ្ពើម​រអើម​ឬ​មើល​ងាយ​ភ្ញៀវ​ដែល​មាន​ឋានៈ​ទាប​ជាងអ្នកនាងនោះទេ។ អ្នកទាប អ្នក​ក្រ​ដែល​បាន​ឃើញ​ឥរិ​យា​បថ​ដ៏​ប្រសើរ​គួសម​ឥត​ខ្ចោះ​របស់​អ្នកនាង និងស្វាមីអ្នកនាងអ្នកនោះសរសើរពីអ្នកនាងជាងទ្រព្យសម្បត្តិដែលគេមិនដែលឃើញនោះទៅទៀត។

ការរៀបម្ហូបអាហារសំរាប់ភ្ញៀវ អ្នកនាងគួររៀបកុំឱ្យខ្វះ ហើយជាពិសេសទោះបីជាអ្នកនាងឃ្លានបាយក្តាំងយ៉ាងណាក៏ដោយ ក៏​អ្នក​នាង​ខំ​ប្រឹង​អត់​ធ្មត់ទៅចុះកុំយកបាយក្តាំងមកឱ្យភ្ញៀវឃើញឱ្យសោះ ព្រោះខ្លាចក្រែងភ្ញៀវយល់ថា អ្នកនាងខ្វះបាយ។ កាល​បើ​ភ្ញៀវ​ពិសារ​អស់​សំល​ ឬឆា​ អ្នកនាងគួរយកចានថ្មីមួយទៀតដួសមកបន្ថែមលើចាន ដែលអស់នៅលើតុ គឺ​មិន​ត្រូវ​យក​ចាន​ដែល​អស់​នោះ​ទៅ​ដួស​ពី​ឆ្នាំង​មក​ទេ។​ ម៉្យាងទៀតម្ហូបអាហារដែលទុកសំរាប់ថែមអ្នកនាងគួររៀបមួយតុក្បែរនោះ សោះរវល់នឹងដើរចុះឡើងៗទៅចង្ក្រានបាយ។ បើ​អ្នក​នាង​ចង់​បន្ថែម​អ្វី​មួយ​ អ្នកនាងមិនចាំបាច់សួរភ្ញៀវទេ ព្រោះ​ភ្ញៀវ​មាន​ការ​ចាំ​បាច់នឹងនិយាយតបមកវិញថា “គ្រប់គ្រាន់ហើយ,អគុណហើយ”។ នៅ​ពេល​បន្ថែម​ម្ហូប​អាហារ​ អ្នកត្រូវមានការប្រុងប្រយ័ត្នឱ្យមែនទែន គឺមិនត្រូវលើកសំលទឹកឬឆាឱ្យហៀរកំពប់ប្រឡាក់ខោអាវភ្ញៀវឡើយ ហើយគួររកចន្លោះល្មមសំរាប់ដាក់ម្ហូប គឺមិនត្រូវធ្វើឱ្យប៉ះកែវប៉ះចានរណុងរណាំងសោះឡើយ។

លុះ​ពិសារភោជនាហារហើយ អ្នកនាងមិនត្រូវបង្ខំឱ្យភ្ញៀវចេញទៅភ្លាមៗទេ ឯភ្ញៀវក៏មិនត្រូវដំអក់ទាល់តែហួសអាធ្រាត្រដែរ។ អ្នក​នាង​ជា​ម្ចាស់​ផ្ទះត្រូវធ្វើកិរិយាឱ្យរីករាយនឹងភ្ញៀវជាដរាប មិន​ត្រូវ​និយាយ​ប្រាប់​ភ្ញៀវ​ថា​ ខ្ញុំរវល់ទៅនេះទៅនោះ ឬចុកខ្នងរោយចង្កេះ ឬស្ងាប-សារ​ចុះ​ឡើង​ឡើយ។​

លុះភ្ញៀវអញ្ជើញលាចេញទៅ អ្នក​នាង​និង​ស្វាមី​គួរ​ជូន​ភ្ញៀវ​រហូត​ដល់​មាត់​ទ្វារ​ផ្ទះ​ ហើយ​អ្នក​នាង​អញ្ជើញ​ឱ្យ​គេ​មក​លេង​ទៀត​នៅ​ពេល​ទំ​នេរ​ ដែល​គេ​អាច​មក​បាន។​ ឯភ្ញៀវគឺគួរនិយាយអគុណម្ចាស់ផ្ទះ ហើយ​និយាយ​ថា​នឹងមកលេងទៀត ទោះបីខ្លួនជាភ្ញៀវមិនបានមកទៀត ឬ​ក៏​ជាប់​រវល់​ទៅ​ខេត្ត​ក្រៅ​ឆ្ងាយៗ​ក្តី។​

 

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s