សុជីវធម៌ពិធីភ្ជាប់ពាក្យលើកជំនូន

 

យើងទាំងអស់គ្នាជាយុវជន យុវតីក្នុងសម័យថ្មីតែងបានយល់ច្បាស់ហើយថា តើដំណើរនៃចិត្តគំនិតរបស់មនុស្ស ក្នុងការរើស​គូស្រករបាន​ដើរដល់ណា​ហើយ។ ដូច្នេះនៅពេលដែលយើងក្លាយជាមាតាបិតារបស់គេវិញ តើយើងត្រូវគិតគូរយ៉ាងណា ដើម្បីរក្សា​សេចក្តីសុខ​សាន្តរបស់​បុត្រាបុត្រីយើង។

កាលពីសម័យមុន បុរសជាស្វាមីតែងចេញទៅធ្វើការដើម្បីយកកំរៃមកលៀងជីពជន្មគ្រួសារ ហើយចូលមកាន់លំនៅស្ថានរបស់ខ្លួនវិញ តែនៅ​ពេលណាដែលទំនេរសំរាប់សំរាកប៉ុណ្ណោះ ដូច្នេះការអប់រំបុត្រធីតាជាភារៈកិច្ចរបស់មាតាតែម្នាក់ប៉ុណ្ណោះ។ ដោយហេតុ​មាតាក្នុង​គ្រួសារជា​មនុស្សមិនបានរៀនចេះដឹងឱ្យជ្រៅជ្រះ មិនដែលបានអានដំណឹងពីមជ្ឈដ្ឋាននានា ខ្វះការពិសោធន៍គ្រប់គ្រាន់ក្នុងដំណើរជីវិត។ ហើយជាពិសេសទៅទៀត គេសង្កេតឃើញមាតាបិតា និងបុត្រធិតា តែងមានការលាក់គំនិតនិងគ្នា ព្រោះការខ្មាស់អៀន ឬព្រោះ​អាង​អំណាច​ជាដើម នេះហើយដែលបណ្តាលឱ្យមានការខ្វែងគំនិតគ្នា ហើយមានគ្រោះថ្នាក់យ៉ាងធំនៅក្នុងគ្រួសារទៀតផង។

នៅក្នុងបច្ចុប្បន្នកាលនេះ គេសង្កេតឃើញមានការរីកចំរើនលូតលាស់យ៉ាងច្រើនខាងផ្នែកវិទ្យាសាស្ត្រ តែគេមិនអាចនិយាយបានថា តើខាងផ្នែកចិត្តគំនិត នឹងមានការប្រែប្រួលទៅរកសេចក្តីសុខ ឬរកសេចក្តីទុក្ខនៅឡើយទេ។ ប៉ុន្តែទោះបីយ៉ាងណា ក៏យើង​នៅមានចិត្ត​សង្ឃឹមថា​ ដោយការចេះដឹងរបស់មនុស្ស គេនឹងអាចដើរទៅកាន់សេចក្តីល្អ ដំណើរសុខសប្បាយបាន ប្រសិនបើ​មនុស្សលោក​ស្រលាញ់​សេចក្តី​សុខទាំងនោះដោយស្មោះ ហើយគ្មានការលោភលន់ហួសហេតុផង។

មាតាសម័យថ្មីជាមាតាសុទ្ធសឹងតែបានទទួលការចេះដឹងស្ទើរគ្រប់គ្នាហើយមាតាតែងតែចេញទៅប្រកបការងារប្រចាំជីវិតដូចជាបិតាដែរ។ ដូច្នេះ​នៅក្នុងកាលៈទេសៈនេះ បិតាក្នុងគ្រួសារក៏មានការចាំបាច់ដើម្បីអប់រំបុត្រធិតារបស់ខ្លួនដែរ។ អាស្រ័យហេតុនេះ យើងសង្ឃឹមថា មាតាបិតានឹងមិនប្រកាន់អំណាចផ្តាច់ការចំពោះកូនដូចសម័យមុនៗទៀតទេ ជាពិសេសក្នុងរឿងផ្សំផ្គំបុត្រាបុត្រីឱ្យមានគូស្រករ។ យើងធ្លាប់​ឃើញរួចមក​ហើយថា ដោយខ្វះ​សេចក្តីស្នេហារវាងគ្នា​និងគ្នាដោយស្មោះត្រង់គូស្វា​មីភរិយាមិនអាចរក្សាគ្នាដោយ​សុខសាន្ត​រហូតអវសាន​ជីវិតរៀង​ៗខ្លួនទេ។

កាលបើឃើញបុត្រាបុត្រីយើង មានបំណងទាក់ទងជាមួយនិងនារី-បុរសរូបណាហើយ យើងយល់ល្មម​ថាជីវិតគេអាចប្រព្រឹត្តិ​ទៅបានថ្លៃ​ថ្នូរ​ហើយ យើង​គប្បីតាំងចិត្តជាមនុស្សប្រកបដោយសីលធម៌ និងមនុស្សធម៌ផង។ យើងមិនគប្បីពង្រាត់ពង្រាស់គ្នាព្រោះតែខុទ្ទកភាព ដែល​វាសនាគ្នាបានស្ពាយយកមកជាមួយនោះទេ បើយើងមិនពេញចិត្ត យើងគួរនិយាយ​ពន្យល់បុត្រាបុត្រីយើងដោយ​ប្រការផ្សេងៗ​ល្មមៗ​ កុំតឹងរឹងដាច់ខាតពេក ព្រោះមានបុត្រាបុត្រីខ្លះមុខជាមិនហ៊ានលើកយករឿងដែលខ្លួនអៀនខ្មាស់ មកនិយាយជា​លើកទី២​ទៀត​ឡើយ​ កាលបើយើងសង្កេតទឹកមុខបុត្រា ឬបុត្រីយើងព្រួយបារម្ភព្រោះតែរឿងនេះហើយ យើងជាមាតាបិតាធ្លាប់យល់និស្ស័យរបស់កូន ដែល​សុខចិត្តស៊ូប្តូរហើយ យើងគប្បីបណ្តោយតាមវាសនាកូនទៅចុះ កុំទុកឱ្យគ្នារងទុក្ខវេទនាក្លាយទៅជាកំសាក រត់ចូលក្រោមរថយន្ត-រថភ្លើង-លោតទឹក-វិកលចរិត ព្រោះតែការ​រឹងរូសរបស់​យើង,យើងជា​ឪពុកម្តាយកុំច្នៃ​ខ្លួនទៅជាកម្មវត្ថុ​នៃការជេរស្តីប្រទេ​ចផ្តាសា​របស់​សីលធម៌​  និងមនុស្សធម៌ ដែលហូរចេញមកពីមតិមហាជន។

យើងជាឪពុកម្តាយ ​មិនត្រូវខំប្រឹងតាំងខ្លួនធ្វើជាម្ចាស់ព្រេងវាសនារបស់កូនទេ យើងត្រូវឱ្យកូនធ្វើជាម្ចាស់ព្រេងវាសនាខ្លួនឯង ហើយយើង​គ្រាន់​តែជួយតំរង់បន្តិចបន្តួចប៉ុណ្ណោះ។ យើងជាឪពុកម្តាយត្រូវបំពេញករណីយកិច្ចឱ្យកូន គឺត្រូវធ្វើជាអធិបតីនៃការរៀបមង្គលការឱ្យកូន។ មុននឹងរៀបមង្គលការ គេត្រូវគោរពប្រពៃណីជាតិ គឺត្រូវធ្វើការភ្ជាប់ពាក្យដោយលើកជំនូន។

ពិធីភ្ជាប់ពាក្យ

ពិធីនេះ ជាកិច្ចលើកកិត្តិយសដល់កូនប្រុស ស្រី និងដើម្បីគោរព​ប្រពៃណីជាតិដោយមិន​បណ្តោយឱ្យកូនប្រុសស្រី​ធ្លាក់ខ្លួនទៅជា​មនុស្ស​ដែល​​មិនខុសពីសត្វធាតុ។តាមធម្មតា ឪពុកម្តាយគ្រួសារខាងប្រុស ត្រូវនាំគ្នា​ធ្វើទស្សនាការ​ជាផ្លូវការក្នុងគ្រួសារឯ​ផ្ទះរបស់គ្រួសារខាងស្រី​បន្ទាប់ពីការសាកសួរគ្នាដឹងមាត់ដឹងកយល់សំដីរួចស្រេចហើយ។ ទស្សនាការជាផ្លូវការក្នុងគ្រួសារនេះ តាមប្រពៃណីជាតិយើង តែងមាន​នាំ​យក​ទៅជាមួយនូវវត្ថុចាំបាច់តាមការគួសមតាមកំរិតឋានៈគ្រួសារ និងកិត្តិយសជូនទៅគ្រួសារខាងស្រី ដែលនៅ​ពេលនោះមាតា​បិតាខាង​ស្រី​តែងទទាក់​ទទួលដោយស្មោះ ហើយចាត់ចែងការលៀងភោជនាហារតាមទំលាប់ ដើម្បីទទួលខាងប្រុសផង។

ចិញ្ចៀនជាអំណោយដួងចិត្តយ៉ាងសំខាន់ ដែលបុរសជាសង្សារតែងតែជូនចំពោះនារីជាអនាគតភរិយាខ្លួន។ នៅក្នុងឱកាសនោះ បុរសនិង​នារីជា​សាមីខ្លួនតែងធ្វើអំណោយវត្ថុអ្វីៗទៀតទុកជាអនុស្សាវរីយ៍ប្រចាំចិត្តរបស់ខ្លួនដោយប្តូរគ្នាទៅវិញទៅមក។ កំណត់​ពេលដែល​គេទៅ​ស្តីដណ្តឹង​ទុកនេះ មានកំណត់តាមកាលៈទេសៈ គឺតាមធម្មតាមានកំឡុងចន្លោះពី២អាទិត្យ ទៅទល់នឹង២ឆ្នាំ។

ពិធីភ្ជាប់​ពាក្យនេះ គេតែងអញ្ជើញភ្ញៀវខាងប្រុស ខាងស្រីមានចំនួនតាមកិត្តិយសរបស់គ្រួសារទាំងសងខាង ហើយរបៀប​អញ្ជើញ​គេតែង​ធ្វើ​ដោយផ្ទាល់មាត់ ឬដោយប័ណ្ណអញ្ជើញ។

 

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s