ភ្ញៀវមិនត្រូវដើរចូលទៅក្នុងផ្ទះអ្នកដែលអញ្ជើញដោយមិនដោះមួក ឬមិនជូតស្បែកជើងលើទ្រនាប់កំរាលជូតស្បែកជើងទេ។ យើងជាភ្ញៀវមិនត្រូវដើរចូលទៅរកកន្លែងកិត្តិយស ដោយមិនទាន់បានទទួលការអញ្ជើញរបស់ម្ចាស់ផ្ទះទេ។ មិនត្រូវទំលាក់អង្គុយមុនម្ចាស់ផ្ទះ មិនត្រូវអង្គុយយោលកៅអីទៅមុខទៅក្រោយដូចអង្រឹង ឬអង្គុយលើជើងកៅអីតែ២ទេ បើកៅអីនោះមានជើង ៤។ មិនត្រូវលាផ្នត់កន្សែងទាំងអស់ត្រដាងលើតុទេ។
នៅពេលម្ចាស់ផ្ទះនាំមុខឱ្យទទួលទានអាហារ យើងមិនត្រូវបួងមាត់លបមើលគេឯងទេ។
– គេមិនត្រូវផ្លុំសំលដើម្បីឱ្យត្រជាក់ទេ។
– សមស្លាបព្រាសំរាប់បង្អែម ដែលមិនទាន់ប្រើមិនត្រូវដាក់ច្រងេងច្រងាង ឬនាំឱ្យធ្លាក់ទៅដី គេត្រូវរៀបចំឱ្យស្រួលតាមលំនាំដែលម្ចាស់ផ្ទះបានរៀប។
បើមានភ្ញៀវម្នាក់លូកហើយ យើងមិនត្រូវលូកជ្រែកដែរទេ ត្រូវដកដៃចេញវិញ។ នៅពេលដកចេញនោះ គេមិនត្រូវលៀនអណ្តាតទៅលិទ្ធទេ ទោះពេលញ៉ាំរួច ក៏គេមិនត្រូវលិទ្ធស្លាបព្រាដែរ។ គេមិនត្រូវយកសមស្លាបព្រា ឬចង្កឹះជ្រាវរករើសយកសាច់ ឬបន្លែដែលត្រូវចិត្តខ្លួននោះទេ។ បើម្ហូបដែលឆ្ងាញ់នៅឆ្ងាយពីយើងពេក យើងមិនត្រូវបង្ហើបគូថឈោងចាប់យកម្ហូបនោះឡើយ គឺត្រូវអាស្រ័យតែម្ហូបណាដែលនៅជិតខ្លួន។ នៅពេលម្ហូបពេញមាត់ គេមិនត្រូវនិយាយឡុល ឬសើចក្អាកក្អាយបណ្តាលឱ្យឈ្លក់ចេញតាមមាត់ ឬតាមច្រមុះទេ។ បាយឬអាហារ គេត្រូវញ៉ាំឱ្យអស់ពីចានផ្ទាល់របស់ខ្លួនបើយល់ថាញ៉ាំមិនអស់ទេ គេមិនត្រូវដួសច្រើនឡើយ។
លុះពេលទទួលទានហើយ គេមិនត្រូវងើបក្រោកក្រេះដោយមិនរវល់ចាំអ្នកជិតខាងនោះទេ ព្រោះសញ្ញាដែលក្រោកចេញពីកៅអីនេះ ច្បាប់សុជីវធម៌តំរូវឱ្យម្ចាស់ផ្ទះឱ្យសញ្ញាដល់ភ្ញៀវ ដោយដើរនាំមុខភ្ញៀវទៅរកកន្លែងទទួលភ្ញៀវ។ នៅពេលទទួលទានហើយ អ្នកជិតខាងមិនទាន់ហើយ យើងមិនត្រូវអុជបារីបង្ហុយផ្សែងមុនគេទេ ការជក់បារីនៅតុបាយជាទំលាប់អាក្រក់មួយ។